31 C
Phnom Penh

ការ​​​ធ្វើ​​​ពហិការ​​​នឹងធ្វើ​​​ឲ្យ​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ត្រូវ​​​កាត់​​​​​​ប្រាក់​​​ខែ​​​គិត​​​​​​ចាប់​​​ពី​​​ថ្ងៃ​​​នេះ​​​​​​ទៅ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាដែលមានសមាជិកភាគច្រើនមកពីគណបក្សប្រជាជនកម្ពុជាបានអនុម័តយល់ព្រមលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការអនុវត្តវិន័យចំពោះតំណាងរាស្ត្រដែលអវត្តមាន និងបានច្រានចោលសំណើរបស់គណបក្សប្រឆាំងស្នើសុំឲ្យមានការធ្វើវិសោធនកម្មច្បាប់ដ៏ចម្រូងចម្រាសចំនួន៣ស្តីពីឯករាជភាពរបស់តុលាការ ដោយអះអាងថា សំណើនេះស្នើសុំសើរើច្បាប់ច្រើនពេក។ 

ដោយចាប់ផ្តើមពីថ្ងៃនេះទៅ តំណាងរាស្ត្រនឹងត្រូវកាត់ប្រាក់ខែសម្រាប់ការខកខានមិនបានចូលរួមសម័យប្រជុំសភាណាមួយដោយគ្មានការអនុញ្ញាតយល់ព្រមជាមុនពីលោក ហេង សំរិន ប្រធានរដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា និងពីសម័យប្រជុំរបស់គណៈកម្មការនៃរដ្ឋសភាដែលទទួលបន្ទុកវិស័យនីមួយៗ ដើម្បីបំពេញសម័យប្រជុំពេញអង្គ។

ពួកគេក៏ប្រហែលជាត្រូវកាត់ប្រាក់ខែ ឬបណ្តេញចេញពីអង្គប្រជុំផងដែរសម្រាប់ការមិនគោរពដល់ព្រះមហាក្សត្រ លោក ហេង សំរិន ឬតំណាងរាស្ត្រដូចគ្នា។

ច្បាប់ថ្មីនេះទំនងជាមានគោលដៅដាក់ទណ្ឌកម្មចំៗលើគណបក្សសង្គ្រោះជាតិដែលមិនបានចូលរួមសម័យប្រជុំពេញអង្គក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះដើម្បីតវ៉ាប្រឆាំងការចាប់ខ្លួនតំណាងរាស្ត្រមានអភ័យឯកសិទ្ធិស្របច្បាប់ចំនួនពីររូបរបស់ខ្លួន ដែលលើកឡើងថា ការចាប់ខ្លួននេះរំលោភបំពានរដ្ឋធម្មនុញ្ញ។

ប៉ុន្តែ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាបានបដិសេធថា គ្មានភាពលម្អៀងផ្នែកនយោបាយណាមួយឡើយ។លោកបានមានប្រសាសន៍ថា “សារាចរណែនាំនេះមិនមែនអនុវត្តលើតំណាងរាស្ត្រមកពីគណបក្សដ៏ជាក់លាក់ណាមួយឡើយ។វាសម្រាប់តំណាង រាស្ត្រមកពីគណបក្សណាមួយដែលធ្វើខុស។យើងនឹងអនុវត្ត មិនថាតំណាងរាស្ត្រមកពីគណបក្សណាទេ”។

ច្បាប់សភាបានហាមប្រាមរួចហើយចំពោះអវត្តមានដោយគ្មានពន្យល់ពីហេតុផលច្បាស់លាស់ ប៉ុន្តែមិនបានភ្ជាប់ការពិន័យណាមួយទេ។ ទោះជាយ៉ាងណា គណៈកម្មាធិការអចិន្ត្រៃយ៍បានដកប្រាក់ខែ និងតំណែងរបស់តំណាងរាស្ត្រគណបក្សប្រឆាំងអំឡុងពេលមានការធ្វើពហិការមិនចូលសភាកាលពីឆ្នាំ២០១៣។

លោក ឈាង វុន តំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលក៏ជាសមាជិកនៃគណៈកម្មាធិការនេះដែរនោះបានលើកឡើងថា សភាត្រូវការច្បាប់ថ្មីនេះជាចំបាច់ដើម្បីធ្វើឲ្យប្រាកដថា ការដាក់ទោស ទណ្ឌត្រូវបានធ្វើឡើងដោយមានភាពស្របគ្នា។

លោកបានសួរថា “ប្រសិនបើគណបក្សមួយធ្វើពហិការ ខណៈគណបក្សមួយទៀតកំពុងធ្វើការនោះ តើនៅកម្ពុជាមានប្រជាធិបតេយ្យបែបណា?។ យើងចង់ឲ្យតំណាងរាស្ត្រដែលមានរបៀបវារៈនយោបាយទាំងអស់មកអង្គុយធ្វើការនៅក្នុងសភា”។

លោក យ៉ែម បុញ្ញឫទ្ធិ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាសមាជិកនៃគណៈ កម្មាធិការនេះដែរនោះ បានជំទាស់នឹងច្បាប់ថ្មីនេះដោយចាត់ទុកថា “មានចរិតនយោបាយ” ហើយថា គណបក្សប្រឆាំងនឹងមិនគោរពតាមទេ។ លោកបានលើកឡើងទៀតថា គណបក្សរបស់លោកនឹងបន្តនៅក្នុងការសម្រេចថា តើត្រូវចូលរួមសម័យប្រជុំនីមួយៗនាពេលខាងមុខ ឬយ៉ាងណាពោលគឺ “អាស្រ័យលើរបៀបវារៈ”។

លោកបានមានប្រសាសន៍ថា “យើងមិនខ្លាចសារាចរណែនាំនេះទេ ហើយយើងនឹងបន្តការតស៊ូមតិរបស់យើងបន្តទៀត”។

លោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា(ខុមហ្វ្រែល) បានយល់ស្របថា ច្បាប់នេះមានគោលដៅលើគណបក្សសង្គ្រោះជាតិ។

លោកបានមានប្រសាសន៍ថា “ប្រទេសជាច្រើនប្រើសិទ្ធិដើម្បីធ្វើពហិការ។ នេះគឺជាវិធីដែលពួកគេបង្ហាញថា ខ្លួនមិនសប្បាយចិត្ត…វាជាសិទ្ធិរបស់ពួកគេ”។

លោក គល់ បញ្ញា ក៏បានលើកឡើងផងដែរថា ការពិន័យតំណាងរាស្ត្រដែល “ចំអក” សភា ឬប្រធានសភា ក៏ធ្វើឲ្យមានការមិនពេញចិត្តដែរ ហើយវារារាំងមិនឲ្យមានការពិភាក្សាដេញដោលប្រកបដោយភាពត្រឹមត្រូវ។

លោកបានមានប្រសាសន៍ថា ” ជាការពិត ព្រះមហាក្សត្រស្ថិតក្នុងរដ្ឋធម្មនុញ្ញ។ ប៉ុន្តែ ប្រធានសភា គាត់មកពីគណបក្សកាន់អំណាច។ ហេតុអ្វីគេមិនអាចរិះគន់គាត់បាន?។ វាបង្ហាញយ៉ាងច្បាស់ថា ពួកគេចង់បំភ័យកុំឲ្យសមាជិកសភាហ៊ានរិះគន់គណបក្សកាន់អំណាច “។

យោងតាមច្បាប់ថ្មីនេះតំណាងរាស្ត្រដាច់ខាតត្រូវមានហេតុផល “សមហេតុសមផល” សម្រាប់ការខកខានក្នុងការចូលរួមសម័យប្រជុំ ដោយមានការអនុញ្ញាតយល់ព្រមពីរដ្ឋសភា បើពុំដូច្នោះទេនឹងត្រូវកាត់ប្រាក់ខែតាមអត្រាប្រចាំថ្ងៃសម្រាប់រាល់អវត្តមានមូយលើកៗ បន្ទាប់ពីមិនបានគោរពតាមការព្រមានជាលើកទីមួយ។

ច្បាប់នេះក៏បានដាក់ចេញនូវការដាក់វិន័យលើការបញ្ចេញឥរិយាបថមិនល្អនានាអំឡុងសម័យប្រជុំដែរ។ តំណាងរាស្ត្រណាដែល “បង្កភាពចលាចល” ឬជេរប្រមាថគ្នានឹងត្រូវបាត់បង់ប្រាក់ខែពាក់កណ្តាល ហើយនឹងត្រូវយកការបញ្ចេញឥរិយាបថរបស់ពួកគេដែលប្រព្រឹត្តនាពេលកន្លងមកទៅបិទជាសាធារណៈនៅមណ្ឌលរបស់ពួកគេ។

អ្នកដែលប្រព្រឹត្តបទល្មើសដដែលៗ ជាមួយនឹងអ្នកដែលញុះញង់ឲ្យកើតមានអំពើហិង្សា ឬជេរប្រមាថព្រះមហាក្សត្រ ឬប្រធានសភាអាចត្រូវបានបណ្តេញចេញពីអង្គប្រជុំ ដោយការបោះឆ្នោត ឬការលើកដៃនៅក្នុងសភាតាមសំណើរបស់ប្រធានសភា។ ពួកគេក៏នឹងត្រូវកាត់ប្រាក់ខែពាក់កណ្តាលផងដែរសម្រាប់រយៈពេលពីរខែហើយមិនឲ្យចូលរួមសម័យប្រជុំចំនួន១៥លើកជាប់ៗគ្នា។

ដាច់ដោយឡែកពីនេះ កាលពីម្សិលមិញគណៈកម្មាធិការអចិន្ត្រៃយ៍នេះក៏បានបដិសេធមិនបញ្ជូនសំណើសុំឲ្យមានការធ្វើវិសោធនកម្ម “ច្បាប់មូលដ្ឋាន” ដ៏ចម្រូងចម្រាស ស្តីពីតុលាការទៅកាន់សភាសម្រាប់ការពិភាក្សាវែកញែកដេញដោល និងការបោះឆ្នោតដែលអាចកើតមានឡើងផងដែរ។

សភាបានអនុម័តច្បាប់ទាំងបីនេះកាលពីឆ្នាំ២០១៤ ដោយមានការរៀបចំដើម្បីពង្រឹងទំនាក់ទំនងរបស់រដ្ឋាភិបាលជាមួយតុលាការ អំឡុងពេលមានការធ្វើពហិការមិនចូលសភាលើកមុនរបស់គណបក្សប្រឆាំង។គណបក្សសង្គ្រោះជាតិបានលើកឡើងថា ច្បាប់ទាំងនេះបង្កើតឡើងគ្រាន់តែដើម្បីពង្រឹងការគ្រប់គ្រងត្រួតត្រារបស់គណបក្សប្រជាជនកម្ពុជាលើប្រព័ន្ធតុលាការដែលកំពុងញាំញីទៅដោយអំពើពុករលួយស្រាប់ប៉ុណ្ណោះ។

លោក ឡេង ប៉េងឡុង បានលើកឡើងទៀតថា សំណើសុំឲ្យមានការធ្វើវិសោធនកម្មមានទំហំស្មើនឹងសេចក្តីព្រាងច្បាប់ថ្មីទៅហើយ ហេតុដូច្នេះត្រូវបញ្ជូនទៅឲ្យឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមពិនិត្យជាមុនសិន។

លោក យ៉ែម បុញ្ញឫទ្ធិ មិនបានយល់ស្របនោះឡើយ។

លោកបានមានប្រសាសន៍ថា “ច្បាប់ថ្មីនេះគួរតែបញ្ជូនទៅសភា ហើយទុកឲ្យសម័យប្រជុំពេញអង្គសម្រេច”៕ ស៊ុយឈាង (រាយការណ៍បន្ថែមដោយ Zsombor Peter)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស