38 C
Phnom Penh

សហជីពគំរាម​ធ្វើ​កូដកម្ម​​នៅ​អាកាស​យានដ្ឋានដោយសារ​លក្ខខណ្ឌការ​ងារ​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហជីពដែលតំណាងបុគ្គលិកនៅអាកាស យានដ្ឋានអន្តរជាតិចំនួន៣ក្នុងប្រទេសកម្ពុជាបានប្រកាសកាលពីម្សិលមិញថា ពួកគេនឹងធ្វើកូដកម្មរយៈពេល២ខែប្រសិនបើកិច្ចសន្យា តម្រូវឲ្យបុគ្គលិកទទួលតួនាទីផ្សេងៗជាច្រើនខុសពីជំនាញ មិនត្រូវបានកែប្រែទេនោះ។

អ្នកនាំពាក្យក្រុមហ៊ុនម្នាក់បាននិយាយថា ការគំរាមនេះកើតមានឡើងអំឡុងវិវាទផ្លូវច្បាប់រវាងសហជីព និងក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ដែលគ្រប់គ្រងអាកាសយានដ្ឋានទាំងនេះ បន្ទាប់ពីក្រុមប្រឹក្សាអាជ្ញាកណ្តាល បានសម្រេចគាំទ្រភាគីក្រុមហ៊ុន បន្ទាប់ពីបុគ្គលិកមួយចំនួនត្រូវបានបណ្តេញចេញ។

លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាថ្លែងក្នុងសន្និសីទសារព័ត៌មាននៅក្នុងរាជធានីភ្មពេញកាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា /ឌឹ ខេមបូឌា ដេលី
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាថ្លែងក្នុងសន្និសីទសារព័ត៌មាននៅក្នុងរាជធានីភ្មពេញកាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា
/ឌឹ ខេមបូឌា ដេលី

ថ្លែងនៅសន្និសីទកាសែតមួយក្នុងរាជធានីភ្នំពេញ លោក និន កុសល មន្ត្រីផ្នែកច្បាប់មកពីសហភាពការងារកម្ពុជាបានទុកពេលពីរខែឲ្យក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជាដកកថាខណ្ឌចែងអំពី “ពហុជំនាញ” ចេញពីកិច្ចសន្យាដែលតម្រូវឲ្យបុគ្គលិកទទួលតួនាទីច្រើនក្រៅពីជំនាញឯកទេសរបស់ពួកគេ។

បុគ្គលិកជាង៨០០នាក់ដែលរួមមានសន្តិសុខ អ្នកបើកបររថយន្ត និងអ្នកគ្រប់គ្រង នឹងធ្វើកូដកម្ម ប្រសិនបើការទាមទាររបស់ពួកគេមិនត្រូវបានឆ្លើយតបទេនោះ។ លោកបានបន្ថែមថា ប្រាក់បន្ថែម១៦ដុល្លារក្នុងមួយខែផ្តល់ឱ្យបុគ្គលិកសម្រាប់ការធ្វើការក្រៅជំនាញឯកទេសរបស់ខ្លួននោះ គឺមិនគ្រប់គ្រាន់ទេ។

លោក និន កុសល បានមានប្រសាសន៍ថា “ឧទាហរណ៍ បើអ្នកជាអ្នកបើកបររថយន្តនោះការងាររបស់អ្នកគឺដឹកជញ្ជូន វាគ្មានប្រយោជន៍ចំពោះបុគ្គលិកទេពីព្រោះក្រុមហ៊ុនផ្តល់ប្រាក់តែ១៦ដុល្លារប៉ុណ្ណោះ”។

លោកបានថ្លែងថា កិច្ចសន្យានេះត្រូវបានអនុវត្តប្រហែលល៤ឆ្នាំមកហើយ ហើយថា អ្នកបើកបររថយន្តម្នាក់ត្រូវបានបណ្តេញចេញកាលពីឆ្នាំមុនចំពោះការតវ៉ានឹងការអនុវត្តនេះ។ បើទោះជាមានការគំរាមធ្វើកូដកម្មក៏ដោយ ក៏លោក និន កុសល បានមានប្រសាសន៍ថា លោកសង្ឃឹមថា នឹងអាចមានដំណោះស្រាយជាមួយក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា។

លោកបានថ្លែងថា “ប្រសិនបើពួកគេមិនព្រម យើងនឹងធ្វើកូដកម្មនៅអាកាសយានដ្ឋានទាំងបីក្នុងរាជធានីភ្នំពេញ ក្រុងព្រះសីហនុ និងខេត្តសៀមរាប នៅដំណាច់ខែធ្នូ”។

លោក ខែក ណូរិនដា ប្រធានផ្នែកទំនាក់ទំនងនៅក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជាបានមានប្រសាសន៍ថា ការមិនស្រុះស្រួលគ្នានេះគឺដោយសារក្រុមប្រឹក្សាអាជ្ញាកណ្តាលបានសម្រេចគាំទ្រភាគីក្រុមហ៊ុនក្នុងការបណ្តេញបុគ្គលិកពាក់ព័ន្ធជម្លោះនេះ។

លោកបានថ្លែងថា “បន្ទាប់ពីការពិភាក្សារាប់ខែមិនបានជោគជ័យ ដែលយើងសោកស្តាយយ៉ាងខ្លាំងនោះក្រុមហ៊ុនបានដាក់ចេញវិធានការផ្លូវច្បាប់នៅចំពោះមុខតុលាការក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាបសម្រាប់សេចក្តីសម្រេចស្ថាពរដែលត្រូវប្រតិបត្តិតាម”។

ថ្លែងនៅសន្និសីទកាសែតនោះផងដែរលោក អ៊ាន គឹមហ៊ុន អគ្គលេខាធិការសហព័ន្ធសហជីពកម្មករវិស័យដឹកជញ្ជូនកម្ពុជាបានមានប្រសាសន៍ថា ការតវ៉ានឹងចាប់ផ្តើមធ្វើឡើងវិញប្រឆាំងក្រុមហ៊ុនទេសចរណ៍កាពីតូលពាក់ព័ន្ធអ្នកបើកបររថយន្តក្រុង៤០នាក់ដែលត្រូវបានបណ្តេញចេញចំពោះអ្វីដែលពួកគេអះអាងថា ជាការព្យាយាមបង្កើតសហជីព។

កាលពីខែកុម្ភៈ មនុស្សយ៉ាងតិច១៤នាក់បានរងរបួសអំឡុងការប៉ះទង្គិចគ្នារវាងអ្នកតវ៉ា និងអ្នករត់រឺុម៉កម៉ូតូកង់បី ដែលសហជីពនេះចោទថា ទទួលបានប្រាក់ពីក្រុមហ៊ុន។

លោក ណាន វណ្ណា អ្នកបើកបររថយន្តក្រុងឲ្យក្រុមហ៊ុនទេសចរណ៍កាពីតូល និងលោក រស់ ស៊ីផៃ សកម្មជនការងារត្រូវបានចាប់ខ្លួនចំពោះការបង្កអំពើហិង្សា អំឡុងការតវ៉ា ប៉ុន្តែ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំកាលពីខែមេសា៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស