38 C
Phnom Penh

លោក​​​ ហ៊ុន សែន ៖ នយោបាយ​​​ឈ្នះ​​​ឈ្នះ​​​របស់​​​លោក​មានតម្លៃ​​ជាង​​កិច្ច​​​ព្រម​​​ព្រៀង​​​សន្តិភាព​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប៉ុន្មានថ្ងៃមុនខួបលើកទី២៥នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងបា៉រីស លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយសម្រាលតួនាទីរបស់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះនៅក្នុងការជួយឲ្យប្រទេសកម្ពុជារួចផុតពីសង្គ្រាម ដោយបែរជានិយាយគាំទ្រតម្លៃនៃកិច្ចពិភាក្សាមុនរបស់លោកជាមួយព្រះមហាក្សត្រ នរោត្តម សីហនុ  និងការចរចាក្រោយៗមកជាមួយខ្មែរក្រហមជំនួសវិញ។

កិច្ចព្រមព្រៀងឆ្នាំ១៩៩១នេះ ត្រូវបានចុះហត្ថលេខាដោយលោក ហ៊ុន សែន និងក្រុមឧទ្ទាមដែលរួមដៃគ្នាប្រឆាំងរដ្ឋាភិបាលរបស់លោកនៅពេលនោះ។ កិច្ចព្រមព្រៀងនេះបាននាំឲ្យកើតមានបេសកកម្មកសាងសន្តិសភាពរយៈពេលពីរឆ្នាំរបស់អង្គការសហប្រជាជាតិដែលបញ្ចប់ដោយសារមានការវិលត្រឡប់មកវិញនូវការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យក្នុងឆ្នាំ១៩៩៣ ប៉ុន្តែក្រុមនៅក្នុងជួរខ្មែរក្រហមបានច្រានចោលកិច្ចព្រមព្រៀងនេះ ហើយបានរក្សាកាន់កាប់តំបន់ភាគខាងលិចប្រទេសកម្ពុជាអស់រយៈពេលប្រហែលមួយទសវត្សរ៍។ 

cam-photo-hun-sen-2ខេត្តប៉ៃលិនបានចុះចូលនៅក្នុងឆ្នាំ១៩៩៦ ហើយលោក ហ៊ុន សែន បានទៅទី នោះនៅថ្ងៃពុធ ដើម្បីរំឭឹកដល់ឱកាសនោះ។

លោកបានប្រាប់ទាហាន និងមន្ត្រីរដ្ឋាភិបាលដែលមានវត្តមានពេញសាលថា “ថ្ងៃនេះរំឭកដល់ខួបលើកទី២០ ហើយខ្ញុំព្រះករុណាខ្ញុំបានឃើញស្ថានភាពនៃការផ្តាស់ប្តូរទាំងស្រុងពីសង្គ្រាមបែកបាក់បង្ហូរឈាមទៅជាកន្លែងដែលមានការអភិវឌ្ឍ”។

លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា មិនមែនកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសទេដែលនាំសុខសន្តិភាពដ៏យូរអង្វែងជូនកម្ពុជានោះ ប៉ុន្តែគឺ “នយោបាយឈ្នះឈ្នះ”របស់លោក ដែលផ្តល់ការលើកលែងទោស ការងារ និងដីដល់ពួកខ្មែរក្រហមដែលយល់ព្រមទម្លាក់អាវុធ។ លោកបានបន្ថែមថា ហើយទោះបីជាកិច្ចព្រមព្រៀងសន្តិភាពនេះពិតជាបានជួយមែនក៏ដោយ តែវាដោយសារតែការចរចាដែលលោកបានចាប់ផ្តើមជាច្រើនឆ្នាំមុននោះជាមួយព្រះមហាក្សត្រនរោត្តម សីហនុ ដែលយាងចូលទិវង្គត និងដែលដឹកនាំក្រុមមួយក្នុងចំណោមក្រុមដែលមិនមែនជាខ្មែរក្រហមនៅពេលនោះ។

លោកបានមានប្រសាសន៍ថា “យើងមិនភ្លេចកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនោះទេ ប៉ុន្តែបើគ្មានការចរចារវាង សីហនុ – ហ៊ុន សែន បើកផ្លូវក្នុងដំណាក់កាលដំបូងវាពិតជាគ្មានកិច្ចព្រមព្រៀងក្រុងប៉ារីសមួយនោះទេ។ ទី២បើគ្មាននយោបាយឈ្នះ ឈ្នះ ដែលខ្ញុំព្រះករុណាខ្ញុំដឹកនាំ… ក៏គ្មានសុខសន្តិភាពដូចពេលនេះដែរ”។

កិច្ចព្រមព្រៀងសន្តិភាពនេះ ជាប្រធានបទដ៏រសើបសម្រាប់លោកនាយករដ្ឋមន្ត្រីហុន សែន។ លោកបានចាញ់ឆ្នោតនៅក្នុងការបោះឆ្នោតឆ្នាំ១៩៩៣ ប៉ុន្តែ បានប្រឹងប្រែងឲ្យបានកាន់អំណាចវិញនៅខាងក្រៅប្រអប់ឆ្នោត។ លោកត្រូវបានមជ្ឈដ្ឋានទូទៅចោទប្រកាន់ថា ប្រើមធ្យោបាយមិនសុចរិតនៅក្នុងដំណើរការបោះឆ្នោតក្រោយៗចាប់តាំងពីពេលនោះមក។ គណបក្សប្រឆាំងដែលជួបបញ្ហាយ៉ាងច្រើន និងដែលចាញ់ឆ្នោតរាល់លើកនៅក្នុងការបោះឆ្នោតទាំងនោះ ក៏បានចោទប្រកាន់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ថាមិនបានអនុវត្តតាមកិច្ចព្រមព្រៀងដែលបង្កើតឡើងដើម្បីធ្វើឲ្យកម្ពុជាដំណើរការ និងក្លាយជាប្រទេសប្រជាធិបតេយ្យសេរីពហុបក្សនេះដែរ។

កាលពីម្សិលមិញ លោក ហ៊ុន សែន បានប្រាប់គណបក្សសង្គ្រោះជាតិកុំឲ្យយកកិច្ចព្រមព្រៀងនេះធ្វើជារឿងនយោបាយ ដោយលើកឡើងថា គំនិតសំខាន់ៗបំផុតត្រូវបានតម្កល់នៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជាតាំងពីពេលនោះមកម្លេ៉ះ។

ពេលទាក់ទងបន្ទាប់ពីថ្លែងសុន្ទរកថារួច លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានឯកភាពថា កិច្ចព្រមព្រៀងរបស់លោក ហ៊ុន សែន ជាមួយខ្មែរក្រហមបានជួយមែន ប៉ុន្តែលោកបានថ្លែងថា កិច្ចព្រមព្រៀងសន្តិភាពក្រុងបា៉រីសបានដើរមុន។

ដោយចាត់ទុកថា នយោបាយឈ្នះ ឈ្នះ ជា”ផ្នែកនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស”នោះ លោកបានមានប្រសាសន៍ថា “ហេតុដូច្នេះកិច្ចព្រមព្រៀងសន្តិភាពក្រុងបា៉រីសនេះ គឺជាការចាប់ផ្តើមដំបូងនៃការវិលត្រឡប់មករកសន្តិភាពវិញ”។

លោកក៏បានឯកភាពដែរថា ការពិភាក្សាចរចាមុនរបស់លោក ហ៊ុន សែន ជាមួយព្រះមហាក្សត្រ នរោត្តម សីហនុ ក៏បានជួយដែរហើយថាការពិភាក្សាចរចានោះគួរតែប្រើជាគំរូសម្រាប់ផ្សះផ្សាជម្លោះនយោបាយក្នុងពេលបច្ចុប្បន្នរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។

លោក យ៉ែម បុញ្ញឫទ្ធិ បានមានប្រសាសន៍ថា “ប្រសិនបើខ្មែរអាចជជែកជាមួយខ្មែរបានដើម្បីបញ្ចប់សង្គ្រាមនៅពេលនោះ ខ្ញុំមានគំនិតវិជ្ជមានថា នឹងមានដំណោះស្រាយសម្រាប់បញ្ហាក្នុងពេលបច្ចុប្បន្នតាមរយៈវប្បធម៌សន្ទនារវាងខ្មែរ និងខ្មែរ”។

ខណៈលោកនាយករដ្ឋមន្ត្រី លើកឡើងថា ស្មារតីនៃកិច្ចព្រមព្រៀងគឺមានតម្កល់នៅក្នុងរដ្ឋធម្មនុញ្ញនោះ លោកបានលើកឡើងថា រដ្ឋធម្មនុញ្ញក៏ដូចកិច្ចព្រមព្រៀងនេះដែរគឺមិនត្រូវបានគោរពនោះឡើយ។ លោកបានថ្លែងថា “និយាយជារួមមក ការអនុវត្តរដ្ឋធម្មនុញ្ញនៅតែមិនខ្ជាប់ខ្ជួន បើនិយាយពាក់ព័ន្ធសិទ្ធិមនុស្ស”៕ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស