វានៅម៉ោងប្រហែល១យប់ ពេលដែលក្រុមចោរសមុទ្របានសម្រុកចូលនាវានេះ។ ដំបូងពួកគេបានសម្លាប់នាយនាវិកជនជាតិតៃវ៉ាន់ ហើយបានចាប់ចងអ្នកធ្វើការនៅក្នុងនាវា។ បន្ទាប់មកពួកគេបានទាមទារប្រាក់រាប់លានដុល្លារជាថ្នូរនឹងការទុកជីវិតឲ្យចំណាប់ខ្មាំងដែលភាគច្រើនមកពីគ្រួសារក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍន៍។
បុរសអាយុ៣៤ឆ្នាំម្នាក់ឈ្មោះ ហែម ភូម៉ានី ដែលស្ថិតក្នុងចំណោមជនជាតិខ្មែរចំនួន៤នាក់ដែលធ្វើការនៅលើនាវា FV Naham 3 ពេលនាវានេះត្រូវក្រុមចោរសមុទ្រសូម៉ាលីប្លន់ចម្ងាយប្រហែល១០០គីឡូម៉ែត្រពីភាគខាងត្បូងនៃសាធារណរដ្ឋសីស្ហែលកាលពីខែមីនា ឆ្នាំ២០១២ នោះ បាននិយាយថា ពួកគេបាននិយាយថា “ប្រសិនបើយើងមិនឲ្យលុយពួកគេទេ ពួកគេនឹងសម្លាប់ពួកយើងទាំងអស់ចោល” ។
បុរសរូបនេះបាននិយាយអំឡុងកិច្ចសម្ភាសន៍តាមទូរស័ព្ទពីទីក្រុងណៃរ៉ូប៊ីមកថា “ខ្ញុំមិនដែលគិតថា នឹងគេចរួចផុតពីកណ្តាប់ដៃរបស់ក្រុមចោរសមុទ្រនេះទេ”។
លោក ហែម ភូម៉ានី បានមានសេរីភាពជាមួយអ្នកធ្វើការនៅក្នុងនាវាដែលនៅរស់រានមានជីវិតចំនួន២៥នាក់ផ្សេងទៀត ជាង៤ឆ្នាំក្រោយមក ពេលអ្នកសម្របសម្រួលរបស់ដៃគូគាំទ្រចំណាប់ខ្មាំង(Hostage Support Partners)ទីបំផុតបានជួយឲ្យមានការដោះលែងពួកគេកាលពីព្រឹកថ្ងៃសៅរ៍។
លោក ចន ស្ទីដ (John Steed) អ្នកសម្របសម្រួលជនជាតិអង់គ្លេសនៃបេសកកម្មដើម្បីជួយឲ្យបុរសទាំងនេះមានសេរីភាពបានលើកឡើងកាលពីម្សិលមិញថា “ពេលពួកគេមានសេរីភាពជាមួយគ្នា វាគឺជាអារម្មណ៍ដ៏ល្អបំផុតមួយ”។ លោកបានបន្ថែមថា វាចំណាយអស់រយៈពេលជាច្រើនឆ្នាំនៅក្នុងការចរចាដែលទីបំផុតអាចជួយឲ្យមានការដោះលែងពួកគេមកវិញ។
លោកបានលើកឡើងបន្តថា អតីតចំណាប់ ខ្មាំងទាំងនេះដែលត្រូវបានចាប់ខ្លួនចេញពីនាវា Naham 3 ជានាវានេសាទចងទង់ជាតិអូម៉ង់ គឺជាក្រុមចុងក្រោយមកពីនាវាពាណិជ្ជកម្មដែលកំពុងត្រូវបានបង្ខាំងទុកនៅឡើយ បន្ទាប់ពីត្រូវចាប់បង្ខាំងទុកអំឡុងវិបត្តិចោរសមុទ្រកើនឡើងខ្លាំងក្នុងតំបន់កាលពីឆ្នាំ២០១២។ ក្នុងចំណោមពួកគេ រួមមានបុរសមកពីប្រទេសកម្ពុជា ឥណ្ឌូណេស៊ី វៀតណាម ចិន និងតៃវ៉ាន់។
លោក ចន ស្ទីដ បាននិយាយទាក់ទិននឹងក្រុមអ្នកនេសាទដែលរួមមានទាំងលោក ហែម ភូម៉ានី និងជនជាតិខ្មែរផ្សេងៗទៀតដែលមានឈ្មោះ ខន វ៉ាន់ធី អាយុ២៥ឆ្នាំ ញែ៉ម សុខសាន អាយុ៣៧ឆ្នាំ និង គិន កឹមហេន អាយុ៣៣ឆ្នាំថា “មានការយំស្រែក និងការបង្ហូរទឹកភ្នែកយ៉ាងច្រើន…ពេលយើងឆ្លងកាត់ព្រំដែនចូលទៅកាន់ប្រទេសសូម៉ាលី។ ក្រុមចោរសមុទ្របានរៀបចំឲ្យ [ចំណាប់ខ្មាំងទាំងនេះ] ជួបយើងពេលឆ្លងព្រំដែន។ មានការស្រែកហ៊ោអបអរយ៉ាងខ្លាំង”។
លោកបានមានប្រសាសន៍ទៀតថា “ពួកគេស្ថិតនៅក្នុងស្ថានភាពល្អប្រសើរ…វាធ្វើឲ្យខ្ញុំមានការភ្ញាក់ផ្អើលដែលបុរសទាំងនេះជាសះស្បើយឡើងវិញយ៉ាងឆាប់រហ័សបែបនេះ”។
លោកបានបន្ថែមថា លោក ខន វ៉ាន់ធី ដែលជាអ្នកស្រុកមកពីខេត្តកំពង់ចាមត្រូវបានព្យាបាលរបួសជើងខាងស្តាំភ្លាមៗ បន្ទាប់ពីត្រូវគ្រាប់កាំភ្លើងរយៈពេល៤ខែមកហើយ។
លោក ខន វ៉ាន់ធី បាននិយាយកាលពីម្សិលមិញ តាមទូរស័ព្ទដែរថា “ពួកគេបានបាញ់ត្រូវជើងខាងស្តាំរបស់ខ្ញុំមួយគ្រាប់ ពេលខ្ញុំសុំពួកគេទៅជុះនោម ប៉ុន្តែពួកគេមិនឲ្យទៅទេ”។
សូម្បីនៅពេលអ្នកទាំងនេះត្រូវបានអនុញ្ញាតឲ្យទៅបត់ជើងតូចក៏ដោយ ក៏ក្រុមចោរសមុទ្រប្រដាប់ដោយកាំភ្លើងទាំងនេះនៅចាំមើលពួកគេជាប់ជានិច្ច។ ហើយរបបអាហារដែលមានបាយ នំប័ុង ឬម្សៅដំឡូងមីតិចតួចនោះ ត្រូវបានចែកចំណែកយ៉ាងប្រិតប្រៀង។
លោក ហែម ភូម៉ានី អាយុ៣៤ឆ្នាំអ្នកស្រុកមកពីខេត្តកំពង់ឆ្នាំងបាននិយាយថា “ពួកគេអនុញ្ញាតឲ្យយើងទទួលទានពីរដងក្នុងមួយថ្ងៃ។ មានបាយបន្តិចបន្តួចនៅពេលព្រឹកបន្ទាប់មកទទួលបាននំបន្តិចបន្តួចបន្ថែមទៀត ហើយសូម្បីតែទឹកផឹក ក៏ឲ្យតែបន្តិចបន្តួចដែរ”។
ពេលនាវារបស់ពួកគេចាប់ផ្តើមបែកបាក់ធ្លុះធ្លាយ ក្រុមចោរសមុទ្របានផ្លាស់ចំណាប់ខ្មាំងទៅក្នុងជម្រកមួយក្នុងព្រៃ ប៉ុន្តែការរស់នៅប្រចាំថ្ងៃរបស់ពួកគេមានការផ្លាស់ប្តូរតែបន្តិចបន្តួចប៉ុណ្ណោះ។
លោក គិន កឹមហេន ដែលជាអ្នកស្រុកមកពីខេត្តក្រចេះបាននិយាយថា “អំឡុងពេលឃុំខ្លួន យើងទទួលទានបាយតែម្តងប៉ុណ្ណោះក្នុងមួយថ្ងៃ គ្មានបាយ និងទឹកគ្រប់គ្រាន់ឡើយ។សូម្បីតែសុំទៅបត់ជើងតូច ក៏លំបាកដែរ ព្រោះពួកគេមិនឲ្យទៅទេ ដោយយកកាំភ្លើងភ្ជង់ប្រាប់ឲ្យត្រឡប់មកវិញ”។
ក្រុមចោរសមុទ្រនៅតែបន្តទារប្រាក់បន្តទៀត។
លោកបាននិយាយថា “ក្រុមចោរសមុទ្របានបញ្ជាឲ្យខ្ញុំហៅទូរស័ព្ទមកគ្រួសារខ្ញុំដើម្បីយកលុយពីពួកគាត់មកឲ្យពួកគេ ប៉ុន្តែគ្រួសារខ្ញុំគ្មានលុយរាប់លានដុល្លារនោះឡើយ”។
លោកបានបន្ថែមថា “ខ្ញុំបានហៅទូរស័ព្ទទៅគ្រួសារខ្ញុំ ហើយប្រាប់ថា [ក្រុមចោរសមុទ្រ] កំពុងទាមទារលុយយ៉ាងច្រើន ហើយខ្ញុំបានប្រាប់ឪពុកម្តាយរបស់ខ្ញុំថា កុំបារម្ភខ្លាចស្លាប់អី។ បន្ទាប់ពីខ្ញុំបាននិយាយទូរស័ព្ទរួចពួកគេបានសួរ ‘ តើហ្អែងបានលុយអត់?’ ខ្ញុំបាននិយាយថា ‘ សូមរង់ចាំបន្តិចសិន ម្តាយរបស់ខ្ញុំនឹងទាក់ទងសុំឲ្យគេជួយហើយ'”។
ក្រុមចោរសមុទ្របានទាក់ទងជាប្រចាំជាមួយលោក ចន ស្ទីដ និងដៃគូរបស់លោកឈ្មោះ ឡេស្លី អេដវើដ (Leslie Edwards) មកពី Compass Risk Management រហូតទាល់តែចំណាប់ខ្មាំងស្គាល់បុរសទាំងពីររូបនេះ មុនពេលពួកគេបានឃើញពួកគាត់ជាលើកដំបូងកាលពីថ្ងៃសៅរ៍។
លោក ចន ស្ទីដ បានថ្លែងថា “ពួកគេស្គាល់យើងត្រឹមតែឈ្មោះប៉ុណ្ណោះ ហើយគ្មានសង្ឃឹមថា បានជួបពួកយើងនោះទេ”។ លោកបានបន្ថែមថា “យើងបានស្គាល់ឈ្មោះរបស់ពួកគេ និងស្គាល់ពួកគេថា ជានរណាជាយូរមកហើយ។ យើងបានទាក់ទងជាមួយស្ថានទូតកម្ពុជានៅគុយវែត និងហុងកុងចាប់តាំងពីដើមទីម្លេ៉ះ”។
លោក ចន ស្ទីដ បានបដិសេធមិននិយាយថា តើទីបំផុតមានការផ្តល់ប្រាក់លោះឬក៏អត់នោះឡើយ។ ទោះជាយ៉ាងណា ទីភ្នាក់ងារព័ត៌មាន Associated Press បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ក្រុមចោរសមុទ្រសូម៉ាលីឈ្មោះ Bile Hussein បានអះអាងថា មានការផ្តល់ប្រាក់លោះចំនួន១,៥លានដុល្លារសម្រាប់ជាថ្នូរនឹងការដោះលែងអ្នកធ្វើការនៅក្នុងនាវាទាំងនេះ។
លោក ចន ស្ទីដ បានលើកឡើងថា “អ្វីដែលខ្ញុំចង់និយាយគឺថា ទីបំផុតយើងបានទៅដល់ទីនោះតាមរយៈសហគមន៍មូលដ្ឋាន។ មេដឹកនាំសាសនាបានដាក់សម្ពាធលើក្រុមចោរសមុទ្រ។ វាគឺជាការខិតខំជាក្រុម”។
រូបភាពស្តីពីអតីតចំណាប់ខ្មាំងទាំងនេះដែលត្រូវបានបង្ហោះលើអីុនធឺណិតកាលពីម្សិលមិញ បានបង្ហាញឲ្យឃើញថា បុរសទាំងនេះដែលភាគច្រើនមានស្នាមញញឹមយ៉ាងពព្រាយ បានថតរូបនៅខាងមុខយន្តហោះមួយគ្រឿងមុនពេលធ្វើដំណើរចាកចេញពីប្រទេសសូម៉ាលី។ ក្រសួងការបរទេសកម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយកាលពីម្សិលមិញដោយលើកឡើងថា ជនជាតិខ្មែរទាំងនេះនឹងធ្វើដំណើរតាមយន្តហោះមកកាន់ទីក្រុងម៉ានីលនៅថ្ងៃសុក្រ ហើយថា គម្រោងនាំពួកគេមកកាន់រាជធានីភ្នំពេញវិញកំពុងដំណើរការហើយ៕ ស៊ុយឈាង