30 C
Phnom Penh

​​​ក្រោយ​​​​​​​​​មក​​​​​​ដល់​​​​​​កម្ពុជា លោក ហ៊ុន ម៉ាណែត សួរពី​ហេតុផល​​​តវ៉ា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រីបាននិយាយសម្រាលការតវ៉ាលើកចុងក្រោយដែលលោកបានជួបប្រទះអំឡុងដំណើរទស្សនកិច្ចសុច្ឆន្ទៈនៅបរទេស ដោយចោទសួរពីហេតុផលរបស់ក្រុមអ្នកតវ៉ា និងសរសើរភាពអត់ធ្មត់របស់លោកក្នុងពេលប្រឈមនឹងការរិះគន់។

នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីព្រឹកម្សិលមិញ បន្ទាប់ពីធ្វើមាតុភូមិនិវត្តពីដំណើរទស្សនកិច្ចរយៈពេល១៣ថ្ងៃទៅកាន់ប្រទេសអូស្ត្រាលី និងប្រទេសនូវែលសេឡង់ ប្រធានចាត់តាំងក្រុមការងារនៅបរទេសរបស់គណបក្សប្រជាជនកម្ពុជារូបនេះ បានចាត់ទុកអ្នកតវ៉ាទាំងនោះថាជាក្រុមញុះញង់ដែលប្ដេជ្ញាបំបែកដំណើរទស្សនកិច្ចដោយសន្តិវិធី។

 

លោក ហ៊ុន ម៉ាណែត ថ្លែងក្នុងសន្និសីទកាសែតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីម្សិលមិញ បន្ទាប់ពីវិលត្រឡប់ពីដំណើរទស្សនកិច្ចរយៈពេល១៣ថ្ងៃ ទៅកាន់ប្រទេសអូស្ត្រាលី និងប្រទេសនូវែសេឡង់។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
លោក ហ៊ុន ម៉ាណែត ថ្លែងក្នុងសន្និសីទកាសែតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីម្សិលមិញ បន្ទាប់ពីវិលត្រឡប់ពីដំណើរទស្សនកិច្ចរយៈពេល១៣ថ្ងៃ ទៅកាន់ប្រទេសអូស្ត្រាលី និងប្រទេសនូវែសេឡង់។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា  ”ពេលខ្ញុំទៅជួបពលរដ្ឋនៅបរទេស ខ្ញុំទៅដោយគ្មានពាំនាំសារញុះញង់។ ខ្ញុំទៅដើម្បីសាងទំនាក់ទំនងជាមួយពលរដ្ឋនៅបរទេស។  ខ្ញុំមិនបាននាំមនុស្សទៅធ្វើបាតុកម្មទេ ហើយខ្ញុំក៏មិនបាននាំអង្គរក្សទៅវាយអ្នកណាដែរ”។

ការអត្ថាធិប្បាយបែបនេះហាក់ដូចជាសំដៅដល់ការចោទប្រកាន់របស់លោក ផល ហេ (Paul Hayes) មន្ត្រីប្រគល់ដីកាតុលាការថាអង្គរក្សរបស់លោក ហ៊ុន ម៉ាណែត បានវាយក្បាលរបស់លោក ខណៈលោកព្យាយាមប្រគល់ដីកាកោះហៅទៅមេរបស់ពួកគេក្នុងទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា កាលពីខែមេសា។

លោក ហ៊ុន ម៉ាណែត ក៏បានជួបប្រទះការតវ៉ាក្នុងទីក្រុងឡុងប៊ិចដែរ អំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីនោះ។ ក្នុងដំណើរទស្សនកិច្ចលើកចុងក្រោយរបស់ខ្លួន លោក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា លោកត្រូវបានស្វាគមន៍ដោយបាតុកម្មនៅក្នុងទីក្រុងមែលប៊ន ទីក្រុងស៊ីដនី និងទីក្រុងអាដេឡេត (Adelaide) ហើយយល់ថា ការតវ៉ាលើកចុងក្រោយនេះគឺជាការតវ៉ារបស់ក្រុមគណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយលោក លឹម សាម៉េត។

ទោះបីជាលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានបដិសេធថាមិនជាប់ពាក់ព័ន្ធការតវ៉ានៅប្រទេសអូស្ត្រាលីក្ដី ក៏លោក ហ៊ុន ម៉ាណែត ថ្លែងថា ការដឹកនាំរបស់លោក លឹម សាម៉េត នៅក្នុងទីក្រុងអាដេឡេត បានបង្ហាញថា គណបក្សប្រឆាំងកំពុងនិយាយកុហក ឬរៀបចំមិនបានល្អ។

លោកបានចោទសួរថា “តើរឿងនេះយ៉ាងម៉េចហើយ? តើ [លោក យឹម សុវណ្ណ] បានធ្វើការប្រកាសនៅរាជធានីភ្នំពេញ  ប៉ុន្តែបានលួចបញ្ជាជាសម្ងាត់ឱ្យវាបន្ត? ឬក៏វាជាជំហររបស់ថ្នាក់ដឹកនាំនៅរាជធានីភ្នំពេញ មិនឱ្យតវ៉ា ប៉ុន្តែមេដឹកនាំនៅក្នុងទីក្រុងអាដេឡេត មិនស្ដាប់?”

ពេលទាក់ទងបានកាលពីម្សិលមិញ លោក យឹម សុវណ្ណ មានប្រសាសន៍ថា សមាជិកបក្សគ្រាន់តែនិយាយក្នុងនាមខ្លួនឯងប៉ុណ្តោះ។ ចំនួនអ្នកចូលរួមការតវ៉ាគ្រាន់តែជាមនុស្សមួយក្រុមតូចនៅក្នុងពិធីនានារបស់គាត់ដែលបានលើកឡើងថា គណបក្សប្រឆាំងពិចារណាប្រើប្រាស់យុទ្ធសាស្ត្រនេះឡើងវិញ។

លោកបានមានប្រសាសន៍ថា ”តើយើងបន្តឈ្លោះគ្នា ធ្វើបាតុកម្ម និងប្រមាថគ្នានៅជំនាន់ក្រោយ ឬមួយក៏យើងស្វែងរកមធ្យោបាយដើម្បីអង្គុយចុះ ហើយចរចា?”។

លោក ហ៊ុន ម៉ាណែត ថ្លែងក្នុងសន្និសីទកាសែតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីម្សិលមិញ បន្ទាប់ពីវិលត្រឡប់ពីដំណើរទស្សនកិច្ចរយៈពេល១៣ថ្ងៃ ទៅកាន់ប្រទេសអូស្ត្រាលី និងប្រទេសនូវែសេឡង់។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

ឧត្ដមសេនីយ៍ឯករូបនេះដែលមនុស្សជាច្រើនចាត់ទុកជាអ្នកស្នងតំណែងបន្តពីឪពុករបស់់លោកក៏មានប្រសាសន៍ដែរថា លោកមិនបារម្ភចំពោះពាក្យបណ្ដឹងដែលលោក មាជ សុវណ្ណារ៉ា មន្ត្រីគណបក្សប្រឆាំង និងជាពលរដ្ឋរបស់អាមេរិក ដាក់ប្តឹងនៅក្នុងសហរដ្ឋអាមេរិក ទេ។ ពាក្យបណ្ដឹងដែលបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលនៃការទាមទារព័ត៌មានបន្ថែមនេះ បង្ហាញថា លោក ហ៊ុន ម៉ាណែត ជាប់ពាក់ព័ន្ធនៅក្នុងទោសជាប់ពន្ធនាគាររយៈពេល២០ឆ្នាំរបស់លោក មាជ សុវណ្ណារ៉ា ដែលធ្វើឡើង “ស្រេចតែអំពើចិត្ត គ្មានចែងនៅក្នុងច្បាប់ និងរយៈពេលយូរ” ពីបទញុះញង់។

ប៉ុន្តែបង្ហាញមុខនៅខាងក្រៅតុលាការកំពូលកាលពីម្សិលមិញ ក្រោយពីសវនាការជាប់ពាក់ព័ន្ធមួយ លោក មាជ សុវណ្ណារ៉ា ហាក់ព្យាករថា គូប្រឆាំងរបស់លោកនឹងក្លាយជាផ្នែកមួយនៃដំណោះស្រាយនយោបាយ។

លោកបានមានប្រសាសន៍ថា “លោក ហ៊ុន សែន ចាស់ហើយ ហើយកូនប្រុសៗរបស់គាត់នឹងធ្វើនយោបាយបន្ទាប់។ យើងនឹងមានសន្តិភាពនៅពេលអនាគត”៕ សុខុម (រាយការណ៍បន្ថែមដោយ ឃី សុវុឌ្ឍី និង Ben Paviour)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស