ព័ត៌មានជាតិ

ប្រធាន​​​គណៈកម្មាធិការ​​​កិច្ចការ​​​ព្រំដែន​​​ថា វៀតណាម​​​មិន​​​បញ្ឈប់​​​ការ​​​សាងសង់​​​នៅ​​​ព្រំដែន

By

October 31, 2016

ទោះបីជាមានសំណើជាច្រើនសុំឲ្យបញ្ឈប់ការសាងសង់ប៉ុស្តិ៍យោធាក្នុងតំបន់មានជម្លោះនៅតាមបណ្តោយព្រំដែនកម្ពុជាវៀតណាមក៏ដោយ ក៏រដ្ឋាភិបាលក្រុងហាណូយបានបដិសេធមិនធ្វើតាមទេ ដោយធ្វើឲ្យប្រធានគណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជានិយាយកាលពីម្សិលមិញថា រដ្ឋាភិបាលក្រុងភ្នំពេញរកធ្វើអ្វីមិនកើតដើម្បីបញ្ឈប់ការសាងសង់នេះទេ។

រដ្ឋាភិបាលបានបញ្ជូនកំណត់ទូតមួយទៅប្រទេសវៀតណាមកាលពីខែសីហា ដោយស្នើឲ្យវៀតណាមបញ្ឈប់ការសង់ការិយាល័យការពារព្រំដែនក្នុង “តំបន់ស” ក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដែលគេសន្មតថាជាតំបន់ហាមចូលរបស់ប្រទេសទាំងពីរ។

លោក វ៉ា គឹមហុង រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន បានមានប្រសាសន៍ថា សារនោះ ព្រមទាំងកំណត់ទូតជាច្រើនក្រោយមកទៀត មិនត្រូវបានគេអើពើទេ។ លោកបានមានប្រសាសន៍ថា “ខ្ញុំបានប្រាប់វៀតណាមជាច្រើនដង អំឡុងការប្រជុំមុនៗ ហើយនៅពេលថ្មីៗនេះយើងបានបញ្ជូនកំណត់ទូតដើម្បីតវ៉ាប្រឆាំងនឹងសំណង់នេះ។ យើងបានស្នើឲ្យពួកគេឈប់ ប៉ុន្តែពួកគេមិនបានស្តាប់យើងទេ”។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍បន្ថែមថា “សូមប្រាប់ខ្ញុំមក ប្រសិនបើពួកគេមិនឈប់ តើយើងអាចធ្វើអ្វីបាន? តើអ្នកចង់ឲ្យប្រទេសកម្ពុជាចាប់ផ្តើមសង្គ្រាមជាមួយប្រទេសវៀតណាមដើម្បីបញ្ឈប់សំណង់នេះឬ?”។

លោក ឆាយ ធី អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សអាដហុក ដែលបាននិងកំពុងតាមដានការលុកលុយព្រំដែនក្នុងខេត្ត បានមានប្រសាសន៍ថា ការសង់ ដែលមានតែការចាក់គ្រឹះនិងសសរបេតុងពីរបីកាលពីពាក់កណ្តាលខែសីហា ឥឡូវនេះបានធ្វើហើយប្រហែល៨០ភាគរយហើយ។

លោកបាននិយាយថា “ខ្ញុំបានទទួលព័ត៌មានពីប្រជាពលរដ្ឋមូលដ្ឋាន និងមន្ត្រីយោធាព្រំដែន។ ពួកគេបានប្រាប់ខ្ញុំថា វៀតណាមបានបន្តសង់ប៉ុស្តិ៍ព្រំដែន ហើយកាលពីថ្ងៃសុក្រ ពួកគេបានឃើញវៀតណាមប្រក់ដំបូល។ ប៉ុន្តែយើងមិនបានឃើញអាជ្ញាធរខេត្តមកឃាត់សំណង់នេះទេ”។

អភិបាលស្រុកអូរយ៉ាដាវ លោក ម៉ា វិចិត្រ បាននិយាយថា លោកបានជូនដំណឹងដល់ក្រុមមន្ត្រីខេត្តអំពីបញ្ហានេះហើយ។

ដោយបង្វែរសំណួរផ្សេងទៀតទៅលោក ញ៉ែម សំអឿន អភិបាលរងខេត្ត លោកបាននិយាយថា “ខ្ញុំបានធ្វើរបាយការណ៍មួយ និងបានបញ្ជូនទៅអាជ្ញាធរខេត្តដោយជូនដំណឹងពួកគេថា វៀតណាមបានបន្តសង់ប៉ុស្តិ៍នោះ”។

លោក សំអឿន មិនអាចទាក់ទងបានទេ។ លោក មឿង ស៊ីនាថ អ្នកនាំពាក្យសាលាខេត្ត បាននិយាយថា លោកមិនបានដឹងអំពីការសង់ជាបន្តនេះទេ ប៉ុន្តែលោកនឹងពិនិត្យស្ថានការណ៍នេះនៅថ្ងៃនេះ៕ និត