27.5 C
Phnom Penh

នគរបាល​ឆ្មក់​ចូល​ហាង​កាហ្វេ​វៀតណាម​និង​ចាប់​អ្នក​រកស៊ី​ផ្លូវ​ភេទ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃអង្គារថា ការស៊ើបអង្កេតរយៈពេលមួយខែលើហាងកាហ្វេវៀតណាមតូចមួយកន្លែងក្នុងក្រុងភ្នំពេញ បានឈានដល់ការចាប់ខ្លួនជនសង្ស័យរកស៊ីផ្លូវភេទបួននាក់ ចុងភៅម្នាក់និងអ្នកគ្រប់គ្រងពីរនាក់ សុទ្ធតែជនជាតិវៀតណាម ពីបទសង្ស័យថា ហាងនេះមានបើកផ្ទះបន។

លោក ឆាន វុធ នាយការិយាល័យនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនៃក្រសួងមហាផ្ទៃបាននិយាយថា នៅពេលដែលស្ត្រីវៀតណាមដែលគេចាប់ខ្លួនពីរនាក់បានសារភាពថា បានរកស៊ីផ្លូវភេទនៅកន្លែងនោះ ភ័ស្តុតាងជាក់ស្តែងតែមួយគត់ដាក់បន្ទុកលើអ្នកទាំងប្រាំពីរ គឺស្រោមអនាម័យដែលរកឃើញក្នុងបន្ទប់ជាន់លើ។

លោកបាននិយាយថា ទទួលបានព័ត៌មានពីអង្គការក្រៅរដ្ឋាភិបាលមួយ ក្រុមមន្ត្រីការិយាល័យបានចាប់ផ្តើមស៊ើបអង្កេតហាងមហាសម្បត្តិ ជាហាងតូចមួយនៅតាមវិថីព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

លោក វុធ បាននិយាយថា នៅម៉ោងប្រហែល៩យប់ថ្ងៃច័ន្ទ មន្ត្រីនគរបាលបានសម្រុកចូលបរិវេណនោះ និងបានឃាត់ឈ្មោះ ដាំ យ៉ាងតឹង អាយុ៥២ឆ្នាំ និង វៀន យ៉ាងវង់ អាយុ៣៧ ទាំងពីរនាក់ជាបងប្អូនរបស់ម្ចាស់ហាង បុរសម្នាក់ផ្សេងទៀតនិងស្ត្រីបួននាក់មានឯកសារ ដែលតាមការអះអាងបង្ហាញថា ពួកគេមានអាយុរវាងពី២០ឆ្នាំនិង៣១ឆ្នាំ។

លោកបាននិយាយថា “ពួកគេគ្រាន់តែបើកហាងកាហ្វេដើម្បីបន្លំភ្នែកនគរបាលប៉ុណ្ណោះ ប៉ុន្តែតាមពិត ពួកគេបើកផ្ទះបន។ នៅជាន់ខាងលើ មានបន្ទប់ដេកច្រើនសម្រាប់រួមភេទ”។

លោកបដិសេធមិនប្រាប់ឈ្មោះអង្គការក្រៅរដ្ឋាភិបាលដែលបានផ្តល់ព័ត៌មានដល់នគរបាលអំពីផ្ទះបននេះ ឬរៀបរាប់ល្អិតល្អន់អំពីរបៀបស៊ើបអង្កេតឡើយ។

ទោះជាយ៉ាងនេះក្តី នៅពេលឆ្មក់ចូលហាងនោះ និងសាកសួរអ្នករកស៊ីផ្លូវភេទទាំងបួននាក់នោះ លោក វុធ បាននិយាយថា នគរបាលប្រឆាំងការជួញដូរមនុស្សបានកំណត់ថា ពួកគេពីរនាក់មិនទាន់គ្រប់អាយុទេ។

លោកបាននិយាយថា “ការស៊ើបអង្កេតរបស់យើងបានរកឃើញថា មានក្មេងស្រីដែលជាអនីតិជន ពីព្រោះពួកគេមើលទៅតូចណាស់។ ប៉ុន្តែក្នុងលិខិតឆ្លងដែនរបស់ពួកគេ បង្ហាញថា ពួកគេមានអាយុ២០ឆ្នាំហើយ”។ លោកបាននិយាយបន្ថែមថា លោកនៅតែប្រាកដក្នុងការវាយតម្លៃរបស់ក្រុមមន្ត្រីរបស់លោក។

លើសពីនេះទៀត លោកបាននិយាយថា នគរបាលបានរកឃើញភ័ស្តុតាងគ្រប់គ្រាន់នៅហាងនោះ ដើម្បីចោទក្រុមនេះពីបទប្រើគ្រឿងញៀនខុសច្បាប់។

លោកបាននិយាយថា “យើងបានរកឃើញស្រោមអនាម័យមួយចំនួន និងប្រដាប់ជក់ក្នុងបន្ទប់ជាន់ខាងលើ”។ លោកបាននិយាយបន្ថែមថា ស្ត្រីពីរនាក់ក្នុងចំណោមបួននាក់ដែលត្រូវឃាត់ខ្លួននោះ តាមនគរបាលសាកសួរ បានសារភាពថា ធ្វើការជាស្រីពេស្យា និងបានប្រើគ្រឿងញៀន។ លោកបាននិយាយថា គ្រឿងញៀនមិនបានរកឃើញនៅកន្លែងឆែកនោះទេ។

ខណៈដែលនិយតកម្មមានអាយុកាលបីឆ្នាំ ហាមមន្ត្រីមិនឲ្យប្រើស្រោមអនាម័យជាភ័ស្តុតាងនៃការជួញដូរផ្លូវភេទ ជាការប្រឹងប្រែងលើកកម្ពស់ការរួមរ័កដោយសុវត្ថិភាព និងប្រយុទ្ធប្រឆាំងហ៊ីវនិងអេដស៍ នគរបាលប្រឆាំងការជួញដូរមនុស្សបានទទួលស្គាល់ចំពោះការបន្តការអនុវត្តនេះនៅពេលគ្មានជម្រើសផ្សេងដែលមានប្រសិទ្ធនោះ។

លោក វុធ បាននិយាយថា ក្រុមមន្ត្រីកំពុងស៊ើបអង្កេតនៅឡើយលើភិនភាគនិងរកម្ចាស់ហាង។ ជនសង្ស័យជាប់ឃុំប្រាំពីរនាក់នោះស្ថិតនៅទីស្នាក់ការរបស់នាយកដ្ឋាននៅឡើយ ខណៈដែលក្រុមមន្ត្រីរៀបចំរបាយការណ៍ដើម្បីបញ្ជូនទៅតុលាការក្រុងភ្នំពេញ។

តាមចៅសង្កាត់ លោក ឆៃ ធារិទ្ធ ហាងកាហ្វេនេះគ្រាន់តែជាការបិទបាំងសម្រាប់ផ្ទះបនប៉ុណ្ណោះ។

លោកបាននិយាយថា “បើខ្ញុំបានដឹងថា ហាងកាហ្វេនេះមានផ្ទះបននៅខាងក្នុង ខ្ញុំរាយការណ៍ទៅមន្ត្រីថ្នាក់លើឲ្យកម្ចាត់ហើយ”៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស