38.1 C
Phnom Penh

អ្នករស់​​​នៅ​​​អគារ​​​ប៊ុល​​​ឌីញ​​​​​​ចង់​​​បាន​​​ប្រាក់ គឺ​​​មិន​​​មែន​​​ផ្ទះ​​​ថ្មី​​​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជាលើកដំបូងចាប់តាំងពីអគាររបស់ពួកគេត្រូវរងការរិះគន់កាលពីជាងពីរឆ្នាំមុន អ្នករស់នៅអគារប៊ុលឌីញក្នុងក្រុងភ្នំពេញបានជួបជាមួយតំណាងអ្នកភូមិកាលពីថ្ងៃអាទិត្យ ដើម្បីស្តាប់សេចក្តីពិស្តារនៃគម្រោងអភិវឌ្ឍន៍ដែលនាំឲ្យមានការវាយកម្ទេចចោលអគារនេះ។

cam-photo-white-buildingអគារស្នាក់នៅសម្រាប់អ្នកមានចំណូលទាបដែលបានសាងសង់ក្នុងឆ្នាំ១៩៦៣ ស្ថិតក្រោមព្រះអង្គម្ចាស់ នរោត្តម សីហនុ គឺជាកន្លែងស្នាក់នៅរបស់ពលរដ្ឋរាប់រយគ្រួសារនិងជំនួញខ្នាតតូច។ កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋាភិបាលបានបញ្ចេញផែនការរបស់ខ្លួនសម្រាប់ទីតាំងនេះ ដែលលោក ប៉ា សុជាតិវង្ស អភិបាលក្រុងភ្នំពេញប្រកាសថាមិនមានសុវត្ថិភាពកាលពីខែកញ្ញា ឆ្នាំ២០១៤។

សេចក្តីថ្លែងការណ៍មួយពីក្រសួងរៀបចំដែនដីនិងគនរូបនីយកម្មបាននិយាយថា ក្រុមហ៊ុនជប៉ុនឈ្មោះអារ៉ាកាវ៉ា បានទទួលកុងត្រា ដើម្បីសាងសង់អគារកម្ពស់២១ជាន់ក្នុងទឹកប្រាក់៨០លានដុល្លារ ជាគម្រោងដែលគេរំពឹងគិតថា ប្រើពេលបួនឆ្នាំ។

តាមគម្រោង ជាន់ចំនួនប្រាំនឹងទុកសម្រាប់ពលរដ្ឋប្រហែល៤៥០គ្រួសារដែលនៅពេលនេះកំពុងរស់នៅក្នុងអគារប៊ុលឌិញ។

រដ្ឋាភិបាលបាននិយាយថា ការតាំងទីលំនៅថ្មីបណ្តោះអាសន្ននឹងផ្តល់ឲ្យនៅក្បែរមន្ទីរពេទ្យរ៉ូយាល់ភ្នំពេញ។

តំណាងអ្នកភូមិ អ្នកស្រី ឌី សុផាន់ណារាមានី វ័យ៧២ឆ្នាំ បាននិយាយកាលពីថ្ងៃអាទិត្យថា ក្រោយពីកិច្ចប្រជុំក្រៅផ្លូវការនាពេលរសៀលជាមួយប្រជាពលរដ្ឋនៅលើដំបូលអគារចាស់ទ្រុឌទ្រោមនេះថា “យើងជូនដំណឹងដល់ពួកគេអំពីគម្រោង។ យើងពន្យល់អំពីគម្រោងអគារស្នាក់នៅដល់ពួកគេ ហើយសុំគោលជំហររបស់ពួកគេ”។

អ្នកស្រីបាននិយាយថា មានអ្នកភូមិប្រហែល២២០នាក់ចូលរួម ហើយទទួលបានការណែនាំឲ្យបំពេញក្រដាសបំពេញដែលរៀបរាប់ពិស្តារអំពីស្ថានភាពរស់នៅបច្ចុប្បន្នរបស់គេ ហើយគូសបញ្ជាក់ថាតើពួកគេនឹងទទួលយកផ្ទះមួយខ្នងនៅក្នុងអគារថ្មី ឬសុំជាប្រាក់។ អ្នកស្រីបាននិយាយថា ទម្រង់បំពេញនឹងប្រមូលនៅថ្ងៃព្រហស្បតិ៍ ហើយនឹងបង្ហាញជូនក្រសួងរៀបចំដែនដី ក្នុងកិច្ចប្រជុំនៅថ្ងៃទី៨ ខែវិច្ឆិកា។

អ្នកស្រីបាននិយាយថា ពួកគេ៩៩ចុច៥ភាគរយចង់បានប្រាក់ជាទម្រង់លក់ផ្ទះល្វែងនិងហាងរបស់គេ។ គេមិនត្រូវការដោះដូរទេ”។ អ្នកស្រីបាននិយាយថា អ្នកស្រីក៏មានគំនិតដូចអ្នកផ្សេងទៀតដែរ។

អ្នកស្រីបាននិយាយបន្ថែមថា “ពួកគេចង់បានលុយឧបត្ថម្ភគ្រួសារពួកគេ ហើយរកទីកន្លែងផ្សេងដែលពួកគេអាចរស់នៅ និងសាងជីវិតថ្មីរបស់គេ”។

មន្ត្រីក្រសួងរៀបចំដែនដីមិនអាចទាក់ទងបានទេ។

អ្នកស្រីបាននិយាយថា អ្នកភូមិបានយល់ព្រមជាទូទៅថា គេគួរតែទទួលបានប្រាក់ប្រហែល៧០ ០០០ដុល្លារសម្រាប់លំនៅបច្ចុប្បន្នរបស់ខ្លួន ប៉ុន្តែស្ទាក់ស្ទើរមិនហ៊ានចាកចេញពីអគារដែលមានអនុស្សារីយ៍យូរឆ្នាំមកហើយ។ ចូលមករស់នៅក្នុងឆ្នាំ១៩៨០ អ្នកស្រីបាននិយាយថា អ្នកស្រីបានឃើញអគារប៊ុលឌីញជាកន្លែងមួយ ដើម្បីកសាងសហគមន៍ ក្រោយពីរបបខ្មែរក្រហមបានដួលរលំ។

អ្នកស្រីបាននិយាយថា “យើងមករស់នៅទីនេះដោយបាតដៃទទេមុនគេ ហើយបោសសម្អាតរួមគ្នា។ ជីវិតរបស់យើងដិតជាប់នឹងអគារនេះច្រើនណាស់”។

អ្នកស្រី រ៉េន សុវណ្ណថង វ័យ៥៤ឆ្នាំក៏មានយោបល់ដូចអ្នកតំណាងភូមិដែរ។ នៅពេលអ្នកស្រីនិងប្តីបានចូលមករស់នៅក្នុងអគារនេះក្នុងឆ្នាំ១៩៨៦ វាជាឱកាសមួយកសាងជីវិតពួកគេឡើងវិញ។

អ្នកស្រីបាននិយាយថា “ខ្ញុំនឹកស្តាយស្រណោះអគារនេះ ពីព្រោះវាមានប្រវត្តិរបស់ខ្ញុំនិងប្តីខ្ញុំ។ ប្តីខ្ញុំលីស្រូវអង្ករពីស្វាយរលំមកដល់ទីនេះ។ គាត់តស៊ូណាស់”។

ដោយវាសនានៃអគារមានកិច្ចព្រមព្រៀងហើយនោះ អ្នកស្រីបាននិយាយថា អ្នកស្រីចង់លក់ផ្ទះអ្នកស្រី ហើយចាប់ផ្តើមជីវិតជាថ្មី ជាជាងរង់ចាំអគារថ្មីសាងសង់រួច។

លោក អៀង សុធារ៉ា នាយកគ្រប់គ្រងក្រុមហ៊ុនអារ៉ាកាវ៉ា បាននិយាយដោយទទូចលាកពីថ្ងៃអាទិត្យថា ផ្ទះល្វែងថ្មីផ្តល់នូវវិធីប្រសើរបំផុតសម្រាប់អ្នកភូមិ។

លោកបាននិយាយថា ផ្ទះនីមួយៗនឹងមានទំហំ១០ភាគរយ ធំជាងកន្លែងស្នាក់នៅរបស់ពួកគេសព្វថ្ងៃនេះ ហើយបំពាក់ទៅដោយហេដ្ឋារចនាសម្្ព័ន្ធទំនើប សន្តិសុខនិងការជួសជុល។ លោកបាននិយាយបន្ថែមថា តម្លៃអចលនទ្រព្យនឹងកើនឡើងខ្លាំង បន្ទាប់ពីគម្រោងបួនឆ្នាំបញ្ចប់។

លោកបាននិយាយថា “យើងយកចិត្តទុកដាក់ចំពោះអ្នកទាំងនោះ។ យើងចង់ឲ្យប្រាកដថា អ្វីគ្រប់យ៉ាងល្អ និងគ្រប់គ្នាសប្បាយចិត្ត។ យើងចង់ក្លាយជាគំរូល្អសម្រាប់គ្រប់ក្រុមហ៊ុនអភិវឌ្ឍន៍ទាំងអស់នៅពេលអនាគត”។

លោកបាននិយាយថា “បន្ទាប់ពីកិច្ចប្រជុំនាថ្ងៃទី៨ ខែវិច្ឆិកា ពេលវេលាសម្រាប់គម្រោងនឹងជាក់លាក់ថែមទៀត។

អ្នកស្រី សុផាន់ណារាមានី បាននិយាយថា ផលចំណេញរយៈពេលវែងមិនគ្រប់គ្រាន់ ដើម្បីបញ្ចុះបញ្ចូលអ្នកភូមិជាច្រើនឲ្យទទួលយកគម្រោងផ្តល់ផ្ទះជាជាងសុំជាប្រាក់នោះទេ។

អ្នកស្រីបាននិយាយថា “មនុស្សភាគច្រើនបាននិយាយថា ពួកគេសុខចិត្តយកពងមាន់ថ្ងៃនេះ។ គេមិនចង់បានមាន់មេទាំងមូលនៅថ្ងៃស្អែកទេ”៕

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស