27 C
Phnom Penh

ព្រះ​រាជអាជ្ញា​បើក​ការ​ស៊ើបអង្កេត​ករណី​​​មន្ត្រី​​​នគរ​​​បាល​​​ព្រួត​គ្នា​​​វាយ​ជន​​​រង​​​គ្រោះ​​​រហូត​​​ដល់​​​ស្លាប់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល បានបើកការស៊ើបអង្កេតលើមន្ត្រីនគរបាលបីនាក់ ដែលតាមការអះអាងថា បានវាយបុរសពីរនាក់កាលពីថ្ងៃសុក្រ ដោយបណ្ដាលឱ្យបុរសម្នាក់ស្លាប់ ហើយបានរត់គេចខ្លួន តាំងពីពេលនោះមក។

ទិត លាភ អាយុ២២ឆ្នាំ និងបងថ្លៃរបស់ ខ្លួនឈ្មោះ ចំរើន សីហា អាយុ២៦ឆ្នាំ ត្រូវបានមន្ត្រីនគរបាលនៅអធិការដ្ឋាននគរបាលស្រុកស្អាងវាយ កាលពីថ្ងៃសុក្រ បន្ទាប់ពីពួកគេទាំងពីរត្រូវបានចាប់ខ្លួនពាក់ព័ន្ធជម្លោះរឿងគ្រោះថ្នាក់ចរាចរណ៍ជាមួយមន្ត្រី ថ្នាក់ស្រុកម្នាក់ ដែលស្លៀកពាក់ស៊ីវិល។ ទិត លាភ បាននិយាយថា ចំរើន សីហា បានស្លាប់កាលពីព្រឹកថ្ងៃសៅរ៍នៅមន្ទីរពេទ្យមួយក្នុងក្រុងតាខ្មៅ។

លោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាលបានមានប្រសាសន៍កាលពីម្សិលមិញថា “មន្ត្រីនគរបាលទាំងបីរូបដែលសង្ស័យថាជាប់ពាក់ព័ន្ធនៅក្នុងករណីនេះបានចាកចេញពីកន្លែងនេះបាត់អស់ហើយ”។

យោងតាមរបាយការណ៍ដែលចុះផ្សាយក្នុងគេហទំព័ររបស់ស្នងការនគរបាលជាតិកាលពីថ្ងៃអាទិត្យ មន្ត្រីនគរបាលទាំងបី ដែលជាប់ពាក់ព័ន្ធនៅក្នុងជម្លោះជាមួយ ទិត លាភ និង ចំរើន សីហា នៅក្នុងឃុំព្រែកគយកាលពីថ្ងៃសុក្រ គឺមន្ត្រីនគរបាលស្រុកដែលមានឈ្មោះ ឆាយ ស៊ីណា ភក្ដី វិទូ និង ឃាង សុថេង។

មន្ត្រីនគរបាលស្រុកម្នាក់ដែលសុំមិនបញ្ចេញឈ្មោះដោយខ្លាចមានការសងសឹកបានប្រាប់ថាលោក ឆាយ ស៊ីណា ជានាយការិយាល័យនគរបាលអន្តោប្រវេសន៍ស្រុក ភក្ដី វិទូជាអធិការរងនគរបាលស្រុក និង ឃាង សុថេង ជានាយរងនគរបាលបច្ចេកទេសស្រុក។

លោក ឆាយ ស៊ីណា បានហៅគ្នាមកជួយ ហើយបន្ទាប់មកបានចាប់ខ្លួន ទិត លាភ និង ចំរើន សីហា កាលពីល្ងាចថ្ងៃសុក្រ បន្ទាប់ពីប៉ះទង្គិចពាក្យសម្ដីគ្នានៅតាមផ្លូវរហូតក្លាយជាហិង្សា ដែលតាមការអះអាងថា មានការដកកំាភ្លើងខ្លីភ្ជង់បុរសទាំងពីរនាក់នោះ ដោយមានមន្ត្រីនគរបាលជាច្រើនរូបទៀតបានព្រួតគ្នាទាត់ធាក់ ដាល់ និងរុញពួកគេឲ្យដួលទៅលើដីមុនពេលនាំទៅកាន់អធិការដ្ឋាននគរបាលស្រុក។

អ្នកភូមិដែលនៅក្បែរកន្លែងកើតហេតុបាននិយាយថា បុរសទាំងនេះបានចេញពីកន្លែងឃុំខ្លួនរបស់នគរបាលក្នុងស្ថានភាពធ្ងន់ធ្ងរជាងមុនពេលត្រូវបានឃុំខ្លួនទៅទៀត។ ដំបូងឡើយនគរបាលរាយការណ៍ថា អ្នកភូមិមួយក្រុមជាអ្នកប្រព្រឹត្តអំពើវាយដំនេះ ហើយថា មន្ត្រីទាំងនេះបានមកអន្តរាគមន៍ដើម្បីការពារបុរសទាំងពីរនាក់នេះ។

លោក លឹម សុគន្ថា បានថ្លែងថា បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីសាច់ញាតិរបស់បុរសទាំងនេះកាលពីថ្ងៃសៅរ៍ លោកបានដឹកនាំកម្លាំងនគរបាលខេត្តទៅស៊ើបអង្កេតដល់កន្លែងកើតហេតុតែម្តង។

លោកបានថ្លែងថា “លទ្ធផលនៃការធ្វើកោសល្យវិច័យបង្ហាញថា សាកសព ចំរើន សីហា ត្រូវបានវាយនឹងវត្ថុរឹង ប៉ុន្តែយើងមិនទាន់ដឹងថា នរណាវាយពួកគេទាំងពីរនាក់នៅឡើយទេ”។

លោកបានបន្ថែមថា “យើងកំពុងស៊ើបអង្កេតដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ។ យើងចង់រកមុខអ្នកដែលវាយបុរសទាំងពីរនាក់នេះថា តើពួកគេជាមន្ត្រីនគរបាលឬមិនមែន”។

លោក លឹម សុគន្ថា បានមានប្រសាសន៍ថា លោកបានផ្ញើលិខិតមួយច្បាប់ទៅលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិកាលពីថ្ងៃច័ន្ទ ដោយស្នើសុំឱ្យលោកធ្វើការស៊ើបអង្កេតផ្ទៃក្នុង។

អ្នកនាំពាក្យនគរបាលជាតិ និងក្រសួងមហាផ្ទៃមិនអាចទាក់ទងបានទេកាលពីម្សិលមិញ។ លោក អា៊វ ចំរើន ស្នងការនគរបាលខេត្តបានមានប្រសាសន៍ថា មន្ត្រីរបស់លោកកំពុងស៊ើបអង្កេតរឿងនេះ ប៉ុន្តែបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ពីព្រោះការងារកំពុងតែបន្ត។

ទិត លាភ និយាយថា លោកសង្ឃឹមថា មន្ត្រីដែលប្រព្រឹត្តបទល្មើសទាំងនេះនឹងត្រូវបានតាមចាប់យកមកដាក់ទោសទណ្ឌឲ្យបានធ្ងន់ធ្ងរ។

លោកបានមានប្រសាសន៍ថា “ខ្ញុំស្នើឱ្យតុលាការផ្ដន្ទាទោសមន្ត្រីនគរបាលទាំងនេះដាក់ពន្ធនាគារអស់មួយជីវិត ពីព្រោះការវាយដំដែលពួកគេបង្កឡើងធ្វើឱ្យខ្ញុំរងរបួសជាទម្ងន់ ហើយបណ្តាលឱ្យបងថ្លៃរបស់ខ្ញុំស្លាប់”៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស