37 C
Phnom Penh

ពន្ធនាគារ​ប៉េហ្ស៊ី​ត្រូវ​បាន​ស៊ើប​​​ពាក់ព័ន្ធ​ការ​រត់​គេចខ្លួន​របស់​ភេរវករ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងមហាផ្ទៃបានបញ្ជូនភេរវករ សោម ឯក ដែលចាប់បានមកវិញនោះទៅពន្ធនាគារព្រៃស ដោយផ្លាស់ពីពន្ធនាគារប៉េហ្ស៊ី ដែលក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា កំពុងស្ថិតក្រោមការស៊ើបអង្កេតពាក់ព័ន្ធការចូលដៃគួរឱ្យសង្ស័យនៅក្នុងការរត់គេចខ្លួនរបស់អ្នកទោសរូបនេះកាលពីដើមខែនេះ។

cam-photo-som-ek-foloសោម ឯក កំពុងអនុវត្តទោសជាប់ពន្ធនាគាររយៈពេលជាង៤០ឆ្នាំ ពីបទជាប់ពាក់ព័ន្ធក្នុងការបំផ្ទុះគ្រាប់បែកនៅក្នុងរាជធានីភ្នំពេញកាលពីឆ្នាំ២០០៧ និងឆ្នាំ២០០៩។

បន្ទាប់ពីធ្លាក់ខ្លួនឈឺនៅពន្ធនាគារប៉េហ្ស៊ីកាលពីថ្ងៃទី៦ខែតុលា សោម ឯក ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាព ខ្មែរសូវៀត កន្លែងដែលក្រុមគ្រួសាររបស់បុរសរូបនេះបានទៅសួរសុខទុក្ខដោយមានយកនំ និងបាយទៅជាមួយផង។ ដំបូងអាជ្ញាធរនិយាយថា សន្តិសុខពន្ធនាគារពីរនាក់បានហូបអាហារនោះ ហើយបានដេកលក់មួយភាំងដោយបណ្ដោយឱ្យជននេះរត់គេចខ្លួន ប៉ុន្តែកាលពីថ្ងៃអង្គារមន្ត្រីម្នាក់និយាយថា គេរកមិនឃើញមានសារធាតុគីមីនៅក្នុងអាហារនោះទេ។

សន្តិសុខពីរនាក់ដែលបានបណ្ដោយឱ្យមានការត់គេចខ្លួនពីមន្ទីរពេទ្យត្រូវបានព្យួរការងារបណ្ដោះអាសន្ន។

បន្ទាប់ពីរត់គេចខ្លួនពីនគរបាលរយៈពេលជាង២សប្ដាហ៍ ហើយត្រូវបានបញ្ចូលក្នុងបញ្ជីឈ្មោះឧក្រិដ្ឋជនដែលចង់ចាប់ខ្លួនបំផុតរបស់នគរបាលអាំងទែប៉ូលមក សោម ឯក ត្រូវចាប់បានវិញកាលពីថ្ងៃពុធនៅវត្តមួយក្នុងខេត្តសៀមរាប ជាកន្លែងដែលក្រុមមន្ត្រីនិយាយថា ជននេះមានគម្រោងបួសជាសង្ឃ។

លោក បេ ទៀឡេង អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា សោម ឯក ត្រូវបានបញ្ជូនទៅពន្ធនាគារព្រៃសក្នុងរាជធានីភ្នំពេញជាជាងបញ្ជូនទៅពន្ធនាគារប៉េហ្ស៊ីវិញ  ដោយសារមានការសង្ស័យថា មន្ត្រីពន្ធនាគារប្រហែលជាជាប់ពាក់ព័ន្ធនៅក្នុងការរត់គេចខ្លួននេះ។

លោកមានប្រសាសន៍ថា  ”យើងបានប្ដូរ ពន្ធនាគារ ពីព្រោះអ្នកទោសរូបនេះបានរត់គេចខ្លួន។ ដូច្នេះ ឥឡូវនេះ អាជ្ញាធររបស់យើងកំពុងស៊ើបអង្កេតករណីនេះ ពីព្រោះយើងគិតថា មនុស្សមួយចំនួនជួយដោះលែងជននេះ”។

លោក បេ ទៀឡេង បានមានប្រសាសន៍ថា នគរបាលបានបញ្ជូនរបាយការណ៍ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសម្រេចថាតើត្រូវផ្ដន្ទាទោស សោម ឯក ចំពោះការរត់គេចខ្លួននេះឬយ៉ាងណា។

លោកបានថ្លែងថា លោកមិនបានទទួលព័ត៌មានណាមួយអំពីអ្វីដែល សោម ឯក បានប្រាប់នគរបាលបន្ទាប់ពីត្រូវបានចាប់ខ្លួនឡើយ ហើយបានបង្វែរសំណួរទៅលោក   គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិដែលគេមិនអាចទាក់ទងបាន។

លោក នុត សាវណា អ្នកនាំពាក្យនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃបានអះអាងថា អាជ្ញាធរកំពុងស៊ើបអង្កេតពន្ធនាគារប៉េហ្ស៊ី ប៉ុន្តែបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីមូលហេតុដែលអាជ្ញាធរជឿថា មន្ត្រីពន្ធនាគារជាចំណែកនៃការរត់គេចខ្លួននេះឡើយ។ លោកបានមានប្រសាសន៍ថា “ឥឡូវនេះ យើងកំពុងស៊ើងអង្កេតដើម្បីស្វែងរកការពិត”។

លោក ពេជ្រ យ៉ុន ប្រធានពន្ធនាគារប៉េហ្ស៊ីបានមានប្រសាសន៍ត្រឹមតែថា លោកត្រូវបានគេប្រាប់អំពីអ្នកទោសរូបនេះ ហើយលោកនឹងជួយក្នុងការស៊ើបអង្កេតនេះ។

រដ្ឋាភិបាលនិយាយថា សោម ឯក អតីតទាហាន គឺជាមេដឹកនាំ “ចលនាក្បាលខ្លា” ដែលរដ្ឋាភិបាលចាត់ទុកថា ជាក្រុមភេរវកម្មមានបំណងផ្ដួលរំលំរដ្ឋាភិបាល។ សោម ឯក និយាយថា ខ្លួននិងសហការីដែលមានចិត្តគំនិតដូចគ្នាគ្រាន់តែចែកខិត្តប័ណ្ណប្រឆាំងរដ្ឋាភិបាលប៉ុណ្ណោះ៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស