26 C
Phnom Penh

ភេរវករ និង​​​​​​​ជា​​​​​​​​​អ្នក​​​​​​រៀប​​​ផែន​​​​​​​​​​​​​​​ការ​​​​​​​​ធ្វើ​រដ្ឋប្រហារ​​ជាប់​​​​​​​​​ក្នុង​​​បញ្ជី​​ឈ្មោះ​​​​​​ឧក្រិដ្ឋ​​​ជន​ដែល​​​​ចង់​ចាប់ខ្លួន​បំផុត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីបាននិយាយកាលពីម្សិលមិញថា ភេរវករ សោម ឯក ដែលបានរត់គេចខ្លួនពីឆ្មាំពន្ធនាគារដែលកំពុងយាមកាមខ្លួននៅមន្ទីរពេទ្យមួយកាលពីដើមខែនេះ ត្រូវបានបញ្ចូលក្នុងបញ្ជីឈ្មោះឧក្រិដ្ឋជនចង់ចាប់ខ្លួនបំផុតរបស់នគរបាលអាំងទែប៉ូល ហើយពួកគេក៏គ្រោងបញ្ចូលឈ្មោះ សោម សុវណ្ណារា អ្នករៀបផែនការរដ្ឋប្រហារតាមយូធ្យូបដែរនៅក្នុងពេលឆាប់ៗនេះ។

cam-photo-som-ek-foloលោក ទូច បូរ៉ា អនុប្រធានការិយាល័យប្រចាំប្រទេសកម្ពុជា នៃស្ថាប័នធ្វើគោលនយោបាយអន្តរជាតិមួយនេះ បានមានប្រសាសន៍ថា “យើងបានបញ្ចូលឈ្មោះ សោម ឯក ទៅក្នុងនិវេទន៍ក្រហមកាលពីប្រហែល២សប្ដាហ៍មុន ប៉ុន្តែយើងមិនទាន់ទទួលបានការឆ្លើយតបពីប្រទេសសហប្រតិបត្តិការចំនួន១៩៤របស់នគរបាលអាំងទែប៉ូលនោះទេ”។

អតីតមន្ត្រីកងយោធពលខេរមភូមិន្ទរូបនេះត្រូវបានតុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារជាង៤០ឆ្នាំ ពីបទជាប់ពាក់ព័ន្ធករណីបំផ្ទុះគ្រាប់បែកមួយកាលពីឆ្នាំ២០០៧  នៅស្តូបមិត្តភាពកម្ពុជា-វៀតណាម និងការវាយប្រហារមួយដែលត្រូវបានរារាំងកាលពីឆ្នាំ២០០៩ ទៅលើការិយាល័យក្រសួងការពារជាតិ និងស្ទូឌីយ៉ូទូរទស្សន៍ប៉ុស្តិ៍លេខ៣ ដែលសុទ្ធតែស្ថិតនៅរាជធានីភ្នំពេញ។

ប៉ុន្តែ សោម ឯក អាយុ៥១ឆ្នាំដែលអះអាងថាខ្លួនគ្រាន់តែចែកចាយខិត្តប័ណ្ណប្រឆាំងរដ្ឋាភិបាល បានរត់រួចពីឆ្មាំពន្ធនាគារពីរនាក់កាលពីដើមខែនេះនៅមន្ទីរពេទ្យមួយក្នុងរាជធានីភ្នំពេញ ខណៈកំពុងទទួលការព្យាបាលហើយពេលនេះកំពុងគេចខ្លួននៅឡើយ។

ឈ្មោះរបស់ សោម ឯក មិនត្រូវបានចុះក្នុងគេហទំព័ររបស់នគរបាលអាំងទែប៉ូលទេគិតមកត្រឹមល្ងាចម្សិលមិញ។ មន្ត្រីមកពីក្រសួងមហាផ្ទៃ និងនគរបាលជាតិបានលើកឡើងថា ពួកគេកំពុងស្រាវជ្រាវតាមចាប់ខ្លួន សោម ឯក ហើយបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីទីសំចតរបស់ជននេះទេ។

ឆ្មាំពន្ធនាគារទាំងពីរនាក់ និងអ្នកជំងឺផ្សេងទៀតដែលសម្រាកនៅក្នុងបន្ទប់រួមគ្នាជាមួយ សោម ឯក នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនិយាយថា ទណ្ឌិតរូបនេះ និងសមាជិកគ្រួសាររបស់គាត់ដែលទៅសួរសុខទុក្ខ បានសណ្ដំអ្នករួមបន្ទប់ដោយការលួចដាក់ថ្នាំក្នុងអាហារចែកឱ្យពួកគេ និងការជក់បង្ហុយខ្សៀដែលមានលាយជាមួយសារធាតុគីមីធ្វើឱ្យពួកគេងងុយដេក។

ទោះជាយ៉ាងណា លោក នុត សាវណា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានមានប្រសាសន៍កាលពីម្សិលមិញថា សមត្ថកិច្ចបានធ្វើតេស្តពិនិត្យអាហារនោះរួចហើយ ហើយរកមិនឃើញសារធាតុគីមីគួរឱ្យសង្ស័យទេ។

លោកគូសបញ្ជាក់ថា “លទ្ធផលនៃការស៊ើបអង្កេតរបស់យើងលើអាហារដែលមន្ត្រីឆ្មាំពន្ធនាគារបានបរិភោគបង្ហាញថា វាគ្មានផ្ទុកសារធាតុពុលទេ”។ លោកបានបន្ថែមថា សមត្ថកិច្ចកំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្តឈាមលើឆ្មាំពន្ធនាគារ និងស្វែងរកការបកស្រាយដែលអាចទៅរួចផ្សេងៗទៀតទាក់ទិនការរត់គេចខ្លួនរួចនេះ។លោកថ្លែងថា “ការស៊ើបអង្កេតមិនទាន់ចប់១០០ភាគរយទេ”។

លោក ពេជ្រ យ៉ុន ប្រធានពន្ធនាគារប៉េហ្ស៊ី កន្លែងឃុំខ្លួន សោម ឯក បានមានប្រសាសន៍ថា ឆ្មាំពន្ធនាគារទាំងពីរនាក់ដែលបណ្ដោយឱ្យទណ្ឌិតនេះគេចខ្លួនរួច ត្រូវបានបញ្ឈរជើងជាបណ្ដោះអាសន្ន ហើយជោគវាសនារបស់ពួកគេនឹងត្រូវកំណត់បន្ទាប់ពីការស៊ើបអង្កេតចប់។

ដាច់ដោយឡែកពីនេះ លោក ទូច បូរ៉ា ដែលមកពីការិយាល័យអាំងទែប៉ូនៅកម្ពុជា បានលើកឡើងថា  សមត្ថកិច្ចកំពុងប្រមូលភ័ស្តុតាងចាំបាច់ដើម្បីបន្ថែមឈ្មោះ សោម សុវណ្ណារា ទៅក្នុងបញ្ជីឈ្មោះឧក្រិដ្ឋជនរបស់នគរបាលអាំងទែប៉ូល។ សោម សុវណ្ណារា អាយុ៣៥ឆ្នាំ  ជាអាណិកជនខ្មែរ-កាណាដា និងជាអតីតទាហានកម្ពុជា ត្រូវបានព័ត៌មានចុះផ្សាយព្រោងព្រាតកាលពីខែកក្កដា បន្ទាប់ពីជននេះបានអំពាវនាវឱ្យក្រសួងនានា និងយោធា “រំដោះប្រទេសចេញពីរបបផ្ដាច់ការរបស់លោក ហ៊ុន សែន” តាមរយៈវីដេអូមួយបង្ហោះតាមយូធ្យូប និងហ្វេសប៊ុក។

សាលាដំបូងរាជធានីភ្នំពេញ បានចាត់ការសំណុំរឿងប្រឆាំង សោម សុវណ្ណារា ប្រហែល១សប្ដាហ៍ក្រោយមក។ កាលពីម្សិលមិញមន្ត្រីតុលាការមិនអាចទាក់ទងសុំព័ត៌មានបច្ចុប្បន្នភាពស្ដីពីការស៊ើបអង្កេតរបស់ពួកគេបានទេ។

សោម សុវណ្ណារា គឺជាសមាជិករណសិរ្សរំដោះជាតិខ្មែរ (KNLF) ដែលរដ្ឋាភិបាលចាត់ទុកជាក្រុមភេរវកម្មដែលបានប្រកាសរដ្ឋាភិបាលនិរទេសនៅប្រទេសដាណឺម៉ាក កាលពីថ្ងៃអាទិត្យ ដោយព្យាយាមដកអាសនៈរបស់កម្ពុជា នៅអង្គការសហប្រជាជាតិចេញពីបទរំលោភបំពានសិទ្ធិមនុស្ស។

លោក សម សិរី ប្រធានរណសិរ្សរំដោះជាតិខ្មែរ និងជានាយករដ្ឋមន្ត្រីនៃ “រដ្ឋាភិបាលជាតិខ្មែរ” បានសរសេរក្នុងសារអេឡិចត្រូនិកមួយកាលពីម្សិលមិញថា សោម សុវណ្ណារា គឺជារដ្ឋមន្ត្រីក្រសួងសន្តិសុខ និងការពារជាតិរបស់ក្រុមនេះ ប៉ុន្តែអះអាងថា រដ្ឋាភិបាលរបស់ខ្លួន “ធ្វើការដោយសន្តិវិធី”៕ សុខុម (រាយការណ៍បន្ថែមដោយ Ben Paviour)

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស