កម្លាំងអាវុធហត្ថក្នុងខេត្តស្ទឹងត្រែងបានរកឃើញឈើដែលកាប់ខុសច្បាប់រាប់រយកំណាត់ក្នុងករណីពីរផ្សេងគ្នាកាលពីចុងសប្តាហ៍ ក្នុងនោះមានរថយន្តភីកអាប់មួយគ្រឿងពាក់ស្លាកលេខយោធាពេញដោយឈើប្រណិតផង។
តាមសេចក្តីរាយការណ៍មួយដែលបង្ហោះតាមគេហទំព័រនគរបាលជាតិនៅថ្ងៃច័ន្ទ ឈើច្រើនជាង៧០០កំណាត់ត្រូវបានរកឃើញលិចនិងអណ្តែតក្នុងស្រះទឹកមួយនៅស្រុកសេសានកាលពីថ្ងៃអាទិត្យ។
សេចក្តីរាយការណ៍និយាយថា អ្នកស្រុកម្នាក់ ដែលមិនឲ្យដឹងអត្តសញ្ញាណ បានប្រាប់អាជ្ញាធរថា មានស្ត្រីម្នាក់បានលាក់ឈើក្នុងស្រះទឹក បន្ទាប់ពីបានសូកអាជ្ញាធរមូលដ្ឋានឲ្យរក្សាការសម្ងាត់។
លោក វឿន សម្បត្តិ ប្រធានឃុំក្បាលរមាស បាននិយាយថា ឈើភាគច្រើនមើលទៅជាឈើប្រណិតប្រភេទធ្នង់ ហើយថាអាជ្ញាធរកំពុងរៀបចំទាញឈើចេញពីទឹកនៅឡើយ។
លោកបាននិយាយថា “តាមការមើលឃើញ អាជ្ញាធរបានសន្និដ្ឋានថា ឈើនោះត្រូវបានទុកនៅទីនោះប្រហែលមួយខែហើយ។ កម្លាំងអាវុធហត្ថកំពុងស៊ើបអង្កេត”។
អធិការក្រុងស្ទឹងត្រែង លោក ឈូក កុម៉ុល បាននិយាយកាលពីថ្ងៃច័ន្ទថា ក្នុងករណីមួយដោយឡែកនៅថ្ងៃសៅរ៍ កម្លាំងអាវុធហត្ថក្នុងក្រុងស្ទឹងត្រែងបានរកឃើញក្តារធ្នង់និងបេង៣៦សន្លឹក ក៏ជាឈើប្រណិតដែរ ក្នុងឃ្លុបរថយន្តភីកអាប់ដែលមានស្លាកលេខកងយោធពលខេមរភូមិន្ទ។
លោក កុម៉ុល បាននិយាយថា អ្នកបើករថយន្តបានរត់គេចខ្លួន ប៉ុន្តែលោកបានបដិសេធមិនអធិប្បាយច្រើនទេ និងបានបង្វែរសំណួរបន្ថែមទៅកងកម្លាំងអាវុធហត្ថ។
លោក អឹុង វណ្ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង មិនអាចទាក់ទងបានទេ មេបញ្ជាការរងរបស់លោក គឺលោក ឌួង វិចិត្រ បាននិយាយថា លោកមិនមានសិទ្ធិនិយាយជាមួយបណ្តាញព័ត៌មានទេ។
លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថ បាននិយាយថា លោកមិនបានដឹងអំពីករណីណាមួយឡើយ។
ទាំងយោធា ទាំងអាវុធហត្ថត្រូវបាននគរបាលនិងមន្ត្រីព្រៃឈើបង្ហាញថាបានជាប់ពាក់ព័ន្ធក្នុងការកាប់ឈើខុសច្បាប់ជាច្រើនករណីនៅទូទាំងប្រទេស ជួនកាលបានបង្ខំឲ្យអាជ្ញាធរមូលដ្ឋានប្រគល់ឈើដែលរឹបអូសទាំងចុងកាណុងទៀតផង។ ទោះជាយ៉ាងនេះក្តី ការចាប់ខ្លួនទាហាននិងអាវុធហត្ថដែលពាក់ព័ន្ធក្នុងការជួញដូរនេះគឺកម្រណាស់។
ឈ្មួញឈើដ៏ល្បីបំផុតដែលគេសង្ស័យនៅប្រទេសកម្ពុជា គឺលោក ទ្រី ភាព ដែលការស៊ើបអង្កេតជាច្រើនរបស់អង្គការក្រៅរដ្ឋាភិបាលថាជាប់ពាក់ព័ន្ធនោះ ជាទីប្រឹក្សារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕ និត