38 C
Phnom Penh

​​​មធ្យោបាយ​​​ធ្វើ​​​ដំណើរ​​​ត្រូវ​​​​​​ត្រួត​​​ពិនិត្យ​​​ ​​​​​ក្នុង​​​ពេល​​​ដែល​​​រថយន្ត​​​​​​ដឹក​​​កម្មករ​​​៨​​​០​​​នាក់​​​ក្រឡាប់​​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរនិងក្រុមអ្នកគាំទ្រពលកម្មបាននិយាយថា ពួកគេបានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយគ្រោះថ្នាក់ពេលធ្វើដំណើរទៅមកពីផ្ទះទៅកន្លែងធ្វើការរាល់ថ្ងៃដែលប្រឈមដោយកម្មកររោងចក្រកាត់ដេរ ក្នុងពេលដែលមានឡានមួយដឹកកម្មករប្រជ្រៀតគ្នា៨០នាក់បានក្រឡាប់ក្នុងក្រុងភ្នំពេញកាលពីព្រឹកថ្ងៃព្រហស្បិ៍ ដោយធ្វើឱ្យពួកគេរបួស៤០នាក់។

លោក មាន ថុន អធិការនគរបាលខណ្ឌបាក់ខែង បាននិយាយថាស្រ្តីជាកម្មករជិត២០នាក់បានរងរបួសធ្ងន់ ដែលភាគច្រើនបាក់ដៃនិងរលាត់មុខ បន្ទាប់ពីឡានម៉ាកហ៊ីយុនដាយមានទម្ងន់២,៥បានក្រឡាប់ទៅចំហៀងអូសចម្ងាយ២០ម៉ែត្រ បន្ទាប់ពីចង់បើកវ៉ារ៉ឺម៉កម៉ូតូក្នុងល្បឿនលឿននៅខណ្ឌជ្រោយចង្វានៅម៉ោងប្រហែល៦:៣០នាទីព្រឹក។

លោក ថន បាននិយាយថា “អ្នកបើកបរបានបាត់បង់ម្ចាស់ការខ្លួនឯង នៅពេលដែលខ្លួនបត់ចូលក្នុងគន្លងផ្លូវរបស់ខ្លួនវិញ”។

លោក មាជ ហុង អធិការរងនគរបាលខណ្ឌបាននិយាយថា អ្នករងរបួសដេករដូករណែលពេញផ្លូវ នៅពេលដែលលោកបានមកដល់។ លោក ថន បាននិយាយថា លោកនិងមន្ត្រីផ្សេងទៀតបានលើកពួកគេដាក់លើចិញ្ចើមថ្នល់ ដើម្បីរង់ចាំរថយន្តពេទ្យមកពីមន្ទីរពេទ្យកាល់ម៉ែត ដែលបានមកដល់រយៈពេល៣០នាទីក្រោយមក។

អ្នកបើកបរបានគេចខ្លួនពីកន្លែងកើតហេតុការណ៍ ហើយនៅតែគេចខ្លួននៅឡើយ។

កម្មកររោងចក្រកាត់ដេររាប់សិបនាក់ជិះឡានផ្ទុកលើសចំណុះបានស្លាប់ ហើយមានអ្នករងរបួសរាប់រយនាក់ជារៀងរាល់ឆ្នាំនៅតាមផ្លូវកម្ពុជា ក្នុងពេលធ្វើដំណើរទៅមកពីផ្ទះទៅកន្លែងធ្វើការពេលព្រឹកនិងពេលល្ងាច។

លោក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់សាធារណៈនៃក្រសួងមហាផ្ទៃបាននិយាយថា មន្រ្តីរដ្ឋាភិបាលបានចុះមើលរោងចក្រនានាតាំងពីដើមឆ្នាំ ដើម្បីព្រមានពួកគេអំពីគ្រោះថ្នាក់នៃការដឹកមនុស្សជិះប្រជ្រៀតគ្នាណែន និងត្រូវពិន័យជាទឹកប្រាក់១០០ ០០០រៀល ឬប្រហែល២៥ដុល្លារចំពោះអ្នកបើកបរ ប្រសិនបើឃើញដឹកអ្នកដំណើរលើសចំនួនកៅអី។

ច្បាប់ចរាចរណ៍ថ្មីនិយាយថា ក្រសួងសាធារណការនិងដឹកជញ្ជូននឹងសម្រេចថា រថយន្តត្រូវមានកៅអីចំនួនប៉ុន្មាននោះ ប៉ុន្តែមន្រ្តីសាធារណការបាននិយាយថា ពុំមានសេចក្តីសម្រេចទាក់ទងនឹងឡានដែលដឹកកម្មករទេ។

លោក រ័ត្នវាសនា បាននិយាយថា មានករណីច្រើន ដូចជាគ្រោះថ្នាក់កាលពីថ្ងៃព្រហស្បិ៍មានកម្មករឈរប្រជ្រៀតគ្នានៅលើឡាន ហើយមានតែគ្រោងដែកខ្លះប៉ុណ្ណោះដែលត្រូវឈរតោង។ រហូតមកដល់ពេលនេះ មានអ្នកបើកបរពីរបីនាក់ប៉ុណ្ណោះត្រូវផាកពិន័យ ពីព្រោះមិនមានមន្ត្រីនគរបាលគ្រប់គ្រាន់ ដើម្បីចុះអនុវត្តទេ។

លោកបាននិយាយថា “យើងបានទៅអប់រំរោងចក្រកាត់ដេរប្រហែល១០០រោងចក្រហើយបានចេញបណ្ណបើកបរជាង១០០០បណ្ណឲ្យអ្នកបើកឡានធំ”។

លោកស្រី អ៊ីសដឺ ហ្ជឺម៉ែន (Esther German) អ្នកគ្រប់គ្រងកម្មវិធីរោងចក្រល្អនៅកម្ពុជា ជាកម្មវិធីរបស់អង្គការពលកម្មអន្តរជាតិដើម្បីធ្វើឱ្យលក្ខខណ្ឌការងារកាន់តែល្អប្រសើរ បាននិយាយថា ក្រុមហ៊ុនផលិតសម្លៀកបំពាក់ ” ព្រមទទួលយក”ការអំពាវនាវឱ្យជួយដោះស្រាយការធ្វើដំណើរដ៏គ្រោះថ្នាក់និងបណ្តាលឲ្យស្លាប់។

លោកស្រី ហ្ជឺម៉ែន បាននិយាយថា ក្រុមហ៊ុនដែលពាក់ព័ន្ធបានបង្កើតក្រុមការងារដោយមានកម្មវិធី ដើម្បីដោះស្រាយបញ្ហា ដោយមានគោលបំណងស្វែងរកនូវអ្វីដែលមានដំណើរការ និងអ្វីដែលមិនមានដំណើរការ។

លោកស្រីបាននិយាយថា “យើងកំពុងតែយកចិត្តទុកដាក់ចំពោះគ្រោះថ្នាក់តាមផ្លូវថ្នល់ដែលពាក់ព័ន្ធនឹងកម្មកររោងចក្រយ៉ាងម៉ឺងមាត់។ ផ្លាកយីហោដែលកំពុងដោះស្រាយបញ្ហាប្រឈមទាំងឡាយ ដូចជាអ្នកបើកបរគ្មានជំនាញ ការបង្កើនការយល់ដឹង និងរថយន្តគ្មានគុណភាពល្អ កំពុងតែចែករំលែកការអនុវត្តល្អទាក់ទងនឹងបញ្ហានេះ។

លោកស្រីបាននិយាយបន្ថែមថា “បញ្ហានេះស្មុគស្មាញណាស់”៕ មាំ វិបុល

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស