យោងតាមជនរងគ្រោះ បន្ទាប់ពីមានភាពស្ងប់ស្ងាត់ជាច្រើនខែក្នុងក្រុងព្រះសីហនុ ការវាយប្រហារមួយដោយជនបិទមុខពីរនាក់នាព្រឹកថ្ងៃច័ន្ទ បានបណ្តាលឲ្យម្ចាស់ផ្ទះសំណាក់ជនជាតិអាមេរិកម្នាក់ចូលមន្ទីរពេទ្យ ដោយអង្គញ់ជង្គង់បែកនិងរបួសពេញលើខ្លួន។
លោក ជូល ហ្វ្រាយ (Joel Fry) អាយុ៤២ឆ្នាំ បានជិះម៉ូតូរបស់លោកទៅធ្វើការនៅម៉ោងប្រហែល១០ព្រឹក ពីក្រោយមិត្តរបស់លោក គឺលោក ម៉ាឃ ឃី អាយុ៦៤ឆ្នាំ តាមផ្លូវទៅឆ្នេរអូត្រេស២ ស្រាប់តែពេលនោះមានរថយន្ត SUV ពណ៌ប្រាក់មួយគ្រឿងនៅលើទួលបើកមកប៉ះម៉ូតូរបស់លោក ឃី បណ្តាលឲ្យគាត់ធ្លាក់ពីម៉ូតូ។
ដោយសន្មតថាការបុកនោះជាគ្រោះថ្នាក់ លោក ហ្វ្រាយ បាននិយាយថា លោកបានឈប់នៅកន្លែងកើតហេតុនោះដើម្បីព្យាយាមជួយ តែបានត្រឹមតែត្រូវគេវាយយ៉ាងឃោរឃៅប៉ុណ្ណោះ។
លោកបាននិយាយថា “នៅពេលខ្ញុំឈប់ម៉ូតូរបស់ខ្ញុំ រថយន្តនោះបន្តបុកខ្ញុំ ធ្វើឲ្យខ្ញុំធ្លាក់ចេញពីម៉ូតូ។ នៅពេលនោះហើយដែលបុរសមាឌធំម្នាក់ចេញពីរថយន្តមុខពាក់ម៉ាស់ និងមានដំបងវាយបាល់មួយ ហើយបន្តវាយខ្ញុំ៤០ទៅ៥០ដំបង”។ លោកបាននិយាយបន្ថែមថា អ្នកបើករថយន្តក៏បិទមុខដែរ។
លោកបាននិយាយថា “មនុស្សទាំងនេះដែលមានគម្រោងជាមុន បានរង់ចាំខ្ញុំនៅទួលនោះ”។ លោក ហ្វ្រាយ បាននិយាយថា លោកជឿថា ជនសង្ស័យដំបូងឡើយច្រឡំលោក ឃី ថាជាគាត់។
លោក ហ្វ្រាយ បាននិយាយថា បន្ទាប់មកមានខ្មែរពីរនាក់បើកកាត់បានជួយធ្វើអន្តរាគមន៍ ដែលធ្វើឲ្យជនវាយប្រហារនោះខ្លាច។ ខណៈដែលលោក ឃី បានរងរបួសស្រាល លោក ហ្វ្រាយ បាននិយាយថា គាត់ត្រូវបានបញ្ជូនមកគ្លីនីកខេមានៅក្រុងភ្នំពេញ ដែលនៅទីនោះលោកទទួលការវះកាត់នាល្ងាចដដែល ដើម្បីព្យាបាលអង្គញ់ជង្គង់របស់លោក។
លោក ហ្វ្រាយ បាននិយាយថា លោកជឿថា ការវាយប្រហារនោះផ្តើមឡើងដោយពាណិជ្ជកររុស្ស៊ីឈ្មោះ វ៉្លាឌីមៀ ប៉ាឡានស៊ីកា (Vladimir Palancica) អាយុ៣១ឆ្នាំ ដើម្បីកុំឲ្យគាត់ទាមទារសំណងសម្រាប់ការវិនិយោគរបស់គាត់ក្នុងពិធីប្រគំតន្ត្រីអេឡិចត្រូនិកដែលបានគ្រោងទុក ដែលត្រូវបានលុបចោលទៅវិញកាលពីឆ្នាំមុន។
ដោយមិនព្រមឲ្យដឹងសារដោយសារតែអ្វីដែលលោកបាននិយាយថា ការស៊ើបអង្កេតរបស់រាជអាវុធហត្ថកំពុងធ្វើ លោកបាននិយាយថា “ខ្ញុំបានទទួលអីុម៉េលច្រើនណាស់ និងសារជាច្រើន ដែលគាត់បានគំរាមខ្ញុំជាមួយនឹងស្ថានភាពពិតប្រាកដនេះ។ ពេលនេះ ខ្ញុំត្រឹមតែបែកជង្គង់ម្ខាងប៉ុណ្ណោះ”។
មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក សេង ភោគ បាននិយាយថា លោកមិនបានដឹងអំពីករណីនេះទេ ហើយក៏គ្មានពាក្យបណ្តឹងដាក់មកដែរ រីឯស្នងការរងនគរបាលខេត្តព្រះសីហនុ លោក កុល ផល្លី បានបញ្ជាក់ថា ការិយាល័យរបស់លោកបានទទួលពាក្យបណ្តឹងមួយ ប៉ុន្តែបានបដិសេធមិនអធិប្បាយច្រើនទេ។
លោក ប៉ាឡានស៊ីកា អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនទេសចរណ៍ Lotus Tours បានបដិសេធថា មិនបានជាប់ពាក់ព័ន្ធក្នុងរឿងនេះទេ ដោយនិយាយថា នៅពេលនោះលោកនៅកន្លែងធ្វើការពេញមួយថ្ងៃ។
លោកបាននិយាយថា “ទី១ ខ្ញុំមិនមានការរកស៊ីណាមួយជាមួយគាត់ទេ។ ទី២ ខ្ញុំមិនមានមនុស្សបញ្ជូនទៅទេ។ តើខ្ញុំអាចបញ្ជូននរណា អ្នកគ្រប់គ្រងរបស់ខ្ញុំ ឬប្រពន្ធរបស់ខ្ញុំឬ?”។
ឧប្បត្តិហេតុនេះកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសហការីរបស់លោក ប៉ាឡានស៊ីកា គឺលោក សេរហ្គេ ប៉ូលុនស្គី (Sergei Polonsky) សេដ្ឋីរុស្ស៊ីដែលគេនិរទេស ទទួលបានជ័យជម្នះខាងផ្លូវច្បាប់ក្នុងជម្លោះអចលនទ្រព្យ ជាមួយពាណិជ្ជកររុស្ស៊ីដ៏ល្បីឈ្មោះ គឺលោក នីកូឡៃ ដូរ៉ូសេនកូ (Nikolai Doroshenko) ដែលរស់នៅក្នុងក្រុងព្រះសីហនុនៅឡើយ។
លោក ប៉ាឡានស៊ីកា បាននិយាយថា ការចោទថាលោកទទួលខុសត្រូវចំពោះការវាយប្រហារលើលោក ហ្វ្រាយ ទាក់ទងនឹងទំនាក់ទំនងរបស់លោកជាមួយលោក ប៉ូលុនស្គី។
លោកបាននិយាយថា “បុរសនេះជាមិត្តភក្តិជាមួយលោក ដូរ៉ូសេនកូ ដូច្នេះខ្ញុំគិតថា ពួកគេកំពុងចោទខ្ញុំ ពីព្រោះខ្ញុំកំពុងជួយ ប៉ូលុនស្គី”។ លោកបាននិយាយបន្ថែមថា លោកបានទាក់ទងមេធាវីរបស់លោករួចហើយដើម្បីប្តឹងលោក ហ្វ្រាយ ពីបទបរិហារកេរ្តិ៍។
ក្រុងព្រះសីហនុបានញាំញីដោយអំពើហិង្សា ច្រើនតែរវាងពាណិជ្ជករបរទេសនិងសហការីរបស់ពួកគេ ក្នុងពេលពីរបីឆ្នាំកន្លងទៅនេះ។ កាលពីខែមីនា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានបញ្ជូនក្រុមពិសេសមួយទៅដោះស្រាយស្ថានការណ៍ ក្រោយពីមានការបាញ់ចេញពីរថយន្ត ការចាក់ ការផ្ទុះរថយន្ត និង ជម្លោះវាយតប់គ្នានៅក្នុងកាស៊ីណូ ក្នុងពេលពីរបីខែដើមឆ្នាំនោះ៕ និត (រាយការណ៍បន្ថែមដោយ ផាន់ ស៊ូមី)