30 C
Phnom Penh

ភេរវករ​ដែល​រត់​គេច​ខ្លួន ត្រូវ​សមត្ថកិច្ច​ចាប់​បាន​ពេល​បម្រុង​​​​បួស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីបាននិយាយកាលពីម្សិលមិញថា ទណ្ឌិតឈ្មោះ សោម ឯក ដែលបានរត់គេចខ្លួនពីអនុរក្សពន្ធនាគារខណៈកំពុងទទួលការព្យាបាលជំងឺនៅមន្ទីរពេទ្យកាលពីដើមខែនេះ បានជាប់ឃុំឃាំងវិញហើយ បន្ទាប់ពីនគរបាលចាប់ជននេះបាននៅវត្តមួយក្នុងខេត្តសៀមរាប ពេលកំពុងព្យាយាមសាងផ្នួសជាព្រះសង្ឃ។

cam-photo-som-ek-foloលោក ពេជ្រ យ៉ុន ប្រធានពន្ធនាគារប៉េហ្ស៊ី ទីដែល សោម ឯក អនុវត្តទោសជាប់ពន្ធនាគារជាង៤០ឆ្នាំរបស់ខ្លួនមានប្រសាសន៍ថា “យើងចាប់ខ្លួនជននេះបាន ពេលជននេះកំពុងទៅវត្តមួយនៅព្រឹកនេះដែលខ្លួនចង់បួសជាសង្ឃ”។

សោម ឯក បានគេចខ្លួនចាប់តាំងពីរត់គេចពីអនុរក្សពន្ធនាគារពីរនាក់ដែលត្រូវបានព្យួរការងារចាប់តាំងពេលនោះមក ខណៈកំពុងទទួលការព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី៨ ខែតុលា។

អតីតទាហានកងយោធពលខេមរភូមិន្ទរូបនេះកំពុងអនុវត្តទោសជាប់ពន្ធនាគារជាច្រើនឆ្នាំពីបទជាប់ពាក់ព័ន្ធការបំផ្ទុះគ្រាប់បែកតូចមួយនៅស្តូបមិត្តភាពកម្ពុជា-វៀតណាម កាលពីឆ្នាំ២០០៧ និងការប៉ុនប៉ងបំផ្ទុះគ្រាប់បែកលើការិយាល័យនៃក្រសួងការពារជាតិ និងស្ទូឌីយ៉ូនៃស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣កាលពីឆ្នាំ២០០៩។

លោក ពេជ្រ យ៉ុន មានប្រសាសន៍ថា សមត្ថកិច្ចចាប់ខ្លួន សោម ឯក ឬដែលគេស្គាល់ថា “ទីតូ” បានតាមព័ត៌មានឲ្យការណ៍កាលពីព្រឹកម្សិលមិញ នៅវត្តមួយលើភ្នំគូលែន ក្នុងស្រុកស្វាយលើ ខេត្តសៀមរាប ប៉ុន្តែបានបដិសេធមិនផ្ដល់ព័ត៌មានលម្អិតបន្ថែមទៀតទេ។

លោក សត ណាឌី ស្នងការនគរបាលខេត្តសៀមរាបបានបញ្ជាក់ថា ពិតជាមានការចាប់ខ្លួននេះមែន។ លោកមានប្រសាសន៍ថា “អ្នកទោសនេះនឹងត្រូវបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ ហើយនឹងបញ្ជូនទៅពន្ធនាគារព្រៃសនៅពេលល្ងាច” ហើយបានបង្វែរសំណួរបន្ថែមទៀតទៅអនុប្រធានរបស់លោកដែលមិនអាចទាក់ទងសុំការបំភ្លឺបាន។

ការគេចខ្លួនរបស់ សោម ឯក ស្ថិតនៅក្នុងភាពអាថ៌កំបាំង។ ដំណើរដើមទងនៃការគេចខ្លួននេះបានចាប់ផ្ដើមកាលពីថ្ងៃទី៦ ខែតុលា នៅពេលជននេះសន្លប់ក្នុងបន្ទប់ទឹកពន្ធនាគារ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ប៉ុន្មានយប់ក្រោយមក គ្រួសាររបស់ សោម ឯក បានចូលទៅបន្ទប់ដែលជននេះសម្រាកព្យាបាលនៅផ្នែកប្រសាទសាស្ត្រ ហើយបានចែកចាយបាយ នំ និងអាហារផ្សេងទៀតដល់គេឯង។ អនុរក្សពន្ធនាគារ និងអ្នកផ្សេងទៀតដែលសម្រាកក្នុងបន្ទប់នោះនិយាយថា អាហារទាំងនោះ និងខ្សៀដែល សោម ឯក បានជក់មានផ្ទុកសារធាតុគីមីដែលសណ្ដំពួកគេឱ្យដេកលក់ ហើយអ្នកទោសរូបនេះក៏បានដោះខ្នោះចេញពីកជើងរបស់ខ្លួន រួចគេចខ្លួនទាំងយប់។

ប៉ុន្តែកាលពីថ្ងៃអង្គារ សមត្ថកិច្ចនិយាយថា ពួកគេបានធ្វើតេស្តពិនិត្យអាហារទាំងនោះ ហើយរកមិនឃើញសារធាតុគីមីគួរឱ្យសង្ស័យទេ ហើយកំពុងសិក្សារកមូលហេតុផ្សេងទៀតនៃការគេចខ្លួននេះ។ ពួកគេក៏និយាយដែរថា ឈ្មោះរបស់ សោម ឯក ត្រូវបានបញ្ចូលក្នុងបញ្ជីឈ្មោះឧក្រិដ្ឋជនដែលចង់ចាប់ខ្លួនបំផុតរបស់នគរបាលអាំងទែប៉ូល។

យោងតាមឈ្មោះ សម សិរី ជាសកម្មជនម្នាក់រស់នៅក្នុងប្រទេសដាណឺម៉ាក ដែលស្គាល់ សោម ឯក ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០បានឱ្យដឹងថា សោម ឯក គឺជាទាហានម្នាក់ក្នុងរណសិរ្សរំដោះជាតិខ្មែរប្រឆាំងកុម្មុយនីស្តនៅទសវត្សរ៍ឆ្នាំ១៩៨០ មុនពេលចូលបម្រើកងយោធពលខេមរភូមិន្ទនៅទសវត្សរ៍ឆ្នាំ១៩៩០។

សម សិរី និយាយទៀតថា សោម ឯក បានបោះបង់កងទ័ពនៅឆ្នាំ២០០៣ ហើយចូលរួមក្នុងចលនាមួយដើម្បីចែកចាយខិត្តប័ណ្ណប្រឆាំងគណបក្សប្រជាជនកម្ពុជា និងប្រឆាំងវៀតណាម។ ទោះជាយ៉ាងណា នៅក្នុងសវនាការជំនុំជម្រះទោស សោម ឯក រដ្ឋាភិបាលបានអះអាងថា ជននេះគឺជាសមាជិកចលនាភេរវកម្ម “ក្បាលខ្លា” ហើយក៏មានទំនាក់ទំនងជាមួយកងទ័ពសេរីជាតិកម្ពុជា (CFF) ដែលបានធ្វើការវាយប្រហារមួយទៅលើអគាររដ្ឋាភិបាលក្នុងរាជធានីភ្នំពេញ កាលពីឆ្នាំ២០០០ផងដែរ៕ សុខុម

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស