នៅពេលត្រូវបានចេញផ្សាយក្នុងប្រទេសបារាំងក្នុងឆ្នាំ១៩៩៧ “សៀវភៅខ្មៅស្ដីពីរបបកុម្មុយនីស្ត” បានធ្វើឱ្យមានផ្ទុះកំហឹងក្នុងចំណោមអ្នកដែលមានគំនិតឆ្វេងនិយមជាច្រើនដែលមិនព្រមជឿថា ទស្សនវិជ្ជាដែលគាំទ្រសិទ្ធិរបស់កម្មករ និងសមភាពសង្គម បានបណ្តាលឱ្យមានការបង្ក្រាបជាប្រព័ន្ធ និងការសម្លាប់រង្គាលក្នុងសតវត្សរ៍ទី២០។
លោក Stephane Courtois ដែលបានពិនិត្យផ្ទៀងផ្ទាត់សៀវភៅនេះបានលើកឡើងនៅក្នុងបទសម្ភាសន៍កាលពីសប្ដាហ៍មុនថា “របបកុម្មុយនីស្តទាំងនោះដំណើរការតែមួយគត់ផ្អែកលើមូលដ្ឋាននៃការភ័យរន្ធត់”។
ដោយសំដៅដល់របបខ្មែរក្រហមនៃទសវត្សរ៍ឆ្នាំ១៩៧០ ដែលបានរៀបរាប់នៅក្នុងសៀវភៅនេះ លោកបានថ្លែងថា “ជាការពិត ខ្ញុំមិនចាំបាច់ពន្យល់ប្រាប់ប្រជាជនកម្ពុជាពីការភ័យរន្ធត់ជាអ្វីនោះឡើយ។ ជាអកុសល ខ្ញុំជឿថា វាជាអ្វីដែលប្រជាជនបានទទួងរងខ្លាំងបំផុតក្រោមរបបកុម្មុយនីស្ត។
ទស្សនវិទូបារាំង និងជាសាស្ត្រាចារ្យសាកលវិទ្យាល័យមួយរូប លោក Courtoisឥឡូវនេះជាអ្នកពិនិត្យផ្ទៀងផ្ទាត់ទស្សនាវដ្ដីប្រចាំឆ្នាំរបស់សាកលវិទ្យាល័យដែលមានចំណងជើងថា ” Communisme” នៅក្នុងប្រទេសបារាំង។ លោកនឹងធ្វើបាឋកថានៅយប់នេះនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈក្នុងរាជធានីភ្នំពេញ។
នៅក្នុង “សៀវភៅខ្មៅ” ដែលបានចេញផ្សាយជាភាសាអង់គ្លេសក្នុងឆ្នាំ១៩៩៩ អ្នកស្រាវជ្រាវបានអះអាងផ្អែកលើព័ត៌មានជាក់ស្តែងដែលរបបកុម្មុយនីស្តបានប្រែក្លាយភាពភ័យរន្ធត់ និងការសម្លាប់ទៅជានយោបាយដើម្បីរក្សាការគ្រប់គ្រង។
លោក Courtois បាននិយាយថា “ប្រសិនបើកុម្មុយនីស្តបង្កើតការភ័យរន្ធត់ជាឧបករណ៍របស់រដ្ឋាភិបាល វាមិនមែនដោយសារ ពួកគេសាហាវនោះទេ វាដោយសារពួកគេដឹងច្បាស់ពីឥទ្ធិពលចិត្តសាស្ត្រនៃភាពភ័យរន្ធត់”។
លោកបានបន្ថែមថា “ភាពភ័យរន្ធត់មានន័យថា ការបំផ្លាញឆន្ទៈទាំងស្រុងរបស់ប្រជាពលរដ្ឋ ដើម្បីឱ្យពួកគេប្រគល់អំណាចពេញលេញ។ លើសពីនេះទៅទៀត ការភ័យរន្ធត់បែបនេះ ប្រាកដជាធ្វើឡើងពីក្រោយភាពអាថ៌កំបាំង”។
លោក Courtois បានលើកឡើងថា ដូចអំឡុងរបបខ្មែរក្រហម នៅពេលដែលការសម្រេចទាំងអស់របស់រដ្ឋាភិបាលស្ថិតនៅលើ “អង្គការ” នោះ គោលនយោបាយលាក់ការណ៍សម្ងាត់របស់របបកុម្មុយនីស្តសំដៅបិទបាំងស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសដល់ពិភពខាងក្រៅ។ ថ្នាក់ដឹកនាំផ្សព្វផ្សាយអំពីរូបភាពនៃការធ្វើឱ្យស្ថានភាពរស់នៅរបស់ប្រជាជនប្រសើរឡើង ខណៈដែលការពិតប្រជាជនកំពុងជួបគ្រោះទុរភិក្ស។
លោកបាននិយាយថា ការគ្រប់គ្រងក៏មានន័យផងដែរថា ការកាត់ផ្ដាច់ទំនាក់ទំនងរបស់ប្រជាជនជាមួយពិភពខាងក្រៅ។ លោកបានបន្ថែមថា ”ដរាបណាប្រជាជនមិនអាចរត់គេចខ្លួនបាន ហើយធ្លាក់ក្នុងរបបនៃភាពភ័យរន្ធត់ខ្លាំងអស់មួយរយៈ…មានជនរងគ្រោះជាច្រើន ហើយក៏មានគ្រួសារមួយចំនួនធំរងការប៉ះទង្គិចផ្លូវចិត្ត ដែលនឹងមានភាពភ័យខ្លាចនៃរបបនោះ សូម្បីក្រោយពីរបបនេះដួលរលំហើយក៏ដោយ។
លោកបានបន្ថែមទៀតថា “វាធ្វើឱ្យយុវជនមួយជំនាន់ ឬពីរជំនាន់ដែលមិនបានឆ្លងកាត់របបនេះមើលឃើញពីការផ្លាស់ប្ដូរ”។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំបក្សកាន់អំណាចឱ្យចាកចេញពីរបបសង្គមនិយមចាប់តាំងពីលោកកាន់អំណាចក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ប៉ុន្តែពាក្យ “កុម្មុយនីស្ត”នៅតែជាពាក្យពេញនិយមក្នុងចំណោមអ្នករិះគន់រូបលោកនៅក្នុងពួកប្រឆាំង។
ដោយត្រូវចោទប្រកាន់ថា ជាអាយ៉ងរបស់រដ្ឋាភិបាលកុម្មុយនីស្តក្នុងប្រទេសវៀតណាមដ៏យូរអង្វែងនោះ លោក ហ៊ុន សែន ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះបានខិតកាន់តែជិតចូលក្នុងគន្លងរបស់ចិន ខណៈដែលប្រទេសមហាអំណាចនេះស្វែងរកឥទ្ធិពលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
អំឡុងដំណើរទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានៅខែនេះ លោក ស៊ី ជីនភីង ប្រធានាធិបតីចិនបានសន្យាផ្ដល់ជំនួយក្នុងទឹកប្រាក់ប្រហែល២៣៧លានដុល្លារ ហើយបានលុបចោលបំណុលដែលកម្ពុជាជំពាក់ជិត៩០លានដុល្លារ និងបានផ្ដល់ទឹកប្រាក់ជិត១៥លានដុល្លារទៀតដើម្បីគាំទ្រដល់ផ្នែកយោធា ជាឧទហរណ៍ថ្មីបំផុតនៃជំនួយសប្បុរស។
លោក Courtois បាននិយាយដល់គោលនយោបាយបរទេសរបស់ចិនថា “ គេត្រូវចាំថា ចិននៅតែជាប្រទេសកុម្មុយនីស្តមុនគេបង្អស់នៅក្នុងពិភពលោក។
លោកបានបន្ថែមថា “កុម្មុយនីស្តមិនដែលធ្វើអំណោយទេ។ កុម្មុយនីស្តមានគោលការណ៍សាមញ្ញបំផុតគឺ៖ អ្វីទាំងអស់ដែលជារបស់ខ្ញុំ គឺជារបស់ខ្ញុំ ហើយអ្វីដែលជារបស់អ្នកគឺត្រូវចរចា។ នេះគឺជាតក្កវិជ្ជានៃរបបផ្ដាច់ការ។ មិនមានភាពទៅវិញទៅមកនៅក្នុងទំនាក់ទំនងឡើយ”។
លោក Courtois បានថ្លែងថា “ទាំងអស់នេះមិនមែនជាប្រផ្នូលល្អសម្រាប់ប្រជាធិបតេយ្យនៅក្នុងពិភពលោកឡើយ។ លោកបានបន្ថែមថា “ប្រទេសសំខាន់ៗបំផុតដូចជារុស្ស៊ី ឬចិនស្ថិតក្នុងដំណើរការនៃការពង្រឹងការគ្រប់គ្រងបែបផ្ដាច់ការរបស់ខ្លួនឲ្យដាច់កាន់តែឆ្ងាយពីលទ្ធិប្រជាធិបតេយ្យ និងការពង្រឹងសព្វាវុធរបស់ខ្លួន។ ហើយប្រទេសមហាអំណាចទាំងនោះបានប្រើអំណាចប្រសិនបើចង់ឱ្យប្រទេសតូចៗអនុវត្តតាម”។
បាឋកថាដែលធ្វើឡើងជាភាសាសបារាំងចាប់ផ្ដើមនៅម៉ោង៦ល្ងាចនៅសាលប្រជុំរបស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ”៕សារុន