38.1 C
Phnom Penh

លោក​ សម រង្ស៊ី ជំរុញឱ្យមានការ​ដោះដូរ​អ្នកទោសស្រប​​​ពេល​​​លោក​​​ប្រឈម​​​ការ​​​ប្រឆាំង​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយប្រឈមសម្ពាធកាន់តែខ្លាំងឡើងនៅក្នុងគណបក្សប្រឆាំងចំពោះការវិលត្រឡប់មកប្រទេសកម្ពុជាវិញ កាលពីម្សិលមិញលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានបង្ហោះវីដេអូឃ្លីបតាមប្រព័ន្ធអុីនធឺណិតការពារសំណើរបស់លោកក្នុងការវិលត្រឡប់មកវិញ ជាថ្នូរនឹងការដោះលែង “អ្នកទោសនយោបាយ” ទាំងអស់។

ការលើកឡើងនេះត្រូវបានច្រានចោលដោយគណបក្សប្រជាជនកម្ពុជាកាន់អំណាច ហើយត្រូវបានចំអកដោយកញ្ញា កឹម មនោវិទ្យា កូនស្រីរបស់លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង និងជាសមាជិកស្ថាប័នកំពូលក្នុងការធ្វើសេចក្ដីសម្រេចរបស់គណបក្ស។

លោក សម រង្ស៊ី បានសរសេរសារបង្ហោះតាមទំព័រហ្វេសប៊ុកកាលពីថ្ងៃពុធអមជាមួយវីដេអូឃ្លីបថា “ខ្ញុំត្រៀមខ្លួនត្រឡប់មកប្រទេសកម្ពុជាភ្លាម ហើយឱ្យអាជ្ញាធរចាប់ខ្លួននិងឃុំខ្លួនខ្ញុំចុះជាថ្នូរនឹងការដោះលែងអ្នកទោសនយោបាយទាំងអស់”។

លោក សម រង្ស៊ី និយាយនៅក្នុងវីដេអូឃ្លីបនោះថា “សុំឱ្យដោះលែងទាំងអស់រាប់ទៅ២០ឬជិត៣០នាក់ឯណោះ ពេលបានការដោះលែងទន្ទឹមគ្នា ឱ្យមានការធានា គឺខ្ញុំ សម រង្ស៊ី នឹងទៅដល់ប្រទេសកម្ពុជាភ្លាមមួយរំពេច។ សូមជួយផ្សព្វផ្សាយផងថា ខ្ញុំ សម រង្ស៊ី អត់ខ្លាចអីទេ ខ្ញុំហ៊ានបូជាជីវិតសម្រាប់ប្រទេសជាតិ”។

អង្គការសិទ្ធិមនុស្សក្នុងស្រុកលីកាដូ ដែលកំពុងបូកសរុប “អ្នកទោសនយោបាយ”ដែលជាប់ពន្ធនាគារនៅក្នុងប្រទេស នោះបានកំណត់ថា បច្ចុប្បន្នមានចំនួន២៧នាក់ ក្នុងនោះ រួមមានមន្ត្រី ឬសកម្មជនគណបក្សប្រឆាំង១៩នាក់ផងដែរ។

លោក សម រង្ស៊ី ដែលកំពុងរស់នៅក្រៅប្រទេសដើម្បីគេចពីការផ្ដន្ទាទោសជាប់ពន្ធនាគាររយៈពេល២ឆ្នាំពីបទបរិហារកេរ្តិ៍នោះបានពន្យល់ថា ការដោះដូរនេះគឺជាលក្ខខណ្ឌចាំបាច់នៃការវិលត្រឡប់មកវិញរបស់លោក ប្រសិនបើលោកគ្រាន់តែទៅជាប់ពន្ធនាគារជាមួយអ្នកនៅក្នុងពន្ធនារហើយនោះ នឹងគ្មាននរណាជួយស្វែងរកសេរីភាពជូនពួកគាត់ឡើយ។

លោក សម រង្ស៊ី បានសួរថា “តែបើខ្ញុំទៅ អត់ដោះលែង ចាប់ខ្ញុំថែមទៀតអ៊ីចឹងបើចាប់ទាំងអស់គ្នាជាប់ទាំងអស់គ្នាអ្នកណាជួយអ្នកណាបាន បើជួយអត់បានទៅធ្វើអី ទៅចាញ់បោកគេធ្វើអី”។

វីដេអូឃ្លីបរបស់លោក សម រង្ស៊ី កើតឡើងបន្ទាប់ពីការអត្ថាធិប្បាយរបស់លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិកាលពីថ្ងៃច័ន្ទ ដែលបង្ហាញថា ថ្នាក់ដឹកនាំគណបក្សប្រឆាំងបានស្នើពីការដោះដូរអ្នកទោស។ជាការឆ្លើយតប កញ្ញា កឹម មនោវិទ្យា អនុប្រធានគណៈកម្មការកិច្ចការសាធារណៈ និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍បក្សបានបង្ហោះសារមួយចំនួនតាមបណ្ដាញទំនាក់ទំនងសង្គមទ្វីតធើ ដោយចំអកពីផែនការបស់លោក សម រង្ស៊ី និងការសម្រេចចិត្តរបស់លោករស់នៅក្នុងភាពនិរទេសខ្លួនដដែល។

កញ្ញាបានសរសេរតាមទ្វីតធើកាលពីថ្ងៃពុធថា “វាមិនសមហេតុផលទាល់តែសោះក្នុងការធ្វើពុតជាសុំទៅជាប់ពន្ធនាគារជំនួសអ្នកផ្សេងនោះ”។ ដោយសំដៅដល់លោក សម រង្ស៊ី ថាជា ” SR” កញ្ញា កឹម មនោវិទ្យា បានច្រានចោលសំណើដែលថា លោកនឹងប្រឈមការចាប់ខ្លួន ប្រសិនបើលោកវិលត្រឡប់មកវិញដោយគ្មានការធានាណាមួយនោះ ហើយបាននិយាយថា លោកចាំបាច់ត្រូវផ្លាស់ប្តូរទម្លាប់នៃការរត់គេចខ្លួនពីប្រទេសនៅពេលរងការគំរាមកំហែង។

កញ្ញាបានសរសេរតាមទ្វីតធើថា “គណបក្សប្រជាជនកម្ពុជាដឹងថា ការគំរាមកំហែងលោក សម រង្ស៊ី មានប្រសិទ្ធភាពដូចវេទមន្តអ៊ីចឹង។ ដូច្នេះហើយ ពួកគេបន្តធ្វើរឿងនេះ។ គាត់ត្រូវប្តូរទម្លាប់នេះទៅ”។

មនុស្សម្នាក់ផ្សេងទៀតបាននិយាយថា     “គាត់ប្រហែលជាត្រូវបានចាប់ខ្លួន ឬមិនត្រូវបានចាប់ខ្លួន។សូមក្រឡេកមើលករណីលោក កឹម សុខា ប៉ុន្តែនេះគឺជាហានិភ័យដែលថ្នាក់ដឹកនាំត្រូវពិចារណា”។

បន្ទាប់ពីនគរបាលបានព្យាយាមចាប់ខ្លួនលោក កឹម សុខា កាលពីចុងខែឧសភាមក លោកបានសម្រេចទៅសម្ងំលាក់ខ្លួនក្នុងទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិជាជាងរត់គេចខ្លួន។ចាប់តាំងពីពេលនោះមក លោកត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល៥ខែនៅក្នុងរឿងក្ដីដែលមជ្ឈដ្ឋានទូទៅចាត់ទុកថា ជាហេតុផលនយោបាយ ដោយលោកនៅតែសម្ងំលាក់ខ្លួននៅក្នុងទីស្នាក់ការគណបក្សដដែល ខណៈមេធាវីរបស់លោកប្ដឹងទាស់ចំពោះសាលក្រមនេះ។

នៅក្នុងបទសម្ភាសន៍ជាមួយបណ្ដាញសារព័ត៌មាន Channel News Asiaកាលពីដើមខែនេះ លោក កឹម សុខា បានមានប្រសាសន៍ថា លោកចង់ឱ្យលោក សម រង្ស៊ី មានវត្តមាននៅក្នុងប្រទេសជាង ប៉ុន្តែថា ទោះបីជាគ្មានគាត់ ក៏គណបក្សនៅតែមានដំណើរការដូចធម្មតាដដែល។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ សមាជិកគណបក្សសង្គ្រោះជាតិដ៏ឆ្នើមមួយរូបដែលបានចាត់ទុកតួនាទីរបស់ព្រះអង្គថាជា “ការប្រឆាំងនៅក្នុងបក្សប្រឆាំង” នោះ បានមានបន្ទូលថា គណបក្សចង់ឃើញ លោក សម រង្ស៊ី ការវិលត្រឡប់មកវិញកាន់តែខ្លាំងឡើងៗ។

ព្រះអង្គម្ចាស់មានបន្ទូលថា “ខ្ញុំគិតថា ថ្នាក់ដឹកនាំមួយចំនួននៅក្នុងគណបក្សសង្គ្រោះជាតិក៏អ៊ីចងដែរ។ មិនមែនគ្រប់គ្នាទេ តែថ្នាក់ដឹកនាំបក្សមួយចំនួន”។

ព្រះអង្គម្ចាស់មានបន្ទូលថា “វាជាការល្អដែលលោក សម រង្ស៊ី ក្រោកឈរស្វែងរកយុត្តិធម៌នៅក្នុងប្រទេសជាជាងនៅក្រៅប្រទេស។ ត្រូវដាក់សម្ពាធលើគណបក្សប្រជាជនកម្ពុជា។ធ្វើឱ្យពួកគេសម្រេចថាតើត្រូវចាប់ខ្លួនលោក សម រង្ស៊ី នៅពេលលោកមកដល់ឬយ៉ាងណានោះ។ នោះជាបញ្ហាប្រឈមដ៏ធំសម្រាប់ពួកគេ”។

លោក សម រង្ស៊ី ធ្លាប់បានសន្យាថា នឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញឱ្យបានទាន់ពេលសម្រាប់ការបោះឆ្នោតជាតិបន្ទាប់នៅខែកក្កដា ឆ្នាំ២០១៨ ដោយមិនខ្វល់ពីស្ថានភាពដូចម្តេចឡើយ ហើយបានលើកឡើងកាលពីម្សិលមិញថា ការដោះដូរអ្នកទោសគឺជាជម្រើសរយៈពេលខ្លីតែប៉ុណ្ណោះ។

លោកបានថ្លែងថា “ខ្ញុំនឹងត្រឡប់មកវិញនៅមុនការបោះឆ្នោតឆ្នាំ២០១៨។ការដោះដូរអ្នកទោសជាសំណើរយៈពេលខ្លីតែប៉ុណ្ណោះសម្រាប់លោក ហ៊ុន សែន ត្រូវគិត ឬមិនត្រូវគិតនោះ”។ លោកបានបន្ថែមថា ការអះអាងរបស់គណបក្សប្រជាជនកម្ពុជា

ដែលថា តុលាការបានអនុវត្តតាមច្បាប់នោះគឺជារឿងមិនសមហេតុសមផលឡើយ។

លោកបានថ្លែងថា “ពួកគេគ្រាន់តែចង់បំបិទមាត់អ្នកដែលមិនគាំទ្រពួកគេប៉ុណ្ណោះ ហើយដោយមានការមិនពេញចិត្តកាន់តែខ្លាំងពីសំណាក់ប្រជាពលរដ្ឋនោះ ពួកគេនឹងចាប់មនុស្សកាន់តែច្រើនឡើងៗ។ ហេតុដូច្នេះហើយ ក្នុងកាលៈទេសៈបច្ចុប្បន្ននេះ ការដោះដូរអ្នកទោសគឺជារឿងសមហេតុផល”។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ថា គណបក្សកាន់អំណាចមិនចាប់អារម្មណ៍នឹងការលើកឡើងរបស់ជនរត់គេចខ្លួននេះទេ។

លោកបានថ្លែងថា “យើងដឹងហើយថា លោក សម រង្ស៊ី គឺជាអ្នកទោស ដូច្នេះការលើកឡើងរបស់គាត់គ្មានប្រយោជន៍ឡើយ។ ការលើកឡើងរបស់គាត់ គ្រាន់តែធ្វើឱ្យប្រជាពលរដ្ឋយល់ច្រឡំអំពីច្បាប់តែប៉ុណ្ណោះ។ គ្មានប្រទេសណាក្នុងពិភពលោកដោះដូរអ្នកទោសដូចនេះឡើយ”៕ សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស