កាលពីម្សិលមិញសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់បុរសជនជាតិចិន ពីរនាក់ពីបទរត់ពន្ធគ្រឿងញៀនកេតាមីន មេតំហ្វេតាមីន ហេរ៉ូអុីន និងអុិចស្តាស៊ីសរុបទម្ងន់៥០គីឡូក្រាមពីតំបន់ត្រីកោណមាស។
លោក សាន សុធី អនុប្រធាននាយកដ្ឋានប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា ឈ្មោះ ស៊ូ យ៉ាងលាង អាយុ៤១ឆ្នាំ និងឈ្មោះ យ៉ាង តឺយីង អាយុ៤៤ឆ្នាំ ”ត្រូវបានចោទប្រកាន់ពីបទជួញដូរ រក្សាទុក និងផលិតគ្រឿងញៀនខុសច្បាប់”។
ប្រសិនបើកាត់ឱ្យជាប់ទោសដូចការចោទប្រកាន់ខាងលើ បុរសទាំងពីរអាចនឹងជាប់ពន្ធនាគារពី៤០ឆ្នាំរហូតដល់អស់មួយជីវិត ហើយប្រឈមការពិន័យជាប្រាក់ចន្លោះពី៨០លានរៀល (ប្រហែល២០.០០០ដុល្លារ) ទៅ១៨០លានរៀល (ប្រហែល៤៤.០០០ដុល្លារ)។
នគរបាលនិយាយថា ពួកគេបានចាប់ខ្លួនឈ្មោះ ស៊ូ យ៉ាងលាង បន្ទាប់ពីការស៊ើបអង្កេតរយៈពេល៥ខែ ដោយធ្វើការឃាត់ខ្លួនខណៈជននេះកំពុងបើកបរក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោកជាមួយគ្រឿងញៀនមេតំហ្វេតាមីនកន្លះគីឡូក្រាម ។
ស្ថិតក្រោមការស៊ើបអង្កេត ស៊ូ យ៉ាងលាង បានប្រាប់មន្ត្រីថា ផ្ទះមួយនៅក្នុងសង្កាត់ដដែលមានលាក់ទុកគ្រឿងញៀនយ៉ាងច្រើន។ ជននេះក៏បានផ្ដល់ព័ត៌មានឈានទៅដល់ការចាប់ខ្លួន យ៉ាង តឺយីង នៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស ជាមួយគ្រឿងញៀននៅនឹងខ្លួនទម្ងន់២,១គីឡូក្រាមផងដែរ។
អ្នកជិតខាងម្នាក់រស់នៅក្បែរផ្ទះតាមបណ្ដោយផ្លូវលេខ៦១៦ ក្នុងសង្កាត់បឹងកក់២ ដែលប្រាប់ត្រឹមឈ្មោះ វណ្ណៈ ដោយសារបារម្ភអំពីសុវត្ថិភាពរបស់ខ្លួននិយាយថា ប្រជាជនខ្មែរ និងរថយន្តប្រណីតៗរបស់ជនជាតិចិន ឧស្សាហ៍ទៅផ្ទះនោះណាស់។
គាត់និយាយទៀតថា “ពួកគេមកនៅពេលយប់ ភាគច្រើនពីម៉ោង៦ដល់ម៉ោង៧យប់” ហើយផ្ទះនោះបានស្ថិតក្រោមការសាងសង់ផ្នែកខ្លះចាប់តាំងពីគាត់ផ្លាស់ទៅរស់តំបន់នោះកាលពី៧ខែមុនមកម៉្លេះ។
លោក វណ្ណៈ បានបន្តថា ជាញឹកញាប់បុរសជនជាតិចិន ទាំងនេះអង្គុយនៅខាងមុខផ្ទះជក់បារីជាមួយកម្មករសំណង់។ “ខ្ញុំគិតថា ពួកគេគ្រាន់តែជាប្រជាជនធម្មតា”។
ករណីជួញដូរគ្រឿងញៀនដែលត្រូវបានកត់ត្រានៅប្រទេសកម្ពុជា បានកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ កាលពីខែកក្កដា ជនជាតិចិន ពីរនាក់បានស្ថិតក្នុងចំណោមជនសង្ស័យបួននាក់ដែលត្រូវបានតុលាការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទរត់ពន្ធគ្រឿងញៀនមេតំហ្វេតាមីន និងហេរ៉ូអុីនទម្ងន់ជិត៥៥គីឡូក្រាម។
របាយការណ៍មួយចេញកាលពីខែកុម្ភៈដោយការិយាល័យសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងបទឧក្រិដ្ឋ បានចាត់ទុកប្រទេសកម្ពុជាជា ”កន្លែងផ្ទេរគ្រឿងញៀនដែលកាន់តែសំខាន់ខ្លាំងឡើង”៕ សុខុម