32 C
Phnom Penh

នគរបាល​​​បី​​​នាក់​​​​​​ត្រូវ​​​ស្វែង​​​រក​​​​​​ទាក់​​​ទិន​​​នឹង​​​​​​ការ​​​វាយ​​​ដំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាលខេត្តកណ្តាលនិយាយថា ពួកគេកំពុងស្វែងរកមន្ត្រីនគរបាលស្រុកបីនាក់ដែលជាប់ចោទថាវាយដំបុរសពីរនាក់ មានម្នាក់បានស្លាប់ដោយសារត្រូវរបួស ប៉ុន្តែថាមន្ត្រីនគរបាលទាំងនោះបានលាក់ខ្លួនហើយ។

លោក ទិត លាភ វ័យ២២ឆ្នាំ បាននិយាយថា លោកនិងបងថ្លៃប្រុសឈ្មោះ ចំរើន សីហា វ័យ២៦ឆ្នាំ ត្រូវបានវាយដំដោយនគរបាល ដំបូងនៅតាមផ្លូវជាតិលេខ២១ ហើយក្រោយមក វាយកាន់តែខ្លាំងនៅឯអធិការដ្ឋាននគរបាលស្រុកស្អាង នៅថ្ងៃសុក្របន្ទាប់ពីពួកគេត្រូវចាប់ខ្លួនទាក់ទិននឹងជម្លោះចរាចរណ៍។លោក ចំរើន សីហា បានស្លាប់នៅព្រឹកថ្ងៃសៅរ៍ក្នុងមន្ទីរពេទ្យក្រុងតាខ្មៅ។

លោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តបាននិយាយកាលពីម្សិលមិញថា ទាំងមន្ត្រីនគរបាល ទាំងអ្នកភូមិទទួលខុសត្រូវចំពោះការវាយដំតាមផ្លូវនោះ។

លោក ចំរើន បាននិយាយតាមទូរស័ព្ទកាលពីម្សិលមិញថា “នៅកន្លែងកើតហេតុ ប្រជាជននិងប៉ូលិសវាយពួកគេ”។ លោកមិនបានធ្វើអត្ថាធិប្បាយទេ នៅពេលសួរថាតើនគរបាលបានវាយបុរសទាំងពីរ ក្នុងពេលស្ថិតនៅក្នុងកន្លែងឃុំឃាំងនោះ។

នគរបាលដំបូងឡើយបាននិយាយថា មានអ្នកភូមិមួយក្រុមក្នុងឃុំព្រែកគយ បានវាយបុរសទាំងពីរ ដោយសង្ស័យថា ពួកគេប៉ុនប៉ងប្លន់មូ៉តូពីលោក ឆាយ ស៊ីណា នាយនគរបាលអន្តោប្រវេសន៍ស្រុក ហើយថា នគរបាលនៅកន្លែងកើតហេតុបានជួយសង្គ្រោះបុរសទាំងពីរដោយធ្វើអន្តរាគមន៍ ហើយយកពួកគេមកកាន់អធិការដ្ឋាននគរបាលស្រុក។

ទោះជាយ៉ាងនេះក្តី កាលពីថ្ងៃច័ន្ទ អ្នកភូមិបាននិយាយថា មានក្រុមមនុស្សប្រហែល៥០នាក់បានប្រមូលផ្តុំគ្នាក្នុងពេលដែលការឈ្លោះប្រកែកគ្នាបានក្លាយទៅជាហិង្សា តែពួកគេមិនបានចូលរួមវាយដំ ដែលធ្វើឡើងដោយលោក ស៊ីណា និងមន្ត្រីនគរបាលផ្សេងទៀតទេ។ ពួកគេក៏បាននិយាយថា បុរសទាំងពីរបានចេញពីអធិការដ្ឋាននគរបាលស្រុកមានសភាពដុនដាបជាងពេលដែលពួកគេបានចូលទៅទៀត។

មន្ត្រីនិយាយថា លោក ស៊ីណា លោក ភក្តី វិទូ អធិការរងនិងអធិការរងបច្ចេកទេសស្រុក លោក ឃាង សុងថេង ពេលនេះកំពុងត្រូវគេស្វែងរកដើម្បីសាកសួរដែលទាក់ទងនឹងហេតុការណ៍នេះ ប៉ុន្តែពួកគេមិនបានមកធ្វើការចាប់តាំងពីថ្ងៃសៅរ៍មកម្លេ៉ះ។

លោក លឹម សុគុន្ថា ព្រះរាជអាជ្ញាខេត្តកណ្តាលបាននិយាយកាលពីម្សិលមិញថា “បើពួកគេមិនទៅនិយាយជាមួយប៉ូលិសទេ ខ្ញុំនឹងចេញដីកា ដើម្បីបង្គាប់ពួកគេឲ្យចូលខ្លួនមកសាកសួរ”។

លោក គៀត ច័ន្ទថារិទ្ធ អ្នកនំាពាក្យនគរបាលជាតិបាននិយាយកាលពីម្សិលមិញថា ដោយផ្អែកលើលទ្ធផលនៃការស៊ើបអង្កេតនោះ នគរបាលនឹង”ចាត់វិធានការ ដើម្បីចាប់ខ្លួនពួកគេ ហើយបញ្ជូនពួកគេទៅតុលាការ”៕ (រាយការណ៍បន្ថែមដោយ Matt Surrusco)

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស