កាលពីម្សិលមិញ អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានមានប្រសាសន៍ថា លោក ប៉ែន សុវណ្ណ អតីតនាយករដ្ឋមន្ត្រីដែលបានទទួលមរណភាពកាលពីថ្ងៃសៅរ៍ នឹងមិនទទួលបានការអនុញ្ញាតឲ្យបូជាសពនៅកន្លែងសាធារណៈដែលគណបក្សសង្គ្រោះជាតិចង់បាននោះឡើយ ពីព្រោះកន្លែងនេះទុកសម្រាប់តែមន្ត្រីជាន់ខ្ពស់ប៉ុណ្ណោះ។
ជាសមាជិកស្ថាបនិកនៃក្រុមផ្តាច់ខ្លួនខ្មែរក្រហមដែលបានជួួយផ្តួលរំលំរបប ប៉ុល ពត ក្នុងឆ្នាំ១៩៧៩ លោក ប៉ែន សុវណ្ណ បានក្លាយជានាយករដ្ឋមន្ត្រីទី១នៃរដ្ឋាភិបាលដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៨១។ ទោះបីជាយ៉ាងណា លោកត្រូវបានចាប់ខ្លួនបន្ទាប់ពីកាន់អំណាចបានតែប៉ុន្មានខែប៉ុណ្ណោះ ហើយបានចំណាយពេល១១ឆ្នាំនៅក្នុងពន្ធនាគារក្រុងហាណូយ និងការឃុំខ្លួនក្នុងផ្ទះ ដោយសារមិនព្រមស្ដាប់បង្គាប់តាមវៀតណាមដែលត្រួតត្រាលើរបបថ្មី។
ដោយមិនពេញចិត្តចំពោះរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាដែលលើកបន្តុបដោយវៀតណាម លោកបានចូលរួមជាមួយគណបក្សប្រឆាំង នៅពេលលោកត្រឡប់មកប្រទេសកម្ពុជាវិញក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ហើយបានជាប់ឆ្នោតជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិក្នុងឆ្នាំ២០១៣។ លោកបានទទួលមរណភាពដោយរោគាពាធនៅស្រុកកំណើតរបស់លោកក្នុងខេត្តតាកែវ ក្នុងជន្មាយុ៨០ឆ្នាំ។
លោក នុត រំដួល តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា គណបក្សបានដាក់សំណើទៅសាលារាជធានីភ្នំពេញកាលពីព្រឹកម្សិលមិញតាមរយៈរដ្ឋសភា ដើម្បីសុំបូជាសពលោកនៅថ្ងៃអាទិត្យនៅសួនច្បារមុខវត្តបទុមស្ថិតក្នុងកណ្តាលរាជធានីភ្នំពេញ។
លោក ប៉ុល ហំម តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលជាប្រធានគណៈកម្មការរៀបចំបុណ្យសពបានមានប្រសាសន៍ថា អតីតនាយករដ្ឋមន្ត្រីរូបនេះសមនឹងទទួលបានការបូជាសពនៅកន្លែងសាធារណៈ។
លោកបានមានប្រសាសន៍ថា “ប្រជាពលរដ្ឋទូទាំងប្រទេសដឹងថា លោកជានរណា។ លោកគឺជាអតីតនាយករដ្ឋមន្ត្រីមួយរូប។ លោកជាអ្នកស្នេហាជាតិ”។
លោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានី បានមានប្រសាសន៍ថា សំណើនេះត្រូវបានច្រានចោល ពីព្រោះគ្រាន់តែជាតំណាងរាស្ត្រមិនមានគុណសម្បត្តិគ្រប់គ្រាន់សម្រាប់ការបូជាសពនៅកន្លែងសាធារណៈឡើយ។ លោកបានថ្លែងថា “សួនច្បារមុខវត្តបទុមទុកសម្រាប់តែអ្នកនយោបាយជាន់ខ្ពស់ប៉ុណ្ណោះ។ តំណាងរាស្ត្រមិនអនុញ្ញាតឱ្យធ្វើបុណ្យសពនៅទីនោះឡើយ”។
លោក នុត រំដួល បានមានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិមានគម្រោងដង្ហែសពលោក ប៉ែន សុវណ្ណ ពីខេត្តតាកែវមកកាន់វត្តថាន់ក្នុងរាជធានីភ្នំពេញ នៅថ្ងៃពុធ។ លោកបានលើកឡើងថា ប្រសិនបើពួកគេមិនអាចបញ្ចុះបញ្ចូលរដ្ឋាភិបាលអនុញ្ញាតឲ្យបូជាសពនៅសួនមុខវត្តបទុមទេនោះ សពនឹងត្រូវធ្វើពិធីបូជានៅវត្តនេះ៕ សារុន