30 C
Phnom Penh

រដ្ឋាភិបាល​​ចង់​បាន​​ការ​ទទួល​ខុសត្រូវ​ចំពោះ​​ការ​ការ​ពារ​កុមារ​​​ច្រើន​ជាង​មុន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការខ្វះតួនាទីដែលកំណត់ច្បាស់លាស់សម្រាប់អាជ្ញាធរ និងក្រុមអង្គការមិនមែនរដ្ឋាភិបាល ដែលពាក់ព័ន្ធក្នុងការ ការពារកុមារ កំពុងរារាំងការឆ្លើយតបចំពោះការរំលោភបំពានលើកុមារ ការកេងប្រវ័ញ្ច និងការមិនយកចិត្ត ទុកដាក់ ជាអ្វីមួយដែលរដ្ឋាភិបាលសង្ឃឹមថា នឹងកែតម្រង់ដោយមានអនុក្រឹត្យថ្មីមួយដែលពង្រឹងច្បាប់ ដែលមានស្រាប់។

ក្រសួងសង្គមកិច្ចកំពុងព្រាងអនុក្រឹត្យមួយដែលនឹងកំណត់ស្ដង់ដារអប្បបរមា និងដាក់ចេញយ៉ាងច្បាស់លាស់នូវការទទួលខុសត្រូវរបស់នាយកដ្ឋាន អាជ្ញាធរ និងអង្គការក្រៅរដ្ឋាភិបាលនានាដែលមានភារកិច្ចការពារកុមារ។

លោកស្រី ញ៉េប សុភាព អគ្គលេខាធិការនៃក្រុមប្រឹក្សាជាតិកម្ពុជាទទួលខុសត្រូវចំពោះកុមារ ជាស្ថាប័នរដ្ឋមានភារកិច្ចការពារសិទ្ធិកុមារ បានមានប្រសាសន៍ក្នុងបទបង្ហាញនៃសេចក្ដីព្រាងកាលពីថ្ងៃសុក្រថា ការខ្វះកាតព្វកិច្ចច្បាស់លាស់ជាញឹកញាប់បាននាំឱ្យមានការអនុវត្តច្បាប់ទន់ខ្សោយ។

លោកស្រី សុភាព បានមានប្រសាសន៍បន្ទាប់ពីការប្រជុំជាមួយរដ្ឋាភិបាល និងអ្នកតំណាងអង្គការក្រៅរដ្ឋាភិបាលថា “យើងបានឃើញមានការខ្វះចន្លោះក្នុងច្បាប់ដែលមានស្រាប់ដើម្បីការពារកុមារ។ សេចក្ដីព្រាងអនុក្រឹត្យនេះអាចផ្ដល់ប្រសិទ្ធភាពថែមទៀត និងធ្វើឱ្យមានការទទួលខុសត្រូវច្បាស់លាស់ជាងមុន” សម្រាប់អាជ្ញាធរ និងបុគ្គលិកសង្គមកិច្ច។

អនុក្រឹត្យនេះសំដៅកំណត់នីតិវិធីល្អប្រសើរដើម្បីទប់ស្កាត់ការរំលោភបំពានកុមារ និងកំណត់ក្រមសីលធម៌សម្រាប់អ្នកដែលអនុវត្ត។ អនុក្រឹត្យនេះក៏បង្ហាញនូវផែនការបង្កើតគណៈកម្មាធិការជាតិមួយ ដើម្បីធ្វើច្បាប់ ត្រួតពិនិត្យការអនុវត្ត ផ្ដួចផ្ដើមការបណ្ដុះបណ្ដាលការពារកុមារ និងកម្មវិធីលើកកម្ពស់ការយល់ដឹង និងស៊ើបអង្កេតការរំលោភបំពាន ឬបណ្ដឹងដែលគេរាយការណ៍។

តាមសេចក្ដីសង្ខេបដែលចេញផ្សាយនៅឆ្នាំនេះ ដោយអង្គការយូនីសេហ្វ ប្រព័ន្ធការពារកុមាររបស់ប្រទេសកម្ពុជាភាគច្រើនគ្មានថវិកាគ្រប់គ្រាន់ និងខ្វះបុគ្គលិក។

លោកស្រី អេមីលីន ហ្គាប្រៀល (Aimyleen Gabriel) ទីប្រឹក្សាបច្ចេកទេសផ្នែកការពារកុមារនៅអង្គការទស្សនពិភពលោក ដែលចូលរួមក្នុងដំណើរការព្រាងអនុក្រឹត្យនេះ បាននិយាយថា សេចក្ដីត្រូវការបច្ចុប្បន្នរបស់ប្រទេសនេះគឺហួសពីសមត្ថភាពរបស់រដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល និងសហគមន៍នានា។

លោកស្រីបាននិយាយកាលពីថ្ងៃសុក្រតាមរយៈអុីម៉េលថា “ការវាយតម្លៃរបស់យើងលើប្រព័ន្ធការពារកុមារបង្ហាញថា សមត្ថភាព និងធនធានសម្រាប់ការអនុវត្តគោលនយោបាយគឺខ្សោយនៅគ្រប់កម្រិតទាំងអស់”។

លោកស្រីបាននិយាយបន្ថែមថា “តួនាទីការពារកុមារជាក់លាក់នៃក្រសួង និងទីភ្នាក់ងារនីមួយៗត្រូវតែបង្ហាញយ៉ាងច្បាស់លាស់ដោយមានធនធាន និងបុគ្គលិកគ្រប់គ្រាន់”។

ក្រសួងនេះកំពុងប្រឹងប្រែងដើម្បីបញ្ចប់សេចក្ដីព្រាងអនុក្រឹត្យនេះនៅចុងឆ្នាំនេះ៕ និត

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស