កាលពីម្សិលមិញ គណបក្សសង្គ្រោះជាតិបានច្រានចោលលិខិតពីរច្បាប់ដែលអះអាងថាចេញពីយុវជន និងអ្នកគាំទ្រគណបក្សប្រឆាំងនៅបរទេសដែលស្ដីបន្ទោសកញ្ញា កឹម មនោវិទ្យា អនុប្រធានកិច្ចការសាធារណៈនៃគណបក្សនេះទាក់ទិនសារជាបន្តបន្ទាប់តាមបណ្ដាញទំនាក់ទំនងសង្គមចំអកឱ្យលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ។
ក្នុងរយៈពេល១សប្ដាហ៍មកនេះ កញ្ញា កឹម មនោវិទ្យា កូនស្រីរបស់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានសរសេរសារលើទ្វីតធើរិះគន់ការសម្រេចរបស់លោក សម រង្ស៊ី នៅប្រទេសបន្តទៀតដើម្បីគេចពីទោសជាប់ពន្ធនាគារដែលមជ្ឈដ្ឋានទូទៅយល់ថាជារឿងនយោបាយ និងចំពោះការស្ម័គ្រចិត្តរបស់លោកត្រឡប់មកជាប់ពន្ធនាគារជាថ្នូរនឹងការដោះលែង “អ្នកទោសនយោបាយ” ផ្សេងទៀត”។
កញ្ញាបានសរសេរលើទំព័រទ្វីតធើអំពីសំណើសុំដោះដូរអ្នកទោសនោះថា “មានមនុស្សមើលទូរទស្សន៍ច្រើនណាស់នៅពេលទំនេរ ប្រសិនបើលោកគោរពទស្សនិកជន យ៉ាងហោចណាស់លោកគួរតែធ្វើឲ្យការភូតកុហករបស់លោកស្តាប់ទៅគួរឱ្យជឿទុកចិត្តបានផង។ វាជាការប្រមាថ និងគួរឱ្យសោកស្តាយ”។
លិខិតមួយចេញពីក្រុមយុវជនគណបក្សសង្គ្រោះជាតិ ដែលបានចាប់ផ្ដើមសុសសាយតាមហ្វេសប៊ុកក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ និងដែលត្រូវបានគេហទំព័រ Fresh News មានទំនាក់ទំនងជាមួយរដ្ឋាភិបាលចុះផ្សាយដោយគ្មានលក្ខណសម្បត្តិគ្រប់គ្រាន់ អំពាវនាវឱ្យគណបក្សនេះដកកញ្ញា កឹម មនោវិទ្យា ចេញពីមុខតំណែង។
លិខិតដែលគ្មានឈ្មោះនេះមានខ្លឹមសារដូច្នេះថា “វាជាការព្រហើន និងបង្ហាញនូវអាកប្បកិរិយាខុសឆ្គងខ្លាំងបំផុតដែល កឹម មនោវិទ្យា បង្កើតឱ្យមាននូវសញ្ញាបែកបាក់ក្នុងជួរគណបក្សសង្គ្រោះជាតិតាមរយៈការវាយប្រហារដោយពាក្យសម្ដីលើទ្វីតធើ ប្រមាថមាក់ងាយទៅលើលោកប្រធាន សម រង្ស៊ី។ ដូច្នេះក្នុងនាមយើងខ្ញុំទាំងអស់គ្នាជាយុវជនគណបក្សសង្គ្រោះជាតិ សូមប្រកាសជំហរប្រឆាំងដាច់ខាតនូវការលើកឡើងរបស់ កឹម មនោវិទ្យា និងសំណូមពរទៅគណៈអចិន្ត្រៃយ៍ និងគណៈកម្មាធិការវិន័យគណបក្សសង្គ្រោះជាតិឱ្យដកតំណែង និងតួនាទីទាំងអស់ជាបន្ទាន់របស់ កឹម មនោវិទ្យា ដើម្បីជាការព្រមានដ៏ធ្ងន់ធ្ងរចំពោះទង្វើដ៏ឆ្កួតលីលាបំផ្លាញបក្ស និងគ្មានការគោរពចំពោះលោកប្រធាន សម រង្ស៊ី”។
លោក ហ៊ីង សុខសាន្ត ប្រធានក្រុមយុវជនគណបក្សសង្គ្រោះជាតិដែលជិតចប់អាណត្តិបានលើកឡើងថា ក្រុមរបស់លោកមិនជាប់ពាក់ព័ន្ធនឹងលិខិតនេះទេ។ លោកបានមានប្រសាសន៍កាលពីម្សិលមិញថា ”វាជាលិខិតក្លែងក្លាយ។ វាមិនមែនជាលិខិតចេញពីចលនាយុវជនគណបក្សសង្គ្រោះជាតិទេ។ ខ្ញុំដឹង ពីព្រោះខ្ញុំជាប្រធានចលនានេះ”។
លោកបានលើកឡើងទៀតថា លោកយល់ឃើញផ្ទាល់ខ្លួនថា គណបក្សសង្គ្រោះជាតិនឹងនៅតែអាចរឹងមាំពេលលោក សម រង្ស៊ី នៅក្រៅប្រទេស ប៉ុន្តែទោះជាយ៉ាងណា សមាជិកផ្សេងៗទៀតមានសេរីភាពក្នុងការបញ្ចេញទស្សនៈផ្ទាល់ខ្លួន”។
លោកលើកឡើងអំពីការប្រឆាំងនោះថា “វាជាវប្បធម៌នៃលទ្ធិប្រជាធិបតេយ្យ។ គាត់គ្រាន់តែរិះគន់អ្វីដែលលោកប្រធាន សម រង្ស៊ី បានមានប្រសាសន៍ប៉ុណ្ណោះ។ ហើយគាត់និយាយថា គាត់មិនបានធ្វើអត្ថាធិប្បាយជួសមុខឱ្យគណបក្សសង្គ្រោះជាតិទេ។ គាត់ធ្វើអត្ថាធិប្បាយដោយផ្ទាល់ខ្លួន”។
លិខិតទី២ផ្សាយតាមអុីនធឺណិតកាលពីពេលថ្មីៗនេះដែលអះអាងថាចេញពីអ្នកគាំទ្រនៅបរទេស ក៏ស្ដីបន្ទោសកញ្ញា កឹម មនោវិទ្យា ដែរ ហើយជំរុញឱ្យគណបក្សនេះចាត់ “វិធានការ” ប៉ុន្តែមិនបញ្ជាក់ថាវិធានការអ្វីទេ។
លិខិតនោះមិនអាចជឿទុកចិត្តបានទេ។ លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានបញ្ជាក់ថា វាក្លែងក្លាយដូចលិខិតមួយទៀតដែរ។
កញ្ញា កឹម មនោវិទ្យា លើកឡើងថា កញ្ញាមិនព្រួយបារម្ភថាការរិះគន់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចេញពីក្នុងបក្សនឹងបង្កឱ្យមានការមិនចុះសម្រុងគ្នាឡើយ។ កញ្ញាថ្លែងថា “ជំហរផ្លូវការរបស់គណបក្សសង្គ្រោះជាតិលើការរិះគន់ថ្នាក់ដឹកនាំត្រូវបានឆ្លុះបញ្ចាំងក្នុងចំណោមតំណាងរាស្ត្ររបស់យើង ដោយថ្កោលទោសចំពោះវិធានថ្មីៗនៅរដ្ឋសភាដែលដាក់ទោសព្រហ្មទណ្ឌសមាជិកណាដែលមានឥរិយាបថ “មិនសមរម្យ” ដូចជាការចំអកឱ្យប្រធាន [សភា] ជាដើម។ គណបក្សសង្គ្រោះជាតិមិនខ្លាចទេចំពោះអ្វីដែលយើងនិយាយ”។
កាលពីថ្ងៃពុធ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបានអនុម័តទោសថ្មីៗប្រឆាំងតំណាងរាស្ត្រចំពោះឥរិយាបថផ្សេងៗរួមទាំងការប្រមាថលោក ហេង សំរិន ប្រធានរដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជាផង។ គណបក្សសង្គ្រោះជាតិបានលើកឡើងថា ទោសទាំងនេះគឺជារឿងនយោបាយ និងមានបំណងព្យាយាមបំបិទមាត់គណបក្សប្រឆាំង។
កាលពីសប្ដាហ៍មុន កញ្ញា កឹម មនោវិទ្យា បានបដិសេធតាមទ្វីតធើថា ប្រធានទាំងពីររបស់គណបក្ស គឺលោក កឹម សុខា និងលោក សម រង្ស៊ី មិនបានចែកផ្លូវគ្នានោះទេ។
កញ្ញាបានសរសេរបញ្ជាក់លើទ្វីតធើដើម្បីឆ្លើយតបការជជែកដេញដោលជុំវិញការរិះគន់របស់ខ្លួនថា “ពិតជាអត់មានការបែកបាក់គ្នានោះទេ។ គ្មានការដណ្តើមអំណាចគ្នាទេរវាងលោក សម រង្ស៊ី និងលោក កឹម សុខា។ ប៉ុន្តែត្រូវការឱ្យមានការទទួលខុសត្រូវល្អប្រសើរជាងនេះ និងការកែសម្រួលយុទ្ធសាស្ត្រនានា។ ការពួននៅពីក្រោយពាក្យថាសាមគ្គីភាពដើម្បីការពារប្រធានគណបក្ស គឺស្រដៀងគ្នាទៅនឹងរដ្ឋាភិបាលដែលប្រើពាក្យថាស្ថិរភាពដើម្បីបញ្ឈប់សំឡេងប្រឆាំង”។
មិនថាលិខិតទាំងនោះមានប្រភពចេញពីណាឱ្យប្រាកដទេ ប៉ុន្តែទស្សនៈក្នុងនោះត្រូវបានអ្នកគាំទ្រគណបក្សប្រឆាំងមួយចំនួនបន្ទរតាមបណ្ដាញអុីនធឺណិត។
លោក ឆាំ ឆានី (Chham Chhany) សកម្មជនគណបក្សសង្គ្រោះជាតិដែលនិយាយមិនសំចៃមាត់បានបញ្ចេញទស្សនៈទាក់ទិនកញ្ញា កឹម មនោវិទ្យា តាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា “ខ្ញុំសង្ឃឹមថា បងប្អូនមហាគ្រួសារគណបក្សសង្គ្រោះជាតិ មិនប្រកាន់នាងទេ។ នាងជាមនុស្សកើតរោគចិត្ត កុំប្រកាន់នាងអី”។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានច្រានចោលការរិះគន់របស់កញ្ញា កឹម មនោវិទ្យា ម្ដងហើយម្ដងទៀត ហើយមានប្រសាសន៍ថា លិខិតក្លែងក្លាយទាំងនោះមិនបានធ្វើឱ្យលោកព្រួយបារម្ភឡើយ។ លោកមានប្រសាសន៍ថា “វាជាបញ្ហាតូចណាស់ ដូច្នេះយើងមិនចាំបាច់យកចិត្តទុកដាក់លើរឿងនោះទេ។ ខ្ញុំមិនយកចិត្តទុកដាក់លើអ្វីដែលគាត់បាននិយាយទេ”៕ សុខុម