35 C
Phnom Penh

សកម្ម​​​ជន​​​បងប្អូន​​​​​​ភ្លោះ​​​ត្រូវ​​​ឃាត់​​​ខ្លួន រារាំង​​​មិន​​​ឲ្យ​​​ចូល​​​ទៅ​​​វៀត​​​ណាម​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជនបងប្អូនភ្លោះដែលបានភៀសខ្លួន ហើយបន្ទាប់មកវិលមកកម្ពុជាវិញ បន្ទាប់ពីឃាតកម្មរបស់លោក កែម ឡី អ្នកវិភាគនយោបាយ បាននិយាយថា ពួកគេត្រូវឃាត់ខ្លួនមួយរយៈពេលខ្លីនៅឯព្រំដែនកាលពីព្រឹកថ្ងៃសុក្រ ហើយបង្ខំឲ្យផ្តិតមេដៃលើឯកសារហាមឃាត់មិនឲ្យចូលទៅដីវៀតណាម។

ជុំ ហួរ និងជុំ ហួត បង្ហោះរូបថតរបស់គេនៅថ្ងៃសុក្រនៅឯច្រកព្រំដែនក្អមសំណនៅលើហ្វេសប៊ុករបស់គេ។

លោក ជុំ ហួរ បាននិយាយថា “គេឃាត់យើងរហូតដល់ម៉ោង១១ព្រឹក នៅពេលដែលយើងយល់ព្រមផ្តិតមេដៃថា យើងមិនមានឯកសារគ្រប់គ្រាន់ ហើយសន្យាថា យើងនឹងមិនធ្វើដំណើរទៅវៀតណាមទេ”។

លោក ហួរ និងបងប្អូនប្រុសរបស់លោកគឺ លោក ជុំ ហួត បានគេចខ្លួនពីក្រុងភ្នំពេញទៅកាន់ក្រុងបាងកកប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពីមានឃាតកម្មនាថ្ងៃទី១០ ខែកក្កដា លើលោក កែម ឡី ជាគ្រូរបស់ពួកគេ ដោយភ័យខ្លាចពីសុវត្ថិភាពរបស់ពួកគេ ហើយបានទទួលសិទ្ធិជ្រកកោនរយៈពេលមួយឆ្នាំនៅទីនោះពីឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន។

ប៉ុន្តែពួកគេបានសម្រេចចិត្តវិលត្រឡប់មកកម្ពុជាវិញមិនដល់មួយខែផង ដោយលើកឡើងថា ស្ថានការណ៍នយោបាយស្ងប់ និងមានបំណងរបស់គេ ដើម្បីបន្តភាពសកម្មរបស់គេប្រឆាំងនឹងការសាងសង់ទំនប់វារីអគ្គិសនីដនសាហុងនៅតាមទន្លេមេគង្គក្នុងប្រទេសឡាវ។

កាលពីថ្ងៃសុក្រ បងប្អូនភ្លោះនេះ ដែលកាលពីមុនបានដើរតាមលោក កែម ឡី តាមដំណើរទស្សនកិច្ចផ្សេងៗ ដើម្បីទាក់ទាញការចាប់អារម្មណ៍នឹងការទន្ទ្រានទឹកដីរបស់វៀតណាមចូលកម្ពុជា បាននិយាយថា ពួកគេចាប់ផ្តើមចេញដំណើរទៅវត្តប៉ាក់ណាមក្នុងកម្ពុជាឆ្លងតាមផ្លូវល្អនៅវៀតណាម។

លោក ហួរ បាននិយាយថា “មានផ្លូវផ្សេងទៅដល់វត្តនេះ ប៉ុន្តែខ្ញុំចង់ឃើញវត្តនេះដោយដើរកាត់តាមព្រំដែនវៀតណាម ដើម្បីឲ្យយើងអាចឃើញស្ថានការណ៍ព្រំដែន”។

តាមលោក ហួរ នគរបាលអន្តោប្រវេសន៍ប្រចាំច្រកព្រំដែនក្អមសំណក្នុងខេត្តកណ្តាលបានបញ្ឈប់បងប្អូនភ្លោះទាំងពីរនៅម៉ោង៨ព្រឹក ដោយរឹបអូសលិខិតឆ្លងដែន ហើយក៏ទាមទារឲ្យពួកគេប្រគល់បណ្ណសិទ្ធិជ្រកកោនរបស់អង្គការសហប្រជាជាតិដែរ។

ការបង្ហោះហ្វេសប៊ុកដោយសកម្មជននេះនិយាយថា “ពួកខ្ញុំត្រូវបានអាជ្ញាធរខ្មែរនៅព្រំដែនយួនឃាត់ខ្លួន”។

បងប្អូនភ្លោះនេះបន្ទាប់មកត្រូវនាំទៅកាន់ប៉ុស្តិ៍ប្រធានអន្តោប្រវេសន៍ ដែលពួកគេនិយាយថា បានទាមទារឲ្យពួកគេផ្តិតមេដៃលើឯកសារហាមឃាត់ពួកគេមិនឲ្យចូលវៀតណាម ដោយមិនបានផ្តល់ការពន្យល់ ឬនិយាយថា ការហាមឃាត់នោះមានរយៈពេលប៉ុន្មានទេ។

លោក ហួរ បាននិយាយថា “យើងមានលិខិតឆ្លងដែន ហើយយើងមិនមែនជាជនបរទេសទេ ប៉ុន្តែគេមិនស្តាប់យើងទេ។ បើគេមិនចង់ឲ្យយើងឆ្លងកាត់ព្រំដែនទៅវៀតណាមទេ គេអាចគ្រាន់តែប្រាប់យើងឲ្យត្រឡប់មកភ្នំពេញវិញទៅបានហើយ ម៉េចចាំឃាត់យើង ហើយបញ្ជូនយើងទៅការិយាល័យនគរបាលអន្តោប្រវេសន៍ធ្វើអ្វី”។

មន្ត្រីអន្តោប្រវេសន៍ប្រចាំច្រកនេះមិនអាចទាក់ទងបានទេ។

លោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាលបាននិយាយថា ព្រំដែនមិនមែនស្ថិតក្រោមយុត្តាធិការលោកទេ ហើយក៏បានបង្វែរសំណួរទៅមន្ត្រីនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃវិញ ដែលក៏មិនអាចទាក់ទងបានដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស