28.4 C
Phnom Penh

គណបក្ស​ប្រឆាំង​​​ដក​ការ​ប្ដេជ្ញា​​ជួបជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយលើកឡើងពីកង្វល់សន្តិសុខ គណបក្សសង្គ្រោះជាតិបានដកការប្ដេជ្ញារបស់ខ្លួននៅក្នុងការរៀបចំពិធីជួបជុំទ្រង់ទ្រាយធំនៅទីលានប្រជាធិបតេយ្យកាលពីម្សិលមិញ ដើម្បីរំឭកខួបលើកទី២៥នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងបា៉រីស រួចងាកទៅរៀបចំពិធីនៅទីស្នាក់ការកណ្ដាលគណបក្សដោយមានអ្នកគាំទ្រពីរបីរយនាក់ជំនួសវិញ។

គិតដល់ត្រឹមល្ងាចថ្ងៃសុក្រ  គណបក្សសង្គ្រោះជាតិបានប្ដេជ្ញាថានឹងដឹកនាំមុស្សរាប់ពាន់នាក់ទៅកាន់ទីលានប្រជាធិបតេយ្យនៅថ្ងៃអាទិត្យដោយជម្នះនឹងបម្រាមរបស់សាលារាជធានី។

អ្នកគាំទ្រគណបក្សសង្គ្រោះជាតិជួបជុំនៅខាងមុខទីស្នាក់ការកណ្ដាលគណបក្សក្នុងរាជធានីភ្នំពេញ ដើម្បីរំឭកខួបលើកទី២៥ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស កាលពីម្សិលមិញ។ រូបថតៈ Satoshi Takahashi
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិជួបជុំនៅខាងមុខទីស្នាក់ការកណ្ដាលគណបក្សក្នុងរាជធានីភ្នំពេញ ដើម្បីរំឭកខួបលើកទី២៥ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស កាលពីម្សិលមិញ។ រូបថតៈ Satoshi Takahashi

សាលារាជធានីដំបូងឡើយបានប្រាប់គណបក្សសង្គ្រោះជាតិថា ទីតាំងនេះតូចពេកមិនអាចផ្ទុកមនុស្សដែលគេរំពឹងថានឹងមានចំនួនយ៉ាងច្រើនបានឡើយ។ ប៉ុន្តែពេលគណបក្សនេះទទូចទាមទារ ខ្លួនបានព្រមានដោយគំរាមថា ពិធីជួបជុំនៅទីលានប្រជាធិបតេយ្យប្រហែលជាអាចមានក្រុមប្រឆាំងណបក្សសង្គ្រោះជាតិមកដែរ ហើយបង្កឱ្យមាន”បញ្ហា”។

លោកស្រី មូរ សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានលើកឡើងថា គណបក្សរបស់លោកស្រីចាត់ទុកថា ការព្រមាននេះជាការគំរាមកំហែងរួចក៏ដកការប្ដេជ្ញាចិត្តវិញ។ លោកស្រីបានមានប្រសាសន៍កាលពីម្សិលមិញថា “យើងមិនចង់ឱ្យកើតមានអំពើហិង្សាណាមួយឡើយ។  យើងបានឃើញអាជ្ញាធរប្រើអំពើហិង្សា ជាពិសេសសន្តិសុខ [ខណ្ឌ]។ ហេតុដូច្នេះ យើងមានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់តំណាងរាស្ត្រយើង។ យើងនៅចាំបានពេលដែលតំណាងរាស្ត្ររបស់យើងរងការវាយដំ”។

កាលពីខែតុលា ឆ្នាំ២០១៥ តំណាងរាស្ត្រគណបក្សប្រឆាំងចំនួនពីររូបត្រូវបានចាប់ទាញចេញពីរថយន្តនៅខាងក្រៅរដ្ឋសភា ហើយត្រូវបានវាយដំយ៉ាងព្រៃផ្សៃអំឡុងការតវ៉ាប្រឆាំងគណបក្សសង្គ្រោះជាតិ។ សមាជិកបីនាក់នៃកងអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំពីបទវាយដំនេះ តែអង្គការសិទ្ធិមនុស្សលើកឡើងថា តុលាការបានរារាំងការព្យាយាមរបស់អយ្យការនៅក្នុងការស្វែងរកថាតើបទបញ្ជានេះមានចេញមកពីថ្នាក់លើឬក៏អត់។

ទោះជាយ៉ាងណា លោកស្រី មូរ សុខហួរ បានចាត់ទុកពិធីជួបជុំនៅទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិដែលមានទ្រង់ទ្រាយតូចជាងការគ្រោងទុកថា ជាជោគជ័យ ហើយបានច្រានចោលការឡើងថា ការដកថយពីទីលានប្រជាធិបតេយ្យធ្វើឱ្យគណបក្សនេះមើលទៅចុះខ្សោយ ឬក៏មានការសម្រេចចិត្តមិនច្បាស់លាស់។

លោកស្រីបានមានប្រសាសន៍ថា “វាមិនមែនមានន័យថាយើងមិនហ៊ាននិយាយចេញនោះទេ ប៉ុន្តែយើងចាំបាច់ត្រូវតែមានការប្រុងប្រយ័ត្នឱ្យបានខ្លាំងជាងមុន”។

គណបក្សសង្គ្រោះជាតិបានលើកឡើងពីកង្វល់សន្តិសុខស្រដៀងគ្នានេះ ពេលធ្វើការសម្រេចចិត្តលុបចោលផែនការនៅនាទីចុងក្រោយដើម្បីបញ្ចប់ពហិការមិនចូលសភាក្នុង ពេលបច្ចុប្បន្នរបស់ខ្លួន ហើយបានចូលរួមសម័យប្រជុំសភាវិញនៅដើមខែនេះ។

cam-photo-CNRPនៅខាងក្រៅទីស្នាក់ការកណ្ដាលគណបក្សក្នុងខណ្ឌមានជ័យកាលពីម្សិលមិញ អ្នកគាំទ្ររាប់រយនាក់បានចេញមកធ្វើឲ្យកកស្ទះចរាចរណ៍កំណត់ផ្លូវជាតិលេខ២ស្ទើរពេញមួយព្រឹក ដើម្បីស្ដាប់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលក្នុងនោះរួមមានទាំងលោក កឹម សុខា ប្រធានស្តីទីគណបក្សផងដែរ។

ពេលនិយាយពីខាងក្រោយរថយន្តស្ទូចដែលចតនៅកណ្ដាលផ្លូវ លោកស្រី មូរ សុខហួរ បានប្រាប់អ្នកគាំទ្រយ៉ាងច្រើនថា  កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ឆ្នាំ១៩៩១ ដែលបង្កើតឡើងដើម្បីធ្វើឱ្យប្រទេសដែលហែកហួរដោយសង្គ្រាមនៅពេលនោះធ្វើដំណើរឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យនោះ គឺនៅមិនទាន់ត្រូវបានទទួលស្គាល់នៅឡើយទេ។

ដោយអានសេចក្ដីថ្លែងការណ៍ដែលមានការរៀបចំទុកនោះ លោកស្រីមានប្រសាសន៍ថា “ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ និងឯកភាពជាតិពុំទាន់ត្រូវបានអនុវត្តបានគ្រប់ជ្រុងជ្រោយ ដោយថ្នាក់ដឹកនាំសហជីព និងគណបក្សសង្គ្រោះជាតិនៅទទួលរងនូវអំពើហិង្សា ការចាប់ដាក់ពន្ធនាគារ និងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដែលពុំអាចបង្កឱ្យមានស្ថានភាពនៃការបោះឆ្នោតដោយសសេរី និងយុត្តិធម៌”។

លោកស្រីបានបន្ថែមថា ”ការរំលោភសិទ្ធិមនុស្ស និងបំពានលើគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យកំពុងតែធ្ងន់ទៅៗ”។

២៥ឆ្នាំមកហើយ កិច្ចព្រមព្រៀងនេះនៅតែជារឿងដែលធ្វើឱ្យមានការរិះគន់ផ្នែកនយោបាយនៅក្នុងប្រទេស។ គណបក្សប្រឆាំង និងអ្នកគាំទ្ររបស់ខ្លួនលើកឡើងថា រដ្ឋាភិបាលមិនដែលធ្វើតាមកិច្ចព្រមព្រៀងនេះទេ។ គណបក្សប្រជាជនកម្ពុជាដែលចាញ់ការបោះឆ្នោតឆ្នាំ១៩៩៣ ប៉ុន្តែបានបដិសេធមិនព្រមបោះបង់អំណាចនោះ បានលើកឡើងថា កិច្ចព្រមព្រៀងនេះមានសារៈសំខាន់មិនស្មើនឹងការលើកលែងទោសដែលខ្លួនបានចរចាជាមួយពួកឧទ្ទាមខ្មែរក្រហមក្រោយមកនោះឡើយ៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស