26 C
Phnom Penh

អតីត​ចំណាប់ខ្មាំង​ចោរ​សមុទ្រ​​ នឹង​​​ទៅ​ភូមិឋាន​​វិញ​​នៅ​សប្ដាហ៍​​​​នេះ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកនេសាទខ្មែរបួននាក់ដែលត្រូវចោរសមុទ្រសូម៉ាលីចាប់ធ្វើជាចំណាប់ខ្មាំងអស់រយៈពេលជិត៥ឆ្នាំ នឹងវិលត្រឡប់ទៅស្រុកកំណើតរបស់ខ្លួននៅតាមបណ្ដាខេត្តនៅសប្ដាហ៍នេះ បន្ទាប់ពីត្រូវបានដោះលែងកាលពីថ្ងៃទី២២ ខែតុលា និងបានមកដល់រាជធានីភ្នំពេញវិញកាលពីថ្ងៃអាទិត្យ។

អំឡុងសន្និសីទកាសែតកាលពីរសៀលម្សិលមិញ នៅការិយាល័យអង្គការការីតាសក្នុងរាជធានីភ្នំពេញ ជាអង្គការមួយដែលបានផ្ដល់ការឧបត្ថម្ភគាំទ្រ អតីតចំណាប់ខ្មាំងម្នាក់ឈ្មោះ ញឹម សុខសាន អាយុ៣៧ឆ្នាំនិយាយថា “ខ្ញុំមិននឹកស្មានថា ខ្ញុំមានជីវិតអាចត្រឡប់មកជួបមុខប្រពន្ធកូនខ្ញុំ  និងបងប្អូននៅក្នុងភូមិវិញទេ”។

អតីតចំណាប់ខ្មាំងរបស់ចោរសមុទ្រសូម៉ាលី និងសាច់ញាតិរបស់ពួកគាត់ទទួលទានអាហាររួមគ្នានៅក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ ក្រោយពីត្រូវបានដោះលែងកាលពីថ្ងៃទី២២ ខែតុលា។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
អតីតចំណាប់ខ្មាំងរបស់ចោរសមុទ្រសូម៉ាលី និងសាច់ញាតិរបស់ពួកគាត់ទទួលទានអាហាររួមគ្នានៅក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ ក្រោយពីត្រូវបានដោះលែងកាលពីថ្ងៃទី២២ ខែតុលា។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

បុរសទាំងនេះស្ថិតក្នុងចំណោមនាវិកចំនួន២៩នាក់នៅលើទូកនេសាទ FV Naham 3 ពេលត្រូវចោរសមុទ្រសូម៉ាលី ប្លន់ក្នុងមហាសមុទ្រឥណ្ឌា ចម្ងាយប្រមាណ១០០គីឡូម៉ែត្រនាភាគខាងត្បូងនៃប្រទេសសីស្ហែស កាលពីខែមីនា ឆ្នាំ២០១២។ កាពីទែនជនជាតិចិនតៃវ៉ាន់ នៃទូកនេសាទបង្ហូតទង់ជាតិអូម៉ង់ ខាងលើនេះ  ត្រូវបានសម្លាប់ដោយក្រុមចោរដែលក្រោយមកបានពន្លិចទូកនោះ ហើយនាំចំណាប់ខ្មាំងទៅកន្លែងលាក់ខ្លួនមួយក្នុងប្រទេសសូម៉ាលី។ បុរសពីរនាក់បានស្លាប់ដោយសារជំងឺ ខណៈស្ថិតក្រោមការឃុំឃាំង។ ក្រុមចោរសមុទ្របានទារប្រាក់លោះខ្លួនរាប់លានដុល្លារពីចំណាប់ខ្មាំងទាំងនោះដែលភាគច្រើនមកពីគ្រួសារក្រីក្រ និងប្រទេសក្រីក្រ រួមមានប្រទេសឥណ្ឌូណេស៊ី វៀតណាម ចិន ហ្វីលីពីន និងតៃវ៉ាន់។

ដោយត្រូវបានដោះលែងបន្ទាប់ពីមានការចរចាដ៏អូសបន្លាយដែលដឹកនាំដោយអង្គការ Hostage Support Partners ពលរដ្ឋខ្មែរដែលមានជីវិតរស់រានទាំងនេះបានវិលត្រឡប់មកវិញកាត់តាមទីក្រុងណៃរ៉ូប៊ី និងទីក្រុងម៉ានីល ហើយបានជួបជុំគ្នាវិញជាមួយគ្រួសាររបស់ពួកគាត់នៅរាជធានីភ្នំពេញ។ អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិនានាបានផ្ដល់កន្លែងស្នាក់នៅបណ្ដោះអាសន្ន ការថែទាំផ្នែកវេជ្ជសាស្ត្រ និងចំណីអាហារដល់ពួកគាត់។

លោកស្រី តឹក សុភ័ក្ត្រ អ្នកគ្រប់គ្រងកម្មវិធីនៅអង្គការការីតាស ដែលជាអង្គការផ្តល់ជំនួយរបស់សាសនាគ្រិស្តនិកាយកាតូលីក មានប្រសាសន៍ថា អតីតចំណាប់ខ្មាំងទាំងនេះនឹងត្រឡប់ទៅភូមិឋានរបស់ពួកគាត់វិញនៅថ្ងៃព្រហស្បតិ៍។

លោកស្រីបានថ្លែងថា “យើងនឹងបញ្ចូលពួកគាត់ទៅក្នុងសហគមន៍វិញនៅថ្ងៃទី៣ ខែវិច្ឆិកា ហើយយើងនឹងអមដំណើរពួកគាត់ទៅដល់សហគមន៍” ហើយថា បុរសទាំងនេះប្រហែលជាត្រូវការការព្យាបាលសុខភាពផ្លូវកាយ និងផ្លូវចិត្តរយៈពេលវែង។

លោកស្រីលើកឡើងបន្តទៀតថា “យើងនឹងទៅសួរសុខទុក្ខពួកគាត់យ៉ាងហោចណាស់១ខែម្ដង និងផ្ដល់ការប្រឹក្សា” ហើយថា វេជ្ជបណ្ឌិតមួយរូបដែលជំនាញខាងថែទាំផ្នែកចិត្តសាស្ត្រ នឹងពិនិត្យតាមដានស្ថានភាពរបស់ពួកគាត់។ “យើងនឹងព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីជួយពួកគាត់ឲ្យមានការងារ ឬមុខរបរនៅក្នុងសហគមន៍”។

បណ្ដាញសុខុមាលភាព និងជំនួយ (Welfare and Assistance Network) របស់អង្គការ International Seafarers ក៏នឹងជួយបុរសទាំងនេះដែរនៅក្នុងការព្យាយាមរបស់ពួកគាត់ដើម្បីវិលទៅរកជីវិតរស់នៅធម្មតាវិញក្នុងប្រទេសកម្ពុជា នេះបើយោងតាមលោក ថម ហូលម័រ (Tom Holmer) អ្នកនាំពាក្យអង្គការនេះ។

អតីតចំណាប់ខ្មាំងរបស់ចោរសមុទ្រសូម៉ាលី និងសាច់ញាតិរបស់ពួកគាត់ទទួលទានអាហាររួមគ្នានៅក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ ក្រោយពីត្រូវបានដោះលែងកាលពីថ្ងៃទី២២ ខែតុលា។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
អតីតចំណាប់ខ្មាំងរបស់ចោរសមុទ្រសូម៉ាលី និងសាច់ញាតិរបស់ពួកគាត់ទទួលទានអាហាររួមគ្នានៅក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ ក្រោយពីត្រូវបានដោះលែងកាលពីថ្ងៃទី២២ ខែតុលា។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោកលើកឡើងតាមរយៈសារអេឡិចត្រូនិកថា ”យើងនឹងមើលឃើញអ្វីដែលពួកគាត់ត្រូវការ ហើយបន្ទាប់មកឃើញអ្វីដែលយើងអាចធ្វើបានដើម្បីជួយពួកគាត់។ យើងបានផ្តល់ប្រាក់មួយចំនួនរួចហើយ” ហើយបានជួយផ្ដល់ការត្រួតពិនិត្យសុខភាព ចំណីអាហារ និងកន្លែងស្នាក់នៅ។

ខន វុទ្ធី អាយុ២៥ឆ្នាំ ដែលត្រូវគេបាញ់ចំជើងដោយសារសុំចោរសមុទ្រទៅជុះនោមនៅខាងក្រៅ និយាយថា ជើងរបស់គាត់ហើមនៅឡើយដោយសារត្រូវរបួសគ្រាប់កាំភ្លើង។ យុវជនរូបនេះនិយាយថា “ខ្ញុំមិនអាចបំភ្លេចការឈឺចាប់របស់ខ្ញុំបានទេ។ សូម្បីខ្ញុំដេកក៏ខ្ញុំនៅតែឈឺចាប់ដែរ។ ខ្ញុំមិនអាចបំភ្លេចទេ” ហើយនិយាយថា ខ្លួននឹងមិនទៅស្វែងរកការងារធ្វើនៅបរទេសទេ។

អ្នកស្រី គង់ សុភាព ដែលត្រូវជាប្រពន្ធរបស់លោក ញឹម សុខសាន និយាយថា អ្នកស្រីនៅតែស្ទើរមិនជឿ ដោយកាលពីប៉ុន្មានឆ្នាំមុនបានទទួលស្គាល់ថា ប្ដីរបស់អ្នកស្រីមុខជាមិនរស់ទេ បន្ទាប់ពីគាត់បានទូរស័ព្ទប្រាប់ថា គាត់ត្រូវចោរសមុទ្រចាប់ឃុំឃាំង។

អ្នកស្រីនិយាយទៀតថា ”ពេលខ្ញុំទទួលទូរស័ព្ទរបស់គាត់ គាត់និយាយថា គាត់ត្រូវពួកចោរសមុទ្រចាប់ធ្វើចំណាប់ខ្មាំង ហើយពេលនោះខ្ញុំគិតថាគាត់នឹងគ្មានជីវិតត្រឡប់មកផ្ទះវិញទេ”៕ សុខុម (រាយការណ៍បន្ថែមដោយ Hannah Hawkins និង Matt Surrusco)

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស