27 C
Phnom Penh

មន្ត្រី​​​ការទូត​​​ជាន់ខ្ពស់​របស់​​​សហ​​​រដ្ឋ​​​អាមេរិក​​​ព្រមាន​​​​អំពីឧបសគ្គ​​​នៅ​​​តាម​​​ផ្លូវ​​​​​​ឆ្ពោះ​​​ទៅរក​​​​ការបោះឆ្នោត​ដោយ​សេរី​​​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទោះបីជារដ្ឋាភិបាលចាត់វិធានការធ្វើទុក្ខបុកម្នេញលើគណបក្សប្រឆាំង ដោយធ្វើឲ្យប្រធានរបស់គណបក្សនេះនិរទេសខ្លួនជាផ្លូវការ ហើយអនុប្រធានត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល៥ខែក៏ដោយ ក៏មន្ត្រីការទូតកំពូលរបស់សហរដ្ឋអាមេរិកបានលើកឡើងកាលពីម្សិលមិញថា វាជា “ឆ្នាំដ៏ល្អ” សម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរដែរ។

លោក ដានីញែល ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកជួបជាមួយលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិនៅទីស្នាក់ការកណ្តាលគណបក្សនេះក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ ព្រីង សំរាំង / រ៉យទ័រ
លោក ដានីញែល ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកជួបជាមួយលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិនៅទីស្នាក់ការកណ្តាលគណបក្សនេះក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ ព្រីង សំរាំង / រ៉យទ័រ

ដោយលើកឡើងថា កម្ពុជា “មានឧបសគ្គច្រើនត្រូវឆ្លងកាត់” មុនពេលអាចឈានទៅរកការបោះឆ្នោតដោយសេរី និងយុត្តិធម៌នោះ លោក ដានីញ៉ែល រូសែល (Daniel Russel) ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសទទួលបន្ទុកកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វិកបានបន្ថែមថា លោកជឿថា ប្រជាពលរដ្ឋ និងប្រទេសនានារៀនពីបទពិសោធន៍ក្នុងនោះរួមទាំងកំហុសរបស់ខ្លួនផងដែរ។

លោក ដានីញ៉ែល រូសែល បានមកដល់រាជធានីភ្នំពេញកាលពីម្សិលមិញ ពេលបញ្ចប់ ដំណើរទស្សនកិច្ចរយៈពេល១សប្តាហ៍ទៅកាន់ទីក្រុងម៉ានីល និងទីក្រុងបាងកក។ នៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំសង្គមស៊ីវិល និស្សិតសាកលវិទ្យាល័យ លោក ប្រាក់ សុខុនរដ្ឋមន្ត្រីក្រសួងការបរទេស និងលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង លោកបាននិយាយក្នុងលក្ខណៈផ្សះផ្សាសម្រុះសម្រួលដោយចាត់ទុកខ្លួនឯងថា ជាអ្នកផ្តល់ប្រឹក្សាមិនមែនជាអ្នករិះគន់ទេ។

លោកបានមានប្រសាសន៍អំឡុងសន្និសីទកាសែតនៅពេលល្ងាចថា “ខ្ញុំមកទីនេះដើម្បីជួយ មិនមែនមកវិនិច្ឆ័យនោះទេ”។

ទោះជាយ៉ាងណា នៅក្នុងជំនួបឯកជនមួយជាមួយលោក កឹម សុខា លោក ដាញ៉ែល រូសែល បានសំដែងកង្វល់ថា សហរដ្ឋអាមេរិកនឹងយល់ថា លទ្ធផលនៃការបោះឆ្នោតនាពេលខាងមុខ “ពិបាកទទួលយក” ប្រសិនបើលោក កឹម សុខា និងលោក សម រង្ស៊ី ប្រធានគណបក្សដែលកំពុងនិរទេសខ្លួន មិនត្រូវបានអនុញ្ញាតឲ្យចូលរួមឃោសនាដោយសេរី នេះបើយោងតាមលោក យែ៉ម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សប្រឆាំង។

លោក ដានីញ៉ែល រូសែល ដែលស្ថិតក្នុងចំណោមគណៈប្រតិភូសហរដ្ឋអាមេរិកដែលចរចាកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសឆ្នាំ១៩៩១នោះ ជាទូទៅវាយតម្លៃក្នុងផ្លូវសុទិដ្ឋិនិយមចំពោះការវិវឌ្ឍរបស់កម្ពុជានៅក្នុងការបង្កើនពាណិជ្ជកម្ម និងការវិនិយោគចាប់តាំងពីពេលនោះមក។

និយាយទាក់ទិននឹងទំនាក់ទំនងកម្ពុជា-អាមេរិក លោកបានមានប្រសាសន៍ថា “វាជាឆ្នាំដ៏ល្អ ហើយនៅបន្តទៅមុខទៀត”។ ប៉ុន្តែលោកក៏បានយកការសរសើរផ្នែកការទូតលាយឡំជាមួយការព្រមានអំពីការបរិយាកាសនយោបាយដ៏យាប់យុឺននៅកម្ពុជាផងដែរ។

លោក សម រង្ស៊ី ត្រូវបានរារាំងមិនឲ្យវិលត្រឡប់់ចូលក្នុងប្រទេសវិញឡើយនៅក្នុងខែនេះ បន្ទាប់ពីនិរទេសខ្លួនអស់រយៈពេលជិតមួយឆ្នាំកន្លងមកនេះដើម្បីគេចពីការចោទប្រកាន់ដែលមជ្ឈដ្ឋានទូទៅមើលឃើញថា មានហេតុផលនយោបាយ។ លោក កឹម សុខា បានទៅសម្ងំលាក់ខ្លួនក្នុងទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិចាប់តាំងពីខែឧសភាមកដើម្បីគេចពីការចាប់ខ្លួននៅក្នុងសំណុំរឿងផ្ទាល់ខ្លួនរបស់លោក ខណៈមន្ត្រីគណបក្សសង្គ្រោះជាតិ និងអ្នករិះគន់រដ្ឋាភិបាលជាង២០នាក់ត្រូវចាប់ដាក់ពន្ធនាគារជាងមួយឆ្នាំកន្លះកន្លងមកហើយ។

លោក ដានីញ៉ែល រូសែល បានលើកឡើងទៀតថា សហរដ្ឋអាេមរិកសង្ឃឹមថា នឹងឃើញការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧”ដែលគណបក្សនីមួយៗអាចធ្វើយុទ្ធនាការយ៉ាងសកម្ម ហើយមេដឹកនាំរបស់ពួកគេមានសេរីភាពក្នុងការដាក់ចេញកម្មវិធីនយោបាយរបស់ខ្លួន”។ លោកបានបន្ថែមថា “ការបោះឆ្នោតមួយដែលទីបំផុតប្រទេសនេះទទួលយកអ្វីដែលពលរដ្ឋបានលើកឡើង។ មានឧបសគ្គជាច្រើនត្រូវឆ្លងកាត់ មុនពេលកម្ពុជាអាចឆ្ពោះទៅរកការបោះឆ្នោតដោយសេរី និងយុត្តិធម៌ក្នុងឆ្នាំ២០១៧”។

ទោះជាយ៉ាងណា មន្ត្រីការទូតរូបនេះ នៅតែសង្ឃឹមថា បទពិសោធន៍នៃការបោះឆ្នោតចំនួន៥លើកកន្លងមកនេះ ដែលភាគច្រើនត្រូវបានចាត់ទុកថា មានបរិយាកាសនយោបាយលួចបន្លំស្រដៀងគ្នា និងមូលដ្ឋានដែលអ្នកបោះឆ្នោតមានការយល់ដឹងកាន់តែប្រសើរជាងមុន “អាចនាំឲ្យឈានឆ្ពោះទៅរកការបោះឆ្នោតដ៏ប្រសើរមួយ”។

លោក យែ៉ម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានលើកឡើងថា លោក ដានីញ៉ែល រូសែល បានប្រើប្រាស់ពាក្យពេចន៍ ធ្ងន់ៗនៅពីក្រោយជំនួបបិទទ្វារ។

cam-photo-russell-800x545លោកបានមានប្រសាសន៍ថា “គាត់បញ្ជាក់ យ៉ាងច្បាស់ថា គណបក្សប្រឆាំងដ៏ធំដែលមានអាសនៈនៅរដ្ឋសភា ហើយប្រសិនបើការងារបោះឆ្នោតមិនមានវត្តមានលោកសម រង្ស៊ី និងលោក កឹម សុខា ដើរទៅឃោសនាបានដោយសេរី  គឺជារឿងដែលពិបាកទទួលយក”។

លោកបានបន្ថែមថា “គាត់គ្រាន់តែបានបញ្ជាក់ថា ការងារបោះឆ្នោតគឺត្រូវតែមានការចូលរួមពីប្រធាន និងអនុប្រធានរបស់គណបក្សដោយសេរី ដោយមិនទទួលបានការគំរាមកំហែង ឬការបំបិទសិទ្ធិរបស់គណបក្សប្រឆាំង”។

គណបក្សសង្គ្រោះជាតិបានស្នើឲ្យលោកដានីញ៉ែល រូសែល ជួយដាក់សម្ពាធលើរដ្ឋាភិបាលដើម្បីបន្ត “វប្បធម៌សន្ទនា” ដែលមានអាយុកាលដ៏ខ្លីរវាងគណបក្ស និងគណបក្ស និងជួយឃ្លាំមើលការបោះឆ្នោតឲ្យបានខ្លាំងក្លាដើម្បីឲ្យគណបក្សទាំងអស់អាចជឿទុកចិត្តបានលើលទ្ធផលនៃការបោះឆ្នោត។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបានមានប្រសាសន៍ថា លោក ប្រាក់សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសបានរៀបរាប់ពីភាពប្រសើរនៃបរិយាកាសនយោបាយប្រាប់លោក  ដានីញ៉ែល រូសែល អំឡុងជំនួបនៅពេលព្រឹក។ លោកប្រាក់ សុខុន បាននិយាយ  “ការវិវឌ្ឍថ្មីៗនេះនៃសភាពការណ៍នៅកម្ពុជា…អំពីការវិវឌ្ឍជាវិជ្ជមានដែលលេចចេញឡើងថ្មីៗ ហើយដោយការវិវឌ្ឍជាវិជ្ជមាននោះធ្វើឲ្យលេចនូវក្តីសង្ឃឹមថា បក្សប្រឆាំងនឹងវិលត្រឡប់មកចូលរួមក្នុងកិច្ចប្រជុំសភាក្នុងពេលឆាប់ៗខាងមុននេះ ហើយនឹងបន្តការចរចាពិភាក្សាផ្នែកនយោបាយ”។

គណបក្សសង្គ្រោះជាតិបានធ្វើពហិការមិនចូលសភាចាប់តាំងពីមានការដាក់ការចោទប្រកាន់លើលោក កឹម សុខា មក ជាហេតុនាំឲ្យសភាដែលមានសមាជិកភាគច្រើនមកពីគណបក្សប្រជាជនកម្ពុជាបានអនុម័តច្បាប់ថ្មីមួយកាលពីថ្ងៃពុធដែលនឹងដាក់ការពិន័យចំពោះតំណាងរាស្ត្រណាដែលអវត្តមាន។

យោងតាមលោក ជុំ សុន្ទរី បានលើកឡើង ថា សម្រាប់ភាគីខាងគាត់ លោក ដានីញ៉ែល រូសែល “បានសំដែងនូវការស្វាគមន៍ចំពោះការវិវឌ្ឍប្រកបដោយវិជ្ជមាននាពេលថ្មីនេះនៅកម្ពុជា”។ លោកបានបន្ថែមថា “លោកបានអះអាងថា ក្រសួងការបរទេស និងសហរដ្ឋអាមេរិកគឺចង់ឲ្យខ្លួនជាដៃគូជាមួយកម្ពុជា ពុំមែនលោកធ្វើដំណើរមកដើម្បីទិទានចំណុចខុសឆ្គងរបស់កម្ពុជាទេ”៕­ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស