29 C
Phnom Penh

យុវជន​​​ម្នាក់់​​​ជាប់​​​ឃុំ​​​ព្រោះ​​​ប្រមាថ​​​អាយុ​​​ជីវិត​​​លោក​​ ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា យុវជនម្នាក់អាយុ២៧ឆ្នាំប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ បន្ទាប់ពីទទួលរងការចោទប្រកាន់ពាក់ព័ន្ធនឹងសារបង្ហោះហ្វេសប៊ុក ដែលតាមចោទថាបានគំរាមអាយុជីវិតរបស់លោក ហ៊ុន សែន ក្នុងការព្យាយាមញុះញង់ឲ្យមានអំពើហិង្សាប្រឆាំងលោកនាយករដ្ឋមន្ត្រី។

cam-photo-facebookមន្ត្រីដែលស៊ើបអង្កេតលើករណីនេះបានបដិសេធមិនបញ្ជាក់ថា សារដែលបង្ហោះនោះមានខ្លឹមសារយ៉ាងណានោះទេ។

សាម ភាព ដែលបានទៅធ្វើការនៅប្រទេសថៃញឹកញាប់ ត្រូវបានឃាត់ខ្លួនកាល ពីថ្ងៃព្រហស្បតិ៍ នៅពេលមកលេងគ្រួសាររបស់ខ្លួននៅខេត្តព្រៃវែង ហើយនាំខ្លួនមកក្រសួងមហាផ្ទៃក្នុងក្រុងភ្នំពេញ ដើម្បីសាក សួរមុនពេលបញ្ជូនទៅតុលាការក្រុងភ្នំពេញ។លោក គង់ សំសារ៉េត ព្រះរាជអាជ្ញារង បាននិយាយកាលពីថ្ងៃម្សិលមិញថា ”យើងបានចោទប្រកាន់ឈ្មោះ សាម ភាព ពីបទគំរាមសម្លាប់…និងញុះញង់ឲ្យប្រព្រឹត្តបទល្មើស។ លោក កោ វណ្ឌី ចៅក្រុមសើុបសួរ បានសម្រេចដាក់ពន្ធនាគារជននេះ”។

ការគំរាមសម្លាប់ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ២ឆ្នាំ ហើយបទញុះញង់ឲ្យមានអំពើហិង្សាត្រូវមានទោសពីមួយឆ្នាំទៅបីឆ្នាំ។ បទល្មើសទាំងនេះត្រូវពិន័យរួមគ្នាជាប្រាក់ពី៣លានរៀលឬប្រហែល៧៥០ដុល្លារ ទៅ១០លានរៀលប្រហែល២.៥០០ដុល្លារ។

ចៅក្រម វណ្ឌី បានបញ្ជាក់កាលពីម្សិល មិញថា លោកបានបញ្ជូន សាម ភាព ទៅពន្ធ នាគារព្រៃស ប៉ុន្តែបានបដិសេធមិនអធិ ប្បាយបន្ថែមលើករណីនេះទេ។

លោក ប៉ាវ ប៊ូ ប្រធានភូមិបឹងជ័រ ដែលគ្រួសាររបស់យុវជននេះរស់នៅ បាននិយាយ ថា សាម ភាព កម្រត្រូវគេឃើញក្នុងតំបន់នេះណាស់។

លោកបាននិយាយថា “ខ្ញុំសឹងតែមិនដែលឃើញទេ ពីព្រោះគាត់បានទៅក្រៅប្រទេស។ ខ្ញុំគ្រាន់តែបានឮថា គាត់ត្រូវបានគេចាប់ខ្លួន។ គាត់ទៅធ្វើការ ប៉ុន្តែពេលនេះគាត់បានបង្កបញ្ហាដល់ខ្លួន”។

លោក ប៊ូ បាននិយាយថា ពលករចំណាកស្រុករូបនេះមានបងប្អូនស្រីបីនាក់និងបងប្អូនប្រុសភ្លោះ។ លោកបាននិយាយថា “គ្រួសាររបស់គាត់ក្រីក្រ”។

តាមសេវាព័ត៌មានអីុនធឺណិតហ្វ្រេសញូ សាម ភាព បាននិយាយបន្ទាប់ពីត្រូវនាំខ្លួនទៅកន្លែងនគរបាលថា គាត់បានដឹងច្បាស់អំពីមូលហេតុដែលគាត់ត្រូវបានចាប់ខ្លួន។

គាត់ត្រូវគេដកស្រង់សម្តីដែលនិយាយថា “ខ្ញុំដឹងខ្ញុំមិនបានជួញដូរគ្រឿងញៀនទេ។ ការចាប់ខ្លួននេះគឺព្រោះតែការប្រមាថរដ្ឋាភិបាល”។សាម ភាព ជាអ្នកប្រើបណ្តាញព័ត៌មានសង្គមចុងក្រោយដែលត្រូវជាប់ពន្ធនាគារទាក់ទិននឹងការបង្ហោះសារ ដែលបានធ្វើឲ្យគណបក្សកាន់អំណាចខឹង ជាអ្វីដែលមជ្ឈដ្ឋានខ្លះនិយាយថា ជាយុទ្ធនាការដើម្បីបង្ក្រាប អ្នកមានមតិប្រឆាំង ក្នុងចំណោមសហគមន៍ដែលរីកធំយ៉ាងរហ័សនៃអ្នកប្រើប្រាស់អីុនធឺណិតកម្ពុជា។

អ្នកផ្សេងទៀតជាប់ពន្ធនាគារព្រោះតែការអំពាវនាវឲ្យមានបដិវត្តន៍ពណ៌ ការគំរាមប្រើអំពើហិង្សាលើមន្ត្រីរដ្ឋាភិបាល និងការនិយាយថា លោក ហ៊ុន សែន ស្លាប់ហើយជាដើម។

សមាជិកព្រឹទ្ធសភាបក្សប្រឆាំងមួយរូប និងសមាជិកសភាមួយរូប កំពុងជាប់ពន្ធនាគារព្រោះការបង្ហោះហ្វេសប៊ុកចោទរដ្ឋាភិបាលថាបានកាត់ដីឲ្យវៀតណាម រីឯលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ កំពុងប្រឈមនឹងករណីព្រហ្មទណ្ឌជាច្រើន ដែលភាគច្រើនពីបទបរិហារកេរ្តិ៍ ទាក់ទិននឹងការបង្ហោះតាមហ្វេសប៊ុក៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស