35 C
Phnom Penh

អាវយឺត​​​​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ត្រូវ​​​បាន​​​ដុត​​​បំផ្លាញ​​​អំឡុ​​ង​​​ពិធី​​​ចុះ​​​ចូល​​​រៀប​​​ចំ​​​ដោយ​​​គណបក្ស​​​ប្រជា​​​ជន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្សប្រជាជនកម្ពុជាបានរៀបចំពិធីចុះចូលមួយកាលពីថ្ងៃអាទិត្យដោយបង្ហាញឲ្យឃើញពីអ្នកគាំទ្រដែលគេសន្និដ្ឋានថាមកពីគណបក្សប្រឆាំងចំនួន២០០នាក់បានដុតមួកនិងអាវយឺតគណបក្សសង្គ្រោះជាតិដើម្បីជាការបង្ហាញពីភក្តីភាពក្នុងការចូលរួមជាមួយអ្នកមានឥទ្ធិពលនយោបាយនៅក្នុងគណបក្សកាន់អំណាច ជាការបង្ហាញពីការបង្កហេតុដែលត្រូវបានគណបក្សប្រឆាំងច្រានចោលនិងរិះគន់។

ពិធីនេះដែលធ្វើឡើងក្នុងស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃអាទិត្យបានស្វាគមន៍សមាជិកថ្មីចំនួន៥៥៨នាក់របស់គណបក្សប្រជាជនកម្ពុជានៅចំពោះមុខអ្នកមានឋានៈខ្ពស់ក្នុងជួរគណបក្សកាន់អំណាច ក្នុងនោះរួមមានដូចជាលោក សុខ ពុទ្ធីវុធ ដែលប្រកាសខ្លួនឯងថា ជាអ្នកធ្វើកំណែទម្រង់ និងជាកូនប្រុស របស់លោក សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីជាដើម។

បុរសម្នាក់ដុតអាវយឺតរបស់គណបក្សសង្គ្រោះជាតិអំឡុងពិធីចុះចូលរៀបចំដោយគណបក្សប្រជាជនកម្ពុជា នៅក្នុងខេត្តតាកែវ កាលពីថ្ងៃអាទិត្យ។  រូបថតៈ Fresh News
បុរសម្នាក់ដុតអាវយឺតរបស់គណបក្សសង្គ្រោះជាតិអំឡុងពិធីចុះចូលរៀបចំដោយគណបក្សប្រជាជនកម្ពុជា នៅក្នុងខេត្តតាកែវ កាលពីថ្ងៃអាទិត្យ។  រូបថតៈ Fresh News

អ្នកដែលបានមកចូលរួមភាគច្រើនមិននិយាយអំពីពិធីនេះឡើយកាលពីម្សិលមិញដោយលើកឡើងម្តងហើយម្តងទៀតតែពីចំនួនអ្នកចុះចូល២០០នាក់មកពីគណបក្សសង្គ្រោះជាតិ និងបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ។

លោក ប៉ុល ដុស មេឃុំកុមារាជាបានលើកឡើងថា លោកបានស្ថិតក្នុងពិធីនេះ។ លោកបានមានប្រសាសន៍ថា “ពួកគេចុះចូលដោយសារគិតថា គណបក្សប្រជាជនកម្ពុជាល្អ”។

ពិធីចុះចូល គឺជាកលល្បិចដែលគណបក្សប្រជាជនកម្ពុជាចូលចិត្តប្រើជាយូរមកហើយជាពិសេសពេលការបោះឆ្នោតជិតមកដល់ ប៉ុន្តែគណបក្សប្រឆាំងតែងច្រានចោលភាពស្របច្បាប់របស់អ្នកចុះចូលទាំងនោះ ហើយចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថា បានឲ្យប្រាក់ ឬបង្ខិតបង្ខំអ្នកចូលរួម។

លោក អ៊ុក រី ដែលជាអភិបាលស្រុកបានលើកឡើងថា អ្នកចុះចូលកាលពីថ្ងៃអាទិត្យ គឺសុទ្ធតែជាសមាជិកគណបក្សសង្គ្រោះជាតិមកពីឃុំកុមារាជានេះ ដែលសម្រេចចាកចេញពីគណបក្សប្រឆាំងបន្ទាប់ពីមើលឃើញថា មិនទទួលបានអត្ថប្រយោជន៍សម្រាប់ការគាំទ្រអំឡុងការបោះឆ្នោតពីរ ឬបីលើកកន្លងមកនេះ។

លោកបាននិយាយថា “វាមានសារៈសំខាន់សម្រាប់ពួកគេក្នុងការចូលរួមជាមួួយគណបក្សប្រជាជនកម្ពុជា ព្រោះពួកគេចង់បង្រួបបង្រួមជាតិ និងដោយសារគណបក្សប្រជាជនកម្ពុជាជួយអភិវឌ្ឍប្រទេសជាតិ ហើយមិនរើសអើងគណបក្សនយោបាយណាមួយឡើយ”។

ផ្នែកនៃគោលនយោបាយមិនរើសអើងនេះ រួមមានការដុតអាវ និងមួកគណបក្សសង្គ្រោះជាតិមួយគំនរចោលដើម្បីជាផ្នែកនៃពិធីស្វាគមន៍នេះ ជាពិធីមួយដែលមានថតជារូបភាព ហើយផ្សព្វផ្សាយតាមអីុនធឺណិតបន្ទាប់ពីត្រូវបានចុះផ្សាយដោយគេហទំព័រ Fresh News ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាល។

លោក ម៉ៅ កុសល ប្រធានគណៈកម្មការប្រតិបត្តិរបស់គណបក្សសង្គ្រោះជាតិប្រចាំខេត្តតាកែវបានលើកឡើងថា ការដុតអាវនេះគឺជាទង្វើបង្កហេតុ។

លោកបានមានប្រសាសន៍ថា “ពិធីនេះធ្វើឡើងដើម្បីបន្ទាបបន្ថោកគណបក្សសង្គ្រោះជាតិ ហើយសកម្មភាពរបស់ពួកគេមិនសមរម្យក្នុងនាមជាគណបក្សនយោបាយឡើយ។ យើងមិនអាចអត់ទ្រាំនឹងទង្វើនេះបានទេ”។

លោក សូត យឹម ជាជំទប់ឃុំ ដែលក៏មកពីគណបក្សសង្គ្រោះជាតិដែរនោះបានលើកឡើងថា មានអ្នកចុះចូលពិតប្រាកដតែម្នាក់ប៉ុណ្ណោះក្នុងចំណោមអ្នកចុះចូលដែលគេអះអាងថាមានចំនួន២០០នាក់ ហើយថា ពិធីនេះជាការប្រឌិតឡើងច្រើនជាង។

លោកបានថ្លែងថា “ខ្ញុំគិតថា វាគឺជាការប្រឌិតឡើងដើម្បីធ្វើឲ្យប្រជាពលរដ្ឋយល់ច្រឡំទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស។ តាមពិតវាជាទង្វើមួយដើម្បីព្យាយាមបំផ្លាញគណបក្សសង្គ្រោះជាតិ”។

ហើយទោះបីវាជាពិធីនៅទីជនបទក៏ដោយ តែមិនមែនមានន័យថា គ្មានអ្នកចាប់អារម្មណ៍នោះទេ។

អមជាមួយនឹងលោក សុខ ពុទ្ធីវុធ ពាណិជ្ជករដ៏លេចធ្លោ ដែលរៀបអាពាហ៍ពិពាហ៍ជាមួយកូនស្រីរបស់លោក ហ៊ុន សែន ឈ្មោះ ហ៊ុន ម៉ាលី នោះ ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់លោក ស្វាយ សីុថា រដ្ឋលេខាធិការ និងប្រធានការិយាល័យទំនាក់ទំនងសាធារណៈនៃទីស្តីការគណៈរដ្ឋមន្ត្រី និងលោក សោម អូន មេដឹកនាំសហជីព   ដ៏លេចធ្លោដែលមានសម្ពន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា។

បុគ្គលដ៏លេចធ្លោទាំងបីខាងលើសុទ្ធតែមិនអាចទាក់ទងបានទេកាលពីម្សិលមិញ។

លោក អ៊ុក ឡេង អាយុ៦៣ឆ្នាំ ជាអ្នកចូលរួមក្នុងពិធីនេះតែមួយម្នាក់គត់ដែលអាចបញ្ជាក់បានថា ជាអ្នកចុះចូលមកពីគណបក្សសង្គ្រោះជាតិនោះបានលើកឡើងថា លោកបានបដិសេធមិនព្រមដុតអាវនិងមួកគណបក្សសង្គ្រោះជាតិចោលនោះឡើយ ទោះបីជាគេប្រាប់ឲ្យដុតចោលក៏ដោយ។

លោកបាននិយាយថា “ខ្ញុំបានប្រាប់ឯកឧត្តម [ស្វាយ ស៊ីថា] និងមន្ត្រីផ្សេងៗទៀតថា ខ្ញុំមិនដុតមួកនិងអាវទាំងនេះទេ ព្រោះអាវនិងមួកទាំងនេះមិនបានធ្វើអ្វីខុសនោះឡើយ”។

លោក អ៊ុក ឡេង បានលើកឡើងថា លោកបានប្តូរជំហរហើយដើរតាមសមាជិកក្នុងគ្រួសារដែលគាំទ្រគណបក្សប្រជាជនកម្ពុជា ដោយសារមន្ត្រីគណបក្សកាន់អំណាចអាចជួយនៅក្នុងកិច្ចការឯកជនរបស់លោកបាន។ លោកបានបន្តទៀតថា ភាគច្រើននៃអ្នកចូលរួមនោះ លោកមិនស្គាល់ឡើយ។

ដោយប្រឈមនឹងការថ្កោលទោសទាំងនៅក្នុងប្រទេស និងក្រៅប្រទេសចំពោះអ្វីដែលត្រូវបានចាត់ទុកថា ជាយុទ្ធនាការបំភិតបំភ័យគណបក្សប្រឆាំងក្នុងរយៈពេល១ឆ្នាំកន្លះមកនេះ ដែលអំឡុងពេលនោះ មានមន្ត្រីគណបក្សប្រឆាំងប្រហែល២០រូបត្រូវបានចាប់ដាក់ពន្ធនាគារនោះ គណបក្សសង្គ្រោះជាតិបានលើកឡើងម្តងហើយម្តងទៀតថា ខ្លួនគ្រាន់តែតម្កល់នីតិរដ្ឋ និងធានាសន្តិភាព និងស្ថិរភាពប៉ុណ្ណោះ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា លោកមើលឃើញថា ការដុតអាវ និងមួកគណបក្សសង្គ្រោះជាតិគ្មានបញ្ហាអ្វីទេ។

លោកបានមានប្រសាសន៍ថា “ការដុតមួក និងអាវមិនបង្ហាញអំពីអំពើហិង្សានោះទេព្រោះវាមិនបានធ្វើឲ្យប៉ះពាល់ដល់អ្នកផ្សេងឬប៉ះពាល់ដល់អាយុជីវិតនរណាម្នាក់ឡើយ”។

លោកបានមានប្រសាសន៍ទាក់ទិននឹងអ្នកចូលរួមថា “ប្រសិនបើពួកគាត់មិនពេញចិត្តគណបក្សនយោបាយណាមួយ អ៊ីចឹងពួកគាត់ប្រាកដជាធ្វើបែបនេះហើយ។ នេះជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋពាក់ព័ន្ធសកម្មភាពនយោបាយដូចដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ”។

លោក ប៉ុល ហំម តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិប្រចាំមណ្ឌលតាកែវបានលើកឡើងថា គណបក្សប្រឆាំងមិនខ្វល់នឹងពិធីនេះទេ។

លោកបានមានប្រសាសន៍ថា “ប្រសិនបើពួកគេចង់ដុតអាវនិងមួក ពួកគេមានលុយសម្រាប់ធ្វើដូច្នេះ អ៊ីចឹងបណ្តោយឲ្យពួកគេដុតទៅ។ ប្រសិនបើពួកគេចង់សំដែងឆាកល្ខោន បណ្តោយឲ្យពួកគេធ្វើទៅ”៕ ស៊ុយឈាង (រាយការណ៍បន្ថែមដោយ ផាន់ ស៊ូមី)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស