28 C
Phnom Penh

​​មគ្គុទ្ទេសក៍​​​​​​បញ្ចេញ​​​សូរ​​​​​​​​​​​​​​​ភាសា​​​ខ្មែរបង្កើត ​​​ក្រោយ​​​​​​​​​​​​​​​​ស្តាប់​​​មួយ​​​ទស​​​វត្សរ៍​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់ពីស្តាប់ជនជាតិខ្មែរយ៉ាងផ្ចិតផ្ចង់ជិតមួយទសវត្សរ៍ ពោលគឺពីមនុស្សក្នុងតៀមកាហ្វេនិយាយគ្នាភាសាធម្មតារហូតដល់អ្នកស្រាវជ្រាវទាំងឡាយដែលមានមតិក្នុងគ្រប់វិស័យទាំងអស់នោះ អ្នកជំនាញភាសាវិទ្យាពីរនាក់បានបង្កើតសៀវភៅមគ្គុទ្ទេសក៍ច្បាស់លាស់មួយសម្រាប់បញ្ចេញសូរសំឡេងភាសាខ្មែរ។

ចំពោះវិធានការល្អប្រសើរ លោក ហ្សង់ មីសែល ហ្វីលីពពី និងលោក ហៀប ច័ន្ទវិចិត្រ ក៏បានចាប់យកគ្រាមភាសាតែមួយគត់របស់ភ្នំពេញ ដែលគេហៅគុយទាវថា គទាវ ហើយប្រជាជន២លាននាក់មានឥទ្ធិពលលើភាសាខ្មែរតាមវិធីច្រើនអនេក។

Hiep Chan Vicheth, left, and Jean-Michel Filippi (Siv Channa/The Cambodia Daily)
Hiep Chan Vicheth, left, and Jean-Michel Filippi (Siv Channa/The Cambodia Daily)

វចនានុក្រមបញ្ចេញសូរសំឡេងភាសាខ្មែរ ដែលផ្តល់នូវមគ្គុទ្ទេសក៍បញ្ចេញសូរសំឡេងភាសាខ្មែរទាំងស្តង់ដារនិងគ្រាមភាសា  ជាពិសេសគ្រាមភាសានិយាយក្នុងក្រុងភ្នំពេញ គឺអាចរកបានថ្ងៃនេះនៅលើវិបសាយ យូណេស្កូ ជាទីភ្នាក់ងារសហប្រជាជាតិដែលប្តេជ្ញាការពារវប្បធម៌។

កិច្ចប្រឹងប្រែង ដើម្បីចាប់យកភាសាខ្មែរប្រើរយៈពេលជិត១០ឆ្នាំ  ពីព្រោះលោក ហ្វីលីពពី និងលោក ច័ន្ទវិចិត្រ ត្រូវចាប់ផ្តើមពីដំបូង។ ការបញ្ចេញសូរសំឡេងផ្លូវការមិនត្រូវបានកត់ត្រាជាលក្ខណៈប្រព័ន្ធទេ ដូច្នេះ គេត្រូវចាប់ផ្តើម ដោយបង្ហាញភាសាស្តង់ដារ មុននឹងគេអាចនិយាយអំពីគ្រាមភាសាភ្នំពេញ។

ដូចអ្នកនិពន្ធសរសេរក្នុងបុព្វកថារបស់គេ ទម្រង់ស្តង់ដារនៃភាសាខ្មែរបានចាប់ផ្តើមលេចឡើងក្នុងទសវត្សរ៍ឆ្នាំ១៩៥០ ប៉ុន្តែការងារដែលបោះពុម្ពផ្សាយស្តីពីការបញ្ចេញសូរសំឡេងក្នុងទសវត្សរ៍ឆ្នាំ១៩៥០និងឆ្នាំ១៩៦០ត្រូវផ្អែកលើភាសាខ្មែរនិយាយដោយអ្នកប្រាជ្ញខ្មែរ ដូចជាលោក កេង វ៉ាន់សាក់ អ្នកភាសាវិទ្យា លោក ឡុង សៀម និងអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរ ព្រះសង្ឃរាជគណៈមហានិកាយ ជួន ណាត។

លោក ហ្វីលីពពី និងលោក ច័ន្ទវិចិត្រ សរសេរថា “ការបញ្ចេញសូរសំឡេងភាសាខ្មែរដោយផ្អែកតែទៅលើការបញ្ចេញសូរសំឡេងរបស់មនុស្សសំខាន់ណាម្នាក់ដែលបានទទួលការអប់រំ  គឺស្ទើរតែគ្មានអ្វីដែលអាចបង្ហាញអំពីតថភាពជាក់ស្តែងនៃការបញ្ចេញសូរសំឡេងនៃភាសាខ្មែរប្រចាំថ្ងៃបាននោះទេ”។

អ្នកភាសាវិទ្យាទាំងពីរចង់ចៀសវាងបញ្ហានេះ ហើយក៏ផ្តោតទៅលើភាសាខ្មែរដែលគេស្តាប់ឮជាធម្មតាក្នុងសតវត្សរ៍ទី២១នេះ។

ដើម្បីកំណត់បទដ្ឋាន ពួកគេបានស្រាវជ្រាវភាសាខ្មែរនិយាយដោយជនជាតិខ្មែរមានចំណេះដឹងសព្វថ្ងៃ ជាពិសេសបញ្ញវន្តនិងអ្នកដែលមានសញ្ញាបត្រសាកលវិទ្យាល័យដែលធ្វើការក្នុងគ្រប់វិស័យ  ដែលរួមមានបុរសនិងស្ត្រីគ្រប់អាយុទាំងអស់។ អ្នកចូលរួមត្រូវសុំឲ្យអាននិងឆ្លើយសំណួរក្នុងពាក្យជាង២.០០០ពាក្យ ហើយផ្តល់យោបល់របស់ពួកគេនៅក្នុងខ្សែអាត់សំឡេងភាសាខ្មែរពីបរិបទផ្លូវការនិងក្រៅផ្លូវការ។

លោក ហ្វីលីពពី បាននិយាយក្នុងកិច្ចសម្ភាសថា “កិច្ចការនេះគឺត្រូវផ្ចិតផ្ចង់ណាស់ ដែលប្រើពេលច្រើនឆ្នាំ ចំណែកឯការកំណត់គ្រាមភាសាភ្នំពេញបង្ហាញថាមានការប្រឈមរឹតតែច្រើន”។

អ្នកស្រាវជ្រាវទាំងពីរស្តាប់មនុស្សដដែលខ្លះៗ ពីមុនមកនិងអ្នកភ្នំពេញជាច្រើននាក់អំឡុងពេលការសន្ទនាគ្នាធម្មតា ដោយផ្តោតទៅលើវិធីដែលពួកគេបញ្ចេញសំឡេងពាក្យហើយក៏កត់សម្គាល់ការសង្កេតរបស់គេដាច់ៗពីគ្នា។

លោក ហ្វីលីពពី បានកត់សម្គាល់ថា “វាពិបាកខ្លាំងណាស់ ហើយប្រើពេលច្រើន”។

លោក ច័ន្ទវិចិត្រ និយាយក្នុងបទសម្ភាសន៍ថា ដោយសារតែក្រុងភ្នំពេញគឺជាមជ្ឈមណ្ឌលនយោបាយ ពាណិជ្ជកម្ម និងប្រព័ន្ធផ្សព្វផ្សាយ គេអាចយល់ច្រឡំភាសាខ្មែរនិយាយក្នុងទីក្រុងជាមួយការបញ្ចេញសូរសំឡេងស្តង់ដារ។

លោកបាននិយាយថា “គ្រាមភាសាភ្នំពេញគឺគេស្តាប់យល់ច្រើនជាងគេ ហើយយើងចង់បញ្ជាក់ថា នេះជាគ្រាមភាសាភ្នំពេញ”។ ទីកន្លែងផ្សេងទៀតនៃប្រទេស ដូចជាតំបន់បាត់ដំបងនិងសៀមរាបក៏មានគ្រាមភាសាតំបន់របស់គេដែរ។

លោក ហ្វីលីពពី ពន្យល់ថា ជាឧទាហរណ៍មានស្រៈក្រោយបួនដែលប្រើក្នុងក្រុងភ្នំពេញ គឺស្រដៀងគ្នានឹងសំឡេងស្រៈជាពាក្យអង់គ្លេសថា “book” “soul” “pot” និង “Are” ជាដើម។ លោកបានពន្យល់ថា មានស្រៈក្រោយបីប៉ុណ្ណោះក្នុងភាសាខ្មែរនិយាយក្នុងតំបន់បាត់ដំបងនិងសៀមរាប។

គ្រាមភាសាភ្នំពេញក៏អាចឆ្លុះបញ្ចាំងឲ្យឃើញ ពោលគឺច្រើនជាងកន្លែងផ្សេងទៀតនៅក្នុងប្រទេសនូវភាពចលាចលខ្លាំងនៃរយៈពេល៥០ឆ្នាំកន្លងមកនេះ។

លោក ហ្វីលីពពី បាននិយាយថា អ្នកទីក្រុងសព្វថ្ងៃមិនមែនអ្នកដែលបានរស់នៅក្នុងទីក្រុង នៅពេលដែលខ្មែរក្រហមបានជម្លៀសប្រជាជនចេញ ក្រោយពីដណ្តើមបានអំណាចក្នុងខែមេសា ឆ្នាំ១៩៧៥នោះទេ។

លោកបាននិយាយថា បួនឆ្នាំក្រោយមកក្នុងពេលដែលកងទ័ពវៀតណាមដែលអមដោយក្រុមកងទ័ពខ្មែរបានមកដល់ពីវៀតណាមឆ្លងកាត់តាមខេត្តមណ្ឌលគីរី  ហើយបានផ្តួលរំលំរបបប៉ុល ពតនោះ ជនកម្ពុជារាប់ពាន់នាក់បានចូលមកក្រុងភ្នំពេញ ដែលពួកគេភាគច្រើនជាកសិករ មិនដែលរស់នៅក្នុងទីក្រុងទេ។

លោក ហ្វីលីពពី បាននិយាយថា ក្នុងខណៈដែលខ្មែរក្រហមរត់ទៅព្រំដែនថៃក្នុងខែមករា ឆ្នាំ១៩៧៩ ពួកគេបានព្យាយាមនាំប្រជាពលរដ្ឋដែលរស់នៅភាគខាងលិចនៃក្រុងភ្នំពេញទៅជាមួយ ដោយបណ្តាលឲ្យប្រជាជនរាប់ម៉ឺននាក់ភៀសខ្លួនទៅប្រទេសថៃ។ហេតុដូច្នេះ  អ្នកដែលបានចូលមកភ្នំពេញក្រោយពីបរាជ័យរបស់ខ្មែរក្រហម បានមកពីទិសខាងជើងនិងខាងកើត ជាពិសេសពីខេត្តកំពង់ឆ្នាំង កណ្តាល កំពង់ចាម ព្រៃវែងនិងខេត្តស្វាយរៀង។

ដោយទីក្រុងមានប្រជាជនចូលមករស់នៅជាថ្មី ការបញ្ចេញសូរសំឡេងស្តង់ដារបានលេចឡើងយឺតៗ  ដែលធ្វើឡើងដោយប្រជាជនចំណូលថ្មី។

លោកបាននិយាយថា “អ៊ីចឹង គ្រាមភាសាពីកន្លែងផ្សេងៗ ដូចជាខេត្តព្រៃវែង ស្វាយរៀង… និងខេត្តកំពង់ចាមជាបណ្តើរៗបង្កើតភាសាមួយ។ ការទាក់ទងគ្នាជាបណ្តើរៗបង្កើតបានការបញ្ចេញសំឡេង។ វាជាការបញ្ចេ្ញសំឡេងភ្នំពេញកណ្តាលសព្វថ្ងៃនេះ”។

លោក ហ្វីលីពពី ដែលកើតនៅលើកោះកូស៊ីកា នៅក្នុងសមុទ្រមេឌីទែរ៉ាណេ បង្រៀនភាសាវិទ្យាខ្មែរនិងទស្សនវិទ្យាភាសា និងសូរវិទ្យាដល់និស្សិតថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ជានរវិទូ លោករស់នៅក្នុងប្រទេសកម្ពុជាចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០ ដោយចូលទៅប្រទេសចិននិងតៃវ៉ាន់ដើម្បីសិក្សាភាសាចិន។ ការងាររបស់លោករួមមានការស្រាវជ្រាវនិងបោះពុម្ពសៀវភៅមួយស្តីពីភាសាជនជាតិភាគតិចនៅកម្ពុជា ដែលរួមទាំងជនជាតិភាគតិចព័រក្នុងខេត្តព្រះវិហារដែរ។

មានស្រុកកំណើតនៅក្នុងខេត្តសៀមរាប លោក ច័ន្ទវិចិត្រ គឺជាសិស្សរបស់លោក ហ្វីលីពពី ដែលមានសញ្ញាបត្រអនុបណ្ឌិតផ្នែកភាសាវិទ្យាពីប្រទេសបារាំង។នាពេលបច្ចុប្បន្ននេះ លោកបង្រៀនភាសាវិទ្យាបារាំងនិងសូរវិទ្យានៅវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយធ្វើការជាមួយលោក ហ្វីលីពពី ក្នុងគម្រោងស្រាវជ្រាវបីបួន។

នៅក្នុងវចនានុក្រមរបស់ពួកគេ ពាក្យនីមួយៗសរសេរជាបួនវិធី គឺជាអក្សរខ្មែរ ជាឡាតាំង និងជាភាសាផ្លូវការនិងគ្រាមភាសាភ្នំពេញនៅខាងក្រោមជាសញ្ញាសូរវិទ្យាអន្តរជាតិ។

មគ្គុទ្ទេសក៍បញ្ចេញសូរសំឡេងតាមអុីនធឺណិតដោយឥតគិតថ្លៃ អាចរកបានតាមវិបសាយ www.unesco.org/phnompenh ដែលរួមមានបុព្វកថាជាភាសាខ្មែរ  អង់គ្លេសនិងបារាំង ហើយក៏នឹងអាចរកបានជាសៀវភៅនៅតាមបណ្ណាល័យសាកលវិទ្យាល័យសាធារណៈនានាដែរ។

លោក ហ្វីលីពពី បាននិយាយថា សព្វថ្ងៃនេះ ភាសាខ្មែរប្រឈមនឹងការគំរាមកំហែងថ្មីមួយនៅក្នុងសម័យអុីនធឺណិតដ៏ទូលំទូលាយនិងទស្សនវិស័យសាកលក្នុងចំណោមយុវជនឋានៈកណ្តាល ដែលតែងតែសន្ទនាគ្នាដោយប្រើលាយពាក្យអង់គ្លេស។

លោកនិយាយថា ក្នុងខណៈដែលគ្រួសារឋានៈកណ្តាលបញ្ជូនកូនចៅរបស់ខ្លួនទៅរៀនភាសាអង់គ្លេស ឬសាលាអង់គ្លេសនោះ ជនកម្ពុជាជំនាន់ថ្មីអាចក្លាយជាមនុស្សពេញវ័យដោយមានចំណេះដឹងមានកម្រិតលើភាសាជាតិខ្លួនឯង។

លោក ហ្វីលីពពី បាននិយាយបន្ថែមថា “រឿងនេះអាចជាបញ្ហាធំសម្រាប់កម្ពុជា”៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស