32 C
Phnom Penh

លោក​​​ សម រង្ស៊ី ​​​ប្រធាន​​​គណបក្ស​​​​​​​​សង្គ្រោះ​​​ជាតិ​​​ត្រូវ​​​បាន​​​​​​​​​រដ្ឋាភិបាល​​​​​​​​​​​​និរទេស​​​​​​​​​ជា​​​ផ្លូវ​​​ការ​​​​​​ចេញ​​​​​​ពីប្រទេស​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងត្រូវបាននិរទេសជាផ្លូវការចេញពីប្រទេសកម្ពុជា នៅក្នុងចំណាត់ការមួយដែលហាក់បំពានទាំងច្បាប់ជាតិ និងច្បាប់អន្តរជាតិ។

លិខិតមួយច្បាប់របស់រដ្ឋាភិបាលដែលបញ្ជាឲ្យមន្ត្រីរារាំងលោក សម រង្ស៊ី កុំឲ្យចូលប្រទេសវិញតាមផ្លូវគោក ផ្លូវអាកាស ឬផ្លូវសមុទ្រ ត្រូវបានផ្សព្វផ្សាយជាសាធារណៈកាលពីចុងសប្តាហ៍កន្លងទៅ ដោយអ្នកនាំពាក្យគណបក្សកាន់អំណាចបកស្រាយថា ការវិលត្រឡប់របស់លោកមានតែនាំមកនូវការបង្ហូរឈាម និងការបំផ្លិចបំផ្លាញប៉ុណ្ណោះ។

cam-photo-rainsy-jump-channaលោក សម រង្ស៊ី ដែលបច្ចុប្បន្នសមត្ថកិច្ចចង់ចាប់ខ្លួនពីបទបរិហារកេរ្តិ៍    បានមានប្រសាសន៍ ថា លោកនឹងនៅតែស្វែងរកវិធីដើម្បីវិលត្រឡប់មកប្រទេសកម្ពុជា វិញឲ្យបានមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨ ខណៈក្រុមអ្នកជំនាញខាងផ្លូវច្បាប់និយាយថា គ្មានមូលដ្ឋានគតិយុត្តិសម្រាប់បម្រាមនេះនៅក្នុងច្បាប់ជាតិ និងវិធានច្បាស់លាស់ប្រឆាំងនឹងវានោះទេនៅក្នុងច្បាប់ស្តីពីសិទ្ធិមនុស្សអន្តរជាតិ។

បទបញ្ជានេះត្រូវបានផ្សព្វផ្សាយតាមរយៈលិខិតមួយច្បាប់ចុះថ្ងៃទី១៨ ខែតុលាចេញពីលោក សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃនិងធ្វើឡើងក្រោយមានលិខិតមួយច្បាប់ចេញពីទីស្តីការគណៈរដ្ឋមន្ត្រីកាលពីមួយសប្តាហ៍មុននេះ ដែលបញ្ជាឲ្យលោក សុខ ផល រារាំងកុំឲ្យលោក សម រង្ស៊ី ចូលស្រុកវិញតាមផ្លូវអាកាស។

លិខិតចុងក្រោយនេះបញ្ជាឲ្យមន្ត្រីនៅតាមអាកាសយានដ្ឋានអន្តរជាតិចំនួន៣នៅក្នុងប្រទេស និងច្រកព្រំដែនអន្តរជាតិនានាឲ្យមានការប្រុងប្រយ័ត្ន ហើយរាយការណ៍ភ្លាមៗនូវព័ត៌មានស្តីពីលោក សម រង្ស៊ី វិលចូលប្រទេសវិញ។

លិខិតនោះមានខ្លឹមសារដូច្នេះថា “ចាត់វិធានការតាមផ្លូវច្បាប់ដើម្បីកុំឲ្យបុគ្គលនេះចូលក្នុងប្រទេសកម្ពុជាបាន និងចាត់វិធានការផ្សេងទៀតតាមការចាំបាច់”។

ទោះជាយ៉ាងណា លោក សុខ ផល មិនអាចទាក់ទងសុំការបំភ្លឺបានទេកាលពីម្សិលមិញ។ លិខិតរបស់លោកបានចេញប្រហែលមួយសប្តាហ៍ បន្ទាប់ពីលោកទទួលបានការណែនាំពីទីស្តីការគណៈរដ្ឋមន្ត្រីឲ្យរារាំងលោក សម រង្ស៊ី កុំឲ្យវិលចូលស្រុកវិញតាមយន្តហោះ។

ក្នុងលិខិតចុះថ្ងៃទី១២ខែតុលានោះមានខ្លឹមសារថា គ្រប់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ដែលធ្វើប្រតិបត្តិការហោះហើរមកកម្ពុជា មិនត្រូវបានអនុញ្ញាតឲ្យបុគ្គលនេះឡើងយន្តហោះមកកម្ពុជាទេ។ ក្នុងករណីដែលបុគ្គលនេះធ្វើដំណើរមកកម្ពុជា តាមរយៈយន្តហោះណាមួយ យន្តនោះនឹងត្រូវបង្វែរឲ្យទៅអាកាសយានដ្ឋានដើមវិញហើយក្នុងករណីដែលបុគ្គលនេះចាកចេញផុតពីយន្តហោះ នគរបាលអន្តោប្រវេសន៍ត្រូវចាត់វិធានការតាមផ្លូវច្បាប់ដើម្បីកុំឲ្យបុគ្គលនេះចូលក្នុងប្រទេសកម្ពុជាបាន និងចាត់វិធានការផ្សេងទៀតតាមការចាំបាច។

ចាប់តាំងពីនិរទេសខ្លួនឯងកាលពីខែវិច្ឆិកា មកដើម្បីគេចវេះទោសជាប់ពន្ធនាគារពីរឆ្នាំ លោក សម រង្ស៊ី បានសន្យាវិលត្រឡប់មកវិញឲ្យបានមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលនឹងប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ២០១៨។ កាលពីសប្តាហ៍មុន លោកបានស្ម័គ្រចិត្តវិលត្រឡប់មកវិញភ្លាមៗ ហើយចូលពន្ធនាគារជាថ្នូរនឹងការដោះលែង “អ្នកទោសនយោបាយ” ទាំងអស់នៅក្នុងប្រទេស ប៉ុន្តែ ត្រូវបានសមាជិកមួយចំនួននៅក្នុងបក្សរបស់លោកថា មានភាពវៀចវេរ។

លោកមានប្រសាសន៍កាលពីសប្តាហ៍មុនថា ផែនការរយៈពេលវែងរបស់លោកមិនបានកែប្រែទេ។ លោកបានលើកឡើងតាមរយៈសារអេឡិចត្រូនិកថា “មិនថារដ្ឋាភិបាលសម្រេចបែបណាទេ ខ្ញុំនៅតែប្តេជ្ញាវិលត្រឡប់មកប្រទេសកម្ពុជា វិញតាមផ្លូវណាមួយ ឬផ្លូវផ្សេងទៀត។ នៅពេលនេះ ខ្ញុំនឹងមិនប្រាប់ថា ខ្ញុំទៅដល់ដោយវិធីណា និងពេលណាឡើយ (វាអាចមួួយឆ្នាំ មួយខែ ឬមួយសប្តាហ៍មុនការបោះឆ្នោតអាណត្តិក្រោយ។ លោកយល់ទេ ខ្ញុំមិនអាចលាតត្រដាងព័ត៌មានលម្អិតស្តីពីផែនការរបស់ខ្ញុំបានទេពីព្រោះការធ្វើបែបនេះអាចធ្វើឲ្យខូចការអនុវត្តផែនការ”។

លោក សម រង្ស៊ី បានមានប្រសាសន៍ថា  ប្រសិនបើរដ្ឋាភិបាលពិតជាយល់ថា លោកជា ឧក្រិដ្ឋជន ពួកគេគួរតែស្វះស្វែងធ្វើបត្យាប័ន លោក និងចាប់ខ្លួនឃុំឃាំង មិនមែនចាត់វិធានការគួរឲ្យភ្ញាក់ផ្អើលដើម្បីរារាំងលោកកុំឲ្យចូលមកប្រទេសកម្ពុជា នោះទេ។

លោកថ្លែងថា “ភាពមិនសមហេតុផលរបស់រដ្ឋាភិបាលលោក ហ៊ុន សែន បង្ហាញថា ការចោទប្រកាន់មកលើរូបខ្ញុំ ព្រមទាំងការផ្តន្ទាទោសខ្ញុំដោយតុលាការក្រុងភ្នំពេញ គឺក្លែងក្លាយ និងគួរឲ្យអស់សំណើច ដោយផ្អែកលើហេតុផលនយោបាយសុទ្ធសាធ”។

លោក សុក សំអឿន មេធាវីការពារសិទ្ធិមនុស្សដ៏លេចធ្លោមានប្រសាសន៍ថា ការរារាំងលោក សម រង្ស៊ី មិនឲ្យចូលប្រទេសកម្ពុជាវិញផ្ទុយពីច្បាប់ជាតិផ្សេងៗរួមទាំងរដ្ឋធម្មនុញ្ញផង។

លោកបានបន្តថា “យោងតាមច្បាប់ស្តីពីអន្តោប្រវេសន៍ រដ្ឋាភិបាលអាចធ្វើបែបនោះបានសម្រាប់តែជនបរទេសប៉ុណ្ណោះ។ តាមពិត ច្បាប់ស្តីពីសញ្ជាតិបានចែងថា រដ្ឋាភិបាលមិនអាចដកសញ្ជាតិកម្ពុជា ពីពលរដ្ឋខ្មែរណាម្នាក់បានឡើយ។ ដូច្នេះខ្ញុំគិតថាវាចម្លែក។ ខ្ញុំជឿថា នៅក្នុងរដ្ឋធម្មនុញ្ញ ពួកគាត់[ពលរដ្ឋ] អាចមានសិទ្ធិធ្វើដំណើរទៅទីណាក៏បាន”ហើយសេចក្តីណែនាំឲ្យនិរទេសលោក សម រង្ស៊ី គឺខុសច្បាប់ទាំងស្រុង។ “ដោយសារតែយើងមិនអាចនិយាយបានថាវាខុសច្បាប់លុះត្រាតែច្បាប់ចែងថាវាជាបទល្មើស”។

លោក អែនឌ្រា ជីអូចេតា (Andrea Giorgetta) ប្រធានសហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្ស(International Federation for Human Rights) ប្រចាំអាស៊ី បានមានប្រសាសន៍ថា បម្រាមនេះបានបំពាន អនុសញ្ញាអន្តរជាតិនានាយ៉ាងច្បាស់ក្រឡែត។

លោកថ្លែងថា “ជាការពិត វាជាការបំពានសិទ្ធិសីុវិលនិងសិទ្ធិនយោបាយអន្តរជាតិ។ អ្នកណាក៏មានសិទ្ធិចាកចេញពីប្រទេស និងត្រឡប់ចូលមកវិញបានគ្រប់ពេល ដូច្នេះវាជាពិតជាការបំពានច្បាប់អន្តរជាតិដែលកម្ពុជា  បានផ្តល់សច្ចានុមតិ”។

ទោះជាយ៉ាងណា លោក អែនឌ្រា ជីអូចេតា បានគូសបញ្ជាក់ថា សម្រាប់លោក ហ៊ុន សែន វាហាក់បីដូចជាមិនសំខាន់ទេ។

លោកបានមានប្រសាសន៍ថា “គាត់ពិតជាមិនខ្វល់ទេ។ តាមពិតការបំពានការប្តេជ្ញាចិត្តរបស់ពួកគេចំពោះច្បាប់អន្តរជាតិជារឿងធម្មតាទៅហើយ ជាពិសេសរយៈពេល១៨ឬ២០ខែកន្លងមកនេះ”។

លោកបានលើកឡើងបន្តថា លោក ហ៊ុន សែន ទំនងជាមានការព្រួយបារម្ភកាន់តែច្រើនចំពោះអ្វីដែលនឹងកើតឡើង ប្រសិនបើលោក សម រង្ស៊ី វិលត្រឡប់មកវិញ ដោយបង្ខំឱ្យនាយករដ្ឋមន្ត្រីរូបនេះសម្រេចថា តើត្រូវចាប់ឬក៏មិនចាប់ខ្លួនលោក។

លោកបានថ្លែងថា “ខ្ញុំទាយថា ពួកគេកំពុងព្រួយបារម្ភអំពីការវិលត្រឡប់មកវិញរបស់លោក សម រង្ស៊ី និងការមិនអាចដោះស្រាយស្ថានភាពឱ្យបានសមរម្យពាក់ព័ន្ធការចាប់ខ្លួនគាត់ និងការរារាំងលោក សម រង្ស៊ី មិនឲ្យទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ដែលរដ្ឋាភិបាលកម្ពុជាពិតជាមិនចង់ឃើញឡើយនៅក្នុងពេលនេះ”។

លោក ខាឡាយ សេយ័រ (Carlyle Thayer) អ្នកជំនាញប្រចាំតំបន់អាស៊ីអាគ្នេយ៍នៅបណ្ឌិត្យសភាកងទ័ពការពារជាតិអូស្ត្រាលីបានមានប្រសាសន៍ថា “ប្រសិនបើគាត់ត្រឡប់មកវិញ ហើយជាប់ពន្ធនាគារ គាត់អាចទាក់ទាញឱ្យមានការតវ៉ាជាសាធារណៈ។ ការបដិសេធមិនឱ្យគាត់ចូលក្នុងប្រទេសវិញ  ធ្វើឱ្យគាត់នៅក្រៅប្រទេសបន្តទៀត ហើយលោក ហ៊ុន សែន មានប្រវត្តិជោគជ័យឬបរាជ័យជាយូរមកហើយចំពោះការមិនខ្វល់អំពីអ្នកដែលភៀសខ្លួនទៅក្រៅប្រទេស។ នេះគឺជាការបត់បែនថ្មីមួយ”។

លោកបានលើកឡើងទៀតថា ក្រុមហ៊ុនអាកាសចរណ៍នឹងពិតជាគោរពតាមសារាចរដើម្បីការពារអត្ថប្រយោជន៍ពាណិជ្ជកម្មរបស់ខ្លួន ខណៈការព្យាយាមឆ្លងកាត់ព្រំដែនតាមផ្លូវគោកអាចមានគ្រោះថ្នាក់។

លោកបានមានប្រសាសន៍ថា “ការឆ្លងកាត់ព្រំដែនប្រឈមហានិភ័យខ្លះៗ ព្រោះគាត់អាចធ្វើឲ្យខ្លួនឯងមានគ្រោះថ្នាក់ដល់រាងកាយ ប្រសិនបើគ្មានវត្តមានរបស់សាធារណជន ឬអ្នកសារព័ត៌មាន ហើយប្រសិនបើគាត់ជូនដំណឹង រដ្ឋាភិបាលនៅទីនោះនឹងរារាំងគាត់”។

លោកបានមានប្រសាសន៍បន្តថា ”ការវិលត្រឡប់មកវិញរបស់គាត់ ជាការបង្ហាញពីគោលបំណងដើម្បីទទួលបានប្រជាប្រិយភាព ជាអ្វីដែលរដ្ឋាភិបាលពិតជាមិនចង់ឱ្យកើតមាននោះ”។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចបានបដិសេធមិនធ្វើអត្ថាធិប្បាយលើនីត្យានុកូលភាពនៃសារាចរហាមមិនឱ្យលោក សម រង្ស៊ី វិលត្រឡប់មកវិញនោះឡើយ។

លោកបានមានប្រសាសន៍ថា  ”ខ្ញុំអត់ដឹងទេ ទុកឱ្យអ្នកជំនាញខាងច្បាប់គាត់ឆ្លើយចុះ”។ លោកបានពន្យល់ថា អាទិភាពរបស់គណបក្សកាន់អំណាចគឺរក្សាសន្តិភាពសង្គម និងស្ថិរភាពនយោបាយ។

លោកបានមានប្រសាសន៍ទាក់ទិននិងលោក សម រង្ស៊ី ថា “គាត់មកដើម្បីបង្កបញ្ហា ដូចជា ធ្វើឱ្យមានបាតុកម្ម ឬកុបកម្មដែលបង្កបញ្ហាដូចជា បាត់បង់អាយុជីវិតប្រជាពលរដ្ឋ បាត់បង់ទ្រព្យសម្បត្តិសាធារណៈ  និងទ្រព្យសម្បត្តិឯកជនជាដើម”។

លោកបានមានប្រសាសន៍បន្តថា “ហេតុដូច្នេះ គោលដៅចម្បងរបស់គណបក្ស ក៏ដូចជារដ្ឋាភិបាល ខ្ញុំគិតថា គឺត្រូវធានាឱ្យមានសន្តិភាពទូទាំងប្រទេស ធានាស្ថិរភាពនយោបាយ និងសុវត្ថិភាពសង្គមតាមរយៈការមិនអនុញ្ញាតឱ្យបុគ្គល ឬក្រុមណាមួយបង្កបញ្ហា”។

លោក សុខ ឥសាន បានច្រានចោលគំនិតដែលយល់ឃើញថា គណបក្សប្រជាជនកម្ពុជាខ្លាចលោក សម រង្ស៊ី។

លោកបានថ្លែងថា “វាមិនមែនថា រដ្ឋាភិបាលខ្លាចមនុស្សម្នាក់ឬពីរនាក់ទាំងនេះទេ។ ជាជាងឆ្លើយតប  យើងត្រូវការពារទុកជាមុនកុំឲ្យរឿងរ៉ាវបញ្ចប់ទៅដោយមានបញ្ហា”៕សុខុម និង ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស