ឃុំព្រែកគយ, ខេត្តកណ្តាល- នគរបាលនៅតែប្រកាន់តាមការគិតរបស់ខ្លួនថា ក្រុមអ្នកភូមិវាយបុរសពីរនាក់អំឡុងពេលមានការប្រឈមមុខគ្នាតាមផ្លូវកាលពីថ្ងៃសុក្រ ដែលបណ្តាលឲ្យពួកគេម្នាក់ស្លាប់។ ប៉ុន្តែក្រុមអ្នកស្រុកវិញនិយាយថា នគរបាលបានវាយអ្នកទាំងពីរ ហើយថាពេលឃាត់ខ្លួន ពួកគេគ្មានរបួសទេ ទើបតែមានរបួសធ្ងន់នៅក្នុងប៉ុស្តិ៍នគរបាល។
លោក ទិត លាភ អាយុ២២ឆ្នាំ បាននិយាយថា លោកនិងបងប្រុសថ្លៃរបស់លោក ឈ្មោះ ចំរើន សីហា អាយុ២៦ឆ្នាំ ត្រូវបានមន្ត្រីជាច្រើននាក់វាយដុំនៅពេលជាប់ឃុំនៅឯអធិការដ្ឋាននគរបាលស្រុកស្អាងកាលពីយប់ថ្ងៃសុក្រ បន្ទាប់ពីពួកគេបានជាប់ពាក់ព័ន្ធក្នុងជម្លោះមួយតាមផ្លូវជាតិលេខ២១ ជាមួយលោក ឆៃ ស៊ីណា នាយផ្នែកនគរបាលស្រុកស្អាង ដែលក្រោយមកបានចាប់ខ្លួនពួកគេ។
លោក ចំរើន សីហា បានស្លាប់ដោយសារតែរបួសនៅព្រឹកថ្ងៃសៅរ៍ នៅឯមន្ទីរពេទ្យមួយក្នុងក្រុងតាខ្មៅ។
លោក លាភ បាននិយាយថា ពេលនៅជាប់ឃុំ “ប៉ូលិសប្រាំទៅប្រាំមួយនាក់ រួមទាំងលោក សីហា ផង បានប្រើបំពង់ទីបជ័រ” វាយលោកនិងលោក ចំរើន សីហា ត្រូវកនិងខ្លួន។ ពួកគេបានទាត់ធាក់និងដាល់យើងយ៉ាងព្រៃផ្សៃណាស់”។
អ្នកស្រុក ដែលបានផ្តល់សម្ភាសកាលពីថ្ងៃច័ន្ទ បាននិយាយថា បុរសពីរនាក់នោះ ដែលជាកម្មករសំណង់មកពីខេត្តកំពង់ស្ពឺ មកលេងបងប្អូននៅកន្លែងនេះ បានរងរបួសបន្តិចបន្តួចប៉ុណ្ណោះក្នុងពេលមានជម្លោះតាមផ្លូវ ដែលពាក់ព័ន្ធនឹងមន្ត្រីនគរបាលប្រាំនាក់នៅក្រៅស្ថានីយចាក់ប្រេងមួយកន្លែងក្នុងភូមិស្វាយតានី។ ហើយមនុស្សយ៉ាងហោចណាស់ប្រាំមួយនាក់ រួមទាំងលោក លាភ ដែរ បាននិយាយថា គ្មានអ្នកភូមិណាបានចូលរួមក្នុងការវាយបុរសពីរនាក់នោះនៅតាមផ្លូវទេ។
លោក លាភ បាននិយាយកាលពីថ្ងៃច័ន្ទតាមទូរស័ព្ទថា “គ្មានអ្នកភូមិណាវាយយើងទេ។ ក្រុមអ្នកភូមិបានប្រាប់នគរបាលកុំឲ្យវាយយើង ពីព្រោះពួកគេគិតថា យើងមិនបានធ្វើអ្វីខុសទេ”។
សាក្សីម្នាក់ដែលឃើញការវាយធ្វើបាបតាមផ្លូវបាននិយាយថា លោកបានឃើញមន្ត្រីនគរបាលជាច្រើននាក់វាយបុរសពីរនាក់នោះ។
សាក្សី ឈុន ហួ អាយុ៤១ឆ្នាំ ដែលជាមិត្តគ្រួសាររបស់លោក ចំរើន សីហា បាននិយាយថា “ក្រុមអ្នកភូមិមិនបានវាយបុរសទាំងនោះទេ…។ នគរបាលបានទាត់បុរសដែលបានស្លាប់នោះ”។ លោកបាននិយាយថា លោកដឹងថា អ្នកវាយទាំងនោះជាមន្ត្រីនគរបាលដោយសារអាយកូមដែលពួកគេកាន់។
ការរៀបរាប់របស់លោក ឈុន ហួ ខុសគ្នាជាខ្លាំងពីអ្វីដែលបានផ្សព្វផ្សាយតាមគេហទំព័រនគរបាលជាតិកាលពីថ្ងៃអាទិត្យ។ សេចក្តីរាយការណ៍នោះបាននិយាយថា លោក លាភ និងលោក ចំរើន សីហា បានជិះម៉ូតូបុកម៉ូតូរបស់លោក សីហា កាលពីល្ងាចថ្ងៃសុក្រ ក្នុងការប៉ុនប៉ងប្លន់ម៉ូតូរបស់គាត់ ហើយបន្ទាប់មកត្រូវវាយប្រហារដោយក្រុមអ្នកភូមិ ដែលជឿថា បុរសទាំងពីរនាក់ជាចោរ។
សេចក្តីរាយការណ៍បាននិយាយថា “បន្ទាប់មក មន្ត្រីនគរបាលរបស់យើងបានមកជួយសង្គ្រោះបុរសនោះ ហើយនាំពួកគេទៅប៉ុស្តិ៍នគរបាលស្រុក។ យើងបានមើលឃើញថា ពួកគេមានស្ថានភាពធ្ងន់ធ្ងរ ហើយយើងក៏បានបញ្ជូនពួកគេទៅមន្ទីរពេទ្យ។ ស្នងការនគរបាលខេត្តក៏បានបញ្ជាឲ្យមន្ត្រីនគរបាលយុត្តិធម៌ស៊ើបអង្កេតករណីនេះដែរ”។
លោក សេង សុជាតិ អធិការនគរបាលស្រុកស្អាង បាននិយាយថា បុរសទាំងពីរមិនបានរងការវាយដុំពេលនៅកន្លែងនគរបាលទេ ហើយលោកបានបដិសេធមិនធ្វើអធិប្បាយបន្ថែមទេ។ លោក ស៊ីណា នាយនគរបាលអន្តោប្រវេសន៍ស្រុក មិនអាចទាក់ទងបានឡើយ។
លោក លាភ បានផ្តល់ការរៀបរាប់លម្អិតអំពីហេតុដែលលោកនិងលោក ចំរើន សីហា ជាប់ក្នុងការឃុំរបស់នគរបាល ដែលភាគច្រើនត្រូវបានបញ្ជាក់ថាពិតដោយអ្នកជិតខាងនិងមិត្តភក្តិ។
លោក លាភ បាននិយាយថា ជិះលើម៉ូតូតែមួយ បុរសទាំងពីរនាក់បានបើកតាមផ្លូវធនមន្ត ឆ្ពោះទៅផ្លូវជាតិលេខ២១ ពេលនោះស្រាប់តែជួបលោក ស៊ីណា ស្ថិតក្នុងសម្លៀកបំពាក់ស៊ីវិល ហើយបានចាប់ផ្តើមបង្កើនល្បឿនម៉ូតូវ៉ាគាត់។ ធូលីបានហុយចូលមុខលោក ស៊ីណា ហើយម៉ូតូរបស់គាត់ក៏ដួលនៅជិតវត្ត។
លោក លាភ បាននិយាយថា “យើងបានឈប់ម៉ូតូរបស់យើងនិយាយជាមួយគាត់”។ លោកបាននិយាយថា នៅពេលនោះហើយ លោក ស៊ីណា បានដកកាំភ្លើងខ្លីភ្ជង់បុរសទាំងពីរ។
លោកបាននិយាយថា បុរសទាំងនោះបានស្រែកដាក់គ្នានៅជិតខ្លោងទ្វារវត្ត ហើយក្រោយមកទៀតលោក លាភ និងលោក ចំរើន សីហា បានបើកម៉ូតូចេញទៅ ដោយលោក សីហា បើកតាមពីក្រោយពួកគេដល់ផ្លូវជាតិលេខ២១ ខាងក្រៅស្ថានីយចាក់ប្រេងតេលា។
ក្រុមអ្នកភូមិបាននិយាយថា មនុស្សប្រហែល៥០នាក់បានមកជុំគ្នានៅកន្លែងកើតហេតុនៅម៉ោងប្រហែល៥និង៤៥នាទីល្ងាច ឈរមើលលោក ស៊ីណា និងបុរសទាំងពីរជេរប្រមាថគ្នា ដោយយូរៗម្តងមន្ត្រីរូបនេះលើកកាំភ្លើងខ្លីរបស់គាត់។
លោក លួង សុខ ជាអ្នករត់ម៉ូតូឌុប បាននិយាយថា លោកបានឮលោក ស៊ីណា ស្រែកថា បុរសទាំងពីរចង់ប្លន់ម៉ូតូរបស់លោក ហើយបន្ទាប់មកហៅនគរបាលឃុំសុំជំនួយ។ លោក ហួ ជាសាក្សី បាននិយាយថា នៅពេលមន្ត្រីនគរបាលមកដល់ ពួកគេបានទាត់និងដាល់អ្នកទាំងពីរ ដែលបានដួលទៅនឹងដី។
លោកបាននិយាយថា “គ្មានអ្នកភូមិណាវាយបុរសទាំងពីរនោះទេ។ អ្នកភូមិបានស្នើឲ្យនគរបាលឈប់វាយអ្នកទាំងពីរ”។
លោក ឃឹម សុខហៃ នាយរងប៉ុស្តិ៍ បានដឹកបុរសទាំងពីរទៅអធិការដ្ឋាននគរបាលស្រុក។ លោក សុខហៃ បាននិយាយថា ដោយពួកគាត់មានរបួសស្រាលនៅពេលនោះ ពួកគាត់អាចដើរនិងឡើងចុះពីម៉ូតូរបស់គាត់ដោយងាយ។ លោក សុខហៃ បានបដិសេធមិននិយាយថា បុរសទាំងពីរត្រូវបានគេប្រព្រឹត្តលើបែបណាទេ បន្ទាប់ពីពួកគេមកដល់។ លោកបាននិយាយថា “ខ្ញុំមិនដឹងថាមានអ្វីកើតឡើងចំពោះបុរសទាំងពីរទេ”។
តាមអ្នកភូមិ ហន ស្រីស្រស់ អាយុ២៥ឆ្នាំ នៅពេលលោក លាភ និងលោក ចំរើន សីហា ត្រូវបានដោះលែងមកវិញពីអធិការដ្ឋាននគរបាលនៅថ្ងៃសុក្រនោះ ហើយនាំមកភូមិវិញ បុរសទីពីរមិនអាចដើរបានដោយខ្លួនឯងទេ។
អ្នកស្រី ស្រីស្រស់ បាននិយាយថា “ខ្ញុំបានឃើញបុរសដែលស្លាប់នោះងើបចេញពីម៉ូតូ ប៉ុន្តែគាត់មិនអាចដើរដោយខ្លួនឯងបានទេ។ គាត់ឱបពោះរបស់គាត់ទ្រាំឈឺចាប់។ គាត់បានដួលនៅនឹងផ្លូវ”។
លោក លាភ បាននិយាយថា គេបានដឹកបុរសទាំងពីរទៅមន្ទីរពេទ្យស្រុក ប៉ុន្តែវេជ្ជបណ្ឌិតនៅទីនោះបាននិយាយថា គេមិនអាចព្យាបាលបុរសទាំងពីរបានទេ ពីព្រោះរបួសរបស់អ្នកទាំងពីរធ្ងន់ពេក។
តាមលោក ហួ បន្ទាប់មកក្រុមអ្នកភូមិបានដឹកបុរសទាំងពីរនាក់ទៅមន្ទីរពេទ្យបង្អែកខេត្តកណ្តាលក្នុងក្រុងតាខ្មៅ ដែលនៅទីនោះ ចំរើន សីហា ដែលបានវះពោះវៀនដុះខ្នែងប្រហែលប្រាំឆ្នាំមុន បានស្លាប់នៅព្រឹកព្រលឹមថ្ងៃសៅរ៍។ សពរបស់លោកត្រូវបានបូជានៅថ្ងៃអាទិត្យនៅខេត្តកំពង់ស្ពឺ។
និយាយនៅមណ្ឌលសុខភាពក្នុងភូមិកំណើតរបស់លោកនៅខេត្តកំពង់ស្ពឺ លោកលាភ បាននិយាយថា លោកសង្ឃឹមថា នគរបាលខេត្តនឹងរកឃើញនូវអ្វីដែលបានកើតឡើងពិតប្រាកដ និងដាក់ទោសអ្នកដែលទទួលខុសត្រូវទាំងនោះ។
លោកបាននិយាយថា “គ្រួសាររបស់បងថ្លៃរបស់ខ្ញុំ និងខ្ញុំ បានប្តឹងទៅនគរបាលខេត្តកណ្តាលកាលពីថ្ងៃសៅរ៍ ដើម្បីរកយុត្តិធម៌ឲ្យយើង”៕ និត