28 C
Phnom Penh

ជនជាប់​​សង្ស័យ​​​​​​​​​​​​​ពី​បទ​ញុះញង់​​​​​​​ លើក​ជើង​គណបក្ស​ប្រជាជន​​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អំឡុងឡើងសវនាការជំនុំជម្រះទោសពីបទញុះញង់ សមាជិក១០នាក់នៃរណសិរ្សរំដោះជាតិខ្មែរ (KNLF) ដែលរដ្ឋាភិបាលចាត់ទុកជាក្រុមភេរវកម្ម បានច្រានចោលការជាប់ពាក់ព័ន្ធរបស់ខ្លួន  ហើយបានសរសើរលើកជើងរដ្ឋាភិបាលកាលពីម្សិលមិញ និងសរសើរអតីតឯកអគ្គរាជទូតកម្ពុជាមួយរូបប្រចាំនៅប្រទេសកូរ៉េខាងត្បូង ដែលធ្វើឱ្យពួកគេផ្លាស់ប្ដូរចិត្តគំនិត។

cam-photo-KNLFបុរសទាំងនេះត្រូវបានចាប់ខ្លួនកាលពីខែតុលា ឆ្នាំ២០១៤ ហើយត្រូវបានចោទប្រកាន់ពីបទមានផែនការ “ញុះញង់ និងបង្កអំពើហិង្សានៅរាជធានីភ្នំពេញ” ប៉ុន្តែលោក សម សិរី ប្រធានរណសិរ្សនេះបានអះអាងថា ពួកគេគ្រាន់តែគ្រោងតវ៉ាដោយសន្តិវិធីនៅខាងមុខស្ថានទូតវៀតណាមប៉ុណ្ណោះ។អំឡុងសវនាការកាលពីម្សិលមិញនៅសាលាដំបូងរាជធានីភ្នំពេញ បុរសទាំងនេះបាននិយាយថា ពួកគេគិតថាការតវ៉ានោះស្របច្បាប់  ហើយយល់ថាខ្លួនចាញ់បោកលោក សម សិរី។

ចុងចោទម្នាក់ឈ្មោះ ឈុន ឆាត និយាយថា “ខ្ញុំសូមជម្រាបតុលាការថា ខ្ញុំជាជនរងគ្រោះចាញ់បោកការឃោសនារបស់រណសិរ្សរំដោះជាតិខ្មែរ។ ខ្ញុំត្រូវបានក្រុមនេះប្រើប្រាស់ជាឧបករណ៍ឱ្យធ្វើសកម្មភាពខុសច្បាប់”។

ចុងចោទរូបេនះនិយាយទៀតថា ខ្លួនបានជួបលោក សម សិរី នៅក្នុងប្រទេសថៃ ពេលដែលខ្លួនធ្វើការជាសន្តិសុខនៅទីនោះ។ ក្រោយមក លោក សម សិរី បានជំរុញឱ្យ ឈុន ឆាត ចូលរួមការតវ៉ាក្នុងពេលដ៏ខ្លីខាងមុខ។

ចៅក្រម យិុន សារឿន បានសាកសួរ ឈុន ឆាត ថា “តើលោកបានដឹងទេថា សកម្មភាពដែលលោកគ្រោងធ្វើនឹងបង្កចលាចលដល់សង្គម?” ឈុន ឆាត បានឆ្លើយថា “ខ្ញុំមិនយល់ពីស្ថានភាពនោះច្បាស់ទេ ហើយគិតថា ការតវ៉ារបស់យើងគ្រាន់តែជាសេរីភាពបញ្ចេញមតិ”។

រណសិរ្សរំដោះជាតិខ្មែរតស៊ូមតិដើម្បី “រំដោះប្រជាពលរដ្ឋខ្មែរពីអាណានិគមបែបថ្មីរបស់វៀតណាម និងរបបដឹកនាំផ្ដាច់ការរបស់ ហ៊ុន សែន” នេះបើយោងតាមគេហទំព័ររបស់ក្រុមនេះ។ លោក សម សិរី បានលើកឡើងថា គោលបំណងរបស់ក្រុមនេះគឺសន្តិភាព ប៉ុន្តែរដ្ឋាភិបាលបែរជាចាត់ទុកវាជាក្រុមភេរវកម្មកាលពីឆ្នាំ២០១២ ហើយបានដាក់ពន្ធនាគារសមាជិកមួយចំនួនរបស់ខ្លួនចាប់តាំងពីពេលនោះមក។

ដូចចុងចោទផ្សេងៗទៀតដែរ ឈុន ឆាត បានសរសើរលោក ស៊ុត ឌីណា អតីតឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅកូរ៉េខាងត្បូង ដែលពេលនេះកំពុងជាប់ពន្ធនាគារ និងកំពុងរង់ចាំឡើងសវនាការក្នុងសំណុំរឿងកេងយកផលប្រយោជន៍ទ្រង់ទ្រាយធំមួយ ដែលបានចង្អុលបង្ហាញផ្លូវដែលខ្លួនដើរខុស និងចិត្តល្អរបស់គណបក្សកាន់អំណាច។

ឈុន ឆាត និយាយថា “គាត់បានណែនាំខ្ញុំអំពីបញ្ហានយោបាយ ហើយបានជួយឱ្យខ្ញុំយល់ពីគោលនយោបាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ បន្ទាប់ពីនោះ ខ្ញុំក៏បានសរសេរលិខិតមួយច្បាប់ស្នើសុំចូលបម្រើគណបក្សប្រជាជនកម្ពុជា”។

ចុងចោទម្នាក់ទៀតឈ្មោះ ឡាត់ លីហេង និយាយថា ខ្លួនត្រូវបានគេណែនាំឱ្យស្គាល់លោក សម សិរី និងរណសិរ្សរំដោះជាតិខ្មែរ ពេលខ្លួនធ្វើការជាកម្មករសំណង់នៅក្រុងបាងកក ហើយចូលរួមសិក្ខាសាលាមួយដែលលោក សម សិរី បានបកស្រាយអំពីប្រវត្តិសាស្ត្រ និងនយោបាយកម្ពុជា។

ចុងចោទរូបនេះនិយាយទៀតថា “ខ្ញុំគិតថាគាត់ជាមនុស្សល្អបានជាខ្ញុំចូលរួម”។ សហការីពីរនាក់របស់លោក សម សិរី ដែលខ្លួនបញ្ចេញត្រឹមឈ្មោះ វី និងឈ្មោះ ធី បានឱ្យប្រាក់ទៅខ្លួនចំនួន២០ម៉ឺនរៀល ឬប្រហែល៥០ដុល្លារឱ្យធ្វើដំណើរមករាជធានីភ្នំពេញ ដើម្បីចូលរួមការតវ៉ា។

ប៉ុន្តែ ឡាត់ លីហេង និយាយថា ពេលនេះខ្លួនបានមើលឃើញថា ក្រុមនេះបានប្រើប្រាស់ខ្លួនដើម្បីកេងចំណេញនយោបាយទាំងនៅក្នុងឆាកនយោបាយជាតិ និងអន្តរជាតិដើម្បីឱ្យប្រជាពលរដ្ឋខ្មែរស្អប់ខ្ពើមរដ្ឋាភិបាល និងតុលាការ”។

ជនសង្ស័យរូបនេះនិយាយទៀតថា ការសន្ទនារបស់ខ្លួនជាមួយលោក ស៊ុត ឌីណា បានធ្វើឱ្យខ្លួនជឿថា អ្នកត្រូវបន្ទោសដែលធ្វើឲ្យខ្លួនមានស្ថានភាពបែបនេះគឺលោក សម សិរី និងលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង ហើយនិយាយថា ខ្លួនមានគម្រោងប្ដឹងអ្នកទាំងពីរ។ គាត់បញ្ជាក់ថា “ខ្ញុំសូមប្ដឹងឯកឧត្ដម សម រង្ស៊ី និងលោកប្រធាន សម សិរី។ ពួកគាត់ជាអ្នកដែលញុះញង់ពួកយើង និងធ្វើឱ្យពួកយើងជាប់ពន្ធនាគារ”។

ជនសង្ស័យម្នាក់ទៀតឈ្មោះ លីវ យី និយាយថា ខ្លួនក៏មានគម្រោងប្ដឹងអ្នកទាំងពីរដែរ ដោយទារសំណងជំងឺចិត្តក្នុងម្នាក់ៗ១លានដុល្លារ។ ជនសង្ស័យរូបនេះនិយាយទៀតថា លោក សម រង្ស៊ី ជាប់ពាក់ព័ន្ធដោយសារតែសមាជិកថ្នាក់ក្រោមរបស់គណបក្សសង្គ្រោះជាតិ និងរណសិរ្សរំដោះជាតិខ្មែរមានទំនាក់ទំនងជាមួយគ្នា។

ចុងចោទទាំង១០នាក់នេះសុទ្ធតែជាប់ឈ្មោះជាមន្ត្រីជាន់ខ្ពស់នៅក្នុង ”រដ្ឋាភិបាលនិរទេស” បង្កើតឡើងថ្មីរបស់លោក សម សិរី ដែលមានមូលដ្ឋាននៅប្រទេសដាណឺម៉ាក ក្នុងនោះរួមមាន ឈុន ឆាត (អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខ និងការពារជាតិ) ឡាត់ លីហេង (អគ្គមេបញ្ជាការរងទទួលបន្ទុកសន្តិសុខ និងការពារជាតិ) និង លីវ យី (រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន)។ លោក សម សិរី និយាយថា ចលនាដែលបានចាប់ផ្ដើមកើតឡើងនៅថ្ងៃទី២៣ ខែតុលា នេះមានគោលបំណងបញ្ចុះបញ្ចូលឱ្យអង្គការសហប្រជាជាតិដកអាសនៈរបស់កម្ពុជា។

ប៉ុន្តែ លីវ យី និយាយថា ខ្លួនត្រូវបានគេតែងតាំងដោយមិនដឹងខ្លួន។ ជនសង្ស័យរូបនេះបានគូសបញ្ជាក់ថា “ខ្ញុំមិនបានដឹងពីការតែងតាំងនេះទេ” ហើយពេលនេះខ្លួនជឿថា លោក ហ៊ុន សែន គឺជា “ជនរួមជាតិពិតប្រាកដ” ហើយប្ដេជ្ញា “ការពាររដ្ឋាភិបាលដោយឥតលក្ខខណ្ឌ”។

លោក សម សិរី ដែលត្រូវបានចោទប្រកាន់ថាជាមេខ្លោងនៅពីក្រោយការញុះញង់នេះ បានអះអាងតាមរយៈសារអេឡិចត្រូនិកថា បុរសទាំងនេះបានចូលរួមជាមួយរដ្ឋាភិបាលនិរទេសរបស់លោកដោយស្ម័គ្រចិត្ត ហើយលោកមិនភ្ញាក់ផ្អើលទេចំពោះការប្ដូរចិត្តគំនិតរបស់អតីតសហសេវិកលោក។

លោកបានសរសេរពីផ្ទះរបស់លោកក្នុងប្រទេសដាណឺម៉ាកថា “ហ៊ុន សែន បានសូកប៉ាន់ឱ្យពួកគេធ្វើបែបនោះ។ ហ៊ុន សែន បានចំណាយលុយរាប់លានដុល្លារដើម្បីបំផ្លាញខ្ញុំ និងរណសិរ្សរំដោះជាតិខ្មែរ។ សមាជិកទាំងអស់របស់រណសិរ្សរំដោះជាតិខ្មែរ ពួកគាត់ធ្វើដោយសារតែពួកគេចង់បានការដោះលែងពីពន្ធនាគារ”។

លោក សម សិរី បានប្ដេជ្ញាបន្តប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាល ទោះបីជាសមាជិករបស់ខ្លួនចុះចូលបែបនេះក៏ដោយ។ លោកសរសេរថា “ពួកគេមានកាំភ្លើង និងរថក្រោះ ហើយខ្ញុំមានសៀវភៅ និងប៊ិច”។

ចំណែកឯលោក សម រង្ស៊ី បានលើកឡើងតាមរយៈសារអេឡិចត្រូនិកមួយកាលពីម្សិលមិញថា លោក “មិនជាប់ពាក់ព័ន្ធជាមួយសមាជិកណាម្នាក់នៃក្រុមនោះទេ”៕ សុខុម

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស