31 C
Phnom Penh

ប្រសិត​​​អង្គការ​​​សហប្រជាជាតិ​​​ចាក​​​ចេញ​​​ពី​​​​​​កម្ពុជា​​​​​​​​​ជា​​​មួយ​​​នឹង​​​ការ​​​រិះ​​​គន់​​​យ៉ាង​​​ច្រើន​​​​​​ក្រោយ​​​បញ្ចប់​​​បេសកកម្ម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រសិតអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជាបានបញ្ចប់ទស្សនកិច្ចស្វែងរកការពិតរយៈពេល១០ថ្ងៃកាលពីម្សិលមិញ អមដោយការរិះគន់យ៉ាងច្រើនពាក់ព័ន្ធការរំលោភបំពានសិទ្ធិមនុស្ស ការចាប់ដាក់ពន្ធនាគារទាក់ទិននឹងរឿងនយោបាយដែលរងការរិះគន់យ៉ាងខ្លាំង ការបណ្តេញចេញពីដីធ្លីដែលប៉ះពាល់ដល់គ្រួសារក្រីក្រ និងការប្រមូលចាប់ និងឃំុខ្លួនជនអនាថាក្នុងរាជធានីភ្នំពេញ “ដែលមិនអាចទទួលយកបាន” ។

cam-photo-front-6នៅក្នុងការរិះគន់លើរដ្ឋាភិបាលពេលចាកចេញទៅវិញ លោកស្រី រ៉ូណា ស្មីត អ្នកធ្វើរបាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជាបានច្រានចោលការអះអាងរបស់ក្រុមមន្ត្រីដែលថា ការងាររបស់លោកស្រីស្មើនឹង “ការជ្រៀតជ្រែក” ដែលរំលោភលើអធិបតេយ្យរបស់កម្ពុជា។

លោកស្រីបានមានប្រសាសន៍អំឡុងសន្និសីទកាសែតមួយក្នុងរាជធានីភ្នំពេញមុនពេលចាកចេញទៅវិញថា “ការគោរពសិទ្ធិមនុស្សគឺជាផ្នែកទាំងមូលនៃការធានាសន្តិភាពដ៏យូរអង្វែង។ សិទ្ធិមនុស្សមិនមែនជាការគំរាមកំហែងសន្តិសុខជាតិទេ ហើយការឃ្លាំមើលសិទ្ធិមនុស្សក៏មិនមែនជាការគំរាមកំហែងដល់អធិបតេយ្យភាពដែរ”។

ដោយទំនងជាសំដៅដល់ការលើកឡើងដដែលរបស់គណបក្សកាន់អំណាចដែលក្រុមមន្ត្រីបានបន្ទោសលទ្ធផលការងារមិនបានល្អលើសង្គ្រាមស៊ីវិលរាប់ទសវត្សរ៍ និងអំពើដ៏ព្រៃផ្សៃដែលកើតឡើងនៅមុនទសវត្សរ៍ឆ្នាំ១៩៨០នោះ លោកស្រីបានថ្លែងថា “ពេលវេលាដែលរដ្ឋាភិបាលបន្ទោសបញ្ហាកើតឡើងនៅក្នុងសតវត្សរ៍ចុងក្រោយនេះលើស្ថានភាពសព្វថ្ងៃនោះ គឺចប់ទៅហើយ”។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានជួបជាមួយលោកស្រី រ៉ូណា ស្មីត ទេ អំឡុងទស្សនកិច្ចរបស់លោកស្រី ដែលជាលើកទី៣ហើយចាប់តាំងពីលោកស្រីទទួលតួនាទីនេះកាលពីឆ្នាំមុនមក ដោយក្នុងនោះលោកស្រីបានសន្មតថា ដោយសារតែកាលវិភាគដ៏រវល់របស់លោកនាយករដ្ឋមន្ត្រីជាមួយលោក ស៊ី ជីនភីង ប្រធានាធិបតីចិន ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា។

កម្ពុជាបានចុះកិច្ចព្រមព្រៀងវិនិយោគជាច្រើនជាមួយរដ្ឋាភិបាលក្រុងប៉េកាំង ហើយបានចុះកិច្ចព្រមព្រៀងចំនួន៣១ជាមួយលោក ស៊ី ដែលសន្យាផ្តល់ជំនួយក្នុងទឹកប្រាក់២៣៧លានដុល្លារ លុបចោលបំណុលរដ្ឋជិត៩០លានដុល្លារ និងផ្តល់ជិត១៥លានដុល្លារសម្រាប់គាំទ្រផ្នែកយោធា។

ជាពិសេស ប្រទេសចិនក៏បានការពារកម្ពុជាប្រឆាំងការរិះគន់ពីសំណាក់អន្តរជាតិអំឡុងវេទិកាអង្គការសហប្រជាជាតិផងដែរ ក្នុងនោះរួមមានរបាយការណ៍រិះគន់របស់លោកស្រី រ៉ូណា ស្មីត អំឡុងសម័យប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវ កាលពីខែមុនជាដើម។

ផ្ទុយទៅវិញ ការផ្តល់របស់លោកស្រី រ៉ូ ណាស្មីត កាលពីម្សិលមិញ គឺជាការសន្យាផ្តល់ជំនួយដល់កម្ពុជានៅក្នុងការ “ផ្តល់យោបល់ឃ្លាំមើល និងរាយការណ៍ស្តីអំពីស្ថានភាពសិទ្ធិមនុស្ស”។

លោកស្រីបានមានប្រសាសន៍ថា “ខ្ញុំព្រួយបារម្ភចំពោះស្ថានភាពនយោបាយដ៏យ៉ាប់យុឺនចាប់តាំងពីពេលបំពេញបេសកកម្មនៅក្នុងខែមីនាមកម្លេ៉ះ។ មានការបាត់បង់ការជឿទុកចិត្តគ្នាយ៉ាងខ្លាំង រវាងគណបក្សនយោបាយដ៏សំខាន់បំផុតចំនួនពីរ”។

ទស្សនកិច្ចរបស់លោកស្រី រួមមានការជួបពិភាក្សាជាមួយរដ្ឋមន្ត្រីចំនួន៥រូប ព្រមទាំងលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញផងដែរ។

លោកស្រីបានគូសបញ្ជាក់ពី  “ស្មារតីមានឆន្ទៈ” ក្នុងចំណោមក្រុមមន្ត្រីក្នុងជួររដ្ឋាភិបាលនៅក្នុងការធ្វើការងារឆ្ពោះទៅរកការធ្វើឲ្យការការពារសិទ្ធិមនុស្សមានភាពប្រសើរឡើង ប៉ុន្តែ លោកស្រីបានសំដែងក្តីព្រួយបារម្ភយ៉ាងច្រើនជុំវិញការរំលោភបំពានដែលអាចកើតមាន និងកំពុងបន្ត។

ពេលចុះទៅខេត្តកំពង់ស្ពឺ ត្រង់កន្លែងដែលកើតមានវិវាទជាយូរមកហើយរវាងអ្នកភូមិមូលដ្ឋាន និងសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជាដែលជាម្ចាស់ចម្ការអំពៅនៅទីនោះ លោកស្រីបានលើកឡើងថា លោកស្រី “បានជួបជាមួយមនុស្សជាច្រើនដែលអះអាងថា បាត់បង់ដីស្រែចម្ការរបស់ខ្លួនទទួលបានសំណងមិនគ្រប់គ្រាន់ហើយឥឡូវកំពុងស្ថិតក្នុងស្ថានភាពទ័លក្រ”។

លោកស្រីបានបន្ថែមថា “ស្ថានភាពនេះ លំបាកណាស់។ ការបាត់បង់ដីធ្លីគឺជាបញ្ហាដ៏ធ្ងន់ធ្ងរសម្រាប់អ្នកដែលទទួលរងផលប៉ះពាល់ទាំងនោះ”។

លោកស្រីក៏បានលើកឡើងពីបញ្ហាដ៏     អយុត្តិធម៌នៅក្នុងតុលាការដែលជាប់ពាក់ព័ន្ធនៅក្នុងការបង្ក្រាបលើអង្គការសិទ្ធិមនុស្សនិងគណបក្សប្រឆាំងផងដែរ។ លោក សមរង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បាននិរទេសខ្លួនទៅរស់នៅក្នុងទីក្រុងប៉ារីស ពាក់ព័ន្ធការផ្តន្ទាទោសពីបទបរិហារកេរ្តិ៍ ហើយលោក កឹម សុខា អនុប្រធានគណបក្សនេះត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល៥ខែ ប៉ុន្តែនៅមានសេរីភាពនៅឡើយ ដោយសារបណ្តឹងឧទ្ធរណ៍មិនទាន់បើកសវនាការ។

លោកស្រីបានជួបជាមួយលោក កឹម សុខា នៅទីស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញកន្លែងដែលលោកបានសម្ងំលាក់ខ្លួនតាំងពីខែឧសភាមក បន្ទាប់ពីនគរបាលបានព្យាយាមចាប់ខ្លួនលោកពីបទបដិសេធក្នុងការចូលខ្លួនសម្រាប់ការសាកសួរនៅតុលាការពាក់ព័ន្ធសំណុំរឿងសញ្ចរកម្ម។

ដោយលើកឡើងអំពីការចាប់ខ្លួនមន្ត្រីនិងអតីតមន្ត្រីចំនួន៥រូបនៅសមាគមសិទ្ធិមនុស្សអាដហុកដាក់ពន្ធនាគារពាក់ព័ន្ធសំណំុរឿងរបស់លោក កឹម សុខា នោះ លោកស្រីបានមានប្រសាសន៍ថា “មានឧទាហរណ៍ជាច្រើនបង្ហាញយ៉ាងច្បាស់ក្រឡែតថា ច្បាប់ត្រូវបានអនុវត្តក្នុងស្ថានភាពរើសអើង និងមានជាប់ពាក់ព័ន្ធរឿងនយោបាយ”។

លោកស្រីបានបន្ថែមថា “ការចោទប្រកាន់ពួកគេគួរតែត្រូវបានបង្ហាញ ឬពួកគេគួរត្រូវបានដោះលែងភ្លាមៗ ដោយបិទសំណុំរឿងរបស់ពួកគេតែម្តង”។

ជាផ្នែកនៃបេសកកម្មរបស់ខ្លួន លោកស្រី រ៉ូណា ស្មីត បានចុះទៅពន្ធនាគារព្រៃសក្នុងរាជធានីភ្នំពេញ ជាកន្លែងដែលមន្ត្រីគណបក្សប្រឆាំង និងសកម្មជនសិទ្ធិមនុស្សជាង២០រូប កំពុងត្រូវបានឃុំខ្លួន ប៉ុន្តែ លោកស្រីបានលើកឡើងថា លោកស្រីត្រូវបានបដិសេធមិនឲ្យចូលជួបមន្ត្រីសិទ្ធិមនុស្សអាដហុកឡើយ។

លោកស្រីបានសំដែងកង្វល់យ៉ាងខ្លាំងចំពោះមណ្ឌលសង្គមកិច្ចព្រៃស្ពឺ ដែលជារឿយៗតែងតែត្រូវបានរិះគន់ចំពោះការឃុំឃាំងជនអនាថា និងអ្នកផ្សេងៗទៀតនៅក្នុងរាជធានីភ្នំពេញ រួមទាំងអ្នករកស៊ីផ្លូវភេទ និងអ្នកប្រើប្រាស់ថ្នាំញៀន ក្នុងលក្ខខណ្ឌអមនុស្ស ធម៌ផងដែរ។

លោកស្រីបានលើកឡើងទៀតថា ទោះបីជាលោក វង សូត រដ្ឋមន្ត្រីសង្គមកិច្ចបានរៀបរាប់ពីភាពប្រសើរឡើងនៅក្នុងមណ្ឌលនេះក៏ដោយ ក៏”វាចាំបាច់ត្រូវតែមានការខិតខំដើម្បីធ្វើឲ្យមានភាពកាន់តែប្រសើរឡើងខ្លាំងបន្ថែមទៀតដែរ។ ការប្រមូលចាប់មនុស្សតាមផ្លូវមិនអាចទទួលយកបានទេ”។

ការរិះគន់របស់លោកស្រីផ្ទុយពីសេចក្តីថ្លែងការណ៍ដែលផ្តល់កាលពីសប្តាហ៍មុនដោយអ្នកនាំពាក្យក្រសួងសង្គមកិច្ចដែលលើកឡើងថា លោកស្រី រ៉ូណា ស្មីត បាន”សរសើរ និងអបអរសាទរ” ដល់ការបង្ហាញរបស់លោក វង សូត ពីភាពប្រសើរឡើងនៅក្នុងមណ្ឌលនេះ។

លោកស្រី រ៉ូណា ស្មីត បានលើក ឡើងបន្តទៀតថា គេបានប្រាប់លោកស្រីថា ជនអនាថាចាំបាច់ត្រូវចាប់យកទៅអប់រំរយៈពេលប្រហែល១សប្តាហ៍ ប៉ុន្តែ “មនុស្សភាគច្រើនដែលខ្ញុំបានជួបនៅទីនោះយូរជាងនេះហើយត្រូវបានឃុំឃាំងផ្ទុយពីឆន្ទៈរបស់ពួកគេ”។

លោកស្រីបានមានប្រសាសន៍ថា “វាមិនស្របតាមច្បាប់ឬគោលករារណ៍ដែលថា ‘គ្រាន់តែយកមកអប់រំ’មួយរយៈនោះឡើយ'”។

ការសង្កេតតាមដានរបស់លោកស្រី រ៉ូណា ស្មីត និងដាក់បញ្ចូលទៅក្នុងរបាយការណ៍ដែលនឹងបញ្ចប់នៅខែឧសភា សម្រាប់ សម័យប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាតិលើកក្រោយនៅខែកញ្ញាក្នុងទីក្រុងហ្សឺណែវ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានលើកឡើងថា លោកស្រី រ៉ូណា ស្មីត ចោទប្រកាន់ខុសមកលើរដ្ឋាភិបាលដោយផ្អែកលើមតិសម្រាំងបានដែលលម្អៀង មិនមែនផ្អែកលើនីតិរដ្ឋនៅកម្ពុជាទេ។

លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា “ខ្ញុំមិនចោទប្រកាន់គាត់ទេ ព្រោះគាត់គ្មានព័ត៌មានគ្រប់គ្រាន់។គាត់គ្រាន់តែធ្វើដំណើរមកហើយចាកចេញទៅវិញ រួចក៏ធ្វើរបាយការណ៍តែម្តង។ ម៉េចក៏អ៊ីចឹង?”។

លោកបានលើកឡើងទៀតថា លោក ហ៊ុន សែន ជាប់រវល់ខ្លាំងណាស់ពេលនោះមិនអាចជួបជាមួយលោកស្រីបានទេ ប៉ុន្តែលោកស្រីក៏មិនមាន”ឋានៈស្មើដែលអាចចូលជួប”នាយករដ្ឋមន្ត្រីបានដែរ។

លោកបានមានប្រសាសន៍ថា “គាត់មិនចាំបាច់អីត្រូវជួបជាមួយនាយករដ្ឋមន្ត្រីទេ។ គាត់មិនមែនជាអ្នកនយោបាយទេ គាត់គ្រាន់តែធ្វើការងារផ្នែកបច្ចេកទេសប៉ុណ្ណោះ”។ វាជាការប្រសើរ ដែលលោកស្រីបានជួបជាមួយរដ្ឋមន្ត្រីធ្វើការជាមួយគ្នាលើសេចក្តីលម្អិតអំពីកិច្ចការរបស់ខ្លួន។ លោកបានបន្ថែមថា ការរិះគន់ជាសាធារណៈរបស់លោកស្រីមិនសមហេតុសមផលទេ។

លោក ផៃ ស៊ីផាន បានថ្លែងថា “គាត់ត្រូវទទួលស្គាល់ថា ខ្លួនជាដៃគូជាមួយកម្ពុជា ហេតុដូច្នេះគាត់មិនត្រូវរិះគន់រដ្ឋាភិបាលតាមរយៈរបាយការណ៍នោះទេ។គាត់ចេះតែចោទប្រកាន់ នោះមិនមែនជាដៃគូទេ។ គាត់គួរតែមានការសហការឲ្យបានច្រើនជាងការចោទប្រកាន់”៕ ស៊ុយឈាង

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស