នគរបាលក្រុងសៀមរាបបានចាប់ខ្លួនគ្រូគង្វាលជនជាតិកូរ៉េខាងត្បូងម្នាក់ដែលជាប់ចោទថា រំលោភក្មេងស្រីប្រាំបីនាក់ជាច្រើនលើកកាលពីបីបួនឆ្នាំមុន ហើយបានទិញអង្ករ ម៉ូតូនិងឲ្យលុយពួកគេនិងគ្រួសាររបស់គេ។
លោកស្រី ដួង ថាវរី នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សខេត្តសៀមរាបបាននិយាយកាលពីថ្ងៃព្រហស្បិ៍ថា លោក ផាក យោល (Park Youl) អាយុ ៦២ឆ្នាំត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃពុធ ក្រោយពីហៅមកសាកសួរដោយផ្អែកតាមការឲ្យការណ៍។លោកស្រីនិយាយថា មានជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះទាំងអស់បានរាយការណ៍ទៅប៉ូលិស ពីព្រោះនាងខឹងនឹងគ្រូគង្វាលមិនព្រមឲ្យម៉ូតូដល់នាងដូចអ្នកផ្សេងទៀត។
លោកស្រី ថាវរី បាននិយាយថា”ក្មេងស្រីនោះបាននិយាយថា គ្រូគង្វាលបានបញ្ចុះបញ្ចូលនាងឱ្យរួមភេទជាមួយគាត់ច្រើនដង។ យើងបានអញ្ជើញជនសង្ស័យមកសាកសួរ ហើយក៏នាំក្មេងៗដែលកំពុងរស់នៅជាមួយគាត់នៅព្រះវិហារមកដែរ។ពេលនោះទើបបទល្មើសត្រូវលាតត្រដាង”។
នាយការិយាល័យនគរបាលរូបនេះបាននិយាយថា ជងរងគ្រោះស្រីទាំងប្រាំបីនាក់បានបញ្ជាក់អត្តសញ្ញាណរួចហើយមកដល់ពេលនេះ រួមទាំងក្មេងស្រីទាំងប្រាំមួយនាក់ដែលកំពុងរស់នៅជាមួយគ្រូគង្វាលនៅព្រះវិហារ ដែលលោកស្រីបាននិយាយថា វាគ្មានឈ្មោះ។ លោកស្រីបាននិយាយថា លោក ផាក បានរំលោភពួកគេម្នាក់ៗយ៉ាងហោចណាស់ប្រាំឆ្នាំមកហើយ ហើយពួកគេពេលនេះមានអាយុពី១៣ដល់២១ឆ្នាំ។
លោកស្រីបាននិយាយថា “ជនសង្ស័យបានសារភាពថាបានរំលោភក្មេងស្រីខ្លះដោយផ្តល់របស់ខ្លះដូចជាកង់ លុយកាក់សម្រាប់រៀនសូត្រជាដើម”។
លោកស្រី ថាវរី បាននិយាយថា គ្រូគង្វាលត្រូវបានសាកសួរដោយតុលាការខេត្តសៀមរាបកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែមិនទាន់បានចោទប្រកាន់នៅឡើយទេ។លោកស្រីបានបដិសេធមិនពិភាក្សាអំពីលក្ខណៈនៃការរំលោភទេ ប៉ុន្តែលោកស្រីបាននិយាយថា លោកស្រីភ្ញាក់ផ្អើល ព្រោះរឿងនេះបានកើតឡើងយូរមកហើយ។
លោកស្រីបាននិយាយថា “ជនរងគ្រោះមិនបានគិតថា វាជាការរំលោភបំពានទេ។គេគិតថាគេបានស្រឡាញ់គ្រូគង្វាល ហើយគេមិនបានគិតដល់ការដាក់ពាក្យបណ្តឹងទេ។ ហើយគ្រូគង្វាលក៏តែងតែឲ្យរបស់ផ្សេងៗដល់គ្រួសាររបស់គេ។ពួកគេមកពីគ្រួសារក្រីក្រ”។
លោកស្រី ថាវរី បាននិយាយថា ក្មេងស្រីនិងស្ត្រីទាំងប្រាំមួយនាក់បានយកទៅដាក់នៅមន្ទីរសង្គមកិច្ចខេត្ត ហើយពីរនាក់ទៀតបានបញ្ជូនទៅផ្ទះវិញ។
លោកស្រីបាននិយាយថា នគរបាលកំពុងតែស៊ើបអង្កេត ហើយមិនបានរកឃើញភ័ស្តុតាង នៃការរំលោភបំពាននៅព្រះវិហារទីពីរ ដែលលោក ផាក គ្រប់គ្រងនៅក្នុងស្រុកប្រាសាទ បាគងទេ។
ក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ អង្គការសកម្មភាពដើម្បីកុមារហៅកាត់ថា APLE និយាយថាមានការចាប់ខ្លួនដោយសារតែខ្លួន។អង្គការនេះបាននិយាយថាខ្លួនបានស៊ើបអង្កេតព្រះវិហារ ចាប់តាំងពីខ្លួនបានទទួលដំណឹងអំពីការចោទប្រកាន់កាលពីខែកុម្ភៈ ឆ្នាំមុន ហើយបានរាយការណ៍ទៅនគរបាលមូលដ្ឋាន។ អង្គការនេះបាននិយាយថាមានជនរងគ្រោះប្រាំបួននាក់ដែលមានអាយុពី១១ឆ្នាំដល់១៦ឆ្នាំ។
លោកស្រី ថាវរី បាននិយាយដោយទទូចថា ពួកគេមានអាយុពី១៣ឆ្នាំដល់២១ឆ្នាំ ហើយនិយាយថា មានម្នាក់ក្នុងចំណោម៩នាក់ដែលលើកឡើងដោយអង្គការ មិនមែនជាជនរងគ្រោះទេ៕ មាំ វិបុល