28 C
Phnom Penh

ស​​​ង្គ្រោ​​​ះ​​​ជាតិនិង​​បក្ស​​​ប្រជាជននឹង​​​ពិភាក្សា​​​អំពី​​​កំណែទម្រង់​​​តុលាការ​​​នៅ​​​រដ្ឋសភា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្សសង្គ្រោះជាតិបានលើកឡើងកាលពីម្សិលមិញថា ខ្លួននឹងចូលរួមកិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍បង្កើតរបៀប វារៈនៃរដ្ឋសភានៅថ្ងៃនេះ ដោយសង្ឃឹមថា នឹងជំរុញឲ្យសំណើធ្វើវិសោធនកម្មច្បាប់ដ៏ចម្រូងចម្រាសចំនួន៣ស្តីពីឯករាជភាពរបស់តុលាការមានដំណើរការទៅមុខ។

ដោយលើកឡើងពីឈ្មោះរបស់ប្រធានខ្លួនដើម្បីសំដៅដល់គណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សនេះបានលើកឡើងកាលពីម្សិលមិញថា “គណៈកម្មការដែលមានលោក សម រង្ស៊ី ជាប្រធាន នឹងចូលរួមនៅថ្ងៃស្អែក”។

គណបក្សប្រឆាំងនេះបាននិងកំពុងធ្វើពហិការមិនចូលរួមសម័យប្រជុំសភាពេញអង្គជាច្រើនខែកន្លងមកហើយដើម្បីតវ៉ាប្រឆាំងនឹងការចាប់ខ្លួនតំណាងរាស្ត្ររបស់ខ្លួនចំនួន២រូបខណៈកំពុងសម្រាំងថា តើគួរតែចូលរួមកិច្ចប្រជុំមួយណារបស់គណៈកម្មការអចិន្ត្រៃយ៍។

លោក យឹម សុវណ្ណ បានមានប្រសាសន៍ថា “វាអាស្រ័យលើប្រធានបទ”។ លោកបានគូសបញ្ជាក់ថា របៀបវារៈនៅថ្ងៃេនះ រួមមានសំណើរបស់គណបក្សសង្គ្រោះជាតិស្នើសុំឲ្យធ្វើវិសោធនកម្ម “ច្បាប់មូលដ្ឋាន” ដ៏ចម្រូងចម្រាសចំនួន៣ដែលបង្ហាញពីទំនាក់ទំនងរបស់រដ្ឋាភិបាលជាមួយតុលាការ។

សភាដែលមានតែតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាចូលរួមបានអនុម័តច្បាប់ដែលគេរង់ចាំជាយូរមកហើយនៅក្នុងឆ្នាំ២០១៤ ដោយសន្យាថា ច្បាប់ទាំងនេះនឹងជួយបោសសម្អាតតុលាការដែលញាំញីដោយអំពើពុករលួយ។ គណបក្សសង្គ្រោះជាតិ ដែលពេលនោះកំពុងធ្វើពហិការមិនចូលរដ្ឋសភានៅឡើយ បានលើកឡើងថា ច្បាប់ទាំងនេះបង្កើតឡើងគ្រាន់តែដើម្បីពង្រឹងការគ្រប់គ្រងដោយប្រើអំណាចរបស់រដ្ឋាភិបាលលើប្រព័ន្ធតុលាការប៉ុណ្ណោះ ហើយថាខ្លួនបានទទូចទាមទារសុំឲ្យធ្វើវិសោធនកម្មចាប់តាំងពីពេលនោះមកម្លេ៉ះ។

លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាបានលើកឡើងកាលពីម្សិលមិញថា “មែនហើយ ច្បាប់ទាំងបីនេះនឹងត្រូវលើកយកមកពិភាក្សា”។

គណៈកម្មាធិការអចិន្ត្រៃយ៍អាចសម្រេចនៅក្នុងថ្ងៃនេះ ក្នុងការបញ្ជូនសំណើសុំធ្វើវិសោធនកម្មទៅឲ្យគណៈកម្មការមួយឬច្រើនជាងនេះក្នុងចំណោមគណៈកម្មការទាំង១០នៃរដ្ឋសភា ត្រួតពិនិត្យ។

លោក ឡេង ប៉េងឡុង បានលើកឡើងថា គណៈកម្មការអចិន្ត្រៃយ៍ក៏គ្រោងចាត់តាំងគណៈកម្មការទំាងនេះឲ្យពិនិត្យសេចក្តីព្រាងថវិកាជាតិសម្រាប់ឆ្នាំ២០១៧ និងការវាយតម្លៃលើខ្ទង់ចំណាយរបស់រដ្ឋាភិបាលក្នុងឆ្នាំ២០១៥ផងដែរ។ លោកបានលើកឡើងទៀតថា គណៈកម្មាធិការនេះក៏ប្រហែលជាគ្រោងរៀបចំឲ្យមានការបោះឆ្នោតនៅក្នុងសភាស្តីអំពីថា តើត្រូវផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងក្រុងប៉ារីសស្តីពីបម្រែលបម្រួលអាកាសធាតុឬយ៉ាងណាផងដែរ។

គណបក្សសង្គ្រោះជាតិជិតនឹងបញ្ចប់ការធ្វើពហិការមិនចូលរដ្ឋសភាចុងក្រោយរបស់ខ្លួនតាមរយៈការចូលរួមសម័យប្រជុំពេញអង្គកាលពីដើមខែនេះទៅហើយ ប៉ុន្តែបានប្តូរចិត្តវិញនៅនាទីចុងក្រោយ ហើយនៅតែមិនចូលរួមសម័យប្រជុំដដែល ដោយលើកឡើងពីកង្វល់សន្តិសុខ។

លោក យឹម សុវណ្ណ បានលើកឡើងថា នៅក្នុងថ្ងៃនេះប្រហែលជាមិនមានការប្រែក្រឡាស់នោះឡើយ ដោយសារតែភាពតានតឹងរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិមានភាពស្ងប់ស្ងាត់ជាបន្តបន្ទាប់។

ដោយសំដៅដល់សំណើសុំឲ្យមានការធ្វើវិសោធនកម្មច្បាប់តុលាការនោះ លោកបានមានប្រសាសន៍ថា “បរិយាកាសល្អប្រសើរ។ ហើយច្បាប់មួយក្នុងចំណោមច្បាប់ទាំងនេះគឺសេចក្តីព្រាងច្បាប់ដែលស្នើឡើងដោយគណបក្សប្រឆាំង”។

មិនយូរប៉ុន្មានបន្ទាប់ពីច្បាប់ទាំងនេះត្រូវបានអនុម័តកាលពីឆ្នាំ២០១៤ក្រុមអ្នកច្បាប់ និងអង្គការសិទ្ធិមនុស្សបានព្រមានថា ច្បាប់នេះនឹងពង្រឹង “ការគ្រប់គ្រងក្នុងពេលសព្វថ្ងៃរបស់រដ្ឋាភិបាលលើចៅក្រម និងព្រះរាជអាជ្ញានៅក្នុងប្រទេស ដែលជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់នីតិរដ្ឋនៅកម្ពុជា”។

កម្ពុជាត្រូវបានមជ្ឈដ្ឋានទូទៅទាំងនៅក្នុងប្រទេស និងក្រៅប្រទេសដឹងថា ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានប្រព័ន្ធតុលាការពុករលួយបំផុតលើពិភពលោក។ នៅក្នុងសន្ទស្សន៍នីតិរដ្ឋថ្មីបំផុតរបស់គម្រោងយុត្តិធម៌ពិភពលោក(World Justice Project)ដែលផ្អែកលើការស្ទង់មតិរបស់ពលរដ្ឋនៅក្នុងប្រទេសចំនួន១១៣ កម្ពុជាជាប់ចំណាត់ថ្នាក់ទី២រាប់ពីក្រោយមកវិញ។

មួយឆ្នាំកន្លងមកនេះ រដ្ឋាភិបាលបានចាប់ខ្លួន និងដាក់ការចោទប្រកាន់លើមន្ត្រីគណបក្សប្រឆាំង និងមន្ត្រីសិទ្ធិមនុស្សជិត៣០នាក់ក្នុងសំណុំរឿងដែលអង្គការសហប្រជាជាតិនិងសហរដ្ឋអាមេរិកចាត់ទុកថា មានហេតុផលនយោបាយ៕ ស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស