38 C
Phnom Penh

រដ្ឋាភិបាល​ច្រាន​ចោល​សំណើរបស់ CNRP សុំ​​​​ជួបជុំប្រារព្ធ​ខួប​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ក្រុង​ប៉ារីស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីសាលារាជធានីភ្នំពេញបានច្រាន ចោលសំណើរបស់គណបក្សសង្គ្រោះជាតិសុំធ្វើការជួបជុំគ្នានៅទីលានប្រជាធិបតេយ្យនៅថ្ងៃអាទិត្យ ដើម្បីប្រារព្ធខួបលើកទី២៥នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដោយអះអាងថា សាលារាជធានីមិនអាចគ្រប់គ្រងក្រុមមនុស្សដែលគេរំពឹងថា នឹងមានចំនួនដល់ទៅរាប់ពាន់នាក់បានឡើយ។

គណបក្សសង្គ្រោះជាតិបានលើកឡើងថា គណបក្សនឹងធ្វើតាមការគ្រោងទុករបស់ខ្លួន។ បន្ទាប់ពីជំនួបរវាងមន្ត្រីសាលារាជធានី និងមន្ត្រីគណបក្សសង្គ្រោះជាតិកាលពីព្រឹកម្សិលមិញដើម្បីពិភាក្សាអំពីសំណើនេះ លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីបានមានប្រសាសន៍ថា ទីលានប្រជាធិបតេយ្យដែលចំណាយប្រាក់យ៉ាងច្រើនលើការរៀបការ៉ូឡា មិនមានទំហំគ្រប់គ្រាន់សម្រាប់ការជួបជុំគ្នាដែលមានមនុស្សរហូតដល់៧.០០០នាក់តាមការស្នើសុំនោះឡើយ។

លោកបានមានប្រសាសន៍ថា “យើងពុំបានអនុញ្ញាតឱ្យគាត់ធ្វើពិធីនៅទីលានប្រជាធិបតេយ្យដូចដែលគាត់ស្នើសុំទេក៏ប៉ុន្តែយើងអនុញ្ញាតឱ្យគាត់ធ្វើបានដែរនៅទីស្នាក់ការរបស់គាត់ ឬទីតាំងឯកជនណាមួយដែលគាត់អាចធ្វើទៅបាន”។

លោក ម៉េត មាសភក្ដី បានមានប្រសាសន៍ថា សាលារាជធានីអាចអនុញ្ញាតឱ្យធ្វើបាននៅទីលានប្រជាធិបតេយ្យ តែមិនឱ្យមានមនុស្សលើសពី២០០នាក់ឡើយ។

លោកបានថ្លែងថា “នៅពេលវាច្រើនអ៊ីចឹង ទីតាំង [មានមនុស្ស] រាប់ពាន់នាក់អ៊ីចឹង ម៉ូតូប៉ុន្មាន ឡានប៉ុន្មាន អ៊ីចឹងទៅចតឯណាអីណី”។

លោកបានបន្ថែមថា “យើងគ្រប់គ្រងអត់បាន។ទីលានប្រជាធិបតេយ្យជាទីតាំងសម្រាប់បញ្ចេញមតិហើយ ក៏ប៉ុន្តែនៅពេលវាច្រើនពេក យើងមិនអាចគ្រប់គ្រងបាន អ៊ីចឹង វានឹងអាចបង្កជាបញ្ហា”។

លោកបានថ្លែងថា សំណើនេះត្រូវបានបញ្ជូនទៅក្រសួងមហាផ្ទៃដើម្បីសុំការសម្រេច ចុងក្រោយ។ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃមិនអាចទាក់ទងបានទេ។

សាលារាជធានីធ្លាប់បានដាក់មនុស្សច្រើនជាង៧.០០០នាក់ឯណោះនៅកន្លែងនេះនាកន្លងមក ដោយមិនមានហេតុការណ៍អ្វីកើតឡើងឡើយ ហើយថែមទាំងបិទផ្លូវនៅជុំវិញទីនោះដើម្បីគ្រប់គ្រងចរាចរណ៍ទៀតផង។

ប៉ុន្តែជារឿយៗ ទីលានប្រជាធិបតេយ្យគ្រាន់តែជាកន្លែងនៃការបង្ក្រាបរបស់រដ្ឋាភិបាលតែប៉ុណ្ណោះ។ សន្តិសុខខណ្ឌ និងក្រុមស្លៀកពាក់ស៊ីវិលដែលប្រដាប់ដោយពូថៅ និងដំបងបានសម្រុកចូលទៅលានប្រជាធិបតេយ្យកាលពីខែមករា ឆ្នាំ២០១៤ ដើម្បីបោសសម្អាតការបោះតង់តវ៉ាដោយសន្តិវិធីរបស់គណបក្សសង្គ្រោះជាតិ។ ក្រោយមកទីលានប្រជាធិបតេយ្យត្រូវបានហ៊ុមព័ទ្ធដោយលួសបន្លា ហើយការតវ៉ាទាំងអស់មិនត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងនោះឡើយរហូតដល់ខែសីហា។

បើទោះជាមានការបដិសេធពីម្សិលមិញក៏ដោយ លោក អេង ឆៃអ៊ាង អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានច្រានចោលការពន្យល់របស់មន្ត្រីសាលារាជធានី ហើយបានលើកឡើងថា គណបក្សប្រឆាំងនឹងមិនផ្លាស់ប្ដូរផែនការរបស់ខ្លួនឡើយ។

លោកបានមានប្រសាសន៍ថា “សាលាក្រុងមិនអាចសម្រេចបានទេ ពីព្រោះអ្នកចូលរួមវាច្រើន ប៉ុន្តែគណបក្សសង្គ្រោះជាតិយើងទាមទារដោយទទូចត្រូវការរៀបចំនៅទីលានប្រជាធិបតេយ្យហ្នឹង ជាកន្លែងដែលអាចដាក់មនុស្សរាប់ម៉ឺននាក់បាន”។

លោកបានលើកឡើងថា “គណបក្សសង្គ្រោះជាតិធ្លាប់ធ្វើបាតុកម្មមនុស្សរាប់ពាន់នាក់ ហើយគេអាចគ្រប់គ្រងបានវាគ្មានបញ្ហាអីទេ។ បើសិនជាបង្ក្រាបដោយយើងប្រារព្ធកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស សូមទៅហែកកិច្ចព្រមព្រៀងទីក្រុងប៉ារីសហ្នឹងចោលទៅបាទ”៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស