លោក ប៉ែន សុវណ្ណ នាយករដ្ឋមន្ត្រីទី១របស់កម្ពុជា ក្រោយរបបខ្មែរក្រហម និងដែលអ្នកខ្លះហៅលោកថា “បិតា” នៃកងកម្លាំងឧទ្ទាមដែលបានជួយផ្ដួលរំលំខ្មែរក្រហម បានទទួលមរណភាពហើយកាលពីថ្ងៃសៅរ៍ ក្នុងវ័យ៨០ឆ្នាំ បន្ទាប់ពីឆ្លងកាត់ជីវិតនយោបាយដ៏លំបាក។
ក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីម្សិលមិញ គណបក្សសង្គ្រោះជាតិដែលលោកបានចូលរួមជាមួយកាលពីឆ្នាំ២០១២ បានបញ្ជាក់ថា លោកបានទទួលមរណភាពនៅគេហដ្ឋានរបស់លោកក្នុងខេត្តតាកែវនៅម៉ោងជាង៧យប់ថ្ងៃសៅរ៍ បន្ទាប់ពីមានជំងឺសម្ពាធឈាមឡើងខ្ពស់ (លើសឈាម) និងជំងឺទឹកនោមផ្អែមរយៈពេលជាយូរ។ លោកបានដាច់សរសៃឈាមខួរក្បាលនៅឆ្នាំ២០១៥ ដែលបានធ្វើឱ្យលោកស្លាប់មួយចំហៀងខ្លួននៅផ្នែកខាងស្ដាំ។

ក្នុងនាមជាអ្នកដើរតាមលទ្ធិម៉ាក្សមួយជីវិតដែលមានគំនិតជាតិនិយមក្លៀវក្លា និងធំដឹងក្ដីក្រោមរបបត្រួតត្រារបស់អាណានិគមបារាំង លោកបានអះអាងថា បញ្ហាតែមួយគត់ជាមួយសង្គមនិយម គឺស្ថិតនៅត្រង់អ្នកដែលបានព្យាយាមអនុវត្តវាហើយ ប៉ុន្តែមិនជោគជ័យ។ ដោយត្រូវបានដកចេញឲ្យនៅក្រៅសង្វៀននយោបាយក្នុងឆ្នាំ១៩៨១ នៅពេលលោកត្រូវបានចាប់ខ្លួនក្នុងឋានៈជានាយករដ្ឋមន្ត្រីដោយសារការមិនសប្បាយចិត្តចំពោះការគ្រប់គ្រងរបស់រដ្ឋាភិបាលក្រុងហាណូយ ដែលបានលើកបន្តុបលោក ហើយត្រូវបានគេបំភ្លេចចោលស្ទើរតែទាំងស្រុងអំឡុងនិរទេសខ្លួនមួយទសវត្សរ៍ លោក ប៉ែន សុវណ្ណ បានវិល ត្រឡប់មកប្រទេសកម្ពុជាវិញនៅទសវត្សរ៍ឆ្នាំ១៩៩០ ហើយប៉ុន្មានឆ្នាំចុងក្រោយដែលលោកចូលប្រឡូកក្នុងឆាកនយោបាយវិញ លោកបានក្លាយជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។
លោក ដេវិឌ ឆាណ្ឌល័រ ដែលជាអ្នកប្រវត្តិសាស្ត្របានមានប្រសាសន៍ថា លោក ប៉ែន សុវណ្ណ គឺជា “ជនរួមជាតិដ៏ស្មោះត្រង់” ម្នាក់ដែលមិនខ្វល់ចំពោះប្រវត្តិសាស្ត្រស្ដីពីសម័យកាលរបស់លោកដែលចៀសមិនផុតនឹងផ្ដោតសំខាន់លើខ្មែរក្រហម និងអ្វីដែលលោកហៅថា កម្ពុជា “ថ្មី”។
លោកបានលើកឡើងថា ភាគច្រើនដោយសារតែអ្នកឈ្នះជាអ្នកសរសេរប្រវត្តិសាស្ត្រនោះ។ លោកមានប្រសាសន៍ថា “គាត់ត្រូវបានគេដកចេញឲ្យនៅក្រៅសង្វៀនដោយសារការចាប់ខ្លួនគាត់ ការឃុំខ្លួនគាត់នៅវៀតណាម ហើយអ្វីៗដែលបានកើតឡើងក្រោយមកទៀតត្រូវបានបំភ្លេចចោលយ៉ាងស្អាតយោងតាមអ្នកកាន់អំណាច”។
លោក ប៉ែន សុវណ្ណ បានធ្វើជានាយករដ្ឋមន្ត្រីទី១នៃបក្សបដិវត្តន៍ប្រជាជនកម្ពុជា ដែលទើបបង្កើតឡើងថ្មីមិនបាន៦ខែនោះទេ នៅពេលលោកត្រូវបានចាប់ខ្លួននៅខែធ្នូ ឆ្នាំ១៩៨១ ដោយសារបាត់បង់ការគាំទ្រពីរដ្ឋាភិបាលក្រុងហាណូយ ដែលបានគ្រប់គ្រងប្រទេសកម្ពុជា រហូតដល់ដំណាច់ទសវត្សរ៍នេះ។
យោងតាមសៀវភៅមានចំណងជើងថា “កម្ពុជា ក្រោយរបបខ្មែរក្រហម” (Cambodia after the Khmer Rouge) ដែលនិពន្ធដោយ អុីវែន ហ្គតស៍មែន (Evan Gottesman) បានឱ្យដឹងថា លោក ប៉ែន សុវណ្ណ មានប្រសាសន៍ថា លោក ហ៊ុន សែន ដែលត្រូវទទួលបានតំណែងរបស់លោកនៅរយៈពេល៤ឆ្នាំក្រោយ បានទៅជាមួយអាជ្ញាធរវៀតណាម ដើម្បីអានបទចោទប្រកាន់ដែលរួមមាន “គំនិតជាតិនិយមចង្អៀតចង្អល់” និងការយកពន្ធលើយន្តហោះវៀតណាម។ នៅពេលលោក ប៉ែន សុវណ្ណ អានបទចោទប្រកាន់នោះរួច លោកក៏ត្រូវបានផ្ដន្ទាទោសពីបទព្យាយាមឱ្យលោក ឡេ ដុកថូ (Le Duc Tho) ប្រធានទីប្រឹក្សារបស់រដ្ឋាភិបាលក្រុងហាណូយ ប្រចាំរដ្ឋាភិបាលក្រុងភ្នំពេញ រក្សាការសន្យាមិនលូកលាន់កិច្ចការផ្ទៃក្នុងរបស់កម្ពុជា នេះបើយោងតាមបទសម្ភាសន៍មួយដែលលោកបានផ្ដល់ដល់មជ្ឈមណ្ឌលសម្រាប់ការស្រាវជ្រាវអំពីសាកលភាវូបនីយកម្ម (Center for Research on Globalization) នៅឆ្នាំ២០១៣ សម្រាប់ជីវប្រវត្តិសង្ខេប។
លោកត្រូវបាននិរទេសខ្លួនភ្លាមៗទៅក្រុងហាណូយ ហើយជាប់ពន្ធនាគារ និងជាប់ឃុំឱ្យនៅតែក្នុងផ្ទះអស់រយៈពេល១១ឆ្នាំ។
អ្នកនិពន្ធ លុក យុាំង (Luke Young) នៅមជ្ឈមណ្ឌលនេះបានសរសេរថា បន្ទាប់មកលោក ប៉ែន សុវណ្ណ បានរស់នៅដោយឆ្លងកាត់ “សម័យកាលដ៏អាក្រក់បំផុត និងឃោរឃៅបំផុតនៃប្រវត្តិសាស្ត្រកម្ពុជា នាសម័យទំនើប” ហើយ “បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងនយោបាយឆ្វេងនិយមរបស់កម្ពុជា”។
កើតនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៣៦ នៅខេត្តតាកែវ ក្នុងគ្រួសារធំមួយដែលជាកសិករបានតែមួយចម្អែតក្រពះ លោក ប៉ែន សុវណ្ណ មានប្រសាសន៍ថា លោកបានមើល ឃើញមធ្យោបាយធ្វើស្រែរបស់ពួកគេរលាយបាត់បន្តិចម្តងៗកាលពីនៅកុមារ នៅពេលបារាំង ចាប់បង្ខំឲ្យឪពុករបស់ពួកគេទៅធ្វើជាកូនឈ្នួល។
ដោយប្ដេជ្ញាចិត្តប្រឆាំងការត្រួតត្រារបស់អាណានិគម លោកបានចូលរួមជាមួយចលនាជាតិនិយមខ្មែរឥស្សរៈនៅវ័យ១៤ឆ្នាំ ក្នុងឆ្នាំ១៩៥០ នៅក្នុងសង្គ្រាមទ័ពព្រៃប្រឆាំងបារាំង ហើយបានធ្វើជាអង្គរក្សរបស់ ឯក ឈឿន ដែលក្រោយមកក្លាយជាមេបញ្ជាការខ្មែរក្រហមគួរឱ្យខ្លាចមានងារថា តាម៉ុក។
នៅពេលកងកម្លាំងនេះត្រូវបានកម្ទេចចោលដោយសន្និសីទទីក្រុងហ្សឺណែវ ក្នុងឆ្នាំ១៩៥៤ លោកស្ថិតក្នុងចំណោម “អ្នកនៅក្រុងហាណូយ១.០០០នាក់” ដែលបានចាកចេញពីកម្ពុជា ទៅកាន់ប្រទេសវៀតណាមសម្រាប់ការហ្វឹកហាត់ និងការបណ្តុះបណ្តាលផ្នែកមនោគមវិជ្ជា។
នៅទីនោះ ក្នុងឆ្នាំ១៩៥៨ លោកបានចូលរួមជាមួយបក្សបដិវត្តន៍ប្រជាជនកម្ពុជា ដែលបានប្រែក្លាយជាបក្សកុម្មុយនីស្តកម្ពុជា ឬខ្មែរក្រហមនៅ៨ឆ្នាំក្រោយមក ហើយបានត្រឡប់មកកម្ពុជា វិញនៅឆ្នាំ១៩៧០ និងត្រូវបានជ្រើសរើសឱ្យបញ្ជូនបន្តនូវការផ្សាយវិទ្យុចេញពីក្រុងហាណូយ។
លោកបានប្រាប់លោក លុក យ៉ាំង ថា ការផ្តាច់មនោគមវិជ្ជារបស់លោកជាមួយចលនានេះបានចាប់ផ្ដើមដោយសារតែគោលនយោបាយដែលលោកចាត់ទុកថាផ្ទុយទាំងស្រុងពីវប្បធម៌ខ្មែរ។
លោកមានប្រសាសន៍ថា “ឧទាហរណ៍ដូចជា ការមិនអនុញ្ញាតឱ្យព្រះសង្ឃតមចង្ហាន់តាមព្រះពុទ្ធសាសនា បង្ខំឱ្យប្រជាជនបរិភោគអាហាររួមគ្នាជាក្រុម និងការមិនឱ្យហៅម្ដាយឪពុកថា ‘ម៉ែ’ និង’ពុក’ ប៉ុន្តែត្រូវហៅថា ‘សមមិត្តម៉ែ’ ឬ ‘សមមិត្តពុក’។ ពិតជាគួរឱ្យអស់សំណើច!។ទាំងអស់នោះមិនស័ក្ដិសមជាមួយនឹងប្រពៃណីខ្មែរទេ ហើយអ្វីដែលមិនស្របតាមប្រពៃណីខ្មែរ បេះដូងពិតប្រាកដរបស់ខ្មែរ ខ្ញុំប្រឆាំង”។
លោក បែ៉ន សុវណ្ណ បានផ្តាច់ទំនាក់ទំនងជាផ្លូវការពីរបបនេះនៅក្នុងឆ្នាំ១៩៧៤ហើយបានប្រញាប់ប្រញាល់ត្រឡប់ទៅប្រទេសវៀតណាម ជាកន្លែងដែលលោកបានធ្វើការភ្លាមៗជាមួយខ្មែរក្រហមដែលចុះចូលដូចរូបលោកដែរ ហើយនៅក្នុងឆ្នាំ១៩៧៨លោកបានក្លាយជាសមាជិកស្ថាបនិកនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា។ បន្ទាប់ពីកងកម្លាំងវៀតណាមបានជួួយរណសិរ្សនេះផ្តួលរំលំខ្មែរក្រហមនៅថ្ងៃទី៧ ខែមករា មួយឆ្នាំក្រោយមក លោកបានឡើងឋានៈជាបន្តបន្ទាប់ភ្លាមៗ រហូតដល់ពេលលោកត្រូវបានចាប់ខ្លួនក្នុងឆ្នាំ១៩៨១។
បន្ទាប់ពីត្រូវបានដោះលែង ហើយវិលត្រឡប់មកប្រទេសកម្ពុជានៅក្នុងឆ្នាំ១៩៩២ លោក បែ៉ន សុវណ្ណ បានចូលប្រឡូកក្នុងឆាកនយោបាយឡើងវិញ ដោយជួយគាំទ្រគណបក្សប្រឆាំងមួយចំនួន ហើយដឹកនាំគណបក្សផ្ទាល់ខ្លួនគឺគណបក្សទ្រទ្រង់ជាតិអស់រយៈពេលពីរបីឆ្នាំ។
លោក យែ៉ម បុញ្ញឫទ្ធិ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានលើកឡើងកាលពីម្សិលមិញថា ទីបំផុតលោក ប៉ែន សុវណ្ណ បានចូលរួមជាមួយលោក និងលោក កឹម សុខា
ក្នុងគណបក្សសិទ្ធិមនុស្សក្នុងឆ្នាំ២០០៧ដោយទទួលបានតំណែងជាអនុប្រធានគណបក្ស។ គណបក្សសិទ្ធិមនុស្សបានច្របាច់បញ្ចូលជាមួយគណបក្សសម រង្ស៊ី ក្នុងឆ្នាំ២០១២ដើម្បីបង្កើតជាគណបក្សថ្មីមួយគឺគណបក្សសង្គ្រោះជាតិ ហើយលោក បែ៉នសុវណ្ណ ទទួលបានអាសនៈសភាក្នុងនាមជាតំណាងរាស្ត្រគណបក្សប្រឆាំងប្រចាំមណ្ឌល កំពង់ស្ពឺនៅក្នុងការបោះឆ្នោតជាតិមួយឆ្នាំក្រោយមក។
លោកបានមានប្រសាសន៍ថា “ការទទួលមរណភាពរបស់លោក ប៉ែន សុវណ្ណ ជាការបាត់បង់អ្នកនយោបាយខ្មែរមួយរូបដែលមានគោលជំហរជាតិពិតប្រាកដ។ ថ្វីបើគាត់បានចូលរួមទទួលការហ្វឹកហាត់បំពាក់បំប៉ុនពីប្រទេសជិតខាងក៏ដោយ តែគាត់នៅតែស្រឡាញ់ជាតិ”។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានសរសេរសារតាមហ្វេសប៊ុកកាលពីម្សិលមិញ ដោយហៅលោក ប៉ែន សុវណ្ណ ថាជា “បិតា៧មករា” និងជាអ្នកស្នេហា ជាតិមួយរូប ដែលបានតស៊ូការពារផលប្រយោជន៍ប្រជារាស្ត្រខ្មែរក្នុងកាលៈទេសៈប្រវត្តិសាស្ត្រដ៏លំបាកក្រៃលែង”។
ការលើកឡើងទាំងនោះមិនទទួលបានការគាំទ្រពីរដ្ឋាភិបាលដែលកើតចេញពីរបបអាយ៉ងនេះ ដែលលើកបន្តុបលោកបែ៉ន សុវណ្ណឲ្យឡើងធ្វើជានាយករដ្ឋមន្ត្រីហើយផ្តួលរំលំលោកវិញ។
៣៥ឆ្នាំ បន្ទាប់ពីការចាប់ខ្លួនលោក លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចរបស់លោក ហ៊ុន សែន នៅតែចោទប្រកាន់អតីតនាយករដ្ឋមន្ត្រីរូបនេះថា មាន “ទស្សនវិស័យរាក់កំផែល”។
លោក សុខ ឥសាន នៅតែលើកឡើងថា លោក បែ៉ន សុវណ្ណ ត្រូវតែចាប់ខ្លួនក្នុងឆ្នាំ១៩៨១ដោយសារជំហររបស់លោកប្រឆាំងនឹងការត្រួតត្រារបស់វៀតណាម និងផែនការកប្រាំរបស់រដ្ឋាភិបាលក្រុងហាណូយដែលបានប្រែក្លាយព្រំដែនកម្ពុជា-ថៃឲ្យក្លាយទៅជាអ្វីដែលជាបន្ទាត់ព្រំដែនមួយក្នុងចំណោមបន្ទាត់ព្រំដែនដែលសម្បូរមីនបំផុតក្នុងពិភពលោក ដើម្បីការពារកុំឲ្យពួកឧទ្ទាមខ្មែរក្រហមចូលមកក្បែរ។
លោកបានមានប្រសាសន៍ថា “យើងទទួលស្គាល់ថា គាត់ធ្វើនាយករដ្ឋមន្ត្រីមួយដង្ហើមចង្រិត តែដោយសារបញ្ហាហ្នឹងទៅ យើងយល់ថា មានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាជាតិកម្ពុជា យើងមិនអាចបណ្តែតបណ្តោយឲ្យគាត់ធ្វើនាយករដ្ឋមន្ត្រីទៀតបាន។ បើកុំចាប់គាត់ដាក់ពន្ធនាគារ ហ្នឹងគឺថា របបប្រល័យពូជសាសន៍មិនអាចរលំរលាយបានទេ”។
សម្រាប់លោក បែ៉ន សុវណ្ណ វិញ លោកបានចាត់ទុកឆ្នាំចុងក្រោយរបស់លោកនៅក្នុងការប្រឡូកក្នុងឆាកនយោបាយជាមួយគណបក្សប្រឆាំង ថាជាការបន្តការតស៊ូប្រឆាំងនឹងកងកម្លាំងអាណានិគមដោយចោទប្រកាន់ គណបក្សប្រជាជនកម្ពុជាថា បន្តបណ្តោយឲ្យវៀតណាមត្រួតត្រាលើកម្ពុជា។
នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយកាសែតខេមបូឌា ដេលី ក្នុងឆ្នាំ២០១៣ លោកបានមានប្រសាសន៍ថា “ខ្ញុំចូលរួមជាមួយគណបក្សនេះដើម្បីសង្គ្រោះជាតិម្តងទៀត…គណបក្សសង្គ្រោះជាតិកំពុងតែសង្គ្រោះប្រទេសជាតិពីរបបអំណាចផ្តាច់ការ ពីកណ្តាប់ដៃរបស់វៀតណាម និងពីអំពើពុករលួយ”។
នៅឆ្នាំដដែលនោះក្នុងកិច្ចសម្ភាសន៍របស់លោកជាមួយលោក ឡុក យ៉ាំង លោក បែ៉ន សុវណ្ណ បានលើកឡើងថា ជំនឿដំបូងរបស់លោកលើលទិ្ធម៉ាក្សក៏នៅតែមានដដែលដែរ។ លោកបានមានប្រសាសន៍ថា “ខ្ញុំអាចនិយាយបានថា គាត់គឺជាអ្នកវិភាគប្រវត្តិសាស្ត្រដ៏ត្រឹមត្រូវ ប៉ុន្តែ អ្នកដែលប្រើប្រាស់វាជាមធ្យោបាយដើម្បី រឹបអូសអំណាចប្រើប្រាស់វាក្នុងផ្លូវបំផ្លិចបំផ្លាញ។ អ្នកដែលព្យាយាមអនុវត្តទស្សនវិស័យសង្គមនិយមរបស់ខ្លួន អនុវត្តមិនបានត្រឹមត្រូវទេ។ជាពិសេស ប្រសិនបើថ្នាក់ដឹកនាំប្រើប្រាស់វាត្រឹមត្រូវអ៊ីចឹង ពួកគេនឹងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ”។
លោក សុខ អ៊ំុស៊ា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិប្រចាំមណ្ឌលកំពង់ស្ពឺដែរនោះបានលើកឡើងថា លោក បែ៉ន សុវណ្ណ ទទួលបានការមើលថែទាំពីកូនស្រីចិញ្ចឹមរបស់លោកឈ្មោះ បែ៉ន សុទ្ធា នៅក្នុងឆ្នាំចុងក្រោយរបស់លោក។
នៅក្នុងជីវប្រវត្តិផ្ទាល់ខ្លួនឆ្នាំ២០០២របស់លោក លោក បែ៉ន សុវណ្ណ បានមានប្រសាសន៍ ថា លោកបានរៀបការជាមួយស្ត្រីជនជាតិវៀតណាមម្នាក់ក្នុងឆ្នាំ១៩៦៥ ហើយមានកូនបីនាក់ស្រីពីរ ប្រុសមួយ ប៉ុន្តែ ត្រូវបានគេបង្ខំឲ្យលែងលះជាមួយប្រពន្ធរបស់លោក ហើយចាកចេញពីក្រុមគ្រួសារក្នុងឆ្នាំ១៩៨៣។
លោក យ៉ែម បុញ្ញឫទ្ធិ បានលើកឡើងថា គណបក្សរបស់លោកនឹងបើកទីស្នាក់ការរបស់ខ្លួនក្នុងរាជធានីភ្នំពេញសម្រាប់អ្នកកាន់ទុក្ខដែលមិនអាចធ្វើដំណើរទៅកាន់ខេត្តតាកែវដើម្បីចូលរួមពិធីបុណ្យសព។គណបក្សសង្គ្រោះជាតិសង្ឃឹមថា នឹងបូជាសពលោក បែ៉ន សុវណ្ណ នៅថ្ងៃអាទិត្យក្នុងសួនច្បារមុខវត្តបទុម។ រដ្ឋាភិបាលទំនងជាមិនយល់ព្រមឡើយ៕សុខុម និង ស៊ុយឈាង