ទឹកជំនន់បានធ្វើឱ្យប្រជាពលរដ្ឋចំនួន៧៤គ្រួសារទៀតជម្លៀសចេញពីផ្ទះសំបែងរបស់ខ្លួននៅជាយរាជធានីភ្នំពេញ ក្នុងខណ្ឌដង្កោ កាលពីម្សិលមិញនៅពេលកម្រិតទឹកបន្តកើនឡើង នេះបើយោងតាមការឱ្យដឹងពីលោក ណុប ពុទ្ធា ប្រធានរដ្ឋបាលសាលាខណ្ឌ។
ការជន់លិចនេះបានចាប់ផ្ដើមកាលពីយប់ថ្ងៃអាទិត្យ នៅពេលទំនប់មួយក្នុងខេត្តកំពង់ស្ពឺ បានបាក់បន្ទាប់ពីភ្លៀងធ្លាក់រាប់សប្ដាហ៍។
ទឹកដែលធ្លាយចេញពីទំនប់ដែលរងការខូចខាតបានជន់លិចអាងស្តុកទឹកមួយក្នុងខណ្ឌដង្កោ ហើយបានធ្វើឱ្យបាក់ទំនប់ទី២មួយទៀតកាលពីរសៀលថ្ងៃច័ន្ទ និងបង្ខំឱ្យអាជ្ញាធរជម្លៀសប្រជាពលរដ្ឋចំនួន២៣៥គ្រួសារ។
លោក ណុប ពុទ្ធា មានប្រសាសន៍ថា ទឹកដែលហៀរចេញពីស្ទឹងបានជន់លិចសង្កាត់ចំនួនបួនទៀតកាលពីម្សិលមិញ បន្ថែមពីលើសង្កាត់ចំនួនប្រាំមួយដែលត្រូវទឹកជន់លិចរួចហើយ។
លោក លី វណ្ណ ជាទាហានឈរជើងដើម្បីជួយសង់ទំនប់បាវខ្សាច់នៅទំនប់ដែលបាក់ទី២ និយាយថា “មានការជន់លិចកាន់តែច្រើនឡើង។ វាកំពុងបង្កការលំបាកសម្រាប់កុមារទៅសាលារៀន”។
ទាហានរូបនេះនិយាយទៀតថា កម្រិតទឹកបានកើនឡើងប្រហែល១ម៉ែត្រនៅថ្ងៃនេះក្នុងតំបន់មួយចំនួននៅខ្សែទឹកខាងក្រោមពីទំនប់ដែលបាក់ទី២។
គាត់បានបន្ថែមថា ដើម្បីប្រឹងប្រែងបង្ហូរទឹកចេញពីខណ្ឌដង្កោ ក្រុមអ្នកភូមិបានទម្លាយទំនប់តូចមួយក្នុងសង្កាត់ព្រែកកំពឹស ដើម្បីឱ្យទឹកហូរចូលទៅក្នុងទន្លេបាសាក់៕ សុខុម