35 C
Phnom Penh

ព្រឹត្តិការណ៍​ប្រកួត​កីឡា​ជាតិ​លើក​ដំបូង​ចាប់​ផ្តើម​នៅ​រាជធានី​ភ្នំពេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពហុកីឡដ្ឋានជាតិអូឡាំពិកនៅក្រុងភ្នំពេញមានភាពសប្បាយអ៊ូអរកាលពីថ្ងៃពុធ ខណៈដែលតារាកីឡារបស់ប្រទេសកម្ពុជាចម្រុះគ្នាជាមួយអត្តពលិកស្មគ្រចិត្តមកពីទូទាំងប្រទេស មករាជធានីដើម្បីចូលរួមក្នុងព្រឹត្តិការណ៍កីឡាដ៏ធំបំផុតរបស់ប្រទេសចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៦០មក។

ទាហានហាត់សមកាលពីថ្ងៃពុធសម្រាប់ពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាជាតិនៅថ្ងៃសុក្រ នៅឯពហុកីឡដ្ឋានអូឡាំពិកក្នុងក្រុងភ្នំពេញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
ទាហានហាត់សមកាលពីថ្ងៃពុធសម្រាប់ពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាជាតិនៅថ្ងៃសុក្រ នៅឯពហុកីឡដ្ឋានអូឡាំពិកក្នុងក្រុងភ្នំពេញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

ខណៈដែលការប្រកួតកីឡាបាល់បោះនិងកីឡាពីងប៉ុងបានចាប់ផ្តើមកាលពីថ្ងៃពុធ ពិធីសម្ពោធព្រឹត្តិការណ៍ជាផ្លូវការនៃ “កីឡាជាតិ”លើកដំបូងរបស់ប្រទេសកម្ពុជានៅថ្ងៃសុក្រ ដែលពេលនោះមនុស្ស៦០.០០០ត្រូវគេរំពឹងថាមកកីឡដ្ឋាននេះជាអ្នកបើកឆាកបែបកីឡាអូឡាំពិក។

កាលពីរសៀលថ្ងៃពុធ ទាហានបានហាត់ក្បាច់គុនលើទីធ្លាសិប្បនិម្មិតរបស់កីឡដ្ឋាននេះ ខណៈដែលអ្នករបាំប្រពៃណីហាត់សមត្រៀមលក្ខណៈដើម្បីសំដែងក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

នៅម៉ោងប្រហែល៤ល្ងាច តារាកីឡា ក្នុងនោះមានទាំងជើងឯកតៃក្វាន់ដូ ស៊ន សៀវម៉ី ដែលបានក្លាយជាពលរដ្ឋខ្មែរទី១ឈ្នះមេដាយមាសក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០១៤ និងកីឡាករបាល់ទាត់ ចាន់ វឌ្ឍនាកា ជាកីឡាករឆ្នើមក្នុងក្រុមជម្រើសជាតិផង បានចូលរួមក្នុងពិធីប្រោះព្រំនៅម្ខាងនៃទីធ្លា ខណៈដែលក្រុមអ្នកគាំទ្រប្រជ្រៀតគ្នាថតសែលហ្វី។

នៅព្រឹកថ្ងៃនោះដែរ កីឡា ដែលខ្ចីពាក្យស្លោកយុទ្ធនាការរបស់បេក្ខជនឈរឈ្មោះប្រធានាធិបតីអាមេរិក ហ៊ីលឡារី គ្លីនតុនថា “រឹងមាំឡើងជាមួយគ្នា” បានចាប់ផ្តើមពីកីឡាធម្មតា ដោយការប្រកួតបាល់បោះនិងកីឡាពីងប៉ុងដែលប្រព្រឹត្តទៅនៅបរិវេណកីឡដ្ឋាននេះ។

ជា វឌ្ឍនា អាយុ២៩ឆ្នាំ ដែលធ្វើការឲ្យក្រុមហ៊ុនមួយក្នុងក្រុងភ្នំពេញ ប៉ុន្តែបានឈប់សម្រាកមួយសប្តាហ៍ ដើម្បីដឹកនាំក្រុមនៅខេត្តកំពតក្នុងការប្រកួតប្រជែងកីឡាបាល់បោះ បានសោកស្តាយដែលក្រុមរបស់លោកចាញ់យ៉ាងច្រើន៨៤ទល់នឹង៣៤ចំពោះក្រុមកំពង់ចាមដែលខ្ពស់ជាងនិងខ្លាំងជាង។

លោកបាននិយាយថា “អ្នកខ្លះរស់នៅក្នុងកំពត ប៉ុន្តែខ្ញុំធ្វើការនៅភ្នំពេញ ដូច្នេះក្នុងការប្រកួតដំបូង យើងមិនបានសហការគ្នាល្អទេ។ ហេតុដូច្នេះហើយ លទ្ធផលអាក្រក់អ៊ីចឹង ប៉ុន្តែយើងសង្ឃឹមថា លទ្ធផលក្នុងការប្រកួតលើកក្រោយ នឹងល្អជាងនេះ”។

ទោះជាខកចិត្តនឹងលទ្ធផលក៏ដោយ ប្រធានក្រុមរូបនេះបាននិយាយថា លោកមានមោទនភាពដែលបានចូលរួមក្នុងការប្រកួតកីឡាដ៏ធំបំផុតរបស់ប្រទេសនេះ ចាប់តាំងពីប្រទេសកម្ពុជាបានទទួលរៀបចំកីឡានៃកម្លាំងងើបឡើងថ្មីនៅឆ្នាំ១៩៦៦ (1966 Games of the New Emerging Forces ឬ ហ្គានេហ៊្វូ) ដែលបានប្រមូលផ្តុំ “ប្រទេសមិនចូលបក្សសម្ពន្ធ” មួយចំនួនលើពិភពលោក ក្នុងអំឡុងពេលសង្គ្រាមត្រជាក់។

លោកបាននិយាយថា “នេះជាព្រឹត្តិការណ៍ធំបំផុតសម្រាប់ខ្ញុំ។ ពីមុន ក្រុមរបស់យើងចូលរួមប្រកួតកីឡាក្នុងតំបន់ កីឡាសកលវិទ្យាល័យ កីឡាបឋមសិក្សា។ នេះជាលើកដំបូងហើយមិនដែលមានទេពីមុនមក ដែលប្រជាជនកម្ពុជាមានកីឡាជាតិនោះ”។

ឡយ គីម យឿង អាយុ២៦ឆ្នាំ បានរកឃើញទេពកោសល្យរបស់លោកផ្នែកកីឡាពីងប៉ុង នៅពេលលេងភ្នាល់លុយជាមួយមិត្តមានអាយុច្រើនជាងនៅខេត្តព្រះសីហនុ និងរកបានល្បិចច្រើនពីជនជាតិចិនដែលលោកចូលចិត្តតាមយូធូប ប៉ុន្តែបានចាញ់៣ក្តារទល់នឹងមួយកាលពីថ្ងៃពុធក្នុងការប្រកួតទល់នឹង ប៊ុន វិសាល មកពីកំពត។ ទោះជាយ៉ាងនេះក្តី លោកនៅតែមានសង្ឃឹម។

លោកបាននិយាយថា “ខ្ញុំមានអារម្មណ៍រំភើបណាស់ចំពោះពិធីនេះ ជាពិសេសក្នុងនាមខ្ញុំជាកីឡាករម្នាក់ដែលនឹងកាន់ទង់ក្រុងព្រះសីហនុជួសមុខកីឡាករទាំងអស់មកពីក្រុងព្រះសីហនុ។ ក្រោយពីពិធីនេះ ខ្ញុំសង្ឃឹមថា មនុស្សជាច្រើននឹងចាប់អារម្មណ៍លើកីឡា ហើយនឹងត្រៀមលក្ខណសម្រាប់ស៊ីហ្គេមនៅឆ្នាំ២០២៣”។

រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួន ណារ៉ុន ដែលស្ថិតនៅក្នុងពហុកីឡដ្ឋានកាលពីថ្ងៃពុធ បានមានប្រសាសន៍ថា ស៊ីហ្គេម ដែលនឹងក្លាយជាព្រឹត្តិការណ៍កីឡាធំបំផុតធ្វើនៅប្រទេសកម្ពុជា ជាកាតាលីករសម្រាប់ចាប់ផ្តើមកីឡាជាតិ។

លោកបានមានប្រសាសន៍ថា “គោលគំនិតគឺដើម្បីជ្រើសរើសក្រុមឆ្នើមសម្រាប់ឆ្នាំ២០២៣ នេះគឺទី១។ ទី២ យើងត្រូវមានបទពិសោធន៍ក្នុងការរៀបចំព្រឹត្តិការណ៍ធំ”។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា លោកជឿថា ការលើកកម្ពស់កីឡាថ្នាក់ជាតិក៏អាចជួយញ៉ាំងអ្នកជំនាន់ក្រោយ ស៊ន សៀវម៉ី និង ចាន់ វឌ្ឍនាកា ដែលមានឈ្មោះល្បីល្បាញ ដោយមានការព្រមព្រៀងឧបត្ថម្ភកីឡាជាច្រើន។

លោក ហង់ ជួន ណារ៉ុន បានមានប្រសាសន៍ថា “យើងចង់ផ្តល់ឱកាសសម្រាប់និស្សិត សម្រាប់យុវជនដែលមានសាវតារទន់ខ្សោយដើម្បីក្លាយជាតារា ក្លាយជាជើងឯក។ វាក៏ជាឱកាសស្មើគ្នាក្នុងការបញ្ចូលពួកគេដែរ។ ទោះជាគេក្រក៏ដោយ កីឡាផ្តល់ឲ្យពួកគេនូវក្តីសង្ឃឹម”។

ដោយសំដៅដល់អ្នកចេះក្បាច់គុន លោកបានមានប្រសាសន៍ថា “មើល ស៊ន សៀវម៉ី នាងមកពីគ្រួសារក្រីក្រ ប៉ុន្តែដោយសារតែកីឡា បន្ទាប់ពីការហ្វឹកហាត់តែប្រាំឆ្នាំប៉ុណ្ណោះ នាងក្លាយជាជើងឯក”។

“ឥឡូវនេះ នាងល្បីឈ្មោះជាងយើងទាំងអស់គ្នា។សូម្បីតែរដ្ឋមន្ត្រីក៏មិនល្បីដូចនាងដែរ”។

ការប្រកួតកីឡានេះបន្តរហូតដល់ថ្ងៃទី៥ខែវិច្ឆិកា។ ការចូលទស្សនាឥតគិតថ្លៃ៕និត

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស