37 C
Phnom Penh

គណបក្ស​សង្គ្រោះ​ជាតិ​​អនុម័ត​របៀប​វារៈ ហើយគ្រោង​កោះហៅ​រដ្ឋមន្ត្រី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ គណៈកម្មការធិការអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិបានអនុ ម័តសេចក្តីព្រាងគោលនយោបាយជាឯកច្ឆន្ទដើម្បីណែនាំអំពីចំណុចអាទិភាពរបស់គណ បក្សនៅមុនការបោះឆ្នោតនាពេលខាងមុខហើយបានអនុម័តផែនការកោះហៅរដ្ឋមន្ត្រីមួយចំនួននៅក្នុងរដ្ឋាភិបាលមកសាកសួរនៅរដ្ឋសភា។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សបានមានប្រសាសន៍នៅសន្និសីទកាសែតបន្ទាប់ពីកិច្ចប្រជុំពេញមួយថ្ងៃថា ”ឯកសារនេះនឹងក្លាយជាឯកសារប្រវត្តិសាស្ត្រសម្រាប់ គណបក្សសង្គ្រោះជាតិ”។

សេចក្តីប្រកាសនេះមិនត្រូវបានធ្វើជាាធារណៈទេ។ លោក យឹម សុវណ្ណ បានថ្លែងថា ចំណុចអាទិភាពទាំង៧ចំណុចដែលបានលើកឡើងនៅក្នុងឯកសារគឺការគោរពសិទ្ធិមនុស្ស ជីវភាពរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ ការអភិវឌ្ឍសេដ្ឋកិច្ចប្រកប ដោយសមធម៌ ការការពារបូរណភាពទឹកដី និងអធិបតេយ្យភាព អន្តោប្រវេសន៍ ការការពារជាតិ និងកិច្ចការបរទេស។

លោកបានមានប្រសាសន៍ថា ឥឡូវនេះសេចក្តីព្រាងគោលនយោបាយនេះនឹងត្រូវបញ្ជូនដើម្បីសុំការអនុម័តសម្រាប់សមាជបក្ស លើកក្រោយដែលគ្រោងធ្វើនៅឆ្នាំក្រោយ។

លោក យឹម សុវណ្ណ ក៏បានបង្ហាញអំពីផែនការដែលគណបក្សប្រឆាំងកោះហៅរដ្ឋមន្ត្រីមួយចំនួនមកសាកសួរនៅរដ្ឋសភាផងដែរ។ លោកបានថ្លែងថា តំណាងរាស្ត្រគណបក្សប្រឆាំងនឹងជជីកសួរលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជុំវិញការសើុបអង្កេតការធ្វើឃាតលោក កែម ឡី អ្នកវិភាគនយោបាយកាលពីខែកក្កដា លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលជុំវិញការរាយការណ៍មិនពេញលេញពីការនាំចេញខ្សាច់ទៅប្រទេសសិង្ហបុរី និងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មជុំវិញបញ្ហាមិនជាក់លាក់មួយចំនួនទាក់ទងផលិតផលកសិកម្ម។

ថ្លែងនៅពិធីបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍កាលពីម្សិលមិញ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិបានថ្លែងទៅកាន់មន្ត្រីគណបក្សដែលចូលរួមថា ក្នុងនាមគណបក្សនយោបាយចាស់ទុំ គណបក្សប្រឆាំងត្រូវផ្តោតលើការផ្សព្វផ្សាយគោលនយោបាយរបស់ខ្លួនសម្រាប់ពេលអនាគត កុំគិតពីបញ្ហានាបច្ចុប្បន្នច្រើនពេក។

លោកបានមានប្រសាសន៍ថា”ខ្ញុំមិនចង់ឃើញថ្នាក់ដឹកនាំរបស់យើងលើកឡើងតែពីបញ្ហាដែលមានស្រាប់ឡើយ តែខ្ញុំចង់ឃើញថ្នាក់ដឹកនាំរបស់យើងគ្រប់លំដាប់ថ្នាក់បង្ហាញដំណោះស្រាយចំពោះបញ្ហាជាតិ និងបញ្ហារបស់ប្រជាពលរដ្ឋតាមរយៈគោលនយោបាយរបស់យើង”។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធមិ្មកោ សមាជិកដ៏សំខាន់នៃគណៈកម្មាធិការអចិន្ត្រៃយ៍បានមានបន្ទូលកាលពីសប្តាហ៍មុនថា ព្រះអង្គមានគម្រោងលើកឡើងពីបញ្ហាមិនឯកភាពគ្នានៅក្នុងគណបក្សសង្គ្រោះជាតិ ហើយព្រះអង្គនឹងយាងចេញពីបក្ស ប្រសិនបើបញ្ហានេះមិនត្រូវបានដោះស្រាយក្នុងរយៈពេលប៉ុន្មានខែខាងមុខទេនោះ។ ព្រះអង្គម្ចាស់ក៏បានអំពាវនាវដោយបើកចំហឱ្យលោក សម រង្ស៊ី  ប្រធានគណបក្សត្រឡប់មកកាន់ប្រទេស វិញផងដែរបើទោះជាសារាចរណែនាំកាលពីពេលថ្មីរបស់រដ្ឋាភិបាលហាមឃាត់លោកមិនឲ្យត្រឡប់មកវិញក៏ដោយ។

ព្រះអង្គម្ចាស់មានបន្ទូលថា ព្រះអង្គមិនបានលើកឡើងពីបញ្ហានេះនៅក្នុងកិច្ចប្រជុំកាលពីម្សិលមិញទេ។ព្រះអង្គមានន្ទូលថា” ខ្ញុំចង់លើកឡើងដែរ ប៉ុន្តែវាមិនមានក្នុងរបៀបវារៈមុនកិច្ចប្រជុំ”។ ព្រះអង្គបន្ថែមថា ព្រះអង្គនឹងរង់ចាំរហូតដល់ក្រោយបុណ្យសពលោក ប៉ែន សុវណ្ណ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលបានទទួលមរណភាពកាលពីថ្ងៃសៅរ៍ដើម្បីបន្តជុំវិញបញ្ហានេះ៕ សារុន (រាយការណ៍បន្ថែមដោយ Michael Dickison)

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស