បើទោះជាអ្នកតវ៉ាយុទ្ធនាការ “ថ្ងៃច័ន្ទពណ៌ខ្មៅ” មួយក្រុមតូចមិនត្រូវបានរំខានអំឡុងការតវ៉ារយៈពេលខ្លីនៅក្នុងតំបន់របស់ពួកគេកាលពីម្សិលមិញក៏ដោយ ក៏អភិបាលរងរាជធានីបានព្រមានថា អាជ្ញាធរនៅតែឃ្លាំមើលពួកគេជានិច្ច ដើម្បីប្រមូលភ័ស្តុតាងដែលអាចប្រើនៅពេលក្រោយនៅក្នុងតុលាការ។
យុទ្ធនាការដែលបានឈានចូលដល់សប្ដាហ៍ទី២៦ហើយនេះ ត្រូវបានធ្វើឡើងជាការតបតទៅនឹងការចាប់ខ្លួនមន្ត្រីបួនរូបមកពីសមាគមសិទ្ធិមនុស្សអាដហុក និងមន្ត្រីរៀបចំការបោះឆ្នោតមួយរូប ដែលធ្លាប់បម្រើការនៅអង្គការមិនមែនរដ្ឋាភិបាល។ ចាប់តាំងពីពេលនោះមក យុទ្ធនាការនេះបានភ្ជាប់បញ្ហាផ្សេងៗទៀត រួមទាំងការអំពាវនាវឱ្យមានការស៊ើបអង្កេតពេញលេញលើការធ្វើឃាតលោក កែម ឡី អ្នកវិភាគនយោបាយ និងការទាមទារឱ្យដោះលែងអ្នកស្រី ទេព វន្នី សកម្មជនសិទ្ធិដីធ្លីជាដើម។
បន្ទាប់ពីសកម្មជនប្រហែល៣០នាក់បានប្រមូលផ្តុំគ្នានៅតំបន់បឹងកក់ដែលញាំញីដោយការបណ្ដេញចេញនៅម៉ោងប្រហែល៩ព្រឹកថ្ងៃម្សិលមិញសម្រាប់ការតវ៉ាថ្មីបបំផុតនោះ លោក ឃួង ស្រេង អភិបាលរងរាជធានីបានមានប្រសាសន៍ថា អាជ្ញាធរបានឃ្លាំមើលការតវ៉ានេះ។
លោកបានមានប្រសាសន៍ថា “យើងមិនមែនព្រះរាជអាជ្ញាទេ ដូច្នេះយើងមិនអាចដឹងថាតើពួកគេបានប្រព្រឹត្តបទល្មើសឬក៏អត់ឡើយ មានតែព្រះរាជអាជ្ញាប៉ុណ្ណោះ។ ប៉ុន្តែរាល់ថ្ងៃយើងបានកត់ត្រាអំពីសកម្មភាពរបស់ពួកគេ”។
កាលពីមុន មន្ត្រីរដ្ឋាភិបាលបានលើកឡើងថា សកម្មភាពនៃការចូលរួមក្នុងការតវ៉ាយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅគឺជាបទឧក្រិដ្ឋ ដោយចាត់ទុកយុទ្ធនាការនេះជា “ការបះបោរក្នុងទីក្រុង” និង “បដិវត្ដន៍ពណ៌”។
អ្នកស្រី បូវ សុភា សកម្មជនម្នាក់ដែលត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល៦ថ្ងៃពីបទ “ជេរប្រមាថ” ក្រុមមន្ត្រីអំឡុងពិធីដាក់បណ្ដាសានៅការតវ៉ានៃយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅកាលពីខែសីហាបាននិយាយថា អាជ្ញាធរគួរស្វែងរកឧក្រិដ្ឋជនពិត។
អ្នកស្រីបាននិយាយថា “តើការងាររបស់សាលារាជធានីចាំតែកត់ត្រាសកម្មភាពរបស់ពួកយើងឬ? ពួកគេគួរតែទៅកត់ត្រាការចែកចាយគ្រឿងញៀន ឬការបាញ់បោះអនាធិបតេយ្យវិញប្រសើរជាង”។
សកម្មជនជាច្រើននាក់មានវត្តមាននៅតាមទីតាំងនានាសម្រាប់ការតវ៉ានៃយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅលើកដំបូងកាលពីថ្ងៃទី៩ ខែឧសភា ដែលបណ្ដាលឱ្យមានការចាប់ខ្លួនមនុស្សប្រាំបីនាក់។ ការចាប់ខ្លួនបន្ថែមទៀតក្នុងសប្ដាហ៍ជាបន្តបន្ទាប់ឃើញថា បានថយចុះ ខណៈក្រុមដែលបានធ្វើយុទ្ធនាការបានដកថយ។ សប្ដាហ៍ខ្លះមិនមានការតវ៉ាជាសាធារណៈទេ។
លោក ចាន់ ពុទ្ធិស័ក្ដិ សកម្មជនមួយរូបទៀតនៅតំបន់បឹងកក់បាននិយាយថា អ្នកដឹកនាំការតវ៉ាមានជម្រើសតិចតួចប៉ុណ្ណោះ ក្រៅតែពីធ្វើយុទ្ធនាការនៅជិតផ្ទះរបស់ខ្លួន។ លោកបាននិយាយថា “អ្នកភូមិមួយចំនួនខ្លាចអាជ្ញាធរ។ ដូច្នេះហើយយើងបានសម្រេចធ្វើការតវ៉ានៅក្នុងសហគមន៍”៕ សារុន