កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានបន្តសាកសួរដើមចោទដែលប្ដឹងមន្ត្រីខណ្ឌដូនពេញពីបទរៀបចំឱ្យមានការវាយប្រហារជាក្រុមកាលពី៣ឆ្នាំមុន ប៉ុន្តែដើមចោទពីរនាក់ក្នុងចំណោមដើមចោទ១០នាក់ ដែលដំបូងឡើយបានចូលរួមដាក់ពាក្យបណ្ដឹងនោះ បានដកពាក្យបណ្តឹងហើយ។
ដើមចោទទាំងនេះស្ថិតក្នុងចំណោមសកម្មជនដែលបានធ្វើការតវ៉ាដោយសន្តិវិធីនៅវត្តភ្នំកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៣ ស្រាប់តែពេលនោះពួកគេត្រូវបានវាយប្រហារពីសំណាក់បុរសមួយក្រុមពាក់ម៉ាស់ស្លៀកពាក់ស៊ីវិលប្រដាប់ដោយដំបង ដំបងឆក់ និងចំពាមកៅស៊ូ។ មាននគរបាលនៅក្បែរកន្លែងកើតហេតុនោះ ខណៈដែលក្រុមមនុស្សបានវាយដំ និងយកដំបងឆក់ឆក់សកម្មជនជាច្រើននាក់ ហើយរថយន្តធុនធំមួយគ្រឿងដឹកអ្នកវាយប្រហារមួយចំនួន ក្រោយមកគេឃើញបើកចូលបរិវេណសាលាខណ្ឌនៅក្បែរនោះ។

ដើមចោទ១០នាក់បានដាក់ពាក្យបណ្ដឹងទៅតុលាការនៅខែបន្ទាប់ប្ដឹងមន្ត្រីបួនរូប គឺលោក សុខ ពេញវុធ អភិបាលរងខណ្ឌ លោក គឹម វុត្ថា ប្រធានសន្តិសុខខណ្ឌ លោក ញ៉ែម សៅណុល អធិការរងនគរបាលខណ្ឌ និងលោកស្រី ប៉ិច សុជាតា មន្ត្រីក្រុមប្រឹក្សាខណ្ឌ។ តុលាការបានចាប់ផ្ដើមសាកសួរពួកគេកាលពីសប្ដាហ៍មុន។
កាលពីម្សិលមិញ សកម្មជន ចាន់ ពុទ្ធិស័ក្ដិ បាននិយាយថា ដើមចោទពីរនាក់ក្នុងចំណោមដើមចោទទាំងនោះបានសម្រេចដកពាក្យបណ្ដឹងកាលពីពីរបីថ្ងៃកន្លងមកនេះ។
លោក ពុទ្ធិស័ក្ដិ ដែលខ្លួនលោកផ្ទាល់មិនមែនជាដើមចោទទៀតនោះនិយាយថា “សំ សឹង បានប្រាប់ខ្ញុំថា គាត់នឹងទៅធ្វើទាហាននៅខេត្តប៉ៃលិន ហើយ អ្នកស្រី សុឃឿន និយាយថា គាត់មានបញ្ហាផ្ទាល់ខ្លួន។ ពួកគាត់គ្មានសង្ឃឹមថា តុលាការនឹងរកយុត្តិធម៌ជូនពួកគាត់ឡើយ”។
អ្នកស្រី ផាន់ ឈុនរ៉េត ដើមបណ្ដឹងម្នាក់ដែលតុលាការបានសាកសួរកាលពីម្សិលមិញបាននិយាយថា គាត់នៅតែតាំងចិត្តប្ដឹងដដែល បើទោះជាដើមចោទពីរនាក់បានដកពាក្យបណ្ដឹងក៏ដោយ។
អ្នកស្រីបាននិយាយថា “ខ្ញុំមិនអាចបំភ្លេចអ្វីដែលកើតឡើងបានទេ ហើយខ្ញុំនឹងមិនដកពាក្យបណ្ដឹងឡើយ ពីព្រោះវានៅតែធ្វើឱ្យខ្ញុំឈឺចាប់ដដែល។ ដូច្នេះហើយខ្ញុំនឹងតវ៉ារហូតទទួលបានយុត្តិធម៌”។

តុលាការបានប្រាប់អ្នកស្រីកាលពីម្សិលមិញថា តុលាការមិនមានរូបភាពវីដេអូ និងភ័ស្តុតាងជារូបថតដែលដាក់ភ្ជាប់មកជាមួយពាក្យបណ្ដឹងរបស់ពួកគេកាលពី៣ឆ្នាំកន្លងមកទេ។ លោក លី សុផាណា អ្នកនាំពាក្យតុលាការបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។
កាលពីសប្ដាហ៍មុន លោក សុខ ពេញវុធ និងលោក គឹម វុត្ថា បានបដិសេធថា មិនជាប់ពាក់ព័ន្ធក្នុងការវាយប្រហារកាលពីឆ្នាំ២០១៣ទេ។ នៅពេលទាក់ទងកាលពីម្សិលមិញ លោក ញ៉ែម សៅណុល បានបដិសេធមិននិយាយអំពីការចោទប្រកាន់ទាំងនោះឡើយ ហើយបានដាក់ទូរស័ព្ទចុះ។
រូបថតដែលចែកចាយដោយអ្នកនៅវត្តភ្នំនៅយប់នៃការវាយប្រហារ បង្ហាញថា លោកស្រី ប៉ិច សុជាតា ដើរជាប់បុរសម្នាក់ដែលកាន់ចំពាមកៅស៊ូ ហើយទំនងជាសម្របសម្រួលជាមួយក្រុមនោះ និងនគរបាលនៅកន្លែងកើតហេតុ។
លោកស្រី ប៉ិច សុជាតា បានថ្លែងថា រូបថតនោះប្រាកដជាត្រូវគេកាត់ត។ អ្នកស្រីលើកឡើងថា “តើពួកគេមានខ្សែអាត់វីដេអូដែលបង្ហាញថាខ្ញុំនៅទីនោះទេ នៅពេលហេតុការណ៍កើតឡើង?។ ខ្ញុំមិនទទួលស្គាល់រូបថតដែលពួកគេផ្ដល់ឱ្យតុលាការឡើយ ព្រោះពួកគេជំនាញខាងកាត់តរូបភាព…។ ពួកគេគ្រាន់តែយកមុខរបស់យើងទៅដាក់ក្នុងរូបថតរបស់ពួកគេតែប៉ុណ្ណោះ”៕ សារុន