40.6 C
Phnom Penh

សាលារាជធានីបង្ហាញ​គម្រោង​ក្នុងទំហំទឹកប្រាក់​៨០លានដុល្លារសម្រាប់​សាងសង់​អាគារប៊ូឌីញសថ្មី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់ពីមានភាពមិនច្បាស់លាស់អស់រយៈពេលជាង២ឆ្នាំចំពោះអនាគតនៃអគារប៊ូឌីញ ស ដែលជាអគារប្រវត្តិសាស្ត្រក្នុងរាជធានីភ្នំពេញ ផែនការត្រូវបានបង្ហាញកាលពីម្សិលមិញ សម្រាប់គម្រោងអភិវឌ្ឍន៍ដ៏ធំគាំទ្រដោយជប៉ុននៅលើទីតាំងនេះ ដោយត្រូវចំណាយទឹកប្រាក់រហូត៨០លានដុល្លារ។

cam-photo-white-building-channaអគារប្រវត្តិសាស្ត្រនេះ ដែលត្រូវបានសាងសង់ឡើងក្នុងឆ្នាំ១៩៦៣ ជាអគារលំនៅដ្ឋានសម្រាប់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាប ក្រោមការដឹកនាំរបស់ព្រះអង្គម្ចាស់ នរោត្តម សីហនុ នោះ គឺជាអគារដែលផ្តល់លំនៅសម្រាប់ពលរដ្ឋរាប់រយគ្រួសារក្នុងខណ្ឌចំការមន ដែលស្ថិតនៅកណ្តាលរាជធានីភ្នំពេញ។ កាលពីឆ្នាំ២០១៤ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំ ពេញបានប្រកាសថា អគារដ៏ទ្រុឌទ្រោមនេះប្រើការលែងកើតហើយ ប៉ុន្តែបានដកគម្រោងវាយកម្ទេចចោលវិញ ស្របពេលមានការជំទាស់ពីសាធារណជន។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានប្រកាសកាលពីម្សិលមិញថា  ក្រុមហ៊ុនសំណង់ជប៉ុនArakawa នឹងសាងសង់អគារថ្មីកម្ពស់២១ជាន់នៅលើទីតាំងនេះ ដោយមានការរំពឹងថា នឹងសាងសង់ចប់រួចរាល់ក្នុងរយៈពេលប្រហែល៤ឆ្នាំ។

សេចក្តីថ្លែងការណ៍បង្ហោះនៅលើគេហ ទំព័ររបស់ក្រសួងនេះមានខ្លឹមសារដូច្នេះថា ”គម្រោងនេះគឺស្ថិតនៅក្នុងការសិក្សារវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយក្រុមហ៊ុនជប៉ុន Arakawaដែលគ្រោងចំណាយថវិកាអស់ប្រមាណ ៧០-៨០ លានដុល្លារអាមេរិក”។

សេចក្តីថ្លែងការណ៍នេះបានលើកឡើងទៀតថា ៣ជាន់ត្រៀមធ្វើចំណត ១ជាន់ជាកន្លែងលក់ដូរ និង៥ជាន់សម្រាប់ពលរដ្ឋប្រហែល៤៥០គ្រួសារ ដែលបច្ចុប្បន្នកំពុងរស់នៅក្នុងអគារប៊ូឌីងនេះ រីឯជាន់នៅសល់នឹងផ្តល់ជាកម្មសិទ្ធិវិនិយោគរបស់ក្រុមហ៊ុនជប៉ុន Arakawa ។

សេចក្តីថ្លែងការណ៍នេះមានខ្លឹមសារបន្តថា “ឯកឧត្តម ជា សុផារ៉ា [រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់] បានស្នើឲ្យប្រជាពលរដ្ឋជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា និងអត់ធ្មត់រង់ចាំអគារប៊ូឌីញសថ្មីសន្លាងដែលនឹងលេចរូបរាងឡើងនៅក្នុងពេលប្រមាណ ៤ឆ្នាំខាងមុខនេះ ដែលនឹងពិតជាផ្លាស់ប្តូរជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋជាក់ជាមិនខាន”។

យោងតាមបញ្ជីសមាជិកសភាពាណិជ្ជកម្មអឺរ៉ុបបានឲ្យដឹងថា ក្រុមហ៊ុនArakawa ត្រូវបានបង្កើតឡើងដោយវិនិយោគិនជប៉ុន អង់គ្លេស និងកម្ពុជា។ នៅក្នុងឆ្នាំ២០០៩ក្រុមហ៊ុននេះបានចាប់ផ្តើមសាងសង់ Bellevue Serviced Apartmentsដ៏ប្រណីតនៅជ្រោយចង្វារ រាជធានីភ្នំពេញដែលចំណាយទឹកប្រាក់៣០លានដុល្លារ។គេមិនអាចទាក់ទងតំណាងក្រុមហ៊ុនបានទេកាលពីម្សិលមិញ ។

លោក សែម សាវុធ អាយុ៤៥ឆ្នាំដែលបានរស់នៅក្នុងអគារប៊ូឌីញស តាំងពីឆ្នាំ១៩៨២មកបានស្វាគមន៍គម្រោងនេះ ហើយបាននិយាយថា លោក ជា សុផារ៉ា បានបញ្ចាំងស្លាយឲ្យ ប្រជាពលរដ្ឋ៥០នាក់មើលដោយបង្ហាញពីគម្រោងសម្រាប់អគារនេះព្រមទាំងកន្លែងស្នាក់នៅបណ្តោះអាសន្នសម្រាប់ប្រជាពលរដ្ឋទាំងនេះខណៈការសាងសង់ចាប់ផ្តើម។

លោក សែម សាវុធ បាននិយាយថា ការបារម្ភរបស់អ្នកភូមិពីការបណ្តេញចេញស្រដៀងគ្នាទៅនឹងសហគមន៍បុរីកីឡា ដែលបានធ្វើឲ្យប្រជាពលរដ្ឋប្រហែល៣០០គ្រួសារមិនមានឈ្មោះនៅក្នុងគម្រោងផ្តល់លំនៅដ្ឋានស្នាក់នៅបន្ទាប់ពីក្រុមហ៊ុនផានអីុមិុច បានសាងសង់អគារតែ៨ប៉ុណ្ណោះក្នុងចំណោមអគារចំនួន១០ដែលបានសន្យានោះ បានធូរស្រាលបន្ទាប់ពីមានជំនួបជាមួយលោករដ្ឋមន្ត្រី។

លោក សែម សាវុធ បាននិយាយថា “កន្លងមក ប្រជាពលរដ្ឋមានការបារម្ភខ្លាចដូចករណីអគារនៅរីកីឡា ដូច្នេះហើយពួកគាត់ចង់ចាកចេញជាមួយការផ្តល់សំណងជាទឹកប្រាក់ចាប់ពី៥០.០០០ដុល្លារដល់៧០.០០០ដុល្លារ។ ប៉ុន្តែ ដោយសារយើងបានឃើញគម្រោងនេះយើងមានការពេញចិត្ត ហើយគម្រោងនេះនឹងត្រូវសាងសង់ដោយក្រុមហ៊ុនជប៉ុន”។

លោកបាននិយាយថា ប្រជាពលរដ្ឋទាំងនេះត្រូវបានប្រាប់អំពីកន្លែងតាំងទីលំនៅបណ្តោះអាសន្ននឹងស្ថិតនៅក្រោយមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ។

លោក សៀ ភារម្យ ប្រធានក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋានជាអង្គការមិនមែនរដ្ឋាភិបាលសិទ្ធិដីធ្លី ក៏បានចូលរួមក្នុងជំនួបនោះផងដែរ ហើយបានលើកឡើងថា លោកពេញចិត្តចំពោះលទ្ធផលនេះ។

លោកបានថ្លែងថា “យើងគិតថា វានឹងមិនដូចបុរីកីឡា ដែលសាងសង់ដោយក្រុមហ៊ុនខ្មែរទេ។ គម្រោងនេះត្រូវបានសាងសង់ដោយក្រុមហ៊ុនជប៉ុន ហើយយើងគិតថា ក្រុមហ៊ុនជប៉ុននឹងចង់បានកិត្តិយស។ ពួកគេនឹងមិនអភិវឌ្ឍលើទឹកភ្នែកអ្នកភូមិក្រីក្រឡើយ”៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស