យោងតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីផ្ញើទៅប្រធានអន្តោប្រវេសន៍របស់ប្រទេសនេះ រដ្ឋាភិបាលបានហាមក្រុមហ៊ុនអាកាសចរណ៍នានា និងក្រុមមន្ត្រីដែលឈរជើងនៅតាមអាកាសយានដ្ឋានកុំអនុញ្ញាតឱ្យលោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំងនិរទេសខ្លួនវិលត្រឡប់មកប្រទេសកម្ពុជាវិញ។
តាមចំណារថ្ងៃទី១៦ ខែកញ្ញា ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លិខិតថ្ងៃទី១២ ខែតុលា ពីលោក តឹករ៉េត សំរេច រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីបញ្ជាឱ្យលោក សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ “ចាត់វិធានការរារាំងបុគ្គល សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ កុំឱ្យវិលមកកម្ពុជាវិញ”។
លោក សម រង្ស៊ី កំពុងរស់នៅក្រៅប្រទេស ដែលមានមូលដ្ឋានក្នុងប្រទេសបារាំង ប៉ុន្តែជាញឹកញាប់ធ្វើដំណើរទៅកន្លែងផ្សេងក្នុងការស្វែងរកការគាំទ្រពីក្រៅប្រទេស ដើម្បីគេចចេញពីទោសជាប់ពន្ធនាគារពីរឆ្នាំ និងរឿងក្ដីព្រហ្មទណ្ឌជាច្រើនប្រឆាំងរូបលោក ដែលរឿងក្ដីទាំងអស់នោះត្រូវគេយល់ជាទូទៅថា ជារឿងនយោបាយ។
លិខិតនោះយោងដល់ការប្រជុំមុន ដែលបានប្រជុំក្រុមមន្ត្រីអាកាសចរណ៍ជាន់ខ្ពស់ តំណាងក្រុមហ៊ុនអាកាសចរណ៍ដែលប្រតិបត្តិការនៅកម្ពុជា នាយកអាកាសយានដ្ឋានអន្តរជាតិទាំងបី នគរបាលអន្តោប្រវេសន៍ប្រចាំអាកាសយានដ្ឋានអន្តរជាតិ មន្ត្រីគយ និងរដ្ឋាករ និងលោក សយ សុខាន់ អនុរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល។
លិខិតនេះមានខ្លឹមសារថា “កិច្ចប្រជុំបានចាត់វិធានការដូចតទៅ ទី១ គ្រប់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ដែលធ្វើប្រតិបត្តិការហោះហើរមកកម្ពុជា មិនត្រូវអនុញ្ញាតឱ្យបុគ្គលនេះឡើងយន្តហោះមកកម្ពុជាទេ”។ លិខិតមានខ្លឹមសារបន្ថែមថា ក្រុមហ៊ុនអាកាសចរណ៍ត្រូវផ្ដល់របាយការណ៍ក្នុងករណី “បុគ្គលនេះទិញសំបុត្រយន្តហោះធ្វើដំណើរមកកម្ពុជា”។
“ទី២ ក្នុងករណីដែលបុគ្គល សម រង្ស៊ី ធ្វើដំណើរមកកម្ពុជាតាមរយៈយន្តហោះណាមួយ យន្តហោះនោះនឹងត្រូវបង្វែរឱ្យវិលត្រឡប់ទៅអាកាសយានដ្ឋានដើមវិញ ដោយមិនអនុញ្ញាតឱ្យចុះចតនៅកម្ពុជាឡើយ”។
“ទី៣ ក្នុងករណីយន្តហោះដឹកបុគ្គល សម រង្ស៊ី ចុះចតដល់អាកាសយានដ្ឋានណាមួយនៅកម្ពុជា នឹងមិនត្រូវបានអនុញ្ញាតឱ្យភ្ញៀវទាំងអស់ចាកចេញពីយន្តហោះឡើយ និងត្រូវបញ្ជាឱ្យត្រឡប់ទៅអាកាសយានដ្ឋានដើមវិញ”។
“ទី៤ ក្នុងករណីដែលបុគ្គលនេះបានចាកចេញផុតពីយន្តហោះ នគរបាលអន្តោប្រវេសន៍ត្រូវចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីកុំឱ្យបុគ្គលនេះចូលក្នុងកម្ពុជាបាន និងចាត់វិធានការផ្សេងៗទៀតតាមការចាំបាច់”។
នាយឧត្ដមសេនីយ៍ សុខ ផល បានបញ្ជាក់ថា លោកបានទទួលលិខិតនោះមែន ប៉ុន្តែបាននិយាយថា លោកមិនទាន់បានពិភាក្សាអំពីលិខិតនោះជាមួយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃទេ។
លោកបាននិយាយថា “ចំពោះលិខិតនេះ ខ្ញុំបានពិនិត្យជាមួយរដ្ឋបាលរបស់ខ្ញុំរួចហើយ លិខិតនេះផ្ញើមកខ្ញុំ។ ប៉ុន្តែខ្ញុំចង់និយាយនៅថ្ងៃនេះថា ខ្ញុំមិនបានចូលរួមប្រជុំនោះទេ”។
ដោយមិនអត្ថាធិប្បាយច្រើន លោកបាននិយាយថា “ខ្ញុំនឹងសុំយោបល់ពីរដ្ឋមន្ត្រីរបស់ខ្ញុំ ពីព្រោះលិខិតនេះមិនបានឆ្លងរដ្ឋមន្ត្រីក្រសួង [មហាផ្ទៃ]”ទេ។
លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បាននិយាយថា លោកមិនបានដឹងអំពីគោលនយោបាយនេះទេ។ ដោយមិនអត្ថាធិប្បាយច្រើនដែរ លោកបាននិយាយថា “ប្រសិនបើរដ្ឋាភិបាលនិយាយថា ខ្លួនមិនអនុញ្ញាត គឺមិនអនុញ្ញាតហើយ”។
លោក សម រង្ស៊ី មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ ប៉ុន្តែលោកបាននិយាយកាលពីថ្ងៃពុធតាមរយៈវីដេអូបង្ហោះលើហ្វេសប៊ុកថា លោកបានត្រៀមវិលមកប្រទេស ហើយប្រឈមនឹងការជាប់ពន្ធនាគារ ប្រសិនបើរដ្ឋាភិបាលធានាឱ្យមានការដោះលែងអ្វីដែលលោកបាននិយាយថា ជាអ្នកទោសនយោបាយ២០ឬ៣០នាក់ក្នុងប្រទេសនេះ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ សមាជិកដ៏ឆ្នើមមួយរូបរបស់គណបក្សសង្គ្រោះជាតិបានមានបន្ទូលកាលពីថ្ងៃសុក្រថា ព្រះអង្គមិនបានឃើញលិខិតនោះទេ ប៉ុន្តែថាលោក សម រង្ស៊ី មិនមានគម្រោងត្រឡប់មកភ្លាមៗទេ។
ព្រះអង្គបានមានបន្ទូលថា “ខ្ញុំមិនជឿថា គាត់នឹងត្រឡប់មកក្នុងពេលណាមួយឆាប់ៗទេ។ វាគ្រាន់តែជាវិធីមួយផ្សេងទៀតប្រាប់ សម រង្ស៊ី ថា គាត់មិនគួរមកវិញទេ”។
ព្រះអង្គម្ចាស់បានមានបន្ទូលថា ព្រះអង្គជាផ្នែកមួយនៃមួយក្រុមតូចនៅក្នុងបក្សដែលចង់ឱ្យលោក សម រង្ស៊ី ត្រឡប់មកវិញ ដើម្បីដាក់សម្ពាធលើគណបក្សប្រជាជនកម្ពុជា និង “គ្រាន់តែចង់ឃើញថាពួកគេនឹងធ្វើអ្វី”។
លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងដែលកំពុងសម្ងំនៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិចាប់តាំងពីត្រូវជាប់ចោទទាក់ទិននឹងករណី “សញ្ចរកម្ម” នៅចុងខែឧសភាមក បាននិយាយក្នុងបទសម្ភាសន៍មួយនៅដើមខែនេះថា លោកចង់ឱ្យលោក សម រង្ស៊ី ត្រឡប់មកវិញ។
លោក មាស នី អ្នកវិភាគនយោបាយបាននិយាយថា បម្រាមទាំងស្រុងលើការត្រឡប់មកវិញរបស់លោក សម រង្ស៊ី បានបញ្ចេញឱ្យដឹងនូវការជ្រួលច្រាលរបស់គណបក្សកាន់អំណាច និងលោកនាយករដ្ឋមន្ត្រី។
លោកបាននិយាយថា “ពួកគេខ្លាចរឿងជាច្រើន។ បើ សម រង្ស៊ី នៅក្នុងប្រទេស ហើយគេចាប់ខ្លួនគាត់ គណបក្សប្រឆាំងនឹងកាន់តែមានឥទ្ធិពល…។ ពួកគេអាចបង្កើតឱ្យមានការជួបជុំគ្នាដ៏ធំ ហើយ [អាជ្ញាធរ] មិនអាចគ្រប់គ្រងបានទេ”។
តាមលោក មាស នី ដោយរារាំងលោក សម រង្ស៊ី មិនឱ្យចូលស្រុក លោក ហ៊ុន សែន ប្រើក្បួនស្រដៀងគ្នាក្នុងការព្យាយាមបំបែកបក្សប្រឆាំងមុនការបោះឆ្នោត។
លោកបាននិយាយថា “ពួកគេមិនដែលចង់ឱ្យ សម រង្ស៊ី មកវិញទេ៕ និត