គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានសម្រេចថា ខ្លួននឹងយល់ព្រមទទួលយកការចុះឈ្មោះបោះឆ្នោតរបស់ទាហាន ដែលបានចុះឈ្មោះក្នុងឃុំនានាដែលនៅទីនោះពួកគេមិនធ្វើការ ឬមិនរស់នៅទេ ទោះបីមានភាពស្របច្បាប់គួរឱ្យមានមន្ទិលនៃស្ថានភាពនេះក៏ដោយ។
សេចក្ដីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានជំរុញដោយបណ្ដឹងបក្សប្រឆាំងកាលពីថ្ងៃទី២១ ខែកញ្ញា ដោយនិយាយថា ទាហានរាប់រយនាក់នៅក្នុងខេត្តបាត់ដំបង ព្រះវិហារ និងខេត្តសៀមរាប ត្រូវបានអនុញ្ញាតឱ្យចុះឈ្មោះនៅក្នុងតំបន់រឹងមាំរបស់គណបក្សប្រឆាំងជាជាងនៅក្នុងឃុំដែលពួកគេរស់នៅ ឬឈរជើង ដោយរំលោភច្បាប់បោះឆ្នោត។
ក្នុងខែតុលា លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប. បាននិយាយថា ការស៊ើបអង្កេតនៅខេត្តព្រះវិហារបានបញ្ជាក់ថា ទាហាន៩០នាក់ដែលធ្វើការជាកម្មករពេលថ្ងៃនៅចម្ការមួយកន្លែងក្នុងឃុំឆែប២ ស្រុកឆែប បានចុះឈ្មោះមិនត្រឹមត្រូវនៅទីនោះក្នុងស្ថានភាពមួយដែលលោកចាត់ទុកថា “ខុសនិងមិនខុស”។
កាលពីថ្ងៃព្រហស្បតិ៍ លោក ពុទ្ធា បាននិយាយថា ការចុះឈ្មោះក្នុងខេត្តចំនួនបីនឹងត្រូវទទួលយក ពីព្រោះទាហាននោះធ្វើការនៅចម្ការក្រៅម៉ោងក្នុងឃុំនានាដែលពួកគេបានចុះឈ្មោះ ឬត្រូវគេបញ្ជូនទៅទីនោះដើម្បីផ្ដល់សន្តិសុខនៅពេលដល់ថ្ងៃបោះឆ្នោត។
លោក ពុទ្ធា បាននិយាយថា “មានការចុះឈ្មោះបោះឆ្នោតក្នុងឃុំមួយចំនួន ដែលនៅទីនោះទាហានខ្លះបានទៅធ្វើការនៅតាមចម្ការហើយបានឆ្លៀតឱកាសចុះឈ្មោះ”។
លោកបាននិយាយថា ក្នុងករណីផ្សេងទៀត “ក្រសួងការពារជាតិបានសម្រេចចាត់តាំងទាហានដើម្បីការពារសន្តិសុខសាធារណៈនៅតាមការិយាល័យបោះឆ្នោត ដូច្នេះហើយ គ.ជ.ប. បានទទួលយកការចុះឈ្មោះរបស់ពួកគេ”។
លោក ពុទ្ធា បាននិយាយថា ក្រសួងការពារជាតិមិនបានផ្ដល់ឯកសារណាមួយដែលបង្ហាញថា ខ្លួនមានផែនការជាក់លាក់ដែលទាហាននឹងយាមការពារការិយាល័យបោះឆ្នោតនោះទេ។ លោកក៏បានអះអាងថាមិនដឹងថាមានទាហានចំនួនប៉ុន្មាននាក់ នឹងការពារការិយាល័យដែលពួកគេបានចុះឈ្មោះនោះដែរ។
លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបាននិយាយថា លោកក៏មិនដឹងអំពីចំនួនទាហានដែលចូលរួមដែរ ប៉ុន្តែបាននិយាយថា ពួកគេ “មិនបានធ្វើអ្វីខុសច្បាប់ទេ”។ ទោះជាយ៉ាងនេះក្ដី មូលហេតុរបស់លោកខុសពីលោក ហង្ស ពុទ្ធា។
លោកបាននិយាយថា សរុបមក ច្បាប់បោះឆ្នោតមិនហាមនរណាម្នាក់ដែលមានបេសកកម្ម [យោធា] នៅកន្លែងណាមួយមិនឱ្យចុះឈ្មោះក្នុងឃុំនោះទេ។ ប្រសិនបើយើងធ្វើតាមនីតិវិធីត្រឹមត្រូវ វាមិនខុសច្បាប់ទេ”។
នៅពេលសួរថាតើទាហានត្រូវបានបញ្ជូនទៅតំបន់រឹងមាំនានារបស់គណបក្សសង្គ្រោះជាតិឬយ៉ាងណា នាយឧត្ដមសេនីយ៍ ឈុំ សុជាតិ គ្រាន់តែបាននិយាយថា ទាហាន”ប្រចាំការនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ដូច្នេះពួកគេមិនអាចធ្វើដំណើរទៅចុះឈ្មោះនៅខេត្តឆ្ងាយៗបានទេ”។
លោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការឯករាជ្យ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជាបាននិយាយថា យោធាគ្មានកិច្ចការត្រូវពាក់ព័ន្ធក្នុងការផ្ដល់សន្តិសុខនៅតាមការិយាល័យបោះឆ្នោតទេ។
លោកបាននិយាយកាលពីម្សិលមិញថា “គេតែងតែនិយាយថា ទាហានមានតួនាទីមួយចំនួន។ មានតែនគរបាលទេដែលមើលខុសត្រូវចំពោះសន្តិសុខ។ គឺមិនមែនយោធាទេ”។
លោកស្រី មូរ សុខហួរ តំណាងរាស្ត្រគណបក្សប្រឆាំងបាននិយាយថា ក្រសួងនេះបានឆ្លៀតយកចំណេញពី”ចន្លោះប្រហោងក្នុងច្បាប់នេះ”។
លោកស្រីបាននិយាយថា “ខ្ញុំគិតថា អ្វីដែលពួកគេគួរធ្វើគឺក្រសួងការពារជាតិគួរអនុញ្ញាតឱ្យពួកគេទៅផ្ទះចុះឈ្មោះដើម្បីបោះឆ្នោត”។ លោកស្រីបាននិយាយបន្ថែមថា ភាពអនុគ្រោះណាមួយនៅតាមកន្លែងចុះឈ្មោះឱ្យទាហានក៏គួរផ្ដល់ឱ្យពលករចំណាកស្រុករបស់ប្រទេសកម្ពុជាដែរ។
លោកស្រីបាននិយាយថា “នេះជាផែនការរបស់ក្រសួងការពារជាតិដឹកទាហានទៅតាមឃុំដែលគណបក្សប្រជាជនកម្ពុជាចាញ់ឆ្នោតកាលពីឆ្នាំ២០១៣”៕ និត