អ្នកនាំពាក្យក្រសួងមួយរូបបានលើកឡើងកាលពីម្សិលមិញថា ក្រុមមន្ត្រីកំពុងតែស្វះស្វែងរកមធ្យោបាយដើម្បីទប់ស្កាត់ និងដាក់ការបង្ហោះរូបភាពមិនគប្បីស្តីពីស្ត្រីខ្មែរលើបណ្តាញទំនាក់ទំនងសង្គមឲ្យទៅជាបទព្រហ្មទណ្ឌ ជាពិសេសរូបភាពទាំងឡាយណាដែលធ្វើឲ្យនឹកឃើញរឿងផ្លូវភេទ។
លោក ផុន ពុធបូរី អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារីបានលើកឡើងតាមរយៈអីុម៉េលមួយថា “ខ្ញុំកំពុងតែពិភាក្សាអំពីរូបភាពស្រើបស្រាល និងរូបភាពអាសអាភាសដែលផ្សព្វផ្សាយពាសពេញបណ្តាញទំនាក់ទំនងសង្គម។ ទង្វើនេះផ្ទុយពីប្រពៃណី និងវប្បធម៌ក្នុងសង្គមកម្ពុជា ហើយវាអាចផ្ទុយនឹងច្បាប់ស្តីពីការបង្ក្រាបការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទដែលត្រូវបានអនុម័តនៅក្នុងឆ្នាំ២០០៨”។
លោក ផុន ពុធបូរី បានលើកឡើងទៀតថា ក្រសួងនឹងធ្វើការជាមួយទីភ្នាក់ងាររដ្ឋាភិបាលផ្សេងៗទៀតដើម្បីកំណត់ថា តើទង្វើបែបនេះដូចជាការបង្ហោះរូបភាពស្ត្រី “ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់ពួកគាត់ ឬសម្រាប់ទង្វើខុសច្បាប់ផ្សេងៗទៀត” អាចជាទោសព្រហ្មទណ្ឌ ឬយ៉ាងណា ហើយថាតើក្រមច្បាប់អ្វីគួរតែដាក់ឲ្យអនុវត្ត។
លោក ផុន ពុធបូរី បានមានប្រសាសន៍ថា ”យើងកំពុងតែព្យាយាមស្វះស្វែងរកវិធីសាស្ត្រដែលអាចទៅរួចដើម្បីរារាំង និងបញ្ឈប់ការបង្ហោះនិងការផ្សព្វផ្សាយរូបភាពមិនល្អពាក់ព័ន្ធស្ត្រីលើបណ្តាញទំនាក់ទំនងសង្គម។ ទោះជាយ៉ាងណា វាលឿនពេកហើយនៅក្នុងការប្រាប់ឲ្យដឹងថា តើគួរចាត់វិធានការអ្វីដើម្បីឲ្យមានប្រសិទ្ធភាពនោះ”។
ចំណាត់ការនេះកើតមានឡើងបន្ទាប់ពីរដ្ឋាភិបាលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះភាពសិចស៊ីស្រើបស្រាលរបស់ស្ត្រីខ្មែរ និងគំនិតដែលបង្ហោះដោយសេរីនៅលើអីុនធឺណិត ជាពិសេសតាមហ្វេសប៊ុក ជាបណ្តាញទំនាក់ទំនងសង្គមដែលមជ្ឈដ្ឋានភាគច្រើននិយមប្រើនៅកម្ពុជា។
ក្រសួងវប្បធម៌បានចូលរួមនៅក្នុងកិច្ចពិភាក្សាដេញដោលទាក់ទិននឹងអ្វីដែលចាត់ទុកថា ជាសម្លៀកបំពាក់ និងឥរិយាបថសមរម្យ ពេលក្រសួងបានកោះហៅតួសំដែងខារ៉ាអូខេឈ្មោះ ដេនី ក្វាន់ ឲ្យមកកាន់ការិយាល័យរបស់ខ្លួនដើម្បីព្រមាននាងឲ្យបន្ថយការស្លៀកពាក់ភាពសិចស៊ី។
នៅក្នុងឆ្នាំ២០០៨ក្រសួងកិច្ចការនារីបានស្នើឲ្យគេហទំព័រមួយដែលបង្ហាញអ្នករាំអប្សរាអាក្រាតមួយកំណាត់ខ្លួនបិទលែងដំណើរ ការដោយមានការលើកឡើងជាផ្លូវការថា ”រូបភាពទាំងនេះប៉ះពាល់ដល់សតិអារម្មណ៍សង្គម ជាពិសេសស្ត្រីខ្មែរ”។
លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាបានមានប្រសាសន៍ថា ក្រសួងប្រហែលជាមានបំណងល្អទេ ប៉ុន្តែរដ្ឋាភិបាលគួរប្រយ័ត្នប្រយែងចំពោះការបង្កើតច្បាប់ដែលបង្ហាញថា ប្រហែលជាមិនអាចអនុវត្ត បាន និងក្លាយជាជំហានមួយឆ្ពោះទៅរកការចាប់ពិរុទ្ធប្រព័ន្ធអីុនធឺណិតដូចនៅប្រទេសចិន។
លោក ព្រាប កុល បានថ្លែងថា “ប្រសិនបើពួកគេលើកឡើងពីជ្រុងផ្សេងៗនៃគំនិតដែលបញ្ចេញតាមប្រព័ន្ធអីុនធឺណិត ហើយបង្កើតច្បាប់នោះ វាអាចជា ” ការចាប់ពិរុទ្ធ។ វាមិនសេរី និងប្រជាធិបតេយ្យដូចប្រទេសរបស់យើងទេ”។
ទោះយ៉ាងណា វិធានការនេះប្រហែលជាបានចាប់ផ្តើមហើយ។ ពីរឆ្នាំមុន លោក អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មានបានមានប្រសាសន៍ថា ក្រសួងព័ត៌ មានកំពុងចងក្រងបញ្ជី “ពាក្យហាមឃាត់” ក្នុងការព្យាយាមដើម្បីចាប់ផ្តើមគ្រប់គ្រងប្រព័ន្ធ ផ្សព្វផ្សាយតាមអីុនធឺណិត។
កាលពីសប្តាហ៍មុន លោក អ៊ុក គឹមសេង បានមានប្រសាសន៍ថា រដ្ឋាភិបាលមិនទាន់បានអនុម័តច្បាប់បែបនេះនៅឡើយទេ “សម្រាប់ពេលនេះ” ប៉ុន្តែក្រសួងបានរៀបចំសិក្ខាសាលាជាមួយស្ថាប័នផ្សព្វផ្សាយដើម្បី “រំឭកពួកគេអំពីក្រមសីលធម៌នេះ”។
ហ្វេសប៊ុក ដែលមានអ្នកប្រើប្រាស់សកម្មចំនួន១.៧ពាន់លាននាក់ទូទាំងពិភពលោកនោះ តែងតែហាមឃាត់រូបអាសអាភាស និងរូបអាក្រាត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានកំហឹងយ៉ាងខ្លាំងកាលពីខែធ្នូបន្ទាប់ពីរូបថតកាត់តរបស់លោកស្រី ប៊ុន រ៉ានី ភរិយារបស់លោក ត្រូវបានបង្ហោះក្នុងទំព័រហ្វេសប៊ុកលក្ខណៈឈរកន្ធែកជើងដែលលោកចាត់ទុកថា “មិនសមរម្យ” សម្រាប់ស្ត្រីនោះ។
នៅក្នុងតុលាការ ការផ្ទន្តាទោសព្រហ្មទណ្ឌពាក់ព័ន្ធការបង្ហោះសារតាមហ្វេសប៊ុកក៏បានចាប់ផ្តើមកើតឡើងហើយដែរ។ និស្សិតអាយុ២៣ឆ្នាំម្នាក់ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ១៨ខែកាលពីខែមីនាជុំវិញការខំម៉ិនតាមហ្វេសប៊ុកអំពាវនាវឱ្យមាន “បដិវត្តន៍ពណ៌”។
សមាជិកព្រឹទ្ធសភា និងសមាជិករដ្ឋសភាគណបក្សប្រឆាំងកំពុងស្ថិតក្នុងការឃុំខ្លួនបណ្តោះអាសន្នជុំវិញការបង្ហោះតាមទំព័រហ្វេសប៊ុកដោយចោទរដ្ឋាភិបាលថាបានកាត់ទឹកដីឱ្យវៀតណាម ចំណែកលោក សម រង្ស៊ី ប្រឈមបណ្តឹងផ្លូវច្បាប់ជាច្រើនជុំវិញការបង្ហោះសារក្នុងទំព័រហ្វេសប៊ុកដ៏មានប្រជាប្រិយភាពរបស់លោក៕សារុន