31 C
Phnom Penh

អតីត​​​​​​​​​​​​​​​មន្ត្រី​​​ទូត​សហរដ្ឋ​​​​​​​អាមេរិក ​និង​​​​​​សហ​​​​​​ការី​​​​​​​​​បី​​​​​​នាក់​​​​​​​​​​​​ត្រូវ​​​​​​​​​​​​​​​​​​​​​​សាលា​​​ដំបូង​​​ ផ្តន្ទា​ទោស​​​​​​​​​​​​​ពី​​​បទ​​​​​​ឆបោក​​​​​​​​​​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញ បានផ្ដន្ទាទោសលោក ស៊ីវ ស៊ីចាន់ អតីតមន្ត្រីការទូតសហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ  និងអតីតសហការីបីនាក់ទៀតដោយកំបាំងមុខឱ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំពីបទឆបោកទន្តបណ្ឌិតម្នាក់ដែលនិយាយថាខ្លួនត្រូវគេបោកប្រាស់ឱ្យវិនិយោគក្នុងក្រុមហ៊ុនកសិកម្មមួយដែលមិនដែលដំណើរការទាល់តែសោះ។

តុលាការក៏បានបង្គាប់ឱ្យលោក ស៊ីវ ស៊ីចាន់ លោក សាន រីឆឺ លោក ថូម៉ាស វីលឡិមស៍ និងអ្នកទទួលសិទ្ធិបន្តរបស់លោក វីលៀម ណូចេ ប្រគល់ប្រាក់វិនិយោគ១លានដុល្លារនោះមកវិញ និងបង់សំណងជំងឺចិត្តប្រហែល៧៥.០០០ដុល្លារឱ្យទៅលោកស្រីទន្តបណ្ឌិត អេង លីគង់ ដែលជាដើមចោទនៅរាជធានីភ្នំពេញ។

លោកស្រី អេង លីគង់ បានវិនិយោគប្រាក់នេះលើក្រុមហ៊ុនកសិកម្មបង្កើតថ្មីមួយដែលមានឈ្មោះថា Akra Agricultural Partners ប៉ុន្តែអះអាងថានេះជាក្រុមហ៊ុនក្លែងក្លាយ។ ចុងចោទទាំងនេះសុទ្ធតែបដិសេធរៀងៗខ្លួនថាមិនបានប្រព្រឹត្តខុស ដោយលើកឡើងថា ខ្លួនបានព្យាយាមចាប់ផ្ដើមដំណើរអាជីវកម្មស្របច្បាប់មួយដែលមិនបានដំណើរការទៅមុខ។

លោក ខេង លី មេធាវីការពារលោក ស៊ីវ ស៊ីចាន់ និងលោក សាន រីឆឺ មានប្រសាសន៍ថា សាលក្រមផ្ដន្ទាទោសកាលពីម្សិលមិញអយុត្តិធម៌ ហើយលោកនឹងពិភាក្សាជាមួយកូនក្ដីរបស់លោកថា តើត្រូវប្ដឹងទាស់ឬយ៉ាងណា។

សំដៅដល់ការផ្ញើប្រាក់របស់លោកស្រី អេង លីគង់ ទៅឲ្យក្រុមហ៊ុន Akra ចំនួនបីដំណាក់កាលពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៣ជាថ្នូរនឹងការទទួលបានភាគហ៊ុនក្នុងក្រុមហ៊ុន លោកលើកឡើងថា “កូនក្ដីរបស់ខ្ញុំជាបុគ្គលិក ហើយនេះមិនមែនជាសំណុំរឿងឆបោកទេ។ វាគួរតែជាការរំលោភលើសេចក្ដីទុកចិត្ត ពីព្រោះប្រាក់របស់គាត់ត្រូវបានផ្ទេរចូលក្នុងគណនីធនាគារមួយនៅសហរដ្ឋអាមេរិក។ គួរតែដោះស្រាយវានៅសហរដ្ឋអាមេរិក ហើយពួកគាត់ត្រូវស្នើឱ្យធ្វើសវនកម្ម”។

អំឡុងពេលផ្តល់សក្ខីកម្មក្នុងសវនាការកាលពីខែមុន អ្នកស្រី អេង លីគង់ បានមានប្រសាសន៍ថា លោកស្រីមិនធ្លាប់ទទួលបានឯកសារដែលបង្ហាញថា  លោកស្រីជាម្ចាស់ភាគហ៊ុនក្នុងក្រុមហ៊ុន Akra ទេ ហើយក្រុមហ៊ុននេះមិនដែលដំណើរការពិតប្រាកដទេនៅក្នុងសហរដ្ឋអាមេរិក ទោះបីជាវាចុះបញ្ជីនៅទីនោះក្ដី។

កាលពីម្សិលមិញ លោកស្រីបានស្វាគមន៍សេចក្តីសម្រេចរបស់តុលាការ។ លោកស្រីថ្លែងថា “ខ្ញុំពេញចិត្ត ព្រោះខ្ញុំជាជនរងគ្រោះ។ ពួកគេបោកលុយខ្ញុំ។ ពួកគេបានរៀបចំជាក្រុមមួយដើម្បីលួចប្រាក់ខ្ញុំ។ វាមិនមែនជាការរំលោភសេចក្ដីទុកចិត្តទេ”។

សាលក្រមផ្តន្ទាទោសនេះកើតមានឡើងក្រោយពីលោកស្រី អេង លីគង់ បានដាក់ពាក្យបណ្តឹងរដ្ឋប្បវេណីសហព័ន្ធនៅរដ្ឋតិចសាស កាលពីដើមខែនេះ ដោយក្នុងនោះចុងចោទទាំងបួននាក់ និងលោកស្រី សាន ស៊ីធា ដែលជាភរិយារបស់លោក សាន រីឆឺ ត្រូវបានចោទប្រកាន់ម្ដងទៀតពីបទឆបោកលោកស្រី អេង លីគង់ តាមរយៈការរាយការណ៍មិនពិតអំពីហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងបទគៃបន្លំប្រាក់របស់លោកស្រី ដោយចំណាយប្រាក់ទាំងនោះទៅលើវីឡាធ្វើការិយាល័យ រថយន្តពីរគ្រឿង និងប្រាក់ខែរបស់បុគ្គលិក នេះបើយោងតាមខ្លឹមសារក្នុងពាក្យបណ្ដឹង។

លោកស្រី អេង លីគង់ មានប្រសាសន៍ថា ពីរនាក់ក្នុងចំណោមជនជាប់ចោទនៅរស់ទាំងបីនាក់ដែលត្រូវបានផ្ដន្ទាទោសកាលពីម្សិលមិញ រស់នៅក្នុងរដ្ឋតិចសាស ដែលទំនងជាធ្វើឱ្យសេចក្ដីសម្រេចរបស់តុលាការត្រូវបានអនុវត្តដោយជោគជ័យ។ក្នុងពាក្យបណ្ដឹងនៅសហរដ្ឋអាមេរិក លោកស្រីទាមទារឱ្យប្រគល់ប្រាក់វិនិយោគ១លានដុល្លារមកឲ្យលោកស្រីវិញ បូករួមប្រាក់សំណងជំងឺចិត្តបន្ថែមទៀត។

ពាក្យបណ្តឹងនោះបញ្ជាក់ថា នៅក្នុងសេចក្ដីចម្លងនៃឯកសារវិនិយោគមួយដែលលោក សាន រីឆឺ បានអុីម៉េលទៅលោកស្រី អេង លីគង់ កាលពីខែសីហា ឆ្នាំ២០១៣ លោក ស៊ីវ ស៊ីចាន់ ត្រូវបានដាក់ឈ្មោះជា “ប្រធានក្រុមហ៊ុន Akra”។ លោក ស៊ីវ ស៊ីចាន់ គឺជាឯកអគ្គរដ្ឋទូតប្រចាំនៅក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ ក្រោមរដ្ឋការរបស់អតីតប្រធានាធិបតីអាមេរិក ចច ដាប់ប៊ឹលយូប៊ូស។ បច្ចុប្បន្ន គាត់រស់នៅក្នុងទីក្រុងស៊ែន អ៊ែនតូនីញ៉ូ ជាកន្លែងដាក់ពាក្យបណ្ដឹងរដ្ឋប្បវេណីនេះ។

យោងតាមឯកសារចុះបញ្ជីពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្មដែលក្លូបល វីតណេស ជាអង្គការឃ្លាំមើលសាជីវកម្មបានប្រមូលចងក្រងបង្ហាញថា គិតមកទល់នឹងខែកុម្ភៈ ឆ្នាំ២០១៦ លោក ស៊ីវ ស៊ីចាន់ ត្រូវបានចុះបញ្ជីជា “នាយក” របស់ក្រុមហ៊ុន Akra។ ទោះជាយ៉ាងណា លោកមិនអាចទាក់ទងដើម្បីសុំការបំភ្លឺបានទេកាលពីម្សិលមិញ។

លោក សាន រីឆឺ និងលោកស្រី សាន ស៊ីធាមានសញ្ជាតិខ្មែរ និងអាមេរិក ដែលបានបែងចែកពេលវេលារស់នៅក្នុងរាជធានីភ្នំពេញផង និងនៅទីក្រុងបេលផ្លៅវើ រដ្ឋកាលីហ្វ័រញ៉ាផង។ ពាក្យបណ្តឹងដដែលមានខ្លឹមសារថា ឯកសារវិនិយោគរបស់ក្រុមហ៊ុន Akra បង្ហាញថា លោក សាន រីឆឺ គឺជា “នាយករង និងជានាយកផ្នែកអភិវឌ្ឍន៍អាជីវកម្ម”។ លោកត្រូវបានដោះលែងឱ្យនៅក្រៅឃុំកាលពីខែតុលា ឆ្នាំ២០១៤ បន្ទាប់ពីជាប់ពន្ធនាគារប្រហែល៦សប្ដាហ៍នៅក្នុងប្រទេសកម្ពុជា ពាក់ព័ន្ធសំណុំរឿងឆបោក ហើយលោកជាចុងចោទតែម្នាក់គត់ក្នុងក្រុមនេះដែលបានជាប់ពន្ធនាគារ។

អំឡុងពេលផ្ដល់សក្ខីកម្មនៅសាលាដំបូងរាជធានីភ្នំពេញ កាលពីខែកក្កដា ឆ្នាំ២០១៥ លោក សាន រីឆឺ និយាយថា លោកគ្រាន់តែជាបុគ្គលិកម្នាក់របស់ក្រុមហ៊ុន Akra ប៉ុណ្ណោះ ហើយបានប្រាប់ឱ្យលោកស្រី អេងលីគង់ ផ្ញើប្រាក់វិនិយោគ១លានដុល្លាររបស់លោកស្រីចូលក្នុងគណនីធនាគារមួយនៅទីក្រុងរ៉ឈីស្ទ័រ ញូវយ៉ក របស់លោក វីលៀម ណូចេ តាមបង្គាប់របស់លោក ថូម៉ាស វីលឡិមស៍។

លោក សាន រីឆឺ បានប្រាប់តុលាការនៅពេលនោះថា “ខ្ញុំជាបុគ្គលិក ខ្ញុំគ្មានសិទ្ធិចុះហត្ថលេខាលើអ្វីទេ ហើយខ្ញុំគ្រាន់តែធ្វើតាមបញ្ជារបស់ថៅហ្វាយខ្ញុំប៉ុណ្ណោះ”។

លោក ថូម៉ាស វីលឡិមស៍ អតីតនាយកអង្គការមិនមែនរដ្ឋាភិបាលមួយមានឈ្មោះថា Cambodia International Education Support Foundation -USA គឺជា “នាយក និងជាប្រធាននាយកប្រតិបត្តិ” របស់ក្រុមហ៊ុន Akra។ យោងតាមពាក្យបណ្តឹងនៅសហដ្ឋអាមេរិក បញ្ជាក់ថា ជាពាណិជ្ជករអាមេរិក គាត់ក៏រស់នៅក្នុងទីក្រុងស៊ែន អែនតូនីញ៉ូ ដែរ។

ជាអតីតតំណាងរាស្ត្រនៅរដ្ឋញូវយ៉ក និងជាមេធាវី លោក វីលៀម ណូចេ បានធ្វើអត្តឃាតកាលពីខែមុន នៅក្នុងថ្ងៃតែមួយដែលលោកត្រូវប្រឈមការចោទប្រកាន់ពីបទឆបោកក្នុងតុលាការសហព័ន្ធ។ មានការលើកឡើងថា លោកជាលេខាហេរញ្ញិក និងជា “នាយករង និងជានាយកផ្នែកអភិវឌ្ឍន៍អាជីវកម្ម” របស់ក្រុមហ៊ុន Akra។

នៅក្នុងបទសម្ភាសន៍មួយកាលពីខែកញ្ញា ឆ្នាំ២០១៤ ជាមួយកាសែត Democrat and Chronicle នៅទីក្រុងរ៉ឈីស្ទ័រ លោកបានលើកឡើងថា ”យើងពិតជាគ្មានសកម្មភាពអាជីវកម្មច្រើនទេនៅកម្ពុជា។ យើងបានចំណាយពេលមួយឆ្នាំកន្លះសម្លឹងមើលថា តើយើងអាចធ្វើបានខ្លះ។  ប៉ុន្តែយើងពិតជាមិនកំពុងធ្វើពាណិជ្ជកម្មអ្វី ឬផលិតអ្វីនៅទីនោះទេ។ យើង

មានការិយាល័យមួយនៅទីនោះ ហើយយើងកំពុងសម្លឹងមើលលទ្ធភាព”។

មេធាវីរបស់លោក ថូម៉ាស វីឡិមស៍ នៅប្រទេសកម្ពុជា បដិសេធមិនធ្វើអត្ថាធិប្បាយទេពាក់ព័ន្ធសាលក្រមផ្តន្ទាទោសកាលពីម្សិលមិញ។ តំណាងអ្នកទទួលសិទ្ធិបន្តរបស់លោក វីលៀម ណូចេ មិនអាចទាក់ទងសុំការបំភ្លឺបានទេ។

លោកស្រី អេង លីគង់ មានប្រសាសន៍កាលពីម្សិលមិញថា  លោកស្រីសង្ឃឹមថា សំណុំរឿងទាំងនេះនៅប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក នឹងទប់ស្កាត់ចុងចោទទាំងនេះកុំឱ្យកេងចំណេញពីវិនិយោគិនផ្សេងៗទៀត។ លោកស្រីបានបន្តថា “ខ្ញុំចង់លាតត្រដាងថា ពួកគេមានទោស និងជាជនបោកប្រាស់”៕ សុខុម

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស