ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា បន្ទាប់ពីការស៊ើបអង្កេតអស់រយៈពេល៥ខែមក បុរសជនជាតិចិនពីរនាក់ដែលសង្ស័យថា ជាផ្នែកមួយនៃក្រុមជួញដូរគ្រឿងញៀនដ៏ធំនោះ ត្រូវបានចាប់ខ្លួនក្នុងរាជធានីភ្នំពេញកាលពីសប្ដាហ៍មុន ជាមួយថ្នាំញៀនសរុប៥០គីឡូក្រាម ដែលរត់ពន្ធពីតំបន់ត្រីកោណមាស។
លោក សាន សុធី អនុប្រធាននាយកដ្ឋានប្រឆាំងគ្រឿងញៀនបានមានប្រសាសន៍ថា ស៊ូ យ៉ាងលាង (Su Yang Liang) អាយុ៤១ឆ្នាំ ដែលបានមករស់នៅក្នុងប្រទេសកម្ពុជារយៈពេលប្រហែល៥ឆ្នាំមកហើយនោះ បានបើករថយន្តកាត់តាមសង្កាត់បឹងកក់២ ខណ្ឌទួលគោក កាលពីថ្ងៃព្រហស្បតិ៍ ស្រាប់តែពេលនោះក្រុមមន្ត្រីមកពីនាយកដ្ឋានប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបានចាប់ខ្លួនបុរសរូបនេះជាមួយមេតំហ្វេតាមីនគ្រីស្តាល់ (ម៉ាទឹកកក) ទម្ងន់កន្លះគីឡូក្រាម។លោកបានបដិសេធមិនផ្ដល់ព័ត៌មានលម្អិតពីការចាប់ខ្លួននេះទេ។ លោក សាន សុធី មានប្រសាសន៍ថា ទោះយ៉ាងណា តាមការសាកសួរនៅនាយកដ្ឋាន ស៊ូ យ៉ាងលាង បានប្រាប់មន្ត្រីទាំងនោះអំពីអាផាតមិនមួយនៅក្នុងសង្កាត់ដដែលនេះ ដែលនៅកន្លែងនោះមានការលាក់ទុកថ្នាំញៀនជាច្រើន។
លោកបានថ្លែងថា ពេលអាផាតមិននោះគ្មានមនុស្សនៅពេលក្រុមមន្ត្រីបានទៅដល់ថ្នាំកេតាមីនម្សៅទម្ងន់៤៤គីឡូក្រាម ថ្នាំកេតាមីនទឹកចំនួន២.០០០ដបទម្ងន់សរុបជិត៣៤អោន ម៉ាទឹកកកទម្ងន់ប្រហែល២គីឡូក្រាមនិងថ្នាំអុិចស្តាស៊ី១.៩៣០គ្រាប់ ទម្ងន់៧១៣ក្រាម ត្រូវបានរឹបអូស។
លោក សាន សុធី បានមានប្រសាសន៍ថា ព័ត៌មានបន្ថែមដែលទទួលបាននៅពេលយើងសាកសួរ ស៊ូ យ៉ាងលាង បានបង្កលក្ខណៈងាយស្រួលដល់ក្រុមមន្ត្រីរបស់យើងក្នុងការតាមដានជនសង្ស័យជួញដូរគ្រឿងញៀនទី២ឈ្មោះ យ៉ាង ដេយីង (Yang Deying) អាយុ៤៤ឆ្នាំ កាលពីថ្ងៃសៅរ៍។
លោកបានថ្លែងថា “ជននេះបានជិះរ៉ឺម៉កម៉ូតូកង់បី ហើយបានរង់ចាំនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស” ដើម្បីជួបមនុស្សម្នាក់ ស្រាប់តែនគរបាលប្រឆាំងគ្រឿងញៀនចាប់ខ្លួនជននេះបានតែម្ដង។ យ៉ាងដេយីង យួរថង់បា្លស្ទិកមួយមានសម្លៀកបំពាក់ និងហេរ៉ូអុីនទម្ងន់២,១គីឡូក្រាម ដោយជាថ្មីម្តងទៀតលោកបានបដិសេធមិននិយាយលម្អិតពីការចាប់ខ្លួននេះទេ។
លោកបានមានប្រសាសន៍ថា “យើងបានស៊ើបអង្កេតអស់រយៈពេល៥ខែ” ក្រោមការបញ្ជាផ្ទាល់ពីលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ។ ក្រុមមន្ត្រីបានកំណត់ថា ថ្នាំញៀនទំាំងនេះត្រូវបានរត់ពន្ធពីតំបន់ត្រីកោណមាស ជាកន្លែងផលិតថ្នាំញៀននៅក្នុងតំបន់ភ្នំ ជាចំណុចប្រសព្វនៃប្រទេសថៃ ឡាវ និងភូមា។
លោក សាន សុធី បានមានប្រសាសន៍ថា “ប្រទេសកម្ពុជាជាកន្លែងឆ្លងកាត់តែប៉ុណ្ណោះ។ បំណងរបស់ពួកគេគឺយកថ្នាំញៀនទាំងនេះទៅកាន់ប្រទេសទី៣”តែលោកបានបដិសេធមិនចេញឈ្មោះប្រទេសទាំងនោះទេ។
លោកបានបន្ថែមថា “បុរសទាំងពីរនាក់នេះគឺជាសមាជិកនៃក្រុមមួយ” ដោយលោកលើកឡើងថា ក្រុមមន្ត្រីកំពុងស្វែងរកចាប់ខ្លួនមេខ្លោង ប៉ុន្តែជាថ្មីម្តងទៀតលោកបានបដិសេធមិននិយាយថា តើជនសង្ស័យផ្សេងទៀតត្រូវបានបង្ហាញអត្តសញ្ញាណឬយ៉ាងណាឡើយ។
ករណីនេះកើតឡើងជាង១ឆ្នាំមកហើយបន្ទាប់ពីការចាប់បានថ្នាំមេតំហ្វេតាមីនធំបំផុត ដែលក្នុងនោះជនជាតិខ្មែរពីរនាក់ និងជនជាតិចិនពីរនាក់ត្រូវបានចាប់ខ្លួនចំពោះការរត់ពន្ធម៉ាទឹកកកទម្ងន់៣៨គីឡូក្រាម មេតំហ្វេតាមីនគ្រាប់១៦គីឡូក្រាម និងហេរ៉ូអុីន៣៤៥ក្រាម គិតជាទឹកប្រាក់តម្លៃ៣លានដុល្លារពីតំបន់តែមួយនេះ។ ពួកគេត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតកាលពីខែមុន។
យោងតាមលោក មាស វីរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា ការចាប់បានគ្រឿងញៀនទ្រង់ទ្រាយធំនេះដោយសារ “ការពង្រឹងផ្នែកអនុវត្តច្បាប់” និងជំនាញស៊ើបអង្កេតកាន់តែប្រសើរឡើងក្នុងចំណោមក្រុមមន្ត្រី។
លោកបាននិយាយពីការជួញដូរគ្រឿងញៀនថា “ប្រទេសណាក៏មានគ្រឿងញៀនដែរ” ដោយលោកបន្ថែមថា “វាជាការល្អដែលកម្ពុជាមិនមែនជាប្រទេសដែលផលិតគ្រឿងញៀន”។
យោងតាមលោក អុុិន សុង មន្ត្រីនៅនាយកដ្ឋានប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា ស៊ូ យ៉ាងលាង នឹងបង្ហាញខ្លួននៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃនេះ ចំណែក យ៉ាង ដេយីង នឹងត្រូវឃុំខ្លួនដើម្បីធ្វើការសាកសួរបន្ថែមនៅនាយកដ្ឋានតែម្តង។ ជនសង្ស័យទាំងពីរនេះត្រូវបានឃុំខ្លួនមួយយប់នៅក្រសួងមហាផ្ទៃ៕ សារុន