មន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃអាទិត្យថា មេបញ្ជាការរងអាវុធហត្ថក្រុងប៉ោយប៉ែត និងមន្ត្រីបីនាក់របស់លោកបានទទួលរងការចោទប្រកាន់និងត្រូវបញ្ជូនទៅពន្ធនាគារ បន្ទាប់ពីបានសារភាពថា បានទទួលសំណូកពីជនសង្ស័យជាចោរ ជាថ្នូរនឹងការដោះលែងពួកគេ។
តាមរបាយការណ៍អាវុធហត្ថ បន្ទាប់ពីជាប់សង្ស័យថាលួចចូលក្នុងរថយន្តដែលចតនៅឯច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត និងបានលួចប្រាក់បាតថៃដែលមានតម្លៃប្រហែល១៥.០០០ដុល្លារ ជនសង្ស័យពីរនាក់ត្រូវបានមន្ត្រីអាវុធហត្ថក្រុងចាប់ខ្លួនកាលពីថ្ងៃទី១៣ខែតុលា។ ក្រុមមន្ត្រីបាននិយាយថា ពួកគេត្រូវបានដោះលែង និងចាប់ខ្លួនជាថ្មីនៅថ្ងៃបន្ទាប់។
លោក ម៉ែន ភីរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បាននិយាយថា តែម បូឡា អាយុ៤៥ឆ្នាំ មេបញ្ជាការរងក្រុង និងមនុស្សបីនាក់ក្រោមបញ្ជារបស់គាត់ ដែលសុទ្ធតែមានឋានៈព្រឹន្ទបាលទោ បានជាប់ចោទពីបទទទួលផលចោរកម្ម និងមិនបានប្តឹងអំពីចោរកម្ម ឬបទល្មើសមជ្ឈិមដោយមន្ត្រីសាធារណៈ។
លោកបាននិយាយអំពីលោក បូឡា និងមន្ត្រីផ្សេងទៀត គឺ ចាន់ ហាវ អាយុ៣៧ឆ្នាំ សំ សូណែល អាយុ៥៣ឆ្នាំ និង គង់ វីរៈ អាយុ៣៣ឆ្នាំថា “តុលាការបានសម្រេចដាក់ពន្ធនាគារពួកគេជាបណ្តោះអាសន្ន”។ បទល្មើសនេះអាចមានទោសជាប់ពន្ធនាគារសរុបពីបីទៅប្រាំបីឆ្នាំ និងពិន័យជាប្រាក់ដល់ទៅ១៦លានរៀល ឬប្រហែល៤.០០០ដុល្លារ។
តាមរបាយការណ៍អាវុធហត្ថ ជនសង្ស័យក្នុងការលួចដំបូង ឈ្មោះ រី ខន អាយុ៣១ឆ្នាំ និង វឿន វ៉ាន អាយុ២៤ឆ្នាំ បានលួចចូលក្នុងរថយន្តដែលជារបស់លោក តាន សុផៃ អាយុ៤៥ឆ្នាំ បន្ទាប់ពីគាត់បានចតនិងចុះចេញពីរថយន្តនៅច្រកព្រំដែននោះ ដើម្បីទៅយកលិខិតឆ្លងដែនរបស់គាត់ដែលបោះត្រានៅម៉ោងប្រហែល៧យប់កាលពីថ្ងៃទី១៣ខែតុលា។
របាយការណ៍បាននិយាយថា ប្រហែលមួយម៉ោងក្រោយមក ពួកគេត្រូវបានចាប់ខ្លួន។ លោក ខន បានសុំជួបលោក បូឡា ហើយអ្នកទាំងពីរបានទៅផ្ទះរបស់លោក ខន ជាមួយគ្នា។ របាយការណ៍បាននិយាយបន្ថែមថា លោក បូឡា បានចាកចេញពីផ្ទះនោះតែម្នាក់ឯងជាមួយប្រាក់១៣០.000បាត ឬប្រហែល៣.៧០០ដុល្លារ។
បន្ទាប់មក លោក ខន បានទៅជួបលោក វ៉ាន ដែលជាប់ឃុំនៅឡើយនៅឯទីស្នាក់ការអាវុធហត្ថក្រុង ដោយបានបង់ប្រាក់៣១.៧៥០បាតទៀត ឬប្រហែល៩០៤ដុល្លារ ទៅឲ្យមន្ត្រីផ្សេងទៀតដើម្បីដោះលែងរូបគាត់។
តាមរបាយការណ៍ ក្រោមការសាកសួរ មន្ត្រីទាំងបីនាក់បាននិយាយថា ទង្វើរបស់ពួកគេ “គ្រាន់តែធ្វើតាមបញ្ជាពីលោក តែម បូឡា ប៉ុណ្ណោះ”។ ក្រុមមន្ត្រីបាននិយាយថា លោក បូឡា បានសារភាពចំពោះបទល្មើសនេះតាមការសាកសួរកាលពីសប្តាហ៍មុន៕ និត