អំឡុងពេលឡើងផ្ដល់សក្ខីកម្មលើកចុងក្រោយ មុនពេលប្រកាសសាលក្រមនៅខែក្រោយ លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងដែលជាប់ពន្ធនាគារបានប្រាប់សាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញថា លោកសង្ឃឹមថា ការរិះគន់របស់លោកលើកិច្ចការព្រំដែនរបស់រដ្ឋាភិបាលនឹងធ្វើឱ្យប្រទេសជាតិរួបរួមគ្នា មិនមែនបែកបាក់គ្នាទេ។
លោក ហុង សុខហួរ ត្រូវបានចាប់ខ្លួនកាលពីសីហា ឆ្នាំមុន គឺតែពីរថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឱ្យចាប់ខ្លួនលោកបន្ទាប់ពីមើលវីដេអូឃ្លីបរបស់សមាជិកព្រឹទ្ធសភារូបនេះបង្ហោះតាមហ្វេសប៊ុកដែលបង្ហាញពីសន្ធិសញ្ញាក្លែងក្លាយថា កម្ពុជាយល់ព្រមរម្លាយព្រំដែនរបស់ខ្លួនជាមួយវៀតណាម។

រូបភាពវីដេអូ និងការចាប់ខ្លួនធ្វើឡើងចំពេលមានភាពតានតឹងបង្កឡើងដោយយុទ្ធនាការបែបរិះគន់របស់គណបក្សសង្គ្រោះជាតិ ដើម្បីបង្ហាញពីការលុកលុយរបស់វៀតណាមចូលក្នុងទឹកដីកម្ពុជា និងភាពមិនប្រក្រតីផ្សេងទៀតទាក់ទិននឹងការកំណត់ព្រំដែនរួមរបស់ប្រទេសទាំងពីរ។
សមាជិកព្រឹទ្ធសភារូបនេះត្រូវបានចោទប្រកាន់ពីបទក្លែងឯកសារ និងញុះញង់ ជាការចោទប្រកាន់ដែលលោកបានបដិសេធ ដោយអះអាងថា លោកបានឃើញសន្ធិសញ្ញានេះនៅក្នុងប្រព័ន្ធអុីនធឺណិតច្រើនឆ្នាំកន្លងមកហើយ បន្ទាប់ពីស្វែងរក “សន្ធិសញ្ញាឆ្នាំ១៩៩៩” តាមរយៈហ្គូហ្គល”។ លោកអាចប្រឈមការជាប់ពន្ធនាគាររហូតដល់១៧ឆ្នាំ ប្រសិនបើត្រូវបានកាត់ឱ្យជាប់ទោសពីការចោទប្រកាន់ទាំងពីរនេះ។
អំឡុងពេលផ្តល់សេចក្តីសន្និដ្ឋានការពាររបស់លោកក្នុងសំណុំរឿងនេះ ដែលសាលក្រមរំពឹងថានឹងប្រកាសនៅថ្ងៃទី៧ ខែវិច្ឆិកា លោក ហុង សុខហួរ បានអះអាងថា លោកសង្ឃឹមថា សកម្មភាពរបស់លោកនឹងធ្វើឱ្យរដ្ឋាភិបាលយល់ដឹងដូចគណបក្សប្រឆាំងដែរ។
លោកបានថ្លែងថា “ខ្ញុំមានគោលបំណងតែមួយគត់គឺឱ្យប្រទេសជាតិរួបរួមគ្នា។ ជាពិសេសជុំវិញបញ្ហាព្រំដែន និងឱ្យមានដំណោះស្រាយ និងដំណោះស្រាយរួម។ ខ្ញុំគ្មានបំណងញុះញង់ទេ”។
សមាជិកព្រឹទ្ធសភារូបនេះបានរិះគន់រដ្ឋាភិបាលអំពីកង្វះកិច្ចសហប្រតិបត្តិការក្នុងការពិនិត្យមើលសន្ធិសញ្ញាព្រំដែនជាមួយវៀតណាម ដើម្បីធ្វើឱ្យប្រាកដថា ប្រទេសជិតខាងដ៏ធំរបស់កម្ពុជានឹងមិនលេបយកទឹកដីរបស់ខ្លួន។
លោកបានមានប្រសាសន៍ថា “ទាក់ទងនឹងសន្ធិសញ្ញានេះ មិនមានកិច្ចសហប្រតិបត្តិការពីរដ្ឋាភិបាលអំពីបញ្ហាព្រំដែននេះទេ។ គឺសូន្យតែម្ដង”។

បន្ទាប់ពីទទួលរងសម្ពាធដំបូងពីយុទ្ធនាការរបស់គណបក្សសង្គ្រោះជាតិ និងផ្ញើកំណត់ទូតភ្លាមៗទៅរដ្ឋាភិបាលក្រុងហាណូយ ទាក់ទិននឹងការចូលលុកលុយរបស់វៀតតណាម លោក ហ៊ុន សែន បានសម្រេចបង្វែរទិសដៅភ្លាមៗ ដោយបញ្ជាឱ្យចាប់ខ្លួនលោក ហុង សុខហួរ ហើយប្រកាសថា នរណាក៏ដោយដែលចោទថារដ្ឋាភិបាលប្រើប្រាស់ផែនទីក្លែងក្លាយ នឹងប្រឈមវិធានការតាមផ្លូវច្បាប់។
លោក សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងកាលពីម្សិលមិញ បានច្រានចោលការការពារខ្លួនរបស់លោក ហុង សុខហួរ ហើយថា សមាជិកព្រឹទ្ធសភារូបនេះបានព្យាយាមយ៉ាងច្បាស់ក្រឡែតក្នុងការក្លែងឯកសារនេះជាឯកសារស្របច្បាប់ ក្នុងគោលបំណងបញ្ឆេះកំហឹងប្រឆាំងរដ្ឋាភិបាល។
លោកបានថ្លែងថា “បំណងគឺញុះញង់សាធារណជនឱ្យមានកំហឹង ហើយធ្វើឱ្យសាធារណជនយល់ច្រឡំអំពីបញ្ហាព្រំដែន”។
លោក ជូង ជូងី មេធាវីតំណាងសមាជិកព្រឹទ្ធសភារូបនេះបានមានប្រសាសន៍ថា មិនមានសំណុំរឿងប្រឆាំងកូនក្ដីរបស់លោកទេ ដោយសារហេតុពិតថា លោកបានឃើញសន្ធិសញ្ញាក្លែងក្លាយនេះតាមប្រព័ន្ធអុីធឺណិតតែប៉ុណ្ណោះ។
លោក ជូង ជូងី បានថ្លែងថា “សំណួរចោទសួរថា តើគាត់ផលិតវា ឬក៏មិនមែន? គាត់បានយកវាចេញពីអុីនធឺណិតតាមហ្គូហ្គល។ មិនមានមូលដ្ឋានគតិយុត្តិ ដើម្បីចោទប្រកាន់គាត់ពីបទញុះញង់នោះទេ។ តើលោក ហុង សុខហួរ បានធ្វើឲ្យប៉ះពាល់ដល់សន្ធិសញ្ញាពិតឬ?។ គាត់អត់ទេ”៕សារុន